កម្ពុជារកបានប្រាក់ចំណូលប្រមាណ១ពាន់ ៤រយលានដុល្លារ (១.៤ ពាន់លាន) ពីកំណើនភ្ញៀវទេសចរបរទេសចំនួនជិត ២លាន ៣សែននាក់ (២,២៨ លាន) ក្នុងឆ្នាំ២០២២។ ហើយបើប្រៀបធៀបទៅនឹងឆ្នាំ២០២១ គឺកើនឡើងជាង ៦៦០ភាគរយ (៦៦៧%)។
របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា កំណើនភ្ញៀវទេសចរបរទេស បានកើនឡើងបន្ទាប់ពីកម្ពុជាបានបើកប្រទេសឡើងវិញ និងបានបន្ធូរបន្ថយវិធានការសុខាភិបាលប្រឆាំងនឹងជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០២១។ ក្នុងអំឡុងឆ្នាំ២០២២ អាជីវកម្មទេសចរណ៍ បានផ្តល់ការងារសរុបចំនួន៣២ម៉ឺននាក់ (៣២០,០០០) ដល់ប្រជាពលរដ្ឋខ្មែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន លើកឡើងថា យុទ្ធនាការ "ទស្សនាកម្ពុជា ឆ្នាំ២០២៣" ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២៣ គឺជាការងារចាំបាច់ ដើម្បីបំផុសគំនិតក្នុងការស្តារ វិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ១៩។ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងហោចណាស់ ៤លាននាក់ សម្រាប់ឆ្នាំ២០២៣។
ក្នុងឆ្នាំ២០១៩ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៦លាន៦សែននាក់ (៦.៦ លាន) ដោយរកចំណូលបាន ជិត ៥ពាន់លានដុល្លារ (៤.៩២ពាន់លាន) ដែលរួមចំណែកប្រមាណ១២% នៃផលិត ផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។