កសិករ​និង​​សង្គម​​ស៊ីវិល​​​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​​ពន្លឿន​​ការ​​​រក​​ទីផ្សារ​​នាំ​​ចេញ​​ផ្លែ​មៀន​និង​​ផ្លែ​តាង៉ែន​ឲ្យ​បាន​​លឿន​​

ដោយ ជី វិតា
2021.08.23
កសិករ​និង​​សង្គម​​ស៊ីវិល​​​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​​ពន្លឿន​​ការ​​​រក​​ទីផ្សារ​​នាំ​​ចេញ​​ផ្លែ​មៀន​និង​​ផ្លែ​តាង៉ែន​ឲ្យ​បាន​​លឿន​​ ប្រធាន​អង្គរក្ស​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ទិញ​ផ្លែមៀន និង​តាង៉ែន ពី​កសិករ​កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។
Photo provided

កសិករ​​មួយ​ចំនួនត្រូវ​បង្ខំ​ចិត្ត​បេះ​ផ្លែ​មៀន និង​ផ្លែ​តាង៉ែន​​​លក់ ឲ្យ​អាជ្ញាធរ​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​បន្តិច ដើម្បី​​បាន​​​​​ថ្លៃ​ដើម​​​ខ្លះ​មក​វិញ​​ ​ជាជាង​​ទុក​​ឲ្យ​ជ្រុះ​ស្អុយ​ពេញ​​ចម្ការ​។

កសិករ​ដាំ​មៀន និង​តាង៉ែន​ ​​​នៅ​ស្រុក​រតនៈ​មណ្ឌល ខេត្ត​បាត់ដំបងលោក ធន់ សំអុល ​​ឲ្យ​ដឹង​ថា ​​កសិករ​ភាគច្រើន​​​​នាំ​គ្នា​បេះ​មៀន និង​តាង៉ែន​ ​​ដឹក​យក​ទៅ​លក់​​នៅ​​ក្នុង​​កីឡាដ្ឋាន​​​​ខេត្ត​​ដោយ​ខ្លួន​ឯង ​ព្រោះ​អាជ្ញាធរ​មិន​ចង់​ទិញ​បន្ត​ពី​ឈ្មួញ​កណ្ដាល​ទេ។

លោក​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​​ទិញ​​ផ្លែ​មៀន ​១​គីឡូក្រាម​តម្លៃ​​​​ជាង​​ពីរ​ពាន់ ​(២.៥០០) ​រៀល ឯ​ផ្លែ​តាង៉ែន តម្លៃ​ជាង​មួយ​ពាន់​ (១.៥០០)​ រៀល។ លោក​ថា​​ ថ្វី​ត្បិត​តែ​តម្លៃ​នេះ ទាប​ជាង​​តម្លៃ​ទីផ្សារ​រាល់​ឆ្នាំ​បន្តិច​ ក៏​គ្រាន់​បើ​ជាង​​​តម្លៃ​ នៅ​ពេល​គ្មាន​ទី​ផ្សារ។ ​មុន​ពេល​អាជ្ញាធរ​ប្រកាស​ទិញ​​នោះ​ ឈ្មួញ​កណ្ដាល​​បាន​ឲ្យ​តម្លៃ​មៀន ក្នុង​មួយ​គីឡូ​ក្រាម​ក្រោម​ពីរ​ពាន់ ​​(២.០០០) ​រៀល ឯ​​ផ្លែ​តាង៉ែន​ក្រោម​មួយ​ពាន់ ​(១.០០០) ​រៀល​​៖ «ខាង​រដ្ឋាភិបាល​ គាត់​ថា ​បើ​ឈ្មួញ​កណ្ដាល​ គាត់​អត់​ចង់​ទិញ។ រាល់​ឆ្នាំ​ (លក់)​ទៅ​ថៃ​​ ព្រោះ​វា​ច្រើន​ពេក រាប់​រយ​រាប់​ពាន់​តោន​ ក្នុង​ស្រុក​ហូប​អត់​អស់​។ វា​មាន​លក់​ទៅ​កន្លែង​ផ្សេង​​ខ្លះៗ​ដែរ តែ​វា​ជាន់​គ្នា​នៅ​ភ្នំពេញ​ ហើយ​ពី​មុនៗ​ប្រជាជន​គេ​ទិញ​ច្រើន គេ​ហ៊ាន​ចេញ​មក​ទិញ​។ ដល់​សម័យ​កូវីដ​គេ​មិន​សូវ​ហ៊ាន​ចេញ​មក​ទិញ ថោក ខ្លះ​សល់​ចាក់​ចោល​»។

ចំណែក​កសិករ​ដាំ​មៀន នៅ​ស្រុក​រតនៈ​មណ្ឌល​ម្នាក់​ទៀត គឺលោក ភុយ ញឿម ក៏​ស្វាគមន៍​យន្តការ​​ដោះ​ទាល់​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ទិញ​ផ្លែ​មៀន និង​តាង៉ែន​​ពី​កសិករ​ផ្ទាល់​​​ដែរ។ ប៉ុន្តែ​លោក​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​នេះ​បន្តិច​​ទៀត​ ទើប​​កសិករ​មាន​លទ្ធភាព​អាច​សង​ថ្លៃ​បំណុល​ធនាគារ​រួច​ដើម​៖ «ឃើញ​គេ​ប្រមូល​​ទិញ​​ដែរ តែ​ខ្ញុំ​មិន​បាន​លក់​ឲ្យ​គេ។ ខ្ញុំ​អត់​ដែរ​បង ដោយសារ​តែ​ខ្ញុំ​លក់​អស់។ គេ​កំពុង​ប្រមូល​ទិញ ខាង​ឃុំ​ខាង​អ្វី​គេ​ប្រមូល​ទិញ​​យក​ទៅ​ដែរ ហើយ​គេ​ប្រកាស​ឲ្យ​គេ​ទៅ​លក់​ផ្ទាល់​ក៏​បាន​ដែរ។ ចង់​និយាយ​ថា ​ខាង​ឃុំ​ហ្នឹង​គាត់​ចង់​ជួញ​ដែរ​ហ្នឹង​ណា គាត់​ទិញ​ទៅ គាត់​យក​ទៅ​លក់​ត​អ៊ីចឹង​ណា»។

កាល​ពី​​ពាក់​កណ្ដាល​ខែ​សីហា ​​ផ្លែ​មៀន និង​ផ្លែ​តាង៉ែន បាន​ធ្លាក់​​ថ្លៃ​​ខ្លាំង ​​និង​​ត្រូវ​​​​ស្អុយ​រលួយ​ចោល​ ដោយសារ​ថៃ​​ផ្អាក​ទទួល​ទិញ​​។ ក្រោយ​ពី​កសិករ និង​ឈ្មួញ​កណ្ដាល​នាំ​គ្នា​តវ៉ា នៅ​ក្បែរ​ព្រំដែន​ច្រើន​ថ្ងៃ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អង្គរក្ស​របស់​លោក ​ទៅ​ប្រមូល​ទិញ​​ផ្លែ​មៀន និង​​ផ្លែ​តាង៉ែន ​ពី​កសិករ​ ដើម្បី​ចែក​ជូន​​​មន្ត្រី​រាជ​ការ និង​ពលរដ្ឋ​​កំពុង​ធ្វើ​ចត្តាឡីស័ក​ ដោយ​ឥត​គិត​ថ្លៃ។

​លោក ហ៊ុន សែន អះអាង​ថា នេះ​​​​​គឺជា​វិធី​ដោះ​ទាល់​ក្នុង​ស្ថានភាព​​កសិករ​កំពុង​ខាត​បង់​ធ្ងន់ធ្ងរ​ ហើយ​លោក​បញ្ជា​ឲ្យ​អាជ្ញាធរ​​ទិញ​​​ផ្លែ​មៀន និង​ផ្លែ​តាង៉ែន ពី​កសិករ​​ក្រីក្រ​ដោយ​ផ្ទាល់។ ឯ​ចំណែកឈ្មួញ​​ មន្ត្រី​​​ ដែល​មាន​ចម្ការ​មៀន​ធំៗ លោក​បញ្ជា​ឲ្យ​​រក​ទីផ្សារ​​ដោយ​ខ្លួន​ឯង។

​កសិករ​ឲ្យ​ដឹង​ថា​ ​​​​​​​​​អ្នក​ជំនួញ​ធំៗ មាន​ងារ​ជា​ឧកញ៉ា មេ​ទាហាន និង​មន្ត្រី​ធំៗ​ក្នុង​របបលោក ហ៊ុន សែន ពិត​ជា​មាន​ចម្ការ​មៀន និង​​ចម្ការ​តាង៉ែន​ច្រើន​មែន​​នៅ​ខេត្ត​បាត់​ដំបង និង​ខេត្ត​ប៉ៃលិន។ ​បច្ចុប្បន្ន ​ការ​ប្រមូល​ផល​មៀន និង​តាង៉ែន​ ភាគច្រើន គឺ​ជា​របស់​កសិករ​ ដែល​ដាំ​ដុះ​លើ​ផ្ទៃ​ដី​ក្រោម​២០​ហិកតារ។

ជុំវិញ​​ការ​ទិញ​​ផ្លែ​មៀន និង​តាង៉ែន​នេះ វិទ្យុ​អាស៊ី​សេរីមិន​អាច​សុំ​ការ​បញ្ជាក់​ពី​​នាយក​រង​ខុទ្ទកាល័យ និង​ជា​ប្រធាន​អង្គរក្ស​​​របស់​លោក ហ៊ុន សែន គឺ​ លោក ហ៊ីង ប៊ុនហៀង និង​​អគ្គ​នាយក​​​​កសិកម្មលោក ងិន ឆាយ បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែសីហា។ តែ​យ៉ាង​ណា លោក ងិន ឆាយ ប្រាប់​​សារព័ត៌មាន​ក្នុង​ស្រុក ​(RFI) ​ថា ​ការ​​មិន​​អាច​នាំ​ចេញ​​ផ្លែ​មៀន​ស្រស់​ទៅ​​ប្រទេស​ចិន​ និង​ថៃ ​បាន ​គឺដោយសារ​​​កម្ពុជា​​មិន​ទាន់​មាន​រោងចក្រ​​វិច​ខ្ចប់ និង​​​ប្រព័ន្ធ​សម្លាប់​​​មេរោគ​នៅ​លើ​ផ្លែ​មៀន​។​​​

បន្ថែម​ពី​នេះ​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា​ បាន​​​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន សហគមន៍​កសិកម្ម និង​​​ស្ថាប័ន​ពាក់ព័ន្ធ​​ចូលរួម​ជួយ​​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ផ្លែមៀន​ស្រស់​ទៅ​កាន់​ទី​ផ្សារ​បរទេស​ ​តាម​រយៈ​ការ​​វិនិយោគ​​​សាង​សង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ រួម​មាន​ការ​លាង​សម្អាត​ ការ​រម្ងាប់​សមាសភាព​ចង្រៃ និង​ការ​វិច​ខ្ចប់​ ដើម្បី​​សម្រប​តាម​លក្ខខណ្ឌ​តម្រូវ​​ការ​​អនាម័យ​ដែល​​ឯកភាព​​ជាមួយ​ប្រទេស​ចិន និង​​ថៃ។

សង្គម​ស៊ីវិល​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​​បន្ថែម​កញ្ចប់​ថវិកា​ជួយ​ដល់​វិស័យ​កសិកម្ម បើ​ពុំ​ដូច្នេះ​ទេ​ ផល​លំបាក​​នៃ​វិបត្តិ​គ្មាន​ទីផ្សារ​នឹង​​នៅ​តែ​​​បន្ត​ធ្លាក់​​លើ​កសិករ​បន្ត​ទៀត។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជាលោក ថេង សាវឿន យល់​ថា​ រដ្ឋាភិបាល​អាច​​​ត្រូវ​​ការ​​ពេល​វេលា​យូរ​ទៀត ​ទើប​អាច​នាំ​ផ្លែ​មៀន​ស្រស់​ទៅ​ក្រៅ​ប្រទេស​បាន​។ លោក សង្កេត​ឃើញ​ថា ​ផ្លែ​​មៀន និង​​​ផ្លែ​តាង៉ែន ​​មាន​តម្រូវ​ការ​ច្រើន​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក។ អ្នក​ជំនាញ​កសិកម្ម​រូប​នេះ ​​​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​រៀបចំ​​យន្តការ​​​​ផ្គត់​ផ្គង់​​​​នៅ​ទីផ្សារ​​ក្នុង​ស្រុក​​បាន​ល្អ នោះ​មៀន និង​តាង៉ែន នឹង​មិន​ជួប​វិបត្តិ​ទី​ផ្សារ​​ដូច​បច្ចុប្បន្ន​ទេ៖ «បើ​ចង់​ជួយ​កសិករ​ឲ្យ​បាន​យូរ​អង្វែង​​រដ្ឋ​ត្រូវ​​មាន​ប្រព័ន្ធ​ទម្លាក់​ថវិកា​បន្ថែម​ទៀត​ វិនិយោគ​លើ​វិស័យ​កសិកម្ម ធ្វើ​យ៉ាង​ម្ដេច​ត្រូវ​​ជួយ​ទិញ​​​ផលិតផល​​របស់​​កសិករ​តាម​រយៈ​ការ​បង្កើន​ថវិកា​ជាតិ​លើ​វិស័យ​កសិកម្ម​ ព្រោះ​ថា​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ និង​រដ្ឋ​ប្រកាស​ថា​ ក្នុង​មួយ​ខែៗ​ប្រមូល​បាន​ពន្ធ​រាប់​ពាន់​លាន​ដុល្លារ ចំណូល​ជាតិ។ អ៊ីចឹង​អាច​ដក​លុយ​ហ្នឹង​ប្រមូល​ទិញ​ទិន្នផល​ពី​កសិករ​ហើយ​អាច​​ចែកចាយ​​ទៅ​ក្នុង​ស្រុក​»។

របាយការណ៍​​របស់​ក្រសួង​កសិកម្ម បង្ហាញ​ថា ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន មាន​ផ្ទៃ​ដី​ដាំ​​​​មៀន និង​​តាង៉ែន ​ធំ​ជាង​គេ​​​លើ​ផ្ទៃ​ដី​សរុប​មាន​ជាង​មួយ​ម៉ឺន​(១៤.៤០៧)​ ហិកតារ និង​​​ទិន្នផល​កាល​ពី​ឆ្នាំ​២០២០​ ​​​​ជាង​​មួយ​សែន​ប្រាំ​ម៉ឺន​ (​១៥៩.៨៣៣) ​តោន តែ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​តែ​ជិត​ពីរ​រយ ​(១៧៤)​ តោន ប៉ុណ្ណោះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។