សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​ខែ និង​ប្រាក់​ឧបត្ថម្ភ​ឱ្យ​មន្ត្រីរាជការ​ច្រើន​ជាង​នេះ

0:00 / 0:00

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់ខែ និង​ប្រាក់​ឧបត្ថម្ភ​ឱ្យ​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​បាន​ច្រើនជាង​ពេល​បច្ចុប្បន្ន​នេះ។ ការ​លើកឡើង​នេះ​គឺ​បន្ទាប់ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៣១ ខែ​មីនា ចេញ​អនុក្រឹត្យ​ស្ដីពី ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​ម៉ឺន​រៀល ក្នុង​ឱកាស​ពិធីបុណ្យ ចូលឆ្នាំ​ខ្មែរ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ កាលពី​ថ្ងៃទី​៣១ មីនា ដល់ មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ចំនួន​ទឹកប្រាក់ ៥​ម៉ឺន​រៀល​ដែល​រដ្ឋាភិបាល ផ្តល់​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​នៅ​មាន​ចំនួន​តិចតួច មិន​អាច​មាន​ផ្គត់ផ្គង់​ជីវភាព​ឱ្យ​បាន​សមរម្យ​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា កាល​ណា​ប្រាក់ខែ និង​ប្រាក់​ជំនួយ​មួយចំនួន នៅតែ​តិចតួច​អាច​ធ្វើ​ឱ្យ​ពួកគាត់​រកមុខ​របរ​ទី​ពីរ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ ហើយ​កត្តា​ទាំងនេះ​អាច​ធ្វើ​ប៉ះពាល់​គុណភាព​ការងារ ដូច្នេះ​រដ្ឋ​គួរតែ​ពិចារណា​ឡើងវិញ ចំពោះ​សុខទុក្ខ​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​០១ មេសា ថា រដ្ឋាភិបាល​គួរតែ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ឱ្យ​មន្ត្រី​គ្រប់​ស្ថាប័ន​ទាំងអស់​ឱ្យ​បាន​២៥​ភាគរយ (២៥%) នៃ​ប្រាក់ខែ​នាយករដ្ឋមន្ត្រី​ដើម្បី​អាច​ជួយ​ឱ្យ​ពួកគាត់ មាន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​មិន​ចាំបាច់ ចំណាយពេល​រក​ប្រាក់​ក្រៅ​ម៉ោង​បន្ថែម។ លោក​បញ្ជាក់​ថា ប្រាក់ខែ​តិចតួច ក៏​ជា​ប្រភព​ធ្វើ​ឱ្យ​មាន​បញ្ហា​ពុករលួយ​ផង​ដែរ ជាក់ស្ដែង​លោក​ថា ក្នុង​សាលារៀន​ខ្លះ មាន​គ្រូ​មួយចំនួន​លក់​ក្រដាស​មេរៀន​ឱ្យ​សិស្ស ហើយ​ខ្លះទៀត​បើក​ម៉ោង​បង្រៀន​គួរ​ក្នុង​សាលា ដែល​បញ្ហា​ទាំងនេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​នោះ​ទេ ថែមទាំង​ប៉ះពាល់​ជីវភាព​អាណាព្យាបាល​សិស្ស ថែម​ទៀត​ផង។

លោក គៀន ពន្លក៖ «ខ្ញុំ​គិតថា​ប្រាក់​នេះ​នៅ​តិច​ណាស់​សម្រាប់​មន្ត្រី​រាជការ​ពីព្រោះ​អី យើង​ដឹង​ហើយ​ឥឡូវនេះ​កំពុង​តែ​មាន​វិបត្តិ​សេដ្ឋកិច្ច​ជាពិសេស​ទំនិញ​គឺ​កំពុង​តែ​បន្ត​ឡើងថ្លៃ​ខ្ពស់​ទោះបីជា​បើកប្រាក់​ខែ​តែម្ដង​ក្នុង​ខែមេសា​ហ្នឹង ក៏ដោយ​ក៏ប៉ុន្តែ​ការ​ចំណាយ​របស់​គាត់​ក្នុង​ពិធីបុណ្យ​ធំៗ​មានការ​ចំណាយ​ច្រើន​ណាស់​។ ខ្ញុំ​សង្ឃឹមថា​ការឧបត្ថម្ភ​សាច់ប្រាក់​ទៅលើ​មន្ត្រីរាជការ​ចំនួន​៥​ម៉ឺន​រៀល(៥.០០០០)​នេះ រាជរដ្ឋាភិបាល​ហ្នឹង​ពិចារណា​ឡើងវិញ​តាម​ការ​ស្នើសុំ»។

ការ​ឡើង​លើក​នេះ​គឺ​បន្ទាប់ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធី​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ ដល់ មន្ត្រីរាជការ ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ជាប់កិច្ចសន្យា ឬ​បុគ្គលិក​បណ្ដែត សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង សង្កាត់ ជន​ពិការ​ដែល​ជា​អតីតមន្ត្រី​រាជការ អតីតមន្ត្រី​នគរបាល​ជាតិ ជន​បាត់​បង់​សមត្ថភាព​ការងារ និង​អតីត​យុទ្ធជន ដោយ​ក្នុង​ម្នាក់​ទទួល​បាន​៥​ម៉ឺន​រៀល​។ ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ​ប្រចាំ​ខែ​មេសា យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​១៣ ខែ​មេសា។

ជំរុញ​រឿង​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ចំនួន​ថវិកា ៥​ម៉ឺន​រៀល នេះ មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​នោះ​ទេ ម្យ៉ាង​ទំនិញ​នៅ​លើ​ទីផ្សារ​មានតម្លៃ​ថ្លៃ​មិន​សមស្រប​ជាមួយ​ប្រាក់​ដែល​ទទួល​បាន។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ដល់​ជីវភាព របស់​មន្ត្រី​ទាំងអស់​ដូចជា​ការដំឡើង​ប្រាក់ខែ និង​ផ្ដល់​ប្រាក់​សម្រាប់​ទ្រទ្រង់​តាម​ផ្នែក​ផ្សេងៗ​ឱ្យ​បាន​ច្រើន ពីព្រោះ​មន្ត្រី​ទាំងនោះ​មាន​តួនាទី​បម្រើ​ពលរដ្ឋ ហើយ​បើ​ប្រាក់ខែ​មិន​គ្រប់ អាច​ធ្វើ​ឱ្យ​សមត្ថភាព​នៃ​ការ​បំពេញ​ការងារ​ថយ​ចុះ។

លោក យង់ គិមអេង៖ «ប្រាក់ឧបត្ថម្ភ​នេះ​គឺ​វា​តិច​ដែរ បើ​សម្រាប់​លទ្ធភាព​ឱ្យ​គាត់​ទៅ​ស្រុក​ទៅ​ស្រែ​ទៅ​អី​គឺ​ពិបាក​ចំពោះ​ជីវភាព​ឃើញ​ថា អ្នក​ដែល​ពឹង​ទៅលើ​តែ​ប្រាក់ខែ​មួយ​មុខ មិនបាន​រកស៊ី​អី​ប្រហែល​ជា​អាច​ប្រឈម​នឹង​ជីវភាព»។

ចាប់តាំងពី​ឆ្នាំ​២០១៦​មក រដ្ឋាភិបាល​តែងតែ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​ប្រាំ​ម៉ឺន រៀល​ឲ្យ​មន្ត្រីរាជការ​ទាំងអស់ សម្រាប់​ពិធីបុណ្យ​ជាតិ​ធំ​២ គឺ​ចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ ដែល​គេ​មើល​ឃើញ​ថា ជា​ការ​កេង​ចំណេញ​នយោបាយ​។ ទោះជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​ថា រដ្ឋាភិបាល គួរតែ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ឲ្យ​ខ្ពស់​ជាង​សព្វថ្ងៃ​នេះ ដើម្បី​ឲ្យ​ពួកគាត់​អាច​រស់នៅ​ក្នុង​ជីវភាព​សមរម្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។