ប្រជា​នេសាទ​ចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ​នៅ​ឃុំ​ពាម​បាង ខេត្ត​កំពង់ធំ ត្អូញត្អែរ​ពី​បញ្ហា​ត្រី​ងាប់​ជា​បន្ត​បន្ទាប់

ដោយ វ៉ែន សុមេធ
2018.03.29

ប្រជាពលរដ្ឋនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បារម្ភ​បញ្ហា​ប្រឈម​ ក្នុងជីវភាពគ្រួសារ ពិសេស​ពិបាក​រក​ប្រាក់ចំណូល​ដើម្បី​ដោះ​បំណុលគេ​តែម្តង។ ក្តី​បារម្ភនេះ ដោយសារ​មុខរបរ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​របស់​ពួកគាត់​ជួប​បញ្ហា ត្រី​ងាប់​ជាបន្តបន្ទាប់។ មន្ត្រី​ជលផល​ខេត្តកំពង់ធំ ទទួល​ស្គាល់​ថា​ពលរដ្ឋ​នៅឃុំពាមបាង ពិតជា​ជួប​បញ្ហា​ប្រឈម​ក្នុងការ​ចិញ្ចឹម​ត្រី​ប្រាកដ​មែន។

ពលរដ្ឋ ដែលប្រកប​របរនេសាទផង និងចិញ្ចឹមត្រីលក្ខណៈគ្រួសារផង នៅឃុំពាមបាង ខ្លះលើក​ឡើង​ថា​ពួក​គាត់​នឹង​ងាក​ទៅ​ប្របកមុខរបរផ្សេងឬ ត្រូវ​រកការងារ​នៅ​តំបន់​ផ្សេង​ជំនួស​ឱ្យ​ការ​ចិញ្ចឹម​ត្រី​និង​នេសាទ​វិញ។ ការលើក​ឡើងនេះ ដោយ​ពួកគាត់​អះអាងថា​មុខរបរ​ចិញ្ចឹមត្រី កាន់តែ​ជួប​បញ្ហា​ប្រឈម​ ដូចជា​ករណី​ត្រី​ងាប់​ជា​ហូរហែ ហើយ​ឆ្នាំខ្លះតម្លៃត្រីចុះថោកខ្លះ មិនអាចទប់ទល់ការ​ចំណាយ​បាន រីឯ​ផលនេសាទ​វិញ​កាន់​តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត និយាយ​ថា ពួកគាត់​នឹង​នៅតែ​ចិញ្ចឹម​ត្រី​បន្ត​ទៀត បើ​ទោះបី​ជា​ប្រឈម​ការ​ខាត​បង់​ក៏ដោយ ព្រោះ​តែ​គ្មាន​ជម្រើស​ផ្សេង។

ពលរដ្ឋនៅឃុំពាមបាងមួយរូប កញ្ញា យ៉េត ពុត មានប្រសាសន៍ថា​ប្រជានេសាទដែលចិញ្ចឹមត្រី​នៅ​ឆ្នាំ​នេះ ជួប​បញ្ហា​ត្រី​ងាប់​ស្ទើរ​គ្រប់​គ្នា ដោយ​គ្រាន់​តែ​អ្នក​ខ្លះ​មាន​ត្រី​ងាប់​តិច ឬ​ច្រើនតែប៉ុណ្ណោះ។ កញ្ញា​បញ្ជាក់​ថា ត្រី​របស់គាត់ ដែលបាន​ដាក់ចិញ្ចឹមចំនួន ២​ម៉ឺន​ក្បាល ប្រភេទ​ត្រីរ៉ស់វៀតណាម ឬ​ត្រី​ដៀប​គឺ ងាប់​ជិត​អស់ហើយ។ កញ្ញា​នៅមិនទាន់ដឹងពីមូលហេតុ​បណ្តាល​ឱ្យត្រីងាប់​ប្រាកដទេ ប៉ុន្តែ​ពួកគាត់​យល់ថា​អាច​ដោយសារ​បញ្ហា​ទឹកបឹង​មិនស្អាតតែម្តង៖ «វា​ល្អក់​រាល់​តែ​ថ្ងៃ រាល់​តែ​ខែ។ ប៉ុន្តែ​វា​មាន​ទឹក​ល្អ និង​មិន​ល្អ​ដែល​ល្អក់​នោះ។ បើ​ល្អក់ ទឹក​អត់​ល្អ ឈឺ ប្រកាច់​ងាប់។ ចាស៎! ងាប់​អស់​មួយ​តោន ហើយ​រាល់​ថ្ងៃ​នេះ នៅ​តែ​ងាប់។ មួយ​ថ្ងៃ ជិត ៨០​ក្បាល ៥០ ឬ​៦០​ក្បាល។ ជួន​កាល ១០០​ក្បាល វា​មិន​ទាន់​ដាច់​ទៀត»

ប្រភព​ដដែល បន្តថា ប្រភេទ​ត្រី​ដែល​ពួកគាត់​ចិញ្ចឹម​ អាច​ផ្តល់​ផល​ក្នុង​រយៈ​ពេល ៥ ឬ ៦​ខែ។ កញ្ញា ឱ្យ​ដឹង​ថា​គាត់​ចាប់​ផ្តើម​ចិញ្ចឹម​តាំង​ពី​ខែ​តុលា ហើយ​ងាប់​កាល​ពី​ត្រី​នៅ​តូចៗ អស់​ប្រមាណ ៥.០០០​ក្បាល ក្រោយមក​នៅពេលត្រីធំៗ បន្តិច ពោលគឺមាន​ទំហំ​ប៉ុន​កដៃ​ក្មេង ងាប់អស់ប្រមាណ​ប្រាំ​ពាន់​ក្បាល​ទៀត។ បច្ចុប្បន្ន​នៅ​ពេល​ត្រី​ធំៗ ល្មម​លក់​ចេញ ដោយ​ត្រី​មួយ​មាន​ទម្ងន់​ជាង ៣​ខាំ បែរ​ជា​ងាប់​​​ឥត​ឈប់​ឈរ គឺ​ងាប់​អស់​ប្រហែល​មួយ​តោន​ទៅ​ហើយ។

ប្រជា​នេសាទ​រូប​នេះ អះអាងថា​ដើមទុនសម្រាប់ចិញ្ចឹម​ត្រី ចំនួន ២​ម៉ឺន​ក្បាល គឺ​ចំណាយ​អស់ជាង​២០​លាន​រៀន ឬ​ស្មើ​នឹង​ប្រមាណ ៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ប្រាក់​ទាំង​នោះ​ភាគ​ច្រើន​ខ្ចី​បុល​គេ​តែ​ប៉ុណ្ណោះ។ និយាយ​ដល់​ចំណុច​នេះ កញ្ញា​ហាក់​អស់​សង្ឃឹម ដក​ដង្ហើម​ធំ អួល​ដើមក​ព្រោះ​មិន​ដឹង​បាន​ប្រាក់​ឯណា ដើម្បី​ដោះ​បំណុល​គេ។ ម្យ៉ាង​កញ្ញា​មាន​បន្ទុក​ធ្ងន់​ក្នុង​គ្រួសារ​ផង៖ «អ្នក​ខ្លះ​គេ​មាន​កូន​ច្រើន​អីចឹង គេ​ទៅ​រោងចក្រ​ទៅ ស៊ីឈ្នួល​គេ​ឯណា​ឯណី​អស់​ទៅ។ អ្នក​ខ្លះ​គេ​មិន​ទៅ គេ​នៅ​រកស៊ី​នេះ​ទៅ រក​ដោះ​គេ​ទៅ​មុខ​ទៀត»

កញ្ញាយ៉េត ពុធ គិតថានឹងឡើង​ទៅ​រស់​នៅ​លើ​ដី​គោក ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​វិញ និង​គ្រាន់​បាន​ប្រាក់​ខ្លះ​សម្រាប់​ដោះ​បំណុល​គេ​ផង។ ការ​គិត​បែប​នេះ ព្រោះ​របប​ចិញ្ចឹម​ត្រី​កាន់​តែ​ពិបាក ម្យ៉ាង​ទិន្នផល​ត្រី​សម្រាប់​នេសាទ កាន់​តែ​ខ្សត់​ខ្សោយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ឃុំ​ពាមបាង ជា​ឃុំ​ដាច់​ស្រយាល​ដែល​មាន​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ស្ទោង។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ឃុំ​នេះ​នៅ​រដូវ​ប្រាំង គឺ​គេ​ត្រូវ​ជិះ​រថយន្ត​ឈ្នួល និង​គោយន្ត​ច្នៃ ដែល​មាន​សរុប​ចំនួន ៤ ឬ ៥​គ្រឿង​ប៉ុណ្ណោះ និង​ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក​បន្ត​ទៀត។

ឃុំ​ពាមបាង មាន​ភូមិ​ចំនួន​៥ និង​មាន​ប្រជាជន​សរុប​ជិត ៧០០​គ្រួសារ (៦៨៧​គ្រួសារ) ហើយ​ពលរដ្ឋ​ប្រមាណ ៩០​ភាគរយ គឺ​រស់​ពឹង​ផ្អែក​ទៅ​លើ​មុខ​របរ​នេសាទ ព្រោះ​គ្មាន​ដីធ្លី​សម្រាប់​ធ្វើ​ស្រែ និង​ចម្ការ​ទេ។ ក្នុង​នោះ ពលរដ្ឋ​ប្រហែល ​៧០​ភាគរយ​នាំ​គ្នា​ប្រក​បរបរ​ចិញ្ចឹមត្រី​លក្ខណៈ​គ្រួសារ ហើយ​ត្រី​ដែល​ពួកគាត់​ចិញ្ចឹម ដូចជា​ត្រី​រ៉ស់​វៀតណាម ឬ​ត្រី​ឆ្ដោ ត្រី​អណ្ដែង ត្រី​ប្រា​ជាដើម។ ពលរដ្ឋ​នៅ​ឃុំ​ពាមបាង​មួយ​ចំនួន​មាន​ផ្ទះ​ទឹក ឬ​ផែ​សមរម្យ ប៉ុន្តែ​អ្នក​ខ្លះ​មិន​មាន​ផ្ទះ​សម្រាប់​រស់នៅ​សមរម្យ​ទេ គឺ​មាន​តែ​បង្គោល​ឈើ និង​រនាប​គ្រែ​ខ្លះ ដោយ​បាំង​តង់ រួម​នឹង​ផួយ​ចាស់ៗ ដើម្បី​ធ្វើ​ជា​ជញ្ជាំង រួម​នឹង​ទូក​សម្រាប់​រស់នៅ​ប៉ុណ្ណោះ។

ប្រជានេសាទមួយរូបទៀត លោក ណាក់ ប៊ុន្នី ឱ្យ​ដឹង​ថា លោក​ចិញ្ចឹម​ត្រី​ឆ្តោ​ចំនួន មួយ​ម៉ឺន​ក្បាល​(១០.០០០) គឺ​ងាប់​ជាង​ពាក់​កណ្តាល។ លោក​សន្និដ្ឋាន​ថា មូលហេតុ​បណ្តាល​ឱ្យ​ត្រី​ងាប់​ គឺ​ដោយសារ​ទឹក​ល្អក់ ស្អុយ ម្យ៉ាង​ដោយសារ​កត្តា​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ ធ្វើ​ឱ្យ​កម្ទេច​កម្ទី ដូច​ជា​ផេះ រសាត់​អណ្តែត​ចូល​ទីតាំង​ត្រី​ចិញ្ចឹម​របស់​ពួក​គាត់​បណ្តាល​ឱ្យ​វាឈឺ និង​ងាប់តែ​ម្តង។ កសិករ​បាន​រក​វិធីសាស្ត្រ និង​ដាក់​ថ្នាំ​ផ្សេងៗ ប៉ុន្តែ​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ៖ «ឥលូវ​នេះ​ដូច​ប្រាក់​សន្សំ​ហើយ​បង។ ពេល​យើង​លក់ ហើយ​ក៏​ទិញ​នុយ​ឱ្យ​វា​ស៊ី​ទៅ។ អា​ខ្លះ​មាន​បរ​ដាក់ ក៏​គេ​ដាក់​បរ​ខ្លះ​ទៅ បើ​យើង​ទិញ​នុយ​គេ​វា​ខាត​ហើយ»

លោក ណាក់ ប៊ុន្នី បញ្ជាក់ថាកាលពីមុន​ត្រី​ចិញ្ចឹម​ពួក​គាត់​មិន​សូវ​ងាប់​ច្រើន​ដូច​ពេល​នេះ​ទេ ហើយ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្ទើរ​តែ​ទាំង​អស់​ជួប​បញ្ហា​នេះ។ លោក​បន្ថែម​ថា នៅ​ពេល​ពលរដ្ឋ​ចិញ្ចឹម​ត្រីបាន​ផល​ច្រើន បែរ​ជា​តម្លៃ​ថោក។ ជាក់​ស្តែង​កាល​ពី​ដើម​ឆ្នាំ​២០១៧ ពួក​គាត់​លក់​ត្រី​ចិញ្ចឹម​របស់​ខ្លួន​បាន​មួយ​គីឡូ​ក្រាម តម្លៃ ៣​ពាន់​រៀល (.០០០) ប៉ុណ្ណោះ។ ចំណែក​ឆ្នាំនេះ ការ​ចិញ្ចឹម​ត្រីមិន​បាន​ផល​ច្រើន ដោយសារ​ត្រីងាប់ និង​មាន​ជំងឺផង ប៉ុន្តែ​តម្លៃ​ត្រី​ហក់​ឡើង​បាន ៦​ពាន់ រៀល​ក្នុង​មួយ​គីឡូក្រាម​(.០០០)

ទាក់ទង​បញ្ហានេះ នាយ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា​ការ​ចិញ្ចឹមត្រី​របស់​ពលរដ្ឋ​នៅ​ឃុំ​ពាមបាង ពិត​ជា​ជួប​បញ្ហា​ប្រឈម​ប្រាកដ​មែន។ លោក​បន្ថែម​ថា​ មាន​កត្តា​ច្រើន​ដែល​ធ្វើ​ឱ្យ​ការ​ចិញ្ចឹម​ត្រី​របស់​ពួក​គាត់​មាន​បញ្ហា​ ដូចជា​កត្តា​បរិស្ថាន​នៅទី​នោះ ពោល​គឺ​ទឹក​ដែល​ចិញ្ចឹម​ត្រី​​កង្វក់ ឬ​ស្អុយ និង​ក្តៅ​ជា​ដើម។ លើស​ពី​នេះ ការ​ឱ្យ​ចំណី និង​វិធីសាស្ត្រ​ថែទាំ ព្រម​ទាំង​ការ​ជ្រើសរើស​ពូជ យក​មក​ចិញ្ចឹម​មិន​បាន​ល្អ គឺ​ជា​កត្តា​នាំឱ្យ​ការ​ចិញ្ចឹម​ត្រី​ត្រូវ​ជួប​ឧបសគ្គ​ផង​ដែរ៖ «យើង​ក៏​បាន​ជួយ​ណែនាំ​គាត់ ប្រាប់​ពី​បច្ចេក​ទេស ប្រាប់​ពី​វិធីសាស្ត្រ​ក្នុង​ការ​កែ​ដែរ។ យើង​បាន​ប្រាប់​គាត់ ប៉ុន្តែខ្ញុំគិត​ថា ពេល​ដែល​មាន​បញ្ហា​ហើយ​ បាន​យើង​កែ​នេះ គឺ​មិន​ងាយ​ទេ។ ទាល់​តែ​យើង​មាន​វិធានការ​ការពារ​ជា​មុន»

មន្ត្រី​ជំនាញ​ដដែល​អះអាង​ថា ទិន្នផល​ត្រីក្នុងបឹង​វិញ គឺ​មិន​បាន​ថយ​ចុះ​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ឡើយ។ ជាក់​ស្តែង​ទិន្នន័យ​ប្រមូល​ផលត្រី​ក្នុង​រដូវ​បើក​នេសាទ​នៅ​ខេត្ត​កំពង់ធំ ព្រមទាំង​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​២០១៧ គឺ​កើន​ឡើង​ពី ៦ ទៅ ៧​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹងឆ្នាំ​២០១៦។ លោក ប៉ែន វណ្ណរិទ្ធ លើក​ឡើង​ថា ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម​ក្នុងការ​ចិញ្ចឹម​ត្រី កសិករ​គប្បី​ស្វែង​រក​ទីតាំង​ចិញ្ចឹម​ឱ្យ​បាន​ល្អ។ កសិករ​ត្រូវ​ផ្តល់​ចំណី និង​ថែទាំ ព្រមទាំង​ជ្រើសរើស​ពូជ​ត្រី​យក​មក​ចិញ្ចឹម​ឱ្យបាន​ត្រឹមត្រូវ។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន យល់​ថា នៅ​ពេល​ពលរដ្ឋ​ជួប​បញ្ហា​ប្រឈម​បែបនេះ មន្ត្រី​ផ្នែក​កសិកម្ម និង​រដ្ឋបាល​ជលផល គប្បី​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ណា​មួយ​ ដើម្បី​រក​ដំណោះស្រាយ ឬ​ផ្តល់​បច្ចេកទេស​បន្ថែម​ជូន​កសិករ។ លោក​មើល​ឃើញ​ថា ទាក់ទង​បញ្ហា​ជលផល​នេះ​ដែរ កន្លង​មក​រាជរដ្ឋាភិបាល​ធ្លាប់​លើក​ទឹកចិត្ត​ដល់​កសិករ ឱ្យ​នាំ​គ្នា​ចិញ្ចឹម​ត្រី ពិសេស​អនុញ្ញាត​ឱ្យ​​ចិញ្ចឹម​ត្រីឆ្តោ​ឡើង​វិញ ប៉ុន្តែ​ការ​បណ្ដុះបណ្ដាល​ពី​វិធីសាស្ត្រ​ចិញ្ចឹម​ត្រី​ដើម្បី​ទទួល​បាន​ជោគជ័យ និង​មាន​ជីវភាព​ធូរធា គឺ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ៖ «មិន​ទាន់​មាន​វិធីសាស្ត្រ ឬ​ក៏​ការ​បណ្តុះបណ្តាល​បច្ចេកទេស ឬ​ក៏​ធនធាន និង​ទុនណា​មួយ​ដល់​កសិករ​នៅ​ឡើយ​ទេ។ ហើយ​ទាក់ទង​វិស័យ​កសិកម្ម បញ្ហា​ពី​មួយ​បញ្ហា​ទៅ​មួយ​បញ្ហា​ ដូចជា​ខែ​ស្វាយៗ ថោក ខែស្រូវៗ ថោក ខែបន្លែៗ ថោក ក៏​នៅ​មិន​ទាន់​មាន​គោលការណ៍​ជាក់​លាក់ ឬ​វិធីសាស្ត្រ​ជាក់លាក់​នៅឡើយ»

លោក ថេង សាវឿន មើល​ឃើញ​ថា ប្រសិន​បើ​បញ្ហា​ប្រឈម​របស់​កសិករ​ទាំង​នេះ មិន​អាច​ដោះ​ស្រាយ​បាន នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹក​ចិត្ត​ពលរដ្ឋ។ បន្ថែម​ពី​នេះ ធ្វើ​ឱ្យ​បរិមាណ​ផលិត​ក្នុងស្រុក​កាន់​តែ​ថយ​ចុះ ព្រោះ​តែ​កសិករ​បាក់​ទឹក​ចិត្ត​ក្នុង​ការ​ផលិត ហើយ​បោះបង់​ចោល​មុខរបរ​របស់​ខ្លួន និង​ត្រូវ​បង្ខំ​ចិត្ត​ចំណាក​ស្រុក។ ជាង​នេះ​ទៀត រដ្ឋ​ត្រូវ​ខាត​បង់​ថវិកា​ជាតិ​យ៉ាង​ច្រើន​ដើម្បី​នាំចូល​ផលិតផល​ចំណី​អាហារ ពី​ក្រៅ​ប្រទេស ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក។ លោក​ថា បញ្ហា​ទាំង​នេះ ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​ធ្លាក់​ចុះ៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។