កសិកររិះគន់ថា វិធានការរបស់ក្រសួងកសិកម្មមិនទាន់បានដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះ
2022.11.25

ប្រជាកសិករនៅខេត្តបាត់ដំបង រិះគន់ថា វិធានការរបស់អាជ្ញាធរ នៅមិនទាន់ជួយដោះស្រាយបញ្ហាតម្លៃស្រូវចុះថោកនៅឡើយ។ ការរិះគន់នេះ ដោយសារ ពួកគាត់នៅតែលក់ស្រូវបានតម្លៃទាបដដែលមិនដូចការប្រកាសកំណត់តម្លៃរបស់ក្រសួងកសិកម្មនោះឡើយ។ អ្នកជំនាញកសិកម្មថា រដ្ឋាភិបាលគួរមានយន្តការជួយកសិករដោយសម្រួលថ្លៃដើមក្នុងការផលិត និងរកទីផ្សារឱ្យបានទូលំទូលាយនៅពេលប្រមូលផល។
កសិករនៅខេត្តបាត់ដំបង នៅតែលក់ស្រូវបានតម្លៃថោក ដោយសារឈ្មួញមិនបានទិញក្នុងតម្លៃសមរម្យតាមការកំណត់តម្លៃរបស់ក្រសួងកសិកម្មឡើយ។
កសិករម្នាក់នៅខេត្តបាត់ដំបង លោក សាន់ សាបាន់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ វិច្ឆិកា ថា មកទល់ពេលនេះលោកពុំទាន់ឃើញមានក្រុមហ៊ុនណាមួយចុះទៅទិញស្រូវក្នុងតម្លៃខ្ពស់ តាមការប្រកាសរបស់ក្រសួងកសិកម្មឡើយ។ លោកបន្តថា សម្រាប់ស្រូវផ្កាម្លិះមួយគីឡូក្រាម លោកលក់បានតម្លៃតែ ៧រយ (៧០០រៀល)ប៉ុណ្ណោះ ខណៈស្រូវប្រភេទនេះក្រសួងបានកំណត់តម្លៃ ជាង១ពាន់(១,០៤០រៀល) ក្នុងមួយគីឡូក្រាម។ លោកសង្ស័យថា ឈ្មួញទាំងនោះមានគំនិតខិលខូច ឆ្លៀតឱកាសទិញស្រូវពីកសិករក្នុងតម្លៃទាប និងលក់ឱ្យទៅរោងម៉ាស៊ីនឬក្រុមហ៊ុនក្នុងតម្លៃដែលក្រសួងបានកំណត់។ លោកបន្ថែមថា កសិករនឹងនៅតែបន្តរងគ្រោះ បើក្រសួងកសិកម្មដាក់ចេញតែសេចក្ដីប្រកាស តែគ្មានការតាមដាន និងអនុវត្តត្រឹមត្រូវ បណ្ដោយឱ្យឈ្មួញខិលខូចទាំងនោះបន្លំ កេងប្រវ័ញ្ចកសិករបែបនេះ។
លោក សាន់ សាបាន់៖ «វេទនា! ឆ្នាំនេះវេទនាមែនទែន។ អាកន្លែងក្រុមហ៊ុនវាទិញតម្លៃហ្នឹង(តម្លៃក្រសួងកំណត់) តែខ្លាចអាឈ្មួញដែលចុះទិញហ្នឹង វាទិញក្នុងតម្លៃទាប វាយកទៅលក់ឱ្យក្រុមហ៊ុនក្នុងតម្លៃហ្នឹង តម្លៃ៩០ (៩រយរៀល) អីអ៊ីចឹង។ ដល់ពេលក្រុមហ៊ុនវាថា វាទិញតម្លៃ៩០ (៩រយរៀល) ៩០ មែន តែវាទម្លាក់ឱ្យអាឈ្មួញហ្នឹងមកទិញតម្លៃ៧០ (៧រយរៀល) អីហ្នឹង វាយកទៅលក់ឱ្យក្រុមហ៊ុនវិញ ៩០ (៩រយរៀល)។ ចុះក្រុមហ៊ុនវាមិនចុះមកទិញផ្ទាល់ខ្លួនវាអី វាចាំតែទិញក្នុងរោងម៉ាស៊ីនវាហ្នឹង ហើយឡានឈ្មួញមកទិញ (ពីកសិករ)»។
ក្រសួងកសិកម្មនៅថ្ងៃទី១៧ វិច្ឆិកា បានសម្របសម្រួលឱ្យក្រុមហ៊ុនបៃតង ប្រមូលទិញស្រូវក្នុងតម្លៃ ១.០៤០រៀលក្នុង ១គីឡូក្រាម សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១។ ចំណែក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ វិច្ឆិកា បានប្រកាសផ្ដល់ថវិកា ជិត១រយលាន់ដុល្លារ (៩៣លានដុលា្លរ) លើមូលនិធិទិញស្រូវពីប្រជាកសិករ ដើម្បីបញ្ចៀសការទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។
ក្រោយការប្រកាសរបស់ក្រសួងកសិកម្ម មានសកម្មភាពរថយន្តសណ្ដោងរ៉ឺម៉ករបស់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមួយចំនួនបានប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃដែលក្រសួងកសិកម្មបានកំណត់។ ប៉ុន្តែការកំណត់តម្លៃនោះ មិនបានគ្រប់ទូទាំងខេត្តឡើយ ដោយតំបន់ និងខេត្តខ្លះ កសិករនៅតែលក់ស្រូវបានក្នុងតម្លៃថោក។
ប្រជាកសិករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ នៅតែអះអាងថា ឈ្មួញទិញស្រូវពួកគាត់ក្នុងតម្លៃទាបដដែល។ ចំណែកពលរដ្ឋខ្លះថា មិនឃើញមានក្រុមហ៊ុន ឬមូលនិធិណាមួយចុះទៅទិញស្រូវពួកគាត់នៅឡើយ ដែលធ្វើឱ្យពួកគាត់មានការខកចិត្តចំពោះក្រសួងកសិកម្ម ដែលបានតែចេញសេចក្ដីប្រកាស តែការអនុវត្តគ្មានប្រសិទ្ធភាព ជាពិសេសមិនតាមដានការងាររបស់អាជ្ញាធរថ្នាក់ក្រោមឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហាតម្លៃស្រូវនេះបានទេ នៅថ្ងៃទី២៤ វិច្ឆិកា។
ទាក់ទិនបញ្ហានេះ អ្នកជំនាញកសិកម្មលោក នី ណាក់ យល់ឃើញថា ថវិកាដែលក្រសួងសេដ្ឋកិច្ចផ្ដល់ទៅមូលនិធិជិត ១រយលានដុល្លា(១០០,០០០,០០០ដុល្លារ) នេះមិនគ្រប់គ្រាន់សម្រាប់ការប្រមូលទិញស្រូវរបស់កសិករទាំងអស់នោះឡើយ ពោលគឺបានតែ ២០ ទៅ៣០ភាគរយតែប៉ុណ្ណោះ។ លោកបន្តថា រដ្ឋាភិបាលប្រហែលត្រូវចំណាយថវិកាប្រមាណ៥រយលានដុល្លារ(៥០០,០០០,០០០ដុល្លា) សម្រាប់ដោះស្រាយបញ្ហានៅពេលនេះ។ អ្នកជំនាញកសិកម្មរូបនេះយល់ឃើញថា រដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ត្រូវមានផែនការ និងយន្តការជាក់លាក់សម្រាប់កសិករ ដោយសម្រួលថ្លៃផលិតឱ្យទាបជាងមុន និងត្រូវជួយរកទីផ្សារនៅពេលប្រមូលផល ជាពិសេសត្រូវជំរុញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោក នី ណាក់៖ «ហើយជាសំណូមពរ គឺសុំឱ្យកសិករនៅតាមតំបន់នីមួយៗហ្នឹងត្រូវចងក្រងបង្កើតគ្នាជាសមាគមកសិករដាំស្រូវ ឬដាំបន្លែ ឬដាំដំណាំឈើហូបផ្លែ កសិផលទូទៅហ្នឹង ឱ្យមានជាក្រុមឡើង ដើម្បីឱ្យយើងមានលទ្ធភាពគ្រប់គ្រងការផលិត ក៏ដូចជាការចរចាតម្លៃជាមួយហ្នឹងឈ្មួញដែលជាអ្នកទិញ»។
កន្លងមក ក្រសួងកសិកម្មតែងតែទទួលរងការរិះគន់ពីប្រជាកសិករ និងអ្នកប្រកបរបរកសិកម្ម និងចិញ្ចឹម សត្វជាញឹកញាប់ ដោយសារក្រសួងមួយនេះអសមត្ថភាពក្នុងការរក្សាតុល្យភាពតម្លៃកសិកម្ម និងពង្រីកទីផ្សារនាំចេញ។
បញ្ហាតម្លៃកសិផល ជាពិសេសស្រូវចុះថោក កើតមានឡើងរៀងរាល់ឆ្នាំ ដែលប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលរិះគន់ថា បណ្ដាលមកពីរដ្ឋាភិបាលអសមត្ថភាពក្នុងការរកទីផ្សារ និងទប់ស្កាត់លំហូរទំនិញបរទេសចូលមកកម្ពុជា។ ជាមួយគ្នានេះ ស្របពេលផលិតផលជីកសិកម្ម ប្រេងឥន្ធនៈឡើងថ្លៃ និងអតិផរណាក្នុងប្រទេសកើនឡើង បានបង្កជាបញ្ហាកាន់តែធ្ងន់ធ្ងរឱ្យកសិករមួយកម្រិតទៀត៕