ការធ្លាក់ចុះថ្លៃមាន់ខុសប្រក្រតី គឺចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មក។ មាន់ចិញ្ចឹមយកសាច់ដែលធ្លាប់តែមិនខ្វះទីផ្សារសោះ និងមានតម្លៃខ្ពស់ខ្ទង់បួនពាន់ (៤.០០០) ទៅប្រាំពាន់ (៥,០០០) រៀលក្នុងមួយគីឡូក្រាម បែរជាធ្លាក់ថ្លៃជាងពាក់កណ្ដាលរហូតដល់គ្មានអ្នកទិញ។
ម្ចាស់រោងចិញ្ចឹមមាន់ក្នុងកសិដ្ឋានមួយកន្លែងនៅម្ដុំផ្សារថ្នល់បត់ ភូមិត្រពាំងត្រគៀត ឃុំពោធិ៍អង្ក្រង លោក យិន សុភី ឲ្យដឹងថា មាន់របស់លោកមានជិតពីរម៉ឺន (១៧.០០០) ក្បាល កំពុងចាល់ពេញទ្រុង និងងាប់រាល់ថ្ងៃជាបណ្ដើរៗ ព្រោះគ្មានអ្នកទិញ។
លោកប្រាប់ថា មាន់អាចចាប់លក់បានក្នុងអាយុ ៣៥ ទៅ ៤០ថ្ងៃ គឺជាមាន់ល្អកំពុងពេញសាច់។ មាន់ពេញសាច់នេះធ្លាប់លក់បានមួយគីឡូក្រាមជាងប្រាំពាន់ (៥.០០០) រៀល ឥឡូវលក់បានជាងមួយពាន់ (១.២០០) រៀល។ ឯមាន់អាយុលើសពី ៤០ថ្ងៃ ឡើង ជាមាន់ចាស់ លក់បានថោក។ មាន់នេះបច្ចុប្បន្នតម្លៃប្រាំបីរយ (៨០០) រៀល ក្នុងមួយគីឡូក្រាម ហើយនៅសល់ពាសពេញរោងដោយសារគ្មានអ្នកទិញ។
ទោះជាមាន់មានតម្លៃថោក និងលក់មិនចេញ តែម្ចាស់រោងចិញ្ចឹមត្រូវចំណាយលុយជាប្រចាំដើម្បីទិញចំណីឲ្យមាន់ស៊ី។ លោក យិន សុភី បញ្ជាក់ថា មាន់ជាងមួយម៉ឺនក្បាលនេះត្រូវចំណាយលុយមួយថ្ងៃជាងមួយពាន់ (១.៣០០) ដុល្លារ លើថ្លៃស៊ីចំណីមួយថ្ងៃ មួយរយ (១០០) បាវ។ បច្ចុប្បន្នលោក កាត់បន្ថយចំណីមាន់មួយថ្ងៃត្រឹម៨០បាវវិញ ដោយសារគ្មានលទ្ធភាពឲ្យចំណីបន្ត៖ « អាយុកាលវា ( មាន់ ) ៣៥ថ្ងៃឡើង វាត្រូវងាប់ហើយ។ មួយថ្ងៃងាប់បួន ដប់ ម្ភៃ ហើយ ហ្នឹងហើយចាប់ផ្ដើមងាប់ហើយ។ មានបញ្ហាអ្វី មានតែកូវីដហ្នឹង។ ដល់ពេលចាប់ផ្ដើមបិទផ្លូវអ៊ីចឹងទៅ បិទកន្លែងកម្សាន្ត អ៊ីចឹងមានតម្រូវការទីផ្សារឯណាច្រើន។ ដល់អ៊ីចឹង លក់អ្វីចេញ។ អ្នកលក់នៅទីផ្សារក៏គាត់លក់អត់ដាច់ ហើយមាន់ វាច្រើន ច្រើនចង់លើសតម្រូវការ។ ឥឡូវមាន់ហ្នឹង នៅចាល់រាប់ម៉ឺនក្បាលពេញហ្នឹង»។
ម្ចាស់រោងចិញ្ចឹមមាន់រូបនេះឲ្យដឹងទៀតថា ការដាក់កូនមាន់រហូតដល់បានលក់ក្នុងមួយរដូវកាល លោកត្រូវចំណាយលុយដើមសរុបទាំងពូជ ចំណី ទឹក អគ្គិសនី កម្មករ ថ្នាំសម្លាប់មេរោគជាដើម ប្រមាណពីរសែន (២០ម៉ឺន) ដុល្លារ។ លោក យិន សុភី ត្អូញត្អែរថា គ្រួសារលោកគ្មានលទ្ធភាពសងបំណុលធនាគារទេពេលនេះ ព្រោះការចិញ្ចឹមមាន់លើកនេះខាតទាំងស្រុង។
ចំណែកម្ចាស់រោងចិញ្ចឹមមាន់ម្នាក់ទៀត នៅភូមិរំដោះថ្មី ឃុំពោធិ៍ម្រាលលោកស្រី ណុប សំឡី ឲ្យដឹងថា សាច់ញាតិជិតឆ្ងាយរបស់លោកស្រី សុទ្ធតែជាអ្នកចិញ្ចឹមមាន់ តាមរោងនៅក្នុងកសិដ្ឋានរួមមួយកន្លែងក្នុងភូមិនេះ។ ក្នុងកសិដ្ឋានទាំងមូលមានរោងចិញ្ចឹមមាន់ជិត ១០រោង ហើយបច្ចុប្បន្នកំពុងចាល់មាន់ដែលមានអាយុលើសហាសិប លើសហុកសិបថ្ងៃខ្ទង់៥សែន (៥០ម៉ឺន) ក្បាល ហើយងាប់តគ្នាស្អុយពេញកសិដ្ឋាន។
លោកស្រី ណុប សំឡី មិនដឹងថា តម្លៃមាន់ធ្លាក់ចុះដោយសារអ្វីទេតែលោកស្រីចង់ឲ្យអាជ្ញាធរជំនាញជួយអន្តរាគមន៍ជាបន្ទាន់ ដោយសារការខាតបង់លើកនេះ គឺធ្ងន់ធ្ងរ ដែលមិនអាចស្មានដល់។ បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមមាន់មួយនេះ លែងមានលទ្ធភាពផ្ដល់ចំណីទៀងទាត់ឲ្យមាន់ស៊ីទៀតហើយ ដោយកាត់បន្ថយពីមួយរយ (១០០) បាវ ក្នុងមួយថ្ងៃមកឲ្យស៊ីចំណី ២ថ្ងៃ ត្រឹម ២៥បាវ វិញ៖ « អាហ្នឹង ថ្នាក់មួយគីឡូ មួយពាន់ពីរ មួយពាន់បី គេអត់មកចាប់ទៀត។ ធំលើសចំនួនរបស់វា។ គេធ្លាប់យកមួយគីឡូ ២ , ៣គីឡូ ២ , ៥គីឡូ ឥឡូវឡើង៣គីឡូជាង ចូល៤គីឡូ វាធំពេក។ ចំណីចង់ថា ឲ្យស៊ីតែមួយរស់ទេ ជួនកាលឲ្យផឹកតែទឹកទេ អត់សមត្ថភាពឲ្យស៊ី។ វាងាប់ហ្នឹង ងាប់ហើយ ស្អុយពេញព្រៃ ស្អុយពេញភូមិអស់ហើយ។ មិនដឹងយកទៅចោលឯណា បើងាប់ច្រើន។ ក្មេងៗ ដល់ថ្នាក់លែងចង់ទៅរោង វាខ្ជិលដើររើសមាន់ ទី១។ ទី២ ថៅកែអត់លុយ អត់អ្វី កុនលុយ ដាក់ភ្លើង ចង់និយាយថា ខែក្រោយសុំផ្អាកបង់ ហើយចាំដាក់មាន់សារក្រោយចាំបង់ មិនដឹងយ៉ាងម្ដេចទេ មួយរោង ៣ពាន់ ( ដុល្លារ ) ជាងនោះ ខ្ញុំ»។
មាន់កសិដ្ឋានដែលចិញ្ចឹមយកសាច់ភាគច្រើន ពឹងផ្អែកលើទីផ្សារក្នុងស្រុកទាំងស្រុង ច្រើនជាងការនាំចេញ។ អ្នកដើរទិញមាន់តាមកសិដ្ឋាននៅតំបន់ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ យកទៅលក់តាមដេប៉ូ និងក្រុមហ៊ុនលោកស្រី កែវ រ៉េន ប្រាប់ឲ្យដឹងថា ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ផ្ទុះរាលដាលខ្លាំងនេះតម្លៃមាន់ធ្លាក់ថ្លៃ ៣ ទៅ ៤ដងនៃតម្លៃធម្មតា។
លោកស្រីប្រាប់ថា មុនវិបត្តិជំងឺកូវីដ១៩ ក្រុមហ៊ុនធ្លាប់ទិញមួយគីឡូជាងប្រាំពាន់ (៥.០០០) រៀល តែពេលនេះបានដាក់តម្លៃមួយគីឡូត្រឹមមួយពាន់ប្រាំរយ(១.៥០០) រៀលទៅមួយពាន់ប្រាំបីរយ (១.៨០០) រៀល។ លោកស្រីកែវ រ៉េ ថាតម្លៃនេះលោកស្រីអាចទិញពីអ្នកម្ចាស់កសិដ្ឋានក្នុងមួយគីឡូមួយពាន់ពីររយ (១.២០០)រៀល ហើយលោកស្រីចំណេញបានក្បាលកាក់បានបីរយ (៣០០) រៀលក្នុងមួយគីឡូក្រាម៖ « ម៉ូយគាត់ថា ខាងក្រុមហ៊ុន CP គាត់ដាក់ប៉ុណ្ណឹង ហើយគាត់ឲ្យតម្លៃខ្ញុំប៉ុណ្ណឹងដែរអ៊ីចឹងទៅណា។ គាត់ថា ដូចថ្ងៃនេះ ១៨ ( ១ . ៨០០ ) ទេ ខាង CP ខេត្តកំពង់ស្ពឺមិនដឹងភ្នំពេញមិនដឹង តែខាងខេត្តកំពង់សោមគាត់ដាក់ម៉ូយត្រែងត្រយឹងថ្ងៃនេះតែ១៨ទេ ហើយអ៊ីចឹងខ្ញុំតឲ្យម៉ូយខ្ញុំ១៥អ៊ីចឹងទៅ។ យើងចំណេញការប្រាក់៣០០ ( រៀល )»។
ជុំវិញការធ្លាក់ថ្លៃមាន់កសិដ្ឋានខុសប្រក្រតីនេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីប្រធានការិយាល័យកសិកម្ម ស្រុកបរសេដ្ឋ លោក ឌី សែនកុសល និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី បានទេ នៅថ្ងៃទី១៣ ខែមីនា។
តែយ៉ាងណាលោក ឌី សែនកុសល បានប្រាប់សារព័ត៌មានក្នុងស្រុកថា តាមកសិដ្ឋានទាំងអស់នៅសល់មាន់ប្រមាណបីសែន (៣០ម៉ឺន) ក្បាល។ លោកមិនបានផ្ដល់ដំណោះស្រាយបែបណាទេ ដោយគ្រាន់តែជំរុញឲ្យម្ចាស់កសិដ្ឋាន និងម្ចាស់ដេប៉ូទទួលទិញសាច់មាន់ ចរចាគ្នា រកតម្លៃសមរម្យដើម្បីចំណេញទាំងសងខាងហើយទទួលទិញមាន់ឲ្យលឿនដើម្បីកុំឲ្យម្ចាស់កសិដ្ឋានខាតថ្លៃចំណីមាន់កាន់តែច្រើន។
សង្គមស៊ីវិលបារម្ភថា ការធ្លាក់ចុះថ្លៃមាន់នេះនឹងធ្វើឲ្យអ្នកចិញ្ចឹមមាន់ជួបវិបត្តិសេដ្ឋកិច្ច។ តំណាងបណ្ដាញពហុវិស័យ (CGCN) ខេត្តកំពង់ស្ពឺ លោក ជា សុភ័ក្ក សង្កេតឃើញថា តម្លៃមាន់មួយគីឡូ ត្រឹមជាងមួយពាន់ (១.២០០) រៀល ជាតម្លៃថោកបំផុតមិនអាចធ្វើឲ្យម្ចាស់រោង ឬម្ចាស់កសិដ្ឋានលក់បានរួចថ្លៃដើមវិញទេ។
អ្នកឃ្លាំមើលរូបនេះបារម្ភថា កសិករកាន់តែជំពាក់បំណុលធនាគារធ្ងន់ធ្ងរថែមទៀត ព្រោះការលក់មាន់មិនគ្រប់ថ្លៃការប្រាក់បង់ធនាគារ។ លោក ជា សុភ័ក្ក យល់ថា ដើម្បីដោះស្រាយបញ្ហាតម្លៃមាន់ពេលនេះ រដ្ឋគួរតែជួយទទួលទិញយកមាន់នៅតាមកសិដ្ឋានក្នុងតម្លៃសមរម្យ ដើម្បីជួយសម្រួលបន្ទុកអ្នកចិញ្ចឹមមាន់៖ « រដ្ឋជាអ្នកដើរតួប្រមូលទិញ ត្រូវតែផ្គត់ផ្គង់ទីផ្សារ ហើយបើឲ្យឯកជនគាត់ទទួលទិញ ទិញ ( ថ្លៃ ) ម្ដេចបាន គាត់យកហេតុផលថា កូវីដ គាត់យកហេតុផលថា មិនមានអ្នកទិញអ្វីអ៊ីចឹងទៅ។ អ៊ីចឹង ការលក់របស់កសិករ ត្រូវតែជួបការលំបាកអ៊ីចឹងហ្មង»។
កសិករចិញ្ចឹមមាន់ អះអាងថា ពួកគាត់ទាល់តម្រិះហើយ មិនដឹងថា ដោះស្រាយបញ្ហានេះយ៉ាងណាទេ។ ពួកគាត់ ស្នើសុំ ដោយទទូច ឲ្យអាជ្ញាធរជំនាញ ចុះអន្តរាគឡមន៍ជួយពួកគាត់ ជាបន្ទាន់ និងឲ្យមានប្រសិទ្ធិភាព ដើម្បីបញ្ចៀសផលលំបាកធ្ងន់ធ្ងរនេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។