ទេសចរបរទេសមិនចង់មកលេងកម្ពុជា «មិនមែនខ្វះជើងហោះហើរត្រង់នោះទេ ដោយសារកម្ពុជាមានឈ្មោះមិនល្អ»

0:00 / 0:00

អ្នក​ឃ្លាំ​មើល​ថា​ កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​​ ដូច​ជា​​បញ្ហា​ឧក្រិដ្ឋកម្ម​ អនឡាញ​ ការ​រំលោភ​សិទ្ធិមនុស្ស​ និង​ការ​ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឡើង​វិញ ​តាម​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ ​ទើប​អាច​​ទាក់ទាញ​ភ្ញៀវ​ទេសចរ មក​លេង​កម្សាន្ត​នៅ​កម្ពុជា​​។​ ការ​លើក​ឡើង​នេះ​ ធ្វើឡើងក្រោយ​ពេល លោក ហ៊ុន ម៉ាណែត ​អំពាវនាវ​ឱ្យ​បង្កើត​ជើង​ហោះហើរ​អន្តរជាតិ​ត្រង់​មក​កាន់​ខេត្ត​សៀមរាប ក្នុង​ពេល​ឆាប់ៗ​។

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​មួយ​ចំនួន​លើក​ឡើង​ថា កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើង​វិញ​ក្រោយ​ពី​វិបត្តិ​កូវីដ១៩​បាន​បញ្ចប់​ ដោយ​សារ​តែ​កម្ពុជា​មាន​រឿង​អាស្រូវ​ជា​ច្រើន មិន​ត្រូវ​បាន​ដោះស្រាយ​។​ បញ្ហា​ទាំង​នោះ​រួម​មាន ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ​(Cyber Crimes) បញ្ហា​អសន្តិសុខ​សង្គម​ និង​​ជាពិសេស​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។

អ្នក​ជំនាញ​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ និង​កិច្ច​ការបរទេស លោក​ ឯម សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​២០ ​ខែ​កក្កដា ថា​ កម្ពុជា​មិន​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ឱ្យ​មក​លេង​នៅ​កម្ពុជា​បាន​នោះ​ទេ ដោយ​សារ​តែ​កម្ពុជាមាន​ឈ្មោះ​មិន​ល្អ។​ លោក​បន្ត​ថា​ ករណី​នេះ​ហើយ​ ដែល​​សហគមន៍​អន្តរជាតិ ​តែងតែ​ អំពាវនាវ​ឱ្យ​កម្ពុជា ដោះស្រាយ​ជា​ចម្បង​។​

លោក​ ឯម សុវណ្ណារ៉ា៖ «ជា​កត្តា​មួយ​ដែល​កម្ពុជា​គួរ​រក​មធ្យោបាយ​ឆ្លើយ​តប​ក្នុង​ការ​លើក​​ឡើង​របស់​សហគមន៍​អន្តរជាតិ កាល​ណា​កម្ពុជា​មិន​សូវ​សហការ និង​មិន​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​ពី​អន្តរជាតិ​ទេ​ បញ្ហា​វា​ពាក់ព័ន្ធ​ច្រើន​។ កាល​យើង​មិន​បាន​សម្អាត ឬ​លុប​ការ​សង្ស័យ មន្ទិល​សង្ស័យ​ ឈ្មោះ​មិន​ល្អ​ចេញ​ទេ​ វា​ជា​កត្តា​មួយ​​ដែលរុញ​ធ្វើ​ឱ្យ​យើង​បាត់បង់​ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​នៅ​កម្ពុជា​ផង​ដែរ។»

ការ​លើកឡើង​បែបនេះ គឺ​ក្រោយ​ពេល​ដែល​ លោក ហ៊ុន ម៉ាណែត ​អំពាវនាវ​ឱ្យ​​ក្រសួង​ពាក់ព័ន្ធ បង្កើត​ជើង​ហោះហើរ​អន្តរជាតិ​សំខាន់ៗ ​​នៅ​លើ​ពិភព​លោក​ ហោះហើរដោយ​ផ្ទាល់​មក​កាន់​ខេត្ត​សៀមរាប ដោយ​ពុំ​ចាំ​បាច់​ចុះ​ចត​នៅ​ភ្នំពេញ​ដូច​មុន​នោះ​ទេ​។​ លោក​បន្ត​ថា តម្លៃ​សំបុត្រ​យន្តហោះ និង​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ ក៏​នឹង​ត្រូវ​បាន​បញ្ចុះតម្លៃ តាម​ទិដ្ឋភាព​ជាក់ស្ដែង​ផង​ដែរ​។លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​សារ​មន្ទីរ សម្ដេច​ព្រះព្រហ្ម​រតន​មុនី ពិន សែម ក្នុង​ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​។

បន្ថែម​ពី​នោះ​ លោក​ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​របស់​លោក​ដកហូត​អនុក្រឹត្យ​ដែល​តម្រូវ​ឱ្យ​អ្នក​ទេសចរ​​ ស្នាក់​នៅ​យ៉ាង​តិច​មួយ​យប់​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​អនុក្រឹត្យ​ចាស់​នេះ​ចូល​ជា​ធរមាន​តាំង​ពី​ឆ្នាំ​ ១៩៩៨ ដូច្នេះភ្ញៀវ​ទេសចរ​​អាច​មក​លេង​កម្ពុជា​ ត្រឹម​កន្លះ​ថ្ងៃ ​ឬ​ពីរ​បី​ម៉ោង​ក៏​បាន​​។ លោក​បន្ត​ថា​ ការ​សម្រេច​លុប​ចោល​អនុក្រឹត្យ​ចាស់​នេះ​ គឺ​ដើម្បី​សម្រួល​ដល់​​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​។

លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹង​បាន​ខ្ញុំ​ទៅ​ម្សិល​ម្ង៉ៃ ជួប​ជា​មួយ​ទូត​ហ្វីលីពីន ​ឱ្យ​បើក​ច្រក​ កោះ​សេប៊ូ (Cebu) ​ដែល​ជា​កោះ​ទេសចរណ៍​​ភ្ជាប់​​មក​សៀមរាប​។ បើក​ពី​ កោះ​ឡាំង​កាវី (Langkawi) នៅ​ម៉ាឡេស៊ី មក​ភ្ជាប់​ ​សៀមរាប​​ និង​ ភ្ជាប់​​ពី​កោះ​ជេជូ (Jeju) កោះ​​ទេសចរណ៍​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ យើង​កំពុង​ចរចា​បន្ថែម​ឱ្យ​បាន​ច្រើន​។​ កោះ​ភូកេត (Phuket)​ ប្រទេស​ថៃ ត​ពី​នឹង​ ជើង​ហោះ​មក យើង​កំពុង​ចរចា​ ដើម្បី​បើក​ច្រក​បន្ថែម​ទៀត កុំ​ឱ្យ​ហោះ​ទៅ​តែ​ភ្នំពេញ។ អ៊ីចឹង​យើង​ដាក់​គោលដៅ​បែប​នេះ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​យន្តហោះ​។ ពេល​យន្តហោះ​ថ្មី​ចុះ​មក យើង​ជួយ​គាត់​យ៉ាង​ម៉េច​ឱ្យ​តម្លៃ​គាត់​ចុះ​ចត​ ​ថោក ពេល​គាត់​ត្រឡប់​ទៅ​វិញ​ សំបុត្រ​យន្តហោះ​វា​ថោក​ រដ្ឋ​ស៊ូ​ខាត​ចំណូល​ មួយ​ចំនួន​ តែ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឱ្យ​បាន​ភ្ញៀវ»​។

បើ​ទោះ​បី​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​ក្ដី អ្នក​ឃ្លាំង​មើល​បញ្ហា​សង្គម​ ហាក់​គ្មាន​ជំនឿ​ចិត្ត​ថា​ នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ បាន​ច្រើន​​នោះ​ទេ​ ព្រោះ​ថា​បញ្ហា​ចម្បង​មិន​មែន​ដោយ​សារ​តែ កម្ពុជា​គ្មាន​ជើង​ហោះហើរ​​ដោយ​ផ្ទាល់​មក​ខេត្ត​សៀមរាប​ឡើយ ដោយឡែក​ គឺ​បញ្ហា​អ​ស្ថិរ​ភាព​នយោបាយ​ទៅ​វិញ​ទេ ដែល​ជា​បញ្ហា​ត្រូវ​ដោះស្រាយ​។

អ្នក​ធ្វើ​ការ​ផ្នែក​វិស័យ​ទេសចរ​នៅ​ខេត្ត​សៀមរាប​ប៉ាន់​ប្រមាណ​ថា បច្ចុប្បន្ន​កន្លែង​ផ្ដល់​សេវាកម្ម​ទេសចរ​ណ៍រាប់​រយ​កន្លែង​ក្នុង​ក្រុង​សៀមរាប បាន​បិទទ្វារ​ជា​បន្តបន្ទាប់​ រួម​មាន​ ផ្សារ​ទំនើប ផ្សារ​រាត្រី កន្លែង​លក់​វត្ថុ​អនុស្សាវរីយ សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ជា​ដើម។ លើស​ពី​នោះ ពួក​គាត់​ក៏​ត្អូញត្អែរ ​​ពី​ការ​យក​ពន្ធ​ថ្លៃ​ ខណៈ​ចំណូល​ពុំ​សូវ​បាន ដែល​ធ្វើ​ឱ្យ​ពួក​គាត់​បង្ខំ​ចិត្ត បិទ​អាជីវកម្ម​ទាំង​នោះ​​។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​ និង​ការ​សិក្សាស្រាវជ្រាវ លោក សេក សុជាតិ យល់​ឃើញ​ថា​ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើង​វិញ​ បើ​ទោះ​បី​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត​ បាន​ព្យាយាម​ទាក់ទាញ អ្នក​ជំនួញ​ នៅ​ក្រៅ​​​ប្រទេស​ជា​ហូរហែ​ក្ដី តែ​លទ្ធផល​ពុំ​ឃើញ​មាន​អ្វី​​វិវត្ត​នោះ​ឡើយ​។

បញ្ហា​នេះ ​លោក សេក សុជាតិ​ សង្កេត​ឃើញ​ថា​ ដោយ​សារ​តែ​កម្ពុជាពុំ​បាន​ធ្វើ​តាម​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ ដែល​ស្នើ​ឱ្យ​ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ និង គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។

លោក សេក សុជាតិ​៖ «អ៊ីចឹង​រដ្ឋាភិបាល គួរ​ពិចារណា​វិញ​ ថា​តើ​គួរតែ​បើក​លំហ​ ​ឱ្យ​មាន​សេរីភាព​ នៅ​ក្នុង​ប្រទេស​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ឱ្យ​បាន​កាន់​តែ​ច្រើន ឬ​គ្រាន់​តែ​ធ្វើ​ ដើម្បី​ឱ្យ​បាន​តែ​ផល​ប្រយោជន៍​ដល់​ក្រុម​តូច​ទាំង​ហ្នឹង​ ហើយ​សុខ​ចិត្ត​ធ្វើ​ឱ្យ​សង្គម​ជួប​វិបត្តិ​សេដ្ឋកិច្ច សណ្ដាប់ធ្នាប់​ គ្មាន​សន្តិសុខ។ អ៊ីចឹង​ វា​មាន​បញ្ហា​មួយ​ធ្ងន់ធ្ងរ​ណាស់ សម្រាប់​កម្ពុជា ដែល​ខ្ញុំ​គិត​ថា ឥរិយាបថ​របស់​កម្ពុជា​បច្ចុប្បន្ន​ គួរតែ​បន្ទន់​ ហើយ​ងាក​ទៅ​រក​អ្វី​ៗ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង»​។

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​ លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែតបាន​បង្កើត​ក្រុមប្រឹក្សាភិបាល​ សិក្សា​ពី​ទី​ផ្សារ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ ដើម្បី​បង្កើន​ការ​ទាក់ទាញ ប្រកួតប្រជែង រក​ដំណោះស្រាយ​បញ្ហា​វិស័យ​ទេសចរណ៍ ហើយ​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​​ឡើង​វិញ​។ ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​កម្ពុជា ​ដែល​មាន​ស្ថាប័នរដ្ឋ​ចំនួន​៨ ​និង​ផ្នែក​ឯកជន​ចំនួន​៧​ផ្សេង​ទៀតសហការ​គ្នា សិក្សា​ និង​ផ្សព្វផ្សាយ​ផលិត​ទេសចរណ៍។ ក៏​ប៉ុន្តែ​អ្នក​ធ្វើ​ការ​ផ្នែក​ទេសចរណ៍ និង​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ វិធានការ​នេះ មិន​អាច​ដោះស្រាយ​វិស័យ​ទេសចរណ៍​ឱ្យ​ចំ​ទិស​ដៅ​នោះ​ទេ។​

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គមមាន​​យោបល់​ថាភាព​អាប់អួ ​នៃ​ជម្លោះ​នយោបាយ ការ​គាប់​សង្កត់​សិទ្ធិ​សេរីភាព ការ​ចាប់ខ្លួន​សកម្ម​បរិស្ថាន ​សកម្ម​ជន​នយោបាយ​ដាក់​គុក​​ និង​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ ការ​រំលោភ​ដីធ្លី ដោយ​អ្នក​មាន​លុយ​មាន​អំណាច ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់ ធ្វើ​ឱ្យ​ប្រទេស​មាន​ភាព​រញ៉េរញ៉ៃ គឺ​ជា​កត្តា​សំខាន់​ ជំរុញ​ឱ្យ​​វិស័យ​ទេសចរណ៍​ពិបាក​នឹង​ងើប​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។