មគ្គុទ្ទេសក៍ទេសចរណ៍ សាទរផែនការរដ្ឋាភិបាល ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងនិងក្រោយពេលវិបត្តិជំងឺកូវីដ-១៩។
ប្រធានសមាគមមគ្គទេសក៍ភាសាជប៉ុនខេត្តសៀមរាប លោក អ៊ី អុល ថ្លែងនៅយប់ថ្ងៃទី១ មេសាថា លោកមានសំណើ ៣ ដល់រដ្ឋាភិបាល។ លោកចង់ឲ្យរដ្ឋាភិបាលកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ បង្កើនចាក់វ៉ាក់សាំងឲ្យបានលឿន ព្រោះពលរដ្ឋនៅមានភាពភ័យខ្លាច ដែលពិបាកអូសទាញអ្នកទេសចរណ៍ឲ្យមានទំនុកចិត្តមកទស្សនាខេត្តសៀមរាប ឬតំបន់ទេសចរណ៍ផ្សេងទៀតណាស់។ លោកបន្តថា កត្តាបន្ទាប់បន្សំមួយទៀតនោះ គឺក្រសួងទេសចរណ៍ត្រូវបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍បន្ថែមទៀត ដោយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញអនុវត្តវិធានការក្រសួងសុខាភិបាលជាដើម៖ «បើសិនការចាក់វ៉ាក់សាំងបានល្បឿនកាន់តែលឿន ខ្ញុំគិតថាទេសចរណ៍ក្នុងស្រុកគាត់នឹងមានជំនឿចិត្តមកទស្សនាខេត្តសៀមរាបសាជាថ្មី បូកផ្សំ និងឥឡូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធហ្នឹង ខ្ញុំសង្ឃឹមថា មួយឆ្នាំទៀតសៀមរាបនិងក្លាយជាខេត្តមួយដ៏ល្អ។ ទោះបីជាយើងខំប្រឹងប៉ុណ្ណាចង់និយាយថា ផលដែលបាននោះគឺបានតិចតួចណាស់ បានតិចតួចបំផុត ព្រោះប្រជាជនគាត់ខ្លាចក្នុងការដើរលេង យើងទៅអភិវឌ្ឍន៍ទេសចរណ៍យ៉ាងម៉េចបើយើងខ្លាចមិនហ៊ានដើរលេងផង ?»។
សំណើនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងទេសចរណ៍ចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ផែនទីចង្អុលផ្លូវ (Roadmap) ស្ដីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ បានអនុម័តជាផ្លូវការ៖ «ផែនទីចង្អុលផ្លូវ (Roadmap) នឹងក្លាយជាត្រីវិស័យ និងជាផែនការយុទ្ធសាស្ត្រមួយដ៏សំខាន់ ដើម្បីប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ សម្រាប់កែទម្រង់ក្នុងវិស័យទេសចរណ៍កម្ពុជា ឱ្យទៅជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងនិរន្តរភាព ដើម្បីទាញយកមកវិញនូវចំនួនភ្ញៀវទេសចរអន្តរជាតិ និងជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក។
ចំណែកផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ វិញ ក្រសួងទេសចរណ៍មានគោលដៅចង់ឱ្យខេត្តនេះ ទាក់ទាញនិងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១៨លាន ៤សែននាក់ ក្នុងមួយឆ្នាំ ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ១០លាន ៩សែននាក់និងទេសចរអន្តរជាតិចំនួនប្រមាណ ៧លាន ៥សែននាក់។ ក្រសួងអះអាងទៀតថា កំណើននេះ នឹងបង្កើតការងារប្រមាណ ៩៤ម៉ឺននាក់ ដែលនឹងនាំចំណូលហូរចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តនេះ ប្រមាណ ៦ពាន់លានដុល្លារ។ ទោះជាយ៉ាងណា គេនៅចាំមើលថា តើក្រសួងនឹងធ្វើបានដូចការអះអាងនេះឬទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។