"កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយចិន ជាការចាក់អង្ករ យកអង្កាម"
2020.07.31
អ្នកវិភាគសេដ្ឋកិច្ច និងកម្មកររោងចក្រ កាត់ដេរសំលៀកបំពាក់និយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាគ្រោងចុះហត្ថលេខាជាមួយប្រទេសចិនក្នុងខែសីហាខាងមុខនេះ ប្រៀបបីដូចជាការចាក់អង្ករដើម្បីយកអង្កាម។ ការលើកឡើងនេះដោយសារតែកម្ពុជាបានព្រងើយកន្តើយមិនដោះស្រាយវិបត្តិប្រព័ន្ធអនុគ្រោះពន្ធEBA តែបានទៅចាប់ដៃ និងរកស៊ីជាមួយចិនវិញ។ ទោះបីជាយ៉ាងណា មន្ត្រីរដ្ឋាភិបាលថា កម្ពុជាមានសិទ្ធិជ្រើសរើសប្រទេសណាមួយមកធ្វើជាដៃគូ អភិវឌ្ឍន៍សេដ្ឋកិច្ច មិនពឹងផ្អែកទៅលើតែសហគមន៍អឺរ៉ុប ទាំងស្រុងនោះទេ។
សហជីព កម្មករកាត់ដេរ និងអ្នកវិភាគលើកឡើងស្រដៀងគ្នាថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី មិនជឿជ្រើសរើសយកចិន និងបំភ្លេចសហគមន៍អឺរ៉ុបនោះទេ ពីព្រោះថា សេដ្ឋកិច្ចកម្ពុជា មិនអាច រំពឹងចិនតែមួយនោះទេ។
អនុប្រធាន សហព័ន្ធសហជីព សេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ាន់ សេងហាក់ បញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិននេះមិនសូវមានប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជាប៉ុន្មានទេ។ លោកបញ្ជាក់ថា បើកម្ពុជារក្សាប្រព័ន្ធអនុគ្រោះពន្ធEBA ជាមួយសហភាពអឺរ៉ុបល្អប្រសើរ ជាង ដោយសារសហភាពអឺរ៉ុបជាទីផ្សារនាំចេញធំទូលាយមិនដូចប្រទេសចិននោះទេ៖ «យើងឃើញហើយថា នៅប្រទេសចិនគឺច្រើនតែវត្ថុធាតុដើមទេ ហើយការដែលនាំទៅសហភាពអឺរ៉ុប គឺផលិតផលសម្រេច អ៊ីចឹងវាខុសគ្នា។ ប៉ុន្តែយើងឃើញថា ពីរហ្នឹងវាអាចបានដូចគ្នា មិនមែនបានច្រើនដូចនៅសហភាពអឺរ៉ុបទេ»។
ចំណែក អ្នកវិភាគសេដ្ឋកិច្ចលោក បណ្ឌិត សេង សារី មានប្រសាសន៍ថា បើសិនជារដ្ឋាភិបាលធ្វើនយោបាយបែបនេះបានន័យថា ជានយោបាយចាក់អង្ករ យកអង្កាម ។ លោកថា នៅពេលដែលរដ្ឋាភិបាលបោះអង្ករចោលហើយ មកចាប់យកអង្កាម គឺកូនប្រាកដជាទទួលទានអង្កាមជាអាហារ។
លោកបញ្ជាក់ថា ក្នុងនាមលោកជាអ្នកតាមដានលោក មិនហ៊ានលូកជ្រៅទៅក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលទេ។ ប៉ុន្តែសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ប្រជាពលរដ្ឋត្រូវតែសម្រេចឱ្យបានច្បាស់ថា តើគួរតែជ្រើសរើសយករដ្ឋាភិបាលចាក់អង្ករ មកយកអង្កាម ឬក៏យ៉ាងណា?៖ «ប្រសិនបើក្នុងករណីដែលប្រជាជនមើលឃើញថា ការបោះឆ្នោតគាំទ្ររដ្ឋាភិបាលបច្ចុប្បន្ន បើសិនជាគាត់បោះអង្ករ យកអង្កាម មានន័យថា ប្រជាជនក៏ត្រូវតែពិចារណាដែរថាតើ យើងគួរតែរើសតំណាងរបស់យើង ហ្នឹងជារដ្ឋាភិបាលដែលចាក់អង្ករ យកអង្កាម ឬក៏ចាក់អង្ករ យកអង្ករ។អាហ្នឹងអាស្រ័យទៅលើការសម្រេចចិត្តរបស់ប្រជាជន»។
ការលើកឡើងរបស់សហជីព និង អ្នកវិភាគដូចនេះ ដោយសារតែ ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង កាលពីថ្ងៃទី២៣ កក្កដា បញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសចិន គ្រោងនឹងចុះហត្ថលេខានៅមុនថ្ងៃ១២ សីហា គឺមុនពេលដែលសហភាពអឺរ៉ុបសម្រេចដកហូតការអនុគ្រោះពន្ធ EBA ចំនួន ២០% ពីកម្ពុជា។ រដ្ឋាភិបាលថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន នេះ គឺជាការបើកច្រកធំជាងគេសម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ក្នុងករណីដែលកម្ពុជាសម្រេចបាន។
ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសចិន កម្មកររោងចក្រកាត់ដេរ មែន អ៊ូ (MAN OU) មានទីតាំង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុលោក ពេជ្រ ពិសិដ្ឋ បញ្ជាក់ថា លោកចង់ឱ្យកម្ពុជាចរចាជាមួយសហភាពអឺរ៉ុបដើម្បីរក្សាទុក EBA សំខាន់ជាងការពន្លឿន ចុះហត្ថលេខាពាណិជ្ជកម្មសេរីជាមួយប្រទេសចិន។
លោកបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ធ្វើឱ្យកម្ពុជាខាតបង់ជាច្រើន ទាំងការនាំចេញសំលៀកបំពាក់ទៅក្រៅប្រទេស ហើយកម្មករបាត់បង់ការងារធ្វើដោយសារតែរោងចក្របិទទ្វារគ្មានអ្នកបញ្ជាទិញ៖ «កិច្ចព្រមព្រៀងហ្នឹង បើយើងគិតទៅកម្ពុជាចាញ់ប្រៀបចិនខ្លះដោយសារការនាំចេញរបស់យើងអត់បាននាំទៅប្រទេសចិនទេ តែជាក់ស្តែងគឺ យើងនាំទៅអឺរ៉ុប វាច្រើន»។
ចំណែកកម្មកររោងចក្រ ថុប សាំមីត (Top Summit ) មានទីតាំងនៅខណ្ឌកំបូល ក្រុងភ្នំពេញលោក ឈា វិនោ បញ្ជាក់ថា ក្រុមកម្មករភាគច្រើនលើសលប់ចង់ឱ្យរដ្ឋាភិបាលរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ដោយសារតែ មាន EBA រោងចក្រមិនបិទទ្វារ ហើយកម្មករមានការងារធ្វើច្រើន៖ «ខាងកម្មករកន្លងមកគាត់បានសួរនាំរឿងEBA ហ្នឹងដែរ ហើយយើងក៏ធ្លាប់បានបញ្ជាក់ដែរថា ប្រសិនបើបាត់បង់ EBA គឺកម្មករអាចប្រឈម នឹងអត់ការងារធ្វើ ហើយទំនិញដែលនាំចេញត្រូវបង់ពន្ធ ហើយទំនាក់ទំនងជាមួយខាងអឺរ៉ុប ត្រូវបានកាត់ផ្តាច់ខ្លះ។ ដល់អ៊ីចឹងខាងកម្មករគឺ គាត់ចង់បាន EBA ហ្នឹង»។
ទោះបីជាមានការលើកឡើងពីអ្នកវិភាគ និងក្រុមកម្មករឱ្យរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមន៍អឺរ៉ុប ក៏ដោយ ក៏មន្ត្រីរដ្ឋាភិបាលនៅតែអះអាងថា កម្ពុជាមានសិទ្ធិជ្រើសរើសប្រទេសណាមួយមកធ្វើជាដៃគូ អភិវឌ្ឍន៍សេដ្ឋកិច្ច មិនពឹងផ្អែកទៅលើតែសហគមន៍អឺរ៉ុប ទាំងស្រុងនោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជាមិនមែនរស់ពឹងផ្អែកទៅលើទីផ្សារតែមួយរបស់ពិភពលោកទេ បើទោះបីជាកម្ពុជាជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកក៏ដោយ ក៏កម្ពុជាត្រូវតែមានឧិកាសជាមួយប្រទេសដ៏ទៃ ។ លោកនិយាថា កម្ពុជាមិនត្រូវពឹងផ្នែកទៅលើវិស័យឧស្សាហកម្មកាត់ដេរតែមួយផ្នែកនោះទេ៖ «មិនមែនមានតែចិនទេ។យើងក៏ចាប់ផ្តើមនិយាយជាមួយកូរ៉េខាងត្បូង យើងនិយាយជាមួយប្រទេសជប៉ុន ប្រទេសដ៏ទៃទៀត។ទិសដៅរបស់យើង ជាគោលនយោបាយពង្រីកពាណិជ្ជកម្ម។ អ្វីដែលបំណងរបស់យើងហ្នឹង គឺចាប់ផ្តើមមិនមែនតែនៅក្នុងវិស័យ ឧស្សាហកម្មទេ។ ប៉ុន្តែយើងចាប់ផ្តើមពីមូលដ្ឋាននៃកសិឧស្សាហកម្ម»។
ពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំជាង ៧ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩។ កម្ពុជានាំទៅចិនបានត្រឹមតែជិត ៩រយលានដុល្លារប៉ុណ្ណោះ ប៉ុន្តែចិននាំមកកម្ពុជាវិញ មានជាង ៦ពាន់លានដុល្លារ។
ដោយឡែក ទំនិញដែលកម្ពុជានាំទៅចេញទៅសហភាពអឺរ៉ុបកាលពីឆ្នាំ២០១៧ វិញ គិតជាទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជារួចកាតព្វកិច្ចពន្ធជិត ៧រយលានដុល្លារអាមេរិក។ តួលេខនេះ បង្ហាញយ៉ាងច្បាស់ថា គ្រាន់តែទឹកប្រាក់ដែលកម្ពុជាចំណេញពីការមិនបង់ពន្ធតាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA គឺមានចំនួនសឹងតែស្មើនឹងទំហំទំនិញរបស់កម្ពុជានាំទៅប្រទេសចិន។ ទោះជាយ៉ាងណា កម្ពុជាកំពុងប្រឈមការបាត់បង់ការអនុគ្រោះពន្ធ EBA នេះ ចំនួន ២០% ដោយសារតែការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធប្រព្រឹត្តដោយរបបលោក ហ៊ុន សែន៕