រដ្ឋាភិបាលកម្ពុជាយល់ព្រមឱ្យដឹកអង្ករចេញទៅលក់ក្រៅប្រទេស ក្រោយពីបានផ្អាកមួយរយៈ
2020.05.15

ក្រសួងហិរញ្ញវត្ថុយល់ព្រមឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា អាចនាំអង្ករស (White rice) ដឹកចេញទៅលក់នៅក្រៅប្រទេស ចាប់តាំងពីថ្ងៃទី២០ ខែឧសភា នេះតទៅ ក្រោយពីបានផ្អាកមួយរយៈ ដោយសារបារម្ភពីបញ្ហាខ្វះស្បៀងអាហារក្នុងស្រុក បណ្តាលមកពីការរាលដាលសកលនៃជំងឺកូវីដ១៩ (Covid-19)។
សហព័ន្ធស្រូវអង្ករកម្ពុជា ថ្មីៗនេះ បានស្នើសុំអនុញ្ញាត អាចបន្តការដឹកអង្ករចេញទៅក្រៅប្រទេសឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល ដោយគ្មានអ្នកស្លាប់ និងគ្មានអ្នកឆ្លងថ្មី។
សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា ការនាំអង្ករស ចេញទៅលក់នៅក្រៅប្រទេស នឹងកើនឡើងនៅឆ្នាំ២០២០នេះ ទោះបីជាបានបិទបណ្ដោះអាសន្នជាងមួយខែមកហើយនេះក្ដី។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ក្រោយបានបិទមួយរយៈ សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើឱ្យបើកទីផ្សារឡើងវិញនូវអង្ករគ្រប់ប្រភេទ ហើយរដ្ឋាភិបាលក៏បានយល់ព្រម៖ «កន្លងមកគឺអត់បិទអង្ករជាទូទៅទេ គឺបិទតែអង្ករស ដើម្បីត្រៀមសម្រាប់បម្រើតម្រូវការក្នុងស្រុក ជាពិសេស អ៊ីចឹងគឺអង្ករក្រអូបអត់ដែលបានបិទទេ នៅតែបន្តអនុញ្ញាតឱ្យដឹកចេញទៅលក់នៅក្រៅដដែល។ ក្រោយពីយើងវាយតម្លៃទៅ យើងក៏បានស្នើសុំឱ្យបើកទីផ្សារឡើងវិញនូវអង្ករគ្រប់ប្រភេទ អ៊ីចឹងបានលោកយល់ព្រម»។
ក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី១៣ ខែឧសភា ផ្ញើជូនសហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា សហព័ន្ធ អាចបន្តដឹកចេញអង្ករស (White rice) យកទៅលក់នៅក្រៅប្រទេស ចាប់តាំងពីថ្ងៃទី ២០ ខែឧសភា ក្រោយដែលបានផ្អាកកាលពីថ្ងៃទី៥ ខែមេសាកន្លងមកនេះ។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យដឹងទៀតថា ចាប់ពីដើមខែមករា រហូតដល់មុនផ្អាកបណ្ដោះអាសន្ននេះ សហព័ន្ធស្រូវអង្ករ បានដឹកអង្ករស ចំនួនជិត ៦ម៉ឺនតោន យកទៅលក់ នៅក្រៅប្រទេស ក្នុងនោះ រួមមានប្រទេសចិន និងប្រទេសមួយចំនួននៅសហគមន៍អាស៊ានដែលរួមមាន ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ ជាដើម។
ទោះជាមានការផ្អាកមួយរយៈនេះក្តី លោក លន់ យ៉េង ឱ្យដឹងថា នៅឆ្នាំ២០២០ នេះ បើតាមការពិនិត្យលើនិន្នាការនៃតម្រូវការទីផ្សារអន្តរជាតិ ការនាំអង្ករចេញទៅក្រៅប្រទេស អាចមានសន្ទុះកើនឡើងដល់ទៅជាង ៨០ម៉ឺនតោន បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ គឺមាន ចំនួនសរុប ៦២ម៉ឺនតោន៖ «ជាទូទៅ ការនាំអង្ករក្រអូបចេញពីចន្លោះ ៧៥% ទៅ ៨០% នៃការនាំចេញសរុប ក្នុងអំឡុងពីរឬបីឆ្នាំចុងក្រោយនេះ។ ចំណែកទីផ្សារធំរបស់យើង គឺជាប្រភេទអង្ករក្រអូប មិនមែនអង្ករសទេ ដោយសារពីមុនយើងនាំចេញអង្ករស ច្រើនទៅអឺរ៉ុប ប៉ុន្តែក្រោយពីសហភាពអឺរ៉ុប តម្រូវឱ្យបង់ពន្ធ តាមការស្នើសុំរបស់ប្រទេសផលិត ដូចជាអេស្ប៉ាញ អ៊ីតាលី ជាដើម ធ្វើឱ្យការប្រកួតប្រជែង យកអង្ករសទៅលក់ មានការពិបាកច្រើន»។
ការសម្រេចយកពន្ធលើអង្កររបស់សហភាពអឺរ៉ុបនេះ គឺដោយសារតែការនាំចូលអង្ករពីកម្ពុជាទៅអឺរ៉ុប បានកើនឡើងខ្លាំងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ គឺពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧។ គណៈកម្មការអឺរ៉ុបថា ការអនុគ្រោះពន្ធនេះ ធ្វើឱ្យការនាំចូលអង្ករខ្មែរ អាចលក់ក្នុងតម្លៃទាប ដែលបណ្ដាលឱ្យមានផលវិបាកធ្ងន់ធ្ងរ សម្រាប់ក្រុមអ្នកផលិតអង្ករនៅអឺរ៉ុប។ ក្រោយពីសហភាពអឺរ៉ុប លែងផ្ដល់ការអនុគ្រោះពន្ធលើអង្ករខ្មែរ សម្រាប់រយៈពេលបីឆ្នាំជាប់គ្នា គិតចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ មក អត្រានាំអង្ករចេញ បានថយចុះជាង ២៣,៦០% ។
ក្រៅពីកម្ពុជា ដែលអាចបន្តការដឹកអង្ករចេញទៅលក់នៅក្រៅប្រទេស អាជ្ញាធរវៀតណាមឯណោះវិញ ដែលជាប្រទេសនាំអង្ករច្រើនជាងគេលំដាប់លេខ៣ ក្នុងពិភពលោក ក៏បានបន្តការនាំអង្ករចេញចាប់ពីដើមខែឧសភានេះដែរ បន្ទាប់ពីផ្អាក ចាប់ពីខែមីនាមក ដោយសារបារម្ភពីបញ្ហាខ្វះស្បៀងក្នុងស្រុក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នេះ៕