ប្រជាកសិករនៅស្រុកត្បូងឃ្មុំ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្អូញត្អែរប្រហាក់ប្រហែលគ្នាថា ទិន្នផលស្រូវរបស់ពួកគាត់នៅឆ្នាំនេះធ្លាក់ចុះយ៉ាងខ្លាំង។ ពលរដ្ឋថា ការធ្លាក់ចុះ គឺបណ្ដាលមកពីទឹកភ្លៀងធ្លាក់នៅឆ្នាំនេះច្រើនពេក រហូតបណ្ដាលឲ្យស្រូវរបស់ពួកគាត់លិចលង់ ហើយរលួយអស់មួយចំនួន។ បន្ថែមពីនេះ បញ្ហាប្រឈមមួយទៀត គឺគ្មានទីផ្សារលក់ស្រូវទាំងនោះចេញ ហើយប្រសិនបើលក់ចេញ គឺតម្លៃថោកតែម្តង។
កសិករនៅខេត្តត្បូងឃ្មុំ ត្រូវជួបប្រទះបញ្ហាប្រឈមផ្ទួនៗគ្នា ដូចជាដំឡូងមីត្រូវរលួយ និងមិនសូវមានទីផ្សារលក់ចេញ ហើយបើលក់ចេញគឺមានតម្លៃថោក មិនអាចទូទាត់ការចំណាយបាន។
លើសពីនេះ ស្រូវវស្សារបស់ប្រជាកសិករនៅឆ្នាំនេះខូចខាតអស់ច្រើន ដោយសារជំនន់ទឹកភ្លៀង។ ដំបូងឡើយ ពួកគេសង្ឃឹមថានឹងបានទិន្នផលស្រូវច្រើនគួរជាទីគាប់ចិត្ត ប៉ុន្តែនៅពេលជិតទទួលផល ភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់ ធ្វើឲ្យវាលស្រែស្ទើរគ្រប់ទីកន្លែងពោរពេញទៅដោយទឹក។ ស្រូវអ្នកភូមិចាប់ផ្ដើមដួលរាបទៅលើផ្ទៃទឹក បណ្ដាលឲ្យស្រែខ្លះស្រូវរលួយ និងខូចខាត ជាដើម។
កសិករម្នាក់នៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ លោក ហ៊ីម អែល មានប្រសាសន៍ថា ដីស្រែដែលលោកធ្វើនៅឆ្នាំនេះ គឺមានចំនួនជាងពីរហិកតារ។ លោកបន្តថា ឆ្នាំកន្លងទៅ ស្រែរបស់លោក គឺច្រូតកាត់ដោយម៉ាស៊ីន ប៉ុន្តែឆ្នាំនេះដោយសារទឹកមិនទាន់ស្រកដាច់ ទើបនាំគ្នាច្រូតកាត់ និងដឹក ជញ្ជូនចេញពីស្រែដោយកម្លាំងមនុស្ស ពីព្រោះមិនចង់ចំណាយលើការជួលម៉ាស៊ីនច្រូតអស់ប្រាក់ ច្រើន ម្យ៉ាងស្រូវលិចទឹក ប្រសិនបើគេច្រូតកាត់ដោយម៉ាស៊ីន ធ្វើឲ្យទិន្នផលស្រូវកាន់តែថយចុះថែម ទៀត។ លោកថា រាល់ឆ្នាំ ក្នុងមួយហិកតារ អាចទទួលផលពី ៦០បេទៅ ៧០បេ ឬស្មើប្រមាណ ៤តោន ប៉ុន្តែឆ្នាំនេះ គឺធ្លាក់ចុះមកត្រឹម ១០ ទៅ ២០បេ ឬស្មើជាង ១តោនប៉ុណ្ណោះ៖ « រាល់ឆ្នាំធ្វើប៉ុណ្ណឹងអាចលក់បានមួយតោន ឬពីរតោនជាង។ មើលទៅខាតប្រហែលបីរយ។ ហ្នឹងយើងធ្វើខ្លួនឯងផង កម្លាំងខ្លួនឯង យើងជួលគេខ្លះទៅ »។
កសិករដដែលនិយាយថា រាល់ឆ្នាំមិនដែលជួបប្រទះភ្លៀងធ្លាក់ច្រើនដូចឆ្នាំនេះឡើយ ដែលធ្វើឲ្យកសិករស្ទើរគ្រប់គ្នាជួបការលំបាក។ លោកបញ្ជាក់ថា ក្រៅពីបញ្ហាទិន្នផលស្រូវធ្លាក់ចុះដោយសារការខូចខាតបណ្ដាលមកពីទឹកភ្លៀងលិចហើយ កសិករត្រូវប្រឈមកង្វះទីផ្សារលក់ស្រូវចេញទៀតផង។ លោកអះអាងថា រៀងរាល់ឆ្នាំ នៅរដូវច្រូតកាត់ចូលមកដល់ ឈ្មួញជាច្រើននាំគ្នាមកសួរទិញស្រូវពួកគាត់ដល់វាលស្រែតែម្តង ប៉ុន្តែឆ្នាំនេះ គឺគ្មានសូម្បីតែម្នាក់។ ចំណែកតម្លៃវិញ គឺកាន់តែធ្លាក់ចុះជាងកាលពីឆ្នាំមុនៗ។ ឆ្នាំមុន កសិករអាចលក់ស្រូវបានមួយគីឡូក្រាមតម្លៃ ៨០០រៀលទៅ ១ពាន់រៀល ប៉ុន្តែឆ្នាំនេះអាចបាន ៦០០ ទៅ ៧០០រៀល ហើយការចំណាយកាន់តែច្រើន។

កសិករមួយរូបទៀត លោក ម៉ាន រៀបរាប់ថា លោកធ្វើស្រែជាង ១ហិកតារ ហើយរាល់ឆ្នាំគឺប្រមូលផលបានចំនួនជាង ៨០បេ ប៉ុន្តែឆ្នាំនេះបានប្រមាណ ៣០បេប៉ុណ្ណោះ។ កសិកររូបនេះបញ្ជាក់ថា បើទោះបីជាពលរដ្ឋត្រូវជួបបញ្ហាប្រឈមទាំងនេះក្តី ប៉ុន្តែមិនដែលឃើញមន្ត្រីអាជ្ញាធរមកសួរនាំពួកគាត់ទេ។
មិនខុសគ្នានេះ កសិករនៅស្រុកមេមត់ លោក ព្រៅ ចាន់ធឿន ឲ្យដឹងថា ដើមទុនជាង ៤លានរៀលដែលគ្រួសារគាត់យកមកធ្វើស្រែជាង ៣ហិកតារ គឺជាដើមទុនដែលខ្ចីបុលពីគ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះ។ លោកត្អូញត្អែរថា នៅពេលទិន្នផលស្រូវថយចុះខ្លាំង ម្យ៉ាងមិនមានទីផ្សារលក់ចេញផង គឺបណ្ដាលឲ្យពលរដ្ឋត្រូវប្រឈមបញ្ហាផ្សេងៗក្នុងជីវភាពរស់នៅ ដូចជាត្រូវចំណាកស្រុក និងជំពាក់បំណុលធនាគារ ជាដើម៖ « ផលិតផលដែលយើងធ្វើមកទាំងភក់ទាំងដី គឺមិនមានទីផ្សារណាគួរឲ្យកត់សម្គាល់សោះបង។ វាអត់មានឈ្មួញណាគេចុះមកសួរ ឬទិញទេ »។
កសិករនៅស្រុកមេមត់ ដដែល ចង់ឲ្យរាជរដ្ឋាភិបាល ឬមន្ត្រីពាក់ព័ន្ធជួយស្វែងរកទីផ្សារលក់ផលិតផលស្រូវ និងផលិតផលផ្សេងទៀត ដូចជាដំឡូងឲ្យបានច្រើន និងមានតម្លៃសមរម្យ។ បន្ថែមពីនេះ ជួយរៀបចំប្រព័ន្ធធារាសាស្ត្រឲ្យបានត្រឹមត្រូវ សម្រាប់កសិករអាចដាំដំណាំផ្សេងៗនៅរដូវប្រាំងបាន ហើយចង់ឲ្យរដ្ឋពិភាក្សាជាមួយគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារទាំងអស់ ឲ្យបន្ធូរបន្ថយការប្រាក់ជូនកសិករ។
ស្រូវវស្សាដែលរងផលប៉ះពាល់នៅខេត្តត្បូងឃ្មុំ គឺមាននៅស្រុកត្បូងឃ្មុំ ស្រុកពញាក្រែក ស្រុកមេមត់ ជាដើម។
ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ មានប្រសាសន៍នៅថ្ងៃទី២១ ធ្នូ ថា ខាងលោកនៅមិនទាន់ទទួលបានរបាយការណ៍ស្ដីពីផលប៉ះពាល់ ឬការខូចខាតចំពោះដំណាំស្រូវនៅឡើយទេ ប៉ុន្តែខាងលោកឲ្យមន្ត្រីកសិកម្មនៅតាមស្រុកនីមួយៗ ប្រមូលរបាយការណ៍ស្ដីពីប៉ះពាល់ទាំងនោះ។ លោកបន្តថា ដំណាំស្រូវនៅឆ្នាំនេះតាំងពីចាប់ផ្ដើមសាបព្រោះដំបូង គឺល្អ ប៉ុន្តែទិន្នផលដែលកសិករទទួលបាននៅដំណាក់កាលប្រមូលផលចុងក្រោយធ្លាក់ចុះយ៉ាងណា គឺមិនទាន់ដឹងច្បាស់ទេ។
ចំណែកបញ្ហាទីផ្សារវិញ ខាងមន្ទីរកសិកម្មខេត្ត ធ្លាប់បានផ្សព្វផ្សាយជួយដល់កសិកររហូតមក៖ « មន្ទីរកសិកម្មតាំងពីដើមទីមក យើងបានផ្សព្វផ្សាយធ្វើម៉េចឲ្យពួកគាត់បង្កបង្កើនផលឲ្យល្អ »។
ប្រធានមន្ទីរកសិកម្ម រូបនេះបញ្ជាក់ថា ផ្ទៃដីធ្វើស្រែនៅទូទាំងខេត្ត គឺមានចំនួនជាង ៧ម៉ឺនហិកតារ ហើយវិធានការបន្តទៀត ខាងលោកនឹងចុះផ្សព្វផ្សាយឲ្យកសិករយកដីធ្វើស្រែទាំងនោះទៅដាំដំណាំប្រភេទផ្សេងទៀត ជៀសវាងទុកដីទំនេរចោល។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៦២ ចែងថា រដ្ឋត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល ជាដើម។ រីឯមាត្រា៦៣ ចែងថា រដ្ឋត្រូវយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ។
ទោះបីយ៉ាងណាក៏ដោយ ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា ដ្បិតតែប្រទេសកម្ពុជា គឺជាប្រទេសកសិកម្មក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលនៅមិនទាន់យកចិត្តទុកដាក់ជួយដល់កសិករ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទេ។
លោកកត់សម្គាល់ថា កសិករនៅតែធ្វើកសិកម្មដោយភាពប្រថុយប្រថាន ជាហេតុធ្វើឲ្យពលរដ្ឋមួយចំនួនបោះបង់មុខរបរកសិកម្មចោលជាបន្តបន្ទាប់ទៀតផង៖ « ការយកចិត្តទុកដាក់ពីរដ្ឋនៅមិនទាន់មានភាពច្បាស់លាស់ប្រាកដប្រជា។ គ្រាន់តែទីផ្សារលក់សម្រាប់ឲ្យគាត់ ធានាឲ្យគាត់យើងអត់បានផង »។
លោក យង់ គិមអេង យល់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កសិករបាន រាជរដ្ឋាភិបាលត្រូវផ្តល់ព័ត៌មានស្ដីពីតម្រូវការទីផ្សារដល់ពលរដ្ឋឲ្យបានទូលំទូលាយ និងស្វែងរកទីផ្សារលក់ផលិតផលកសិកម្មជូនកសិករក្នុងតម្លៃសមរម្យ រៀបចំប្រព័ន្ធធារាសាស្ត្រជូនពួកគាត់ឲ្យបានគ្រប់គ្រាន់ ដើម្បីធានាដល់ការធ្វើស្រែប្រាំង ឬដំណាំរួមផ្សំផ្សេងទៀតសម្រាប់ទប់ទល់នៅពេលស្រូវវស្សារបស់ពួកគាត់ត្រូវខាតបង់។ ជាងនេះទៀត ត្រូវបញ្ជូនមន្ត្រីជំនាញជួយដល់កសិករនៅតាមមូលដ្ឋានផ្ទាល់តែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។