កម្មករវិស័យកាត់ដេរស្នើសុំរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឲ្យដូចមន្ត្រីរាជការដែរ។ ការលើកឡើងនេះ ក្រោយពេលរដ្ឋាភិបាលបញ្ជាក់ថា ការឧបត្ថម្ភប្រាក់ ប្រាំម៉ឺន(៥០.០០០)រៀលឲ្យមន្ត្រីរាជការសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខជាការយកចិត្តទុកដាក់លើជីវភាពមន្ត្រីរាជការ។ អ្នកឃ្លាំមើលសិទ្ធិការងារ ជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ និងផ្ដល់ការឧបត្ថម្ភឲ្យកម្មករដូចគ្នានេះដែរ។
កម្មករកាត់ដេរមួយចំនួនត្អូញត្អែរថា ពួកគាត់កំពុងប្រឈមបញ្ហាខ្វះខាតលុយធ្វើដំណើរ និងជូនឪពុកម្ដាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ពួកគាត់សំណូមពរដល់រដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភដល់ពួកគាត់ខ្លះ ដើម្បីដោះស្រាយការលំបាកមួយគ្រានេះ។
កម្មការិនីម្នាក់ធ្វើការនៅរោងចក្រហៃសាន់ អេចប៊ី (HayThan HB) នៅខណ្ឌឫស្សីកែវ លោកស្រី ណាំ ឡេង យល់ថា រដ្ឋាភិបាល និងថៅកែគួរតែផ្ដល់ប្រាក់ឧបត្ថម្ភបន្តិចបន្តួចឲ្យកម្មករ ដូចមន្ត្រីរាជការដែរ ព្រោះវាអាចជួយកាត់បន្ថយការចំណាយថ្លៃធ្វើដំណើរ និងការហូបចុកតាមផ្លូវបានខ្លះ។ លោកស្រី បញ្ជាក់ថា រយៈពេល២ឆ្នាំចុងក្រោយនេះ ស្ថានភាពការងាររោងចក្រមិនសូវល្អទេ ដោយសារវិបត្តិជំងឺកូវីដ១៩(Covid-19) ដែលតម្រូវឲ្យកម្មករខ្លះត្រូវផ្អាកការងារមួយរយៈ និងការទទួលបានប្រាក់ឈ្នួលទាប តែទំនិញ និងសេវាកម្មឡើងថ្លៃ។ លោកស្រីបន្តថា កម្មករភាគច្រើនមិនសល់ប្រាក់សម្រាប់ចំណាយពេលបុណ្យទានទេ ព្រោះថា ប្រាក់ឈ្នួលរាល់ខែ គឺគ្រប់គ្រាន់តែទប់ទល់សម្រាប់ការហូបចុក បង់ថ្លៃបន្ទប់ជួល និងសងរំលស់បំណុលធនាគារប្រចាំខែប៉ុណ្ណោះ៖ «ចាស ! បាន៥០ . ០០០មក វាជួយសម្រួលបានសោហ៊ុយឡានទៅ។ កម្មករឲ្យតែបាន ប៉ុន្មានម៉ឺនក៏អរដែរ។ ឲ្យតែបានពីរដ្ឋាភិបាលអរណាស់គ្នា។ មិនមែនតែគ្នាទេ ខ្ញុំក៏អរដែរ កម្មករដែរ»។
ស្រដៀងគ្នានេះដែរ កម្មការិនីម្នាក់ទៀតធ្វើការនៅរោងចក្រម៉ាកាឡូត ហ្គាមិន(MAKALOT GARMENTS (CAMBODIA)CO.LTD) លោកស្រី ហ៊ឹម សុផល ឱ្យដឹងថា លោកស្រី និងកម្មកររោងចក្រផ្សេងទៀតនៅម្ដុំស្ទឹងមានជ័យ សុទ្ធតែបាត់បង់ប្រាក់ចំណូលមួយរយៈក្នុងពេលបិទខ្ទប់តំបន់ស្ទឹងមានជ័យ។ លោកស្រីចង់ឲ្យរដ្ឋាភិបាលដាក់ចេញគោលនយោបាយផ្ដល់ប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរឲ្យកម្មករដែរ ដើម្បីពួកគាត់មានសោហ៊ុយខ្លះធ្វើដំណើរទៅលេងស្រុកកំណើត៖ «តែបើថាអាលុយ៤០ដុល្លារ ឬ១៦ម៉ឺននោះខ្ញុំធ្លាប់បានមែន។ តែអារឿង ( លុយឧបត្ថម្ភ ) ហ្នឹងខ្ញុំអត់សូវដឹងច្បាស់អ៊ីចឹង។ ប៉ុន្តែដូចធ្លាប់ខាងរោងចក្រផ្សេងក្រែងលោមាន។ តែខ្ញុំមិនដែលបានសួររឿងហ្នឹង»។
កម្មករឱ្យដឹងថា ថៅកែរោងចក្រខ្លះនឹងឲ្យកម្មករខ្ចីប្រាក់ឈ្នួលពាក់កណ្ដាលមុន ដើម្បីយកទៅចាយវាយក្នុងពេលឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។ តែប្រាក់នេះ មិនមែនជាប្រាក់ឧបត្ថម្ភទេ គឺជាបំណុលសុទ្ធសាធ ដោយកម្មករត្រូវមកធ្វើការសងគេវិញ។
នៅឆ្នាំនេះ រដ្ឋាភិបាលបានអនុញ្ញាតឲ្យកម្មករឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ហើយរោងចក្រខ្លះ នឹងអនុញ្ញាតឲ្យកម្មករឈប់សម្រាក៥ ឬ៦ថ្ងៃ ប៉ុន្តែក្រុមហ៊ុននឹងកាត់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់កម្មករវិញ។ កាលពីឆ្នាំមុន រដ្ឋាភិបាលបានតម្រូវឲ្យកម្មករធ្វើការនៅចំថ្ងៃបុណ្យភ្ជុំបិណ្ឌទាំង៣ថ្ងៃ និងដាក់បម្រាមបិទផ្លូវ ដើម្បីទប់ស្កាត់កុំឲ្យកម្មករទៅលេងស្រុកកំណើត ព្រោះបារម្ភពីការឆ្លងរីករាលដាលជំងឺកូវីដ១៩។
នៅឆ្នាំនេះរដ្ឋាភិបាលមិនទាន់បានចេញបម្រាមនេះឡើងវិញទេ តែរដ្ឋាភិបាលបានដាក់ចេញបម្រាមបិទវត្តទាំងអស់រួចហើយ។ រដ្ឋាភិបាលបានសម្រេចផ្អាកប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩។
ចាប់តាំងពីឆ្នាំ២០១៦មក រដ្ឋាភិបាលតែងតែផ្ដល់ប្រាក់ឧបត្ថម្ភចំនួនប្រាំម៉ឺន(៥០.០០០)រៀលឲ្យមន្ត្រីរាជការទាំងអស់សម្រាប់ពិធីបុណ្យជាតិធំ២ គឺចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ។ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋាភិបាលក៏នឹងបន្តផ្ដល់ប្រាក់ឧបត្ថម្ភប្រាំម៉ឺនរៀលដដែលឲ្យទៅមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ សរុបទាំងអស់ប្រមាណប្រាំសែន(៥០ម៉ឺន) នាក់ ដែលនឹងត្រូវចំណាយថវិកាជាតិសរុបខ្ទង់ប្រាំបី(៨)លានដុល្លារ។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ហេង សួរ អ្នកនាំពាក្យក្រសួងមុខងារសាធារណៈលោក យក់ ប៊ុនណា និងអ្នកពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី២៤ កញ្ញា។ តែយ៉ាងណាលោក យក់ ប៊ុនណា ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ទោះជាស្ថានភាពកូវីដ១៩ ធ្វើឱ្យរដ្ឋាភិបាលប្រឈមនឹងបញ្ហាជាច្រើន ក៏ដោយ ក៏រដ្ឋាភិបាលនៅតែគិតគូរទៅដល់ជីវភាពមន្ត្រីរាជការដែរ។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ជំរុញឲ្យរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភឲ្យកម្មករដែរ ដើម្បីជួយសម្រួលបន្ទុករបស់ពួកគាត់ និងអាចទទួលបានការគាំទ្រពីកម្មករជាដើម។ លោកជឿថា រដ្ឋាភិបាលមានលទ្ធភាពផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ៖ «បើមានការជាលើកឡើង ជាការល្អដែរ ព្រោះវាបានអត្ថប្រយោជន៍ទៅខាងកម្មករដែរ ព្រោះមួយរយៈហ្នឹងវាមានកូវីដដែរ។ អ៊ីចឹងបើសិនជាគោលនយោបាយរបស់រដ្ឋាភិបាលមាន វាជាការល្អ»។
ក្រៅពីកម្មករវិស័យកាត់ដេរ កម្មករវិស័យដទៃទៀត ដូចជាដឹកជញ្ជូន និងកាស៊ីណូ ជាដើម ក៏លើកឡើងពីការលំបាកស្រដៀងគ្នានេះដែរ។ កម្មករក្នុងវិស័យទាំងនេះអះអាងថា ពួកគាត់ធ្វើការបានប្រាក់ឈ្នួលទាប និងខ្លះទៀតបាត់បង់ការងារធ្វើ ដូច្នេះពួកគាត់ស្នើសុំរដ្ឋាភិបាលឱ្យផ្ដល់ប្រាក់ឧបត្ថម្ភដល់ពួកគាត់ដែរ ដើម្បីដោះស្រាយការលំបាកនេះ។
ប្រធានសហជីពកម្មករកាស៊ីណូហាទៀង (Hatien) នៅខេត្តកំពត លោក សែម វុទ្ធី អះអាងថា កម្មករកាស៊ីណូបាត់បង់ការងារច្រើនខែហើយដោយមិនទាន់ទទួលបានការឧបត្ថម្ភពីរដ្ឋនោះទេ។ លោកស្នើសុំឲ្យរដ្ឋាភិបាលគិតគូរដល់ជីវភាព និងបញ្ហារបស់ពួកលោក ឱ្យដូចគិតគូរដល់មន្ត្រីរាជការ និងកម្មករវិស័យដទៃទៀតដែរ៖ «កម្មករកាស៊ីណូ តាមដែលគេគិតណាថាគាត់ប្រាក់ខែច្រើនណា។ ប៉ុន្តែក្នុងវិស័យទេសចរណ៍គឺគ្មានប្រាក់ឈ្នួលគោលអប្បបរមាទេ។ មិនដូចខាងវិស័យកាត់ដេរទេ គេមានអប្បបរមា ហើយឥឡូវដល់១៩២ដុល្លារ ហើយឆ្នាំក្រោយគេគម្រោង២០០ជាងទៀត។ តែបើពួកខ្ញុំ អ្នកណាចូលមក១៥០ដុល្លារ នៅតែ១៥០ហ្នឹងទៅ។ ៣ខែក្រោយ១៨០ដុល្លារ នៅតែ១៨០ហ្នឹងទៅ ហើយ៣ឆ្នាំក្រោយក៏នៅតែ១៨០ដែរ ហើយបើសិនជាបាន ( លុយឧបត្ថម្ភ ) វាវិសេសវិសាលណាស់។ សូមអរគុណមែនទែន»។
ចាប់តាំងពីក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសកាលឆ្នាំ២០១៨មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លែងចុះជួបយកចិត្តកម្មករដូចនៅមុនការបោះឆ្នោតទៀតហើយ។ ជាងនេះទៅទៀត ក្រសួងការងារបានសម្រេចកាត់បន្ថយអត្ថប្រយោជន៍កម្មករជាបន្តបន្ទាប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដូចជា ការលុបចោលថ្ងៃឈប់សម្រាកប្រចាំឆ្នាំចំនួន ៦ថ្ងៃ ចេញពីប្រតិទិនឈប់ប្រចាំឆ្នាំ ការលុបចោលថ្ងៃឈប់សងចំថ្ងៃអាទិត្យ ការបន្ថយប្រាក់ឈ្នួលកម្មករធ្វើការវេនយប់ឱ្យស្មើនឹងវេនថ្ងៃ ការអនុញ្ញាតឱ្យម្ចាស់រោងចក្រពន្យារពេលបើកប្រាក់បំណាច់អតីតភាពការងារ អនុញ្ញាតឱ្យថៅកែមិនបាច់ទូទាត់ប្រាក់សំណងជំងឺចិត្ត និងប្រាក់ជូនដំណឹងជាមុននៅពេលបិទរោងចក្រ ព្រមទាំងការពន្យារពេលបើកប្រាក់ឈ្នួលឱ្យកម្មករក្រោមលេសជំងឺកូវីដ-១៩ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។