ស្របពេលដែលវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩ កំពុងតែអូសបន្លាយ ហើយរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់តំបន់ទៅតាមករណីជាក់ស្តែង វិបត្តិនេះកំពុងតែអូសទាញពលរដ្ឋខ្មែរជាច្រើននាក់ឲ្យធ្លាក់ខ្លួនក្រកាន់តែខ្លាំងបន្ថែមទៀត។ គ្រាន់តែក្នុងអំឡុងពេលបិទខ្ទប់រយៈពេលជិត ១ ខែកន្លងទៅនេះ ពលរដ្ឋមិនតិចនាក់ទេ បាននាំគ្នាស្រែកដង្ហោយរកជំនួយពីរដ្ឋាភិបាល និងសប្បុរសជន។ អ្នកខ្លះបានដាច់ចិត្តមិនខ្លាចឆ្លងជំងឺកូវីដ ជម្នះបម្រាមរដ្ឋាភិបាល នាំគ្នាចេញតវ៉ាព្រោះដាច់ស្បៀងបណ្តើរៗ ព្រោះពួកគេរស់នៅមួយថ្ងៃសម្រាប់តែមួយថ្ងៃ ហើយអស់អង្ករច្រកឆ្នាំង។
ធនាគារពិភពលោក បានរកឃើញថា ក្នុងរយៈពេល ៦ ខែចុងក្រោយ គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែមករា ឆ្នាំ២០២១ ពោលគឺនៅមុនពេលមានវិបត្តិផ្ទុះខ្លាំងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកទីបី ពលរដ្ឋយ៉ាងហោចណាស់ ១សែន ៥ម៉ឺនគ្រួសារ (១៥០.០០០ គ្រួសារ) ឬស្មើនឹងជាងកន្លះលាននាក់ បានធ្លាក់ខ្លួនក្លាយជាអ្នកក្រ ដោយសារតែវិបត្តិជំងឺកូវីដ១៩នេះ។

អគ្គនាយកផែនការនៃក្រសួងផែនការលោក ថេង បញ្ញាធន ទទួលស្គាល់តួលេខពលរដ្ឋធ្លាក់ខ្លួនក្លាយជាអ្នកក្រថ្មីនេះ ខណៈចំនួនពលរដ្ឋក្រីក្រស្រាប់នៅមុនវិបត្តិជំងឺកូវីដ១៩ មានប្រមាណជាង ៥០ ម៉ឺនគ្រួសារ ស្មើនឹងប្រមាណជាង ២ លាននាក់រួចទៅហើយ៖ « យើងបានកំណត់គ្រួសារក្រីក្រ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ មកទល់នឹងខែមេសា ឆ្នាំ២០២១ នេះ គឺកន្លែងនេះ យើងត្រូវបែងចែកជាពីរ។ ទីមួយ គឺចំនួនគ្រួសារក្រីក្រដែលក្រមុនកាលពេលកូវីដ ហើយនឹងគ្រួសារក្រីក្រដែលយើងកំណត់ក្រោយពេលដែលរងនូវផលប៉ះពាល់ដោយសារថាកូវីដ១៩នេះ។ សូមជម្រាបជូនថា សម្រាប់គ្រួសារក្រីក្រដែលមុនកូវីដ គឺមានជាង ៥០ ម៉ឺនគ្រួសារហើយ បើគិតពីចំនួនប្រជាជនគឺប្រហែលជាខ្ទង់រង្វង់ ២ លាននាក់រួចទៅហើយ។ ហើយដល់ពេលរងផលប៉ះពាល់ដោយសារតែការរីករាលដាលនៃជំងឺកូវីដនេះ គឺគ្រួសារនេះកើនទៅដល់ប្រហែលជាខ្ទង់ ៧១ ម៉ឺន ស្មើនឹងចំនួនប្រជាជនរង្វង់ ២លាន៨សែននាក់។ អញ្ចឹង បើយើងយកតួលេខនេះ មកធ្វើការគណនា យើងដកពីចំនួនគ្រួសារដែលមុនពេលកូវីដនោះ គឺជាង ៥០ ម៉ឺនចេញ ដូច្នេះ គឺវានៅជាងរង្វង់ ១០ម៉ឺនគ្រួសារដែលកើនឡើងក្រោយពេលកូវីដ។ បើគិតជាចំនួនប្រជាជនគឺវាប្រហាក់ប្រហែលទៅនឹងរបាយការណ៍ដែលធនាគារពិភពលោក បានចេញជារបាយការណ៍ »។
លោក ថេង បញ្ញាធន បញ្ជាក់ប្រាប់ អាស៊ីសេរី បន្ថែមកាលពីពេលថ្មីៗនេះថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងផែនការ និងភាគីពាក់ព័ន្ធ បានសិក្សាចប់សព្វគ្រប់ហើយ ដើម្បីធ្វើបច្ចុប្បន្នភាពនៃចំនួនតួលេខអត្រាភាពក្រីក្រ ឬពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រនៅកម្ពុជានេះ។ លោកថា រដ្ឋាភិបាលនឹងបញ្ចេញអត្រាភាពក្រីក្រថ្មីនេះ នាពេលឆាប់ៗនៅពេលដែលវិបត្តិជំងឺកូវីដ១៩ ចុះថមថយ៖ « ជាក់ស្តែង គឺការងារនេះ គឺអ្នកបច្ចេកទេសគឺបានធ្វើចប់សព្វគ្រប់ហើយ។ យើងបានដាក់ជូនទៅថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេចហើយ។ គ្រាន់តែថា ក្នុងដំណាក់កាលនេះ គឺយើងដឹងហើយថាប្រទេសកំពុងតែគិតគូរខ្លាំង ដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខនោះ គឺរឿងបញ្ហាកូវីដ និងបញ្ហាជីវភាពប្រជាជន ជាពិសេសគឺក្នុងអំឡុងពេលបិទខ្ទប់អីទាំងអស់ហ្នុង។ អ៊ីចឹង ការងារនោះ គឺអាចថា ក្នុងពេលឆាប់ៗនេះហើយ នៅពេលដែលស្ថានភាពកូវីដស្រាក គឺការងារបច្ចេកទេសអីទាំងអស់នោះ នឹងត្រូវបានពិនិត្យ និងសម្រេច។ គ្រាន់តែដឹងថា ក្នុងពេលឆាប់ៗនេះ គឺយើងនឹងមានអត្រាភាពក្រីក្រថ្មីសម្រាប់កម្ពុជាយើង »។

ជុំវិញបញ្ហាអត្រាភាពក្រីក្រនេះ កន្លងទៅ នៅមុនពេលផ្ទុះខ្លាំងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានវាយតម្លៃលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមដោយសារវិបត្តិជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០២០ ថា អត្រាពលរដ្ឋកម្ពុជារស់នៅក្រោមបន្ទាត់ភាពក្រីក្រ ឬចំណាយតិចជាង ២ ដុល្លារក្នុងមួយថ្ងៃ អាចនឹងកើនឡើងរហូតដល់ជាង ១៧% ឬស្មើនឹងពលរដ្ឋប្រមាណជិត ៣ លាននាក់។ រីឯ ធនាគារពិភពលោក នៅតែវាយតម្លៃដែរថា ពលរដ្ឋជាង ៤លាន ៥សែន នាក់ នៅតែងាយប្រឈមនឹងធ្លាក់ខ្លួនក្រីក្រវិញក្នុងពេលឆាប់ៗនៅពេលណាដែលមានបញ្ហាផ្នែកសេដ្ឋកិច្ច ឬកត្តាខាងក្រៅដទៃទៀត។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI-Cambodia) លោក ប៉ិច ពិសី មានប្រសាសន៍ថា រដ្ឋាភិបាលនៅមិនទាន់កំណត់និយមន័យជាក់លាក់អំពីភាពក្រីក្រនេះនៅឡើយទេ ថាតើត្រូវកំណត់យកអ្នកដែលចំណាយតិចជាង ២ដុល្លារក្នុងមួយថ្ងៃ ឬ តិចជាង ៥ដុល្លារក្នុងមួយថ្ងៃ ឬយ៉ាងនោះទេ ព្រោះបញ្ហានេះជាបញ្ហារស៊ើប។ លោកពន្យល់ថា រដ្ឋាភិបាលតែងតែចង់បង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា ធ្លាក់ចុះ និងមានកម្រិតទាប។ លោកបារម្ភអត្រាពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រ អាចនឹងកើនឡើងដោយសារតែព្រឹត្តិការណ៍ផ្ទុះរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកទីបី កំពុងប៉ះពាល់ដល់វិស័យសំខាន់ៗដែលទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេស ប៉ះពាល់ដល់ពលរដ្ឋដែលបម្រើការងារក្នុងវិស័យទេសចរណ៍ កំសាន្ត វិស័យសំណង់ និងអចលនទ្រព្យ ព្រមទាំងវិស័យនាំចេញជាដើម៖ « អញ្ចឹង ខ្ញុំគិតថា ភាពក្រីក្រនឹងអាចកើនឡើង។ កើនឡើងនៅក្នុងកម្រិតណា គឺយើងត្រូវសិក្សាឲ្យបានច្បាស់លាស់។ យើងក៏បានដឹងដែរថា ប្រជាពលរដ្ឋយើងដែលទើបតែនឹងងើបពីភាពក្រីក្រនៅក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយ គឺគាត់ទើបតែរឹងដៃរឹងជើងតិចតួចទេ។ គាត់មិនទាន់មានលទ្ធភាពរឹងម៉ាំទេ ដោយសារគាត់ទើបចាប់ផ្តើមងើបទៅ ហើយកូនគាត់ចាប់ផ្តើមមានការងារ ធំឡើងទៅ គឺគាត់អាចចាប់ផ្តើមជួយគ្រួសារអីបាន។ អញ្ចឹង គឺគាត់ទើបតែងើបទេ។ ដល់ពេលឥឡូវ យើងមានបញ្ហាកូវីដ គឺផលប៉ះពាល់អវិជ្ជមាន អាចទាញគាត់ត្រលប់ទៅរកភាពក្រីក្រវិញ ហើយប្រជាពលរដ្ឋដែលយើងឃើញក្នុងទិន្នន័យហ្នុង គឺមានចំនួនច្រើន គឺរហូតដល់ទៅ ៤ , ៥ លាននាក់ ដែលរស់នៅកៀកនឹងបន្ទាត់ភាពក្រីក្រ។ យើងបារម្ភថា បញ្ហាហ្នុងអាចធ្វើឲ្យគាត់វិលមកក្រវិញ »។
លោក ប៉ិច ពិសី ពន្យល់ថា រដ្ឋាភិបាលត្រូវតែដឹងអំពីចំនួនពិតប្រាកដនៃពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រ និងបញ្ចេញតួលេខនេះប្រកបដោយតម្លាភាព ដើម្បីរិះរកយុទ្ធសាស្ត្រឆ្លើយតបនឹងភាពក្រីក្រនេះ។

កន្លងទៅ កាលពីចុងឆ្នាំ២០១៨ ការកំណត់និយមន័យអំពីភាពក្រីក្រ និងអត្រាភាពក្រីក្រនៅកម្ពុជា បានក្លាយជាសង្គ្រាមពាក្យសម្តីរវាងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា UNDP និងក្រសួងផែនការ។ កាលណោះ អង្គការអន្តរជាតិនេះ បានពិនិត្យមើលពីភាពក្រីក្ររបស់ពលរដ្ឋកម្ពុជាតាមបែបស៊ីជម្រៅ លើសពីកម្រិតប្រាក់ចំណូលតិចជាង ១,៩ ដុល្លារក្នុងមួយថ្ងៃ ដោយរាប់បញ្ចូលទាំងបញ្ហាប្រឈមផ្សេងៗទៀត ដូចជាពលរដ្ឋដែលត្រូវគេបោះបង់ចោលក្នុងវិស័យសុខាភិបាល អប់រំ និងស្តង់ដារនៃការរស់នៅ ជាពិសេសគឺកង្វះទឹកស្អាត អនាម័យ កង្វះអាហារូបត្ថម្ភ និងការអប់រំកម្រិតមូលដ្ឋានជាដើម។ ដោយគិតពីបញ្ហាអស់ទាំងនេះ អង្គការ UNDP នាពេលនោះ បានរកឃើញថា អត្រាភាពក្រីក្រនៅកម្ពុជា មានរហូតដល់ ៣៥%។ ក៏ប៉ុន្តែ តួលេខនេះ ក្រោយមកត្រូវរដ្ឋាភិបាល និងអង្គការនេះ សម្រេចកែសម្រួល និងឯកភាពគ្នាមកត្រឹម ១៣,៥% វិញ។ លុះមកត្រឹមចុងឆ្នាំ២០២០អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានវាយតម្លៃម្តងទៀតលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមដោយសារវិបត្តិជំងឺកូវីដ១៩ ថា អត្រាពលរដ្ឋកម្ពុជារស់នៅក្រោមបន្ទាត់ភាពក្រីក្រ ឬចំណាយតិចជាង ២ ដុល្លារក្នុងមួយថ្ងៃ អាចនឹងកើនឡើងរហូតដល់ជាង ១៧% ឬស្មើនឹងពលរដ្ឋប្រមាណជិត ៣លាននាក់។ តួលេខនេះ ស្រដៀងគ្នាទៅនឹងតួលេខរបស់រដ្ឋាភិបាលចុងក្រោយដែលថា ពលរដ្ឋក្រីក្រប្រមាណជិត ៧សែនគ្រួសារ ស្មើនឹងជាង ២លាន ៧សែននាក់ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរដ្ឋ ដែលគិតរហូតមកទល់ពេលនេះ រដ្ឋអះអាងថា បានចំណាយថវិកាសរុបជិត ៣រយលានដុល្លារអាមេរិកដើម្បីឧបត្ថម្ភជាសាច់ប្រាក់ជូនពលរដ្ឋក្រីក្រទាំងនោះ។ ផ្អែកតាមតួលេខនេះ អត្រាពលរដ្ឋក្រីក្រអាចមានក្នុងរង្វង់ជាង ១៧% នៃពលរដ្ឋសរុបជាង ១៥,៥លាននាក់។
រដ្ឋាភិបាលតែងអះអាងពីមោទនភាពថា ក្នុងរយៈពេលជាង ២ទសវត្សមកនេះ ខ្លួនបានកាត់បន្ថយអត្រាភាពក្រីក្រ ពីជិត ៤៨% ក្នុងឆ្នាំ២០០៧ មកនៅត្រឹម ១៣,៥ ភាគរយកាលពីឆ្នាំ២០១៤ ហើយមានមហិច្ឆតាចង់ក្លាយខ្លួនពីប្រទេសអភិវឌ្ឍន៍តិចតួច ឬ LDC មកជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក៏ប៉ុន្តែ រូបភាពនៃពលករចំណាកស្រុកខ្មែររាប់លាននាក់ អត់ការងារធ្វើនៅក្នុងស្រុក រួចរត់ទៅធ្វើការស្របច្បាប់ និងខុសច្បាប់ និងធ្វើជាអ្នកសុំទានគេនៅតាមប្រទេសជិតខាង ហើយត្រូវអាជ្ញាធរបរទេសចាប់បញ្ជូនមកកម្ពុជាវិញស្ទើរាល់ថ្ងៃ កំពុងធ្វើឲ្យរដ្ឋាភិបាលរងនូវក្តីអាម៉ាស់ នៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះទៀត ពលរដ្ឋកម្ពុជាជាង ២លាន៤សែនគ្រួសារកំពុងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុស្ទើវ័ន្តកក្នុងម្នាក់ៗមិនតិចជាង ៤ពាន់ដុល្លារ ខណៈរដ្ឋវិញ គិតត្រឹមដំណាច់ឆ្នាំ២០២០ ជំពាក់បំណុលបរទេសសរុបប្រមាណជាង ៩ពាន់៦រយលានដុល្លារ (៩.៦០១,៩៣ លានដុល្លារ)។ ក្នុងនោះ បំណុលស្ទើរតែជិតពាក់កណ្តាល ឬប្រមាណជាង ៤៦% (៤៦,៦៧%) ជាបំណុលដែលរដ្ឋជំពាក់ចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។