ប្រជាកសិករនៅខេត្តបាត់ដំបង ស្នើសុំឱ្យអាជ្ញាធរជួយដំឡើងថ្លៃក្នុងការទិញផ្លែមៀន និងផ្លែតាង៉ែន ដើម្បីពួកគាត់អាចមានលទ្ធភាពរួចដើម និងអាចសល់លុយចំណេញដោះស្រាយជីវភាពគ្រួសារ។ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលប្រញាប់ដាក់ចេញយន្តការដោះស្រាយរយៈពេលយូរ ឬរកទីផ្សារនាំចេញទៅក្រៅប្រទេសឲ្យបានលឿន។
កសិករមួយចំនួននៅខេត្តបាត់ដំបងថ្លែងថា ការលក់ផ្លែមៀន និងផ្លែតាង៉ែនឆ្នាំនេះ មិនអាចសងបំណុលធនាគារបាន ទេ ប៉ុន្តែដោយសារពួកគាត់គ្មានជម្រើសអ្វី ក្រៅពីត្រូវបង្ខំចិត្តលក់កសិផល ឲ្យអាជ្ញាធរដែលប្រមូលទិញពីកសិករក្នុងតម្លៃទាបជាងរាល់ឆ្នាំមុនៗ។
កសិករដាំផ្លែមៀន និងផ្លែតាង៉ែន នៅស្រុករតនៈមណ្ឌល លោក បឿន ចាន់រី មិនទាន់បានប្រមូលផលផ្លែតាង៉ែនទេ តែលោកបានដំណឹងពីអ្នកដាំក្បែរគ្នាថា អាជ្ញាធរទិញផ្លែតាង៉ែន ក្នុងតម្លៃមួយគីឡូ ២ . ០០០រៀល។ លោកបន្តថា តម្លៃនេះ គឺទាបជាងតម្លៃទីផ្សាររាល់ឆ្នាំ ដែលអាចលក់បានចាប់ពីមួយគីឡូ ៣ . ០០០ រៀលឡើងទៅ។ កសិកររូបនេះបន្តថា ប្រសិនបើអាជ្ញាធរជួយទិញកសិផលពីកសិករក្នុងតម្លៃ ៣ . ០០០ រៀលឡើងទៅ ទើបពួកគាត់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់សងការប្រាក់ធនាគារ ដែលបានខ្ចីគេធ្វើដើមទុនដាំដុះកន្លងមក៖ «គេមិនបង្ខិតបង្ខំ (លក់ ) ទេ តែយើងបង្ខំខ្លួនយើងណេះ។ បើយើងត្រូវការប្រាក់វិញ អ៊ីចឹង។ ត្រូវការលុយសម្រាប់ធ្វើដើមទុនអ្វីវិញអ៊ីចឹង។ ណាមួយដល់ខែយើងប្រមូលផល បើយើងមិនលក់ ក៏ត្រូវតែវាខូចអស់ដែរ។ តម្លៃធ្លាក់ចុះបង។ កសិករអត់មានចំណេញផង »។
ស្រដៀងគ្នានេះ កសិករដាំមៀន និងតាង៉ែននៅស្រុករតនៈមណ្ឌល ម្នាក់ទៀត លោក ភុយ ញឿម ក៏កង្វល់នឹងបញ្ហាតម្លៃនេះដែរ។ លោក ភុយ ញឿម មិនទាន់សម្រេចចិត្តថានឹងដឹកផ្លែតាង៉ែនយកទៅលក់ឲ្យអាជ្ញាធរ ឬក៏រង់ចាំឈ្មួញកណ្ដាលចុះទិញផ្ទាល់ទេ ព្រោះលោកចង់បានតម្លៃថ្លៃជាង ២ . ០០០រៀល។
លោកឲ្យដឹងថាកសិករនៅម្ដុំចម្ការរបស់លោក បានប្រមូលផល និងដឹកយកទៅលក់ឲ្យអាជ្ញាធរនៅក្នុងពហុកីឡាដ្ឋានវាលបែកចានក្នុងក្រុងបាត់ដំបងអស់ហើយ។ លោកបន្តថា អាជ្ញាធរបានដាក់តម្លៃប្រចាំថ្ងៃ និងចាំទទួលទិញពីកសិករគ្រប់គ្នា ដោយមិនរើសអើង ឬចាប់បង្ខំឡើយ ឲ្យតែផ្លែមៀន និងផ្លែតាង៉ែន មានគុណភាពល្អ៖ «បើថាឲ្យយករួចខ្លួនវិញ ទាល់តែ (១គីឡូក្រាម ) ចូល ៥ .០០០រៀល តែបើតាង៉ែន (១គីឡូក្រាម ) ពីរពាន់ ឬពីរពាន់ (រៀល ) អ្វីទទួលយកបាន។ ខ្ញុំនៅតែដាំហ្នឹងទោះបីថោកក៏ខ្ញុំនៅតែដាំដែរបង មិនដឹងធ្វើម្ដេចបើយើងជាកសិករទៅហើយ មិនដឹងធ្វើម្ដេច ?»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រុមអង្គរក្ស និងអាជ្ញាធរប្រមូលទិញផ្លែមៀន និងផ្លែតាង៉ែន ពីកសិករនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន យកទៅចែកជូនមន្ត្រីរាជការ និងពលរដ្ឋកំពុងធ្វើចត្តាឡីស័កដោយឥតគិតថ្លៃ ចាប់តាំងពីពេលក្រុមឈ្មួញ និងកសិករបាននាំគ្នាបញ្ឈរឡានតវ៉ានៅក្បែរព្រំដែនខ្មែរថៃ កាលពីដើមខែខែសីហាមក។
លោក ហ៊ុន សែន អះអាងថា នេះគឺជាវិធីដោះទាល់ក្នុងស្ថានភាពកសិករកំពុងខាតបង់ធ្ងន់ធ្ងរ ហើយលោកបញ្ជាឲ្យអាជ្ញាធរទិញផ្លែមៀន និងផ្លែតាង៉ែន ពីកសិករក្រីក្រដោយផ្ទាល់ និងមិនប្រើប្រាស់ថវិកាជាតិទេ។ ឯចំណែកឈ្មួញ មន្ត្រី ដែលមានចម្ការមៀនធំៗ លោកបញ្ជាឲ្យរកទីផ្សារដោយខ្លួនឯង។
ជាងកន្លះខែមកនេះ អាជ្ញាធរបានប្រកាសពីការទិញផ្លែមៀន ផ្លែតាង៉ែន និងការចែកចាយផ្លែឈើទាំងអស់នេះ ដល់មន្ត្រីរាជការ អាជ្ញាធរ និងពលរដ្ឋ តាមបណ្ដាខេត្ត តែអាជ្ញាធរមិនទាន់បានសរុបរបាយការណ៍ ឬ ទឹកប្រាក់ ដែល លោក ហ៊ុន សែន យកទៅទិញមៀន និងតាង៉ែន ពីកសិករនោះទេ។
ទោះជាយ៉ាងណាថ្មីៗ នេះ មានប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរថា អាជ្ញាធរប្រមូលទិញផ្នែកតាង៉ែនមិនបានស្មើភាពគ្នានោះទេ ហើយកសិករខ្លះថែមទាំងបានថតវីដេអូឃ្លិបផ្លែតាង៉ែនគ្មានទីផ្សារលក់បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ រហូតដល់មានការចាប់ខ្លួនយុវជនម្នាក់នៅខេត្តបាត់ដំបង។
កាលពីថ្ងៃទី២១ សីហា ប្រជាកសិករម្នាក់រស់ស្រុកកំរៀង ខេត្តបាត់ដំបង លោក ងួន លី បានវីដេអូឃ្លិបនៅក្នុងហ្វេសប៊ុករបស់បង្ហាញអំពីប្រជាពលរដ្ឋបេះផ្លែតាង៉ែនប្រមាណ ២តោន ច្រកប្រអប់ដាក់គរនៅក្រោមដើមតាង៉ែនរបស់កសិករនៅឃុំតាសែន ស្រុកកំរៀង។ លោក ងូន លី បាននិយាយរៀបរាប់នៅក្នុងវីដេអូឃ្លិបនោះថា អាជ្ញាធរមូលដ្ឋានឱ្យប្រជាពលរដ្ឋបេះផ្លែតាង៉ែនទាំងនោះហើយ ប៉ុន្តែមិនបានទៅទិញយកពីពួកគាត់នោះទេ។ យុវជនរូបនេះ ត្រូវបានតុលាការខេត្តបាត់ដំបងផ្ដន្ទាទោសដាក់ពន្ធនាគារ ១០ខែ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីនាយករងខុទ្ទកាល័យ និងជាប្រធានអង្គរក្សលោក ហ៊ីង ប៊ុនហៀង និងអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានទេ នៅថ្ងៃទី១ កញ្ញា។ តែយ៉ាងណាក្រសួងកសិកម្ម និងអគ្គនាយកកសិកម្ម លោក ងិន ឆាយ ធ្លាប់លើកឡើងថា ការជួបបញ្ហាផ្លែមៀន និងផ្លែតាង៉ែននេះ ដោយសារកម្ពុជាមិនទាន់មានរោងចក្រវិចខ្ចប់ និងប្រព័ន្ធសម្លាប់មេរោគនៅលើផ្លែឈើស្រស់ទាំងនេះ ទើបមិនអាចនាំចេញទៅប្រទេសថៃ និងមិនអាចលក់ចេញទៅប្រទេសចិន តាមយន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន (FTA) បាន។
ជុំវិញរឿងនេះ សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលស្វះស្វែងគ្រប់យន្តការបន្ថែមទៀត ដើម្បីអាចនាំចេញផ្លែឈើស្រស់ និងកែច្នៃផលិតផលទាំងនោះ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោក យិន ម៉េងលី យល់ថា រដ្ឋាភិបាលគួរតែចាប់ផ្ដើមគិតគូរពីការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ឬរោងចក្រកែច្នៃផ្លែឈើ ឬការវិចខ្ចប់ សម្របតាមលក្ខខណ្ឌតម្រូវការអនាម័យឲ្យបានលឿន ដើម្បីឆាប់បាននាំចេញ។ ក្រៅពីនេះ លោកក៏ជំរុញឲ្យរដ្ឋាភិបាលគិតគូរពីទីផ្សារក្នុងស្រុក ទាំងការផ្គត់ផ្គង់ផ្លែឈើស្រស់ និងកែច្នៃជាអាហារកំប៉ុង។
ទោះជាយ៉ាងណា តំណាងសង្គមស៊ីវិលរូបនេះ ស្វាគមន៍ចំពោះយន្តការដោះស្រាយបន្ទាន់របស់រដ្ឋាភិបាល ក្នុងការជួយទិញផ្លែមៀន និងផ្លែតាង៉ែន ពីកសិករ។ តែយ៉ាងណា លោក យិន ម៉េងលី ជំរុញឲ្យរដ្ឋាភិបាលពិចារណាពីការដំឡើងក្នុងការថ្លៃទិញកសិផលតាមសំណើរបស់កសិករផងដែរ៖ «គួរចរាចរណ៍ក្នុងស្រុក ហើយបន្ទាប់មកនាំចេញទៅក្រៅទៀត។ នេះទើបបង្ហាញថារដ្ឋាភិបាល លោកមានផែនការច្បាស់លាស់ ក្នុងការជួយកសិករ។ ឥឡូវនេះគ្រាន់តែជួយបានមួយរយៈទេ។ ដោះទុក្ខមួយរយៈទេ។ តែបើយូរអង្វែង អត់អាចទេ។ អ៊ីចឹងបានថា ចង់សំណូមពរដែរថា ឆ្នាំក្រោយទៀត សូមឲ្យរដ្ឋាភិបាល លោកមានផែនការឲ្យបានកាន់តែច្បាស់លាស់ថែមទៀត ហើយជួយពិចារណាទៅលើសំណូមពរ ទៅលើតម្លៃដែលប្រជាកសិករស្នើសុំនេះ ដើម្បីលើកទឹកចិត្តឲ្យលោកមានទឹកចិត្តផលិតថែមទៀត »។
របាយការណ៍របស់ក្រសួងកសិកម្មឆ្នាំ២០២០ បង្ហាញថា ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មានផ្ទៃដីដាំផ្លែមៀន និងផ្លែតាង៉ែន ធំជាងគេ លើផ្ទៃដីសរុបមានជាង ១ម៉ឺន ៤ពាន់ ( ១៤ . ៤០៧ ) ហិកតារ និងទទួលបានទិន្នផល ជាង ១សែន ៥ម៉ឺន ( ១៥៩ . ៨៣៣ ) តោន។ ប៉ុន្តែការនាំចេញផ្លែមៀន និងផ្លែតាង៉ែនទៅក្រៅប្រទេសបានតែជិត ២រយ ( ១៧៤ ) តោនប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។