អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់លើពិភពលោក ឈ្មោះថាក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (The Financial Action Task Force) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស (Paris) ប្រទេសបារាំង (France) បានដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃប្រទេសលាងលុយកខ្វក់ហើយ កាលពីថ្ងៃទី២៤កុម្ភៈ។
ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ នេះ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា ក្រៅពីប្រទេសកម្ពុជា ដែលអង្គការនេះដកចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសលាងកខ្វក់នោះ គឺមានប្រទេសម៉ារ៉ុក (Morocco) មួយទៀត។ ដោយឡែកប្រទេសមួយចំនួនទៀត ស្ថិតនៅក្នុងបញ្ជីប្រផេះនេះនៅឡើយ រួមមាន កូរ៉េខាងជើង (North Korea) មីយ៉ាន់ម៉ា (Myanmar) និង អឺរ៉ុង (Iran) ជាដើម។
ពាក់ព័ន្ធនឹងរឿងនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២២ កុម្ភៈ បានដាស់តឿនទៅមន្ត្រីរបស់ខ្លួន កុំឲ្យមានមោទនភាពជ្រុលរហូតដល់ភ្លេចខ្លួន ក្នុងការទប់ស្កាត់អំពើលាងលុយកខ្វក់ឲ្យសោះ ក្រោយពីកម្ពុជាបានរួចផុតពីបញ្ជីប្រផេះនេះ។ លោកបន្ថែមថា មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវខិតខំ និងសាមគ្គីគ្នា ដើម្បីការការពារឲ្យបាន កុំឲ្យកម្ពុជាវិលទៅចូលក្នុងបញ្ជីប្រផេះឡើងវិញ។ លោក ស ខេង អះអាងថា នឹងដាក់ចេញទិសដៅការងារគន្លឹះៗ ជាបន្តទៀត ដើម្បីការពារប្រទេសកម្ពុជាកុំឲ្យធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះ នៃក្រុមប្រទេសលាងកខ្វក់ជារៀងរហូត។
ទោះបីជាបែបនេះក្ដី អ្នកវិភាគនយោបាយលោក គឹម សុខ អះអាងថា ការដកប្រទេសកម្ពុជាដកចេញពីបញ្ជីប្រផេះ ដោយសារតែរបបឯកបក្សបានបង្កើតច្បាប់ ដើម្បីទប់ស្កាត់អំពើលាងលុយកខ្វក់ មិនមែនផ្អែកលើសកម្មភាពប្រឹងប្រែងរបស់អាជ្ញាធរទប់ស្កាត់អំពើលាងលុយកខ្វក់ឡើយ។
លោក គឹម សុខ៖ «គឺដោយសារតែគេវិនិច្ឆ័យលើកម្ពុជា មានឯកសារច្បាប់ច្រើនជាង ការវាយតម្លៃទៅអនុវត្តផ្ទាល់។ ឧទាហរណ៍កាលពីខែមីនាឆ្នាំ២០២២ កម្ពុជា បានធ្វើវិសោធនកម្មច្បាប់ ទប់ស្កាត់នៃអំពើលាងលុយកខ្វក់ជាដើម។ មិនមែនផ្អែកលើលទ្ធផលនៃការទប់ស្កាត់ការលាងលុយកខ្វក់ អំពើជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងការទប់ស្កាត់អំពើពុករលួយនោះទេ»។
កម្ពុជាធ្លាប់បានរួចផុតពីបញ្ជីប្រផេះនៃប្រទេសលាងលុយកខ្វក់នេះម្ដងរួចមកហើយ ប៉ុន្តែ ចាប់ពីឆ្នាំ២០១៩មក អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់នៅលើពិភពលោកបានដាក់កម្ពុជាចូលក្នុងបញ្ជីប្រផេះជាថ្មីម្ដងទៀត មកដល់ឆ្នាំ២០២៣នេះ។ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានជាប់ឈ្មោះជា «ឋានសួគ៌»នៃកន្លែងលាងលុយកខ្វក់នៅលើពិភពលោក ហើយដែលក្រុមអ្នកមានលុយមានអំណាចខ្មែរឃុបឃិតគ្នាប្រមូលលុយដែលបានមកពីការប្រព្រឹត្តិអំពើពុករលួយ និងអំពើឧក្រិដ្ឋនានាបង្វិលយកទៅលាក់ទុកនៅក្រៅប្រទេស។ វិស័យដែលរងហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់នៅកម្ពុជា រួមមាន វិស័យធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និងវិស័យកាស៊ីណូជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។