ក្រុម​អតីត​បាតុករ​អាវ​លឿង​ថៃ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ​លុបចោល​កិច្ចព្រមព្រៀង​រកស៊ី​ធនធាន​ប្រេង​រួមគ្នា​ជាមួយ​កម្ពុជា

ក្រុម​អតីត​បាតុករ​អាវ​លឿង​ថៃ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ​លុបចោល​កិច្ចព្រមព្រៀង​រកស៊ី​ធន​ធាន​ប្រេង​រួមគ្នា​ជាមួយ​កម្ពុជា។

សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយ​ថា ក្រុម​ដែល​ដឹកនាំ​ដោយ​អតីត​មេដឹកនាំ​ក្រុម​បាតុករ​ថៃ លោក សុន្ធិ លឹមថងគុល ( Sondhi Limthongkul) បាន​ជួបជុំគ្នា​នៅ​មជ្ឈមណ្ឌល​ទទួល​បណ្ដឹង​តវ៉ា​របស់​រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃទី​៨ ខែធ្នូ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ឆ្នាំ​២០០១ ជាមួយ​កម្ពុជា បើ​ពុំនោះសោត​រដ្ឋាភិបាល​នឹង​ប្រឈម​នឹង​បាតុកម្ម​តវ៉ា​រឿង​​​​នេះ​នៅពេល​ខាងមុខ​។ លោក សុន្ធិ លឹម​ថងគុល កាលពី​ឆ្នាំ​២០០៥ ធ្លាប់​ដឹកនាំ​បាតុកម្ម​របស់​ក្រុម​អតីត​បាតុករ​អាវ​លឿង​ថៃ ដើម្បី​ទម្លាក់​លោក ថាក់ស៊ីន ចេញ​​ពី​អំណាច។

ជាមួយ​គ្នា​នេះ​ក្រុម​នេះ​ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លើក​រឿង​នេះ​ទៅ​ឱ្យ​តុលាការ​ធម្មនុញ្ញ​ថៃ​កាត់សេចក្ដី​រឿង​នេះ​ដោយ​សំអាង​ថា ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​នេះ​រដ្ឋាភិបាល​ដឹកនាំ​ដោយ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ពុំបាន​ឆ្លងកាត់​រដ្ឋសភា​ទេ និង​ថា​ជា​កិច្ចព្រមព្រៀង​ដែល​ធ្វើ​ឱ្យ​ថៃ​បាត់បង់​ដែនទឹក​ឱ្យទៅ​កម្ពុជា។

ពួកគេ​ទុក​ពេល ១៥ ថ្ងៃ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​កូនស្រី លោក ថាក់ស៊ីន គឺ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paethongthan Shinawatra) ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ទាក់ទង​នឹង​រឿង​នេះ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ថៃ​ធ្លាប់​បាន​ព្រមាន​ហើយ​ថា នឹង​ធ្វើ​បាតុកម្ម​តវ៉ា​តាម​ដងផ្លូវ​នៅ​ដើមឆ្នាំ​២០២៥​ខាងមុខនេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុបចោល​កិច្ចព្រមព្រៀង​រកស៊ី​ប្រេង​ជាមួយ​កម្ពុជា​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។