កសិករដាំស្វាយចន្ទី នៅតាមបណ្ដាខេត្តមួយចំនួន កំពុងប្រឈមនឹងការខាតបង់ ក្រោយតម្លៃគ្រាប់ស្វាយចន្ទី បន្តធ្លាក់ចុះ ពីមួយថ្ងៃទៅមួយថ្ងៃ និងមិនសូវមានឈ្មួញទិញដូចមុន។ ពួកគាត់ថា បញ្ហានេះបណ្ដាលមកពីទីផ្សារកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសវៀតណាមច្រើនពេក បណ្ដាលឱ្យឈ្មួញទម្លាក់តម្លៃ និងលើសតម្រូវការទីផ្សារ។
កសិករដាំស្វាយចន្ទី មួយចំនួនត្អូញត្អែរថា ការប្រមូលផលគ្រាប់ស្វាយចន្ទីឆ្នាំនេះ ហាក់ទទួលបានទិន្នផលតិច ហើយលក់បានតម្លៃថោកជាងឆ្នាំមុន បើទោះបីជាលោក ហ៊ុន សែន ធ្លាប់ប្រកាសកាលពីឆ្នាំមុនថា លោកនឹងប្រែក្លាយកម្ពុជាទៅជាប្រទេសអធិរាជស្វាយចន្ទី ពោលគឺជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោកក្តី។
កសិករដាំស្វាយចន្ទី នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី លោកស្រី អាន សុខណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែមីនា ថា ទន្ទឹមនឹងតម្លៃធ្លាក់ចុះ ឈ្មួញក៏លែងទទួលទិញធ្វើឱ្យគ្រាប់ស្វាយចន្ទីសល់ពេញចម្ការ ដោយពួកគេប្រាប់ថា នៅវៀតណាមកំពុងចាល់ខ្លាំង គ្មានអ្នកទទួលទិញដូចគ្នា។ អ្នកស្រីបន្តថា តម្លៃធ្លាក់ចុះយ៉ាងគំហុកបែបនេះ នឹងធ្វើឱ្យលោកស្រីខាតបង់ ព្រោះថ្នាំ និងជីកសិកម្មមានតម្លៃថ្លៃ និងនៅតម្លៃពលកម្មកម្មករផ្សេងទៀត។
លោកស្រី អាន សុខណា៖ «ទើបនឹងឆ្នាំហ្នឹង បើឆ្នាំទៅតម្លៃគ្រាន់បើ ដល់ពេលឆ្នាំហ្នឹងតម្លៃថោកធ្លាក់រាល់ថ្ងៃ។ ហើយកាលពីយប់មិញហ្នឹងម៉ាក់គាត់តេប្រាប់ខ្ញុំដឹងថា ម៉ូយដែលគាត់ធ្លាប់លក់ឱ្យហ្នឹងគេអត់យកទេ ពេលគាត់យកស្វាយទៅលក់នៅវៀតណាមៗគាត់អត់ចេញចូលទៀតទេ ស្ទះច្រើនពេក គាត់និយាយថា អ៊ីចឹង។ តម្លៃធ្លាក់ហើយ ម៉ូយធំៗដែលធ្លាប់ទិញតម្លៃដូចថាខុសគេ ៥០ ទៅ១០០រៀល ហ្នឹងគាត់មកទិញទៀត គាត់ថា គាត់ចាល់ច្រើនពេក ហើយខាងវៀតណាមជំពាក់លុយទៀត»។
កសិករដាំស្វាយចន្ទីនៅខេត្តកំពង់ចាម លោក ឃួន ថា ត្អូញត្អែរថា តម្លៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ចាម បច្ចុប្បន្នបានធ្លាក់ចុះនៅត្រឹម ៤ពាន់ ៥រយរៀល ក្នុងមួយគីឡូក្រាម ហើយតម្លៃនេះ នៅបន្តធ្លាក់ចុះថែមទៀត។ លោកបន្តថា ទន្ទឹមគ្នានឹងតម្លៃចុះថោកហើយនោះ ចម្ការស្វាយចន្ទីនៅតាមតំបន់មួយចំនួន ក្នុងខេត្តកំពង់ចាម ក៏ទទួលរងអាកាសធាតុក្ដៅខ្លាំងផងដែរ ដែលធ្វើឱ្យស្វាយចន្ទីមិនសូវកាន់ផ្លែ និងទទួលបានផលច្រើនដូចឆ្នាំមុនឡើយ។
លោក ឃួន ថា៖ «បើទៅមុខទៀត នៅតែយ៉ាប់ជាងហ្នឹងទៀត យើងអត់មានអ្វីសងគេទេ មានតែ ឈប់ធ្វើចម្ការ ហើយលក់ដីយកលុយសងគេ។ ធ្វើម៉េចកសិករអត់មានលុយបម្រុង ហើយទីផ្សារតម្លៃថោក យើងធ្វើខាតៗ អត់មានលុយ យើងជំពាក់គេដោះអត់ចេញ អ៊ីចឹងមានតែលក់ដីចម្ការខ្លះទៅ ដើម្បីយកលុយសងគេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា និងលោក ឃឹម ហ្វីណង់ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៨ ខែមីនា ដោយទូរស័ព្ទហៅចូល តែត្រូវចុចបិទ។
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវវិធានការ ដើម្បីជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី ក្នុងនោះ រួមមាន ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា និងការពិនិត្យលទ្ធភាព បង្កើនទុនបង្វិលសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ។
ជុំវិញរឿងនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត ប្រាប់វិទ្យុអាស៊ីសេរី តាមបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) ថា តម្លៃគ្រាប់ស្វាយចន្ទីចន្លោះពី ៤ពាន់ ទៅ៥ពាន់រៀល ក្នុងមួយគីឡូក្រាម គឺជាតម្លៃអាចទទួលយកបាន ព្រោះជាតម្លៃអន្តរជាតិ ប៉ុន្តែមូលហេតុ ដែលកសិករមិនអាចទទួលយកបាន គឺដោយសារទិន្នផលស្វាយចន្ទីថយផលខ្លាំង បណ្ដាលមកពីបាតុភូត អែលនីណូ (El Nino) ធ្វើឱ្យអាកាសធាតុក្ដៅហួតហែង។ លោក អួន ស៊ីឡុត អំពាវនាវដល់កសិករ ដែលកំពុងប្រមូលគ្រាប់ស្វាយចន្ទី ឱ្យហាលគ្រាប់ទុកសិន រង់ចាំលក់ពេលមានតម្លៃល្អ នៅចន្លោះខែកក្កដា ឬខែកញ្ញា ខាងមុខ។
ទោះជាបែបនេះក្ដី កសិករលើកឡើងថា ពួកគាត់មិនអាចស្តុកគ្រាប់ស្វាយចន្ទីទុករាប់ខែបាននោះទេ ដោយសារពួកគាត់គ្មានលុយបម្រុងទុក ហើយត្រូវលក់គ្រាប់ស្វាយចន្ទីភ្លាមៗ ដើម្បីប្រញាប់យកលុយទៅទូទាត់ថ្លៃកម្លាំងពលកម្ម ថ្លៃជី និងសងធនាគារជាដើម។
ទិន្នន័យនាំចេញគ្រាប់ស្វាយចន្ទី របស់សមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា ក្នុងខែមករា ២០២៤ កម្ពុជាបាននាំគ្រាប់ចន្ទីឆៅទៅវៀតណាមកើនឡើង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក៏ប៉ុន្តែតម្លៃគ្រាប់ស្វាយចន្ទី បច្ចុប្បន្ននេះ បានធ្លាក់ចុះ ពី១០ភាគរយ ទៅ១៥ភាគរយ ខណៈទិន្នផលវិញ សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ថា បានថយចុះពី ១០ភាគរយ ទៅ ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
កសិករស្នើឱ្យរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាគ្រាប់ស្វាយចន្ទី កុំឱ្យធ្លាក់ថ្លៃបន្តទៀត ព្រោះឆ្នាំនេះ ពួកគាត់បានខាតបង់ធ្ងន់ធ្ងរ ដោយសារបង្ហាអាកាសធាតុបំផ្លាញទិន្នផលផង និងបញ្ហាតម្លៃទីផ្សារផង ដែលធ្វើឱ្យពួកគាត់ប្រឈមនឹងការក្ស័យធន និងបោះបង់របរដាំស្វាយចន្ទីទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។