រដ្ឋធម្មនុញ្ញត្រង់មាត្រា៦១ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម បានសង្កត់ធ្ងន់លើការជំរុញវិស័យឧស្សាហកម្មដែលមានសារសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ មូលដ្ឋានគ្រឹះដ៏ចាំបាច់មួយដើម្បីរៀបចំឲ្យវិស័យឧស្សាហកម្មមានភាពរឹងមាំ និងទាក់ទាញដល់វិនិយោគិនគឺធនធានមនុស្ស។
ឧស្សាហូបនីយកម្ម ជាការកែប្រែសេដ្ឋកិច្ចសង្គមកិច្ចពីការពឹងផ្អែកធំលើកសិកម្មមកផ្ដោតលើវិស័យឧស្សាហកម្មជំនួសវិញ។ ដូចដែលបានកើតឡើងជាលើកដំបូងនៅទ្វីបអឺរ៉ុប ក្នុងសតវត្សទី១៨ និង១៩ វិស័យឧស្សាហកម្ម មកទល់នឹងបច្ចុប្បន្ននេះនៅតែជាច្រកទ្វារមួយដ៏សំខាន់សម្រាប់ឆ្លងទៅរកការអភិវឌ្ឍសេដ្ឋកិច្ច។
ប្រទេសកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតកំពុងចាប់យកវិស័យឧស្សាហកម្មដើម្បីយោងខ្លួនចេញពីភាពក្រីក្រឲ្យទៅជាប្រទេសចំណូលមធ្យមទាប ហើយស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រទេសទាំងនេះ កំពុងផ្លាស់ប្ដូរគួរឲ្យកត់សំគាល់ ជាពិសេសការផ្លាស់ប្ដូរទៅលើទីផ្សារពលកម្ម។
កន្លងទៅប្រទេសកម្ពុជា ជាប្រទេសមួយដែលពឹងពាក់ខ្លាំងទៅវិស័យកសិកម្ម ជាពិសេសទៅលើដំណាំស្រូវ។ កម្លាំងពលកម្មរហូតដល់ ៨០ភាគរយជាកសិករ។ ប៉ុន្តែការពឹងផ្អែកទៅលើវិស័យនេះត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។
របាយការណ៍អង្កេតសេដ្ឋកិច្ចសង្គមកិច្ច ឆ្នាំ២០១៤ របស់ក្រសួងផែនការ បង្ហាញពីការធ្លាក់ចុះនៃវិស័យកសិកម្មនេះ។ គិតមកដល់ឆ្នាំ២០០៩ ភាគរយនៃប្រជាជនកម្ពុជា ដែលធ្វើការក្នុងវិស័យកសិកម្មនៅសល់ ៥៨ភាគរយ ហើយសម្រាប់ឆ្នាំ២០១៤ គឺបន្តធ្លាក់មកនៅ ៤៥ភាគរយ។ ការធ្លាក់នៃចំនួនប្រជាជនធ្វើការក្នុងវិស័យកសិកម្មនេះ គឺកើតឡើងស្របពេលដែលវិស័យឧស្សាហកម្ម និងសេវាកម្មកំពុងរីកលូតលាស់។
ទិន្នន័យឆ្នាំ២០១៥ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា វិស័យកសិកម្មរួមចំណែក ២៩ភាគរយនៃសេដ្ឋកិច្ចកម្ពុជា ទាំងមូល ឋិតនៅក្រោយវិស័យសេវាកម្មដែលរួមចំណែក ៣៩ភាគរយ។ ឯផ្នែកដែលសេសសល់ជាងពាក់កណ្ដាល ត្រូវបានបំពេញដោយឧស្សាហកម្មប្រភេទចម្បង ដូចជាការទាញយកវត្ថុធាតុដើម ឧស្សាហកម្មប្រភេទទី២ ឬឧស្សាហកម្មន្តសាល ដូចជាការផលិតទំនិញ និងឧស្សាហកម្មប្រភេទទី៣ មានស្ថាប័នហិរញ្ញវត្ថុ អចលនទ្រព្យជាដើម។
គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ បញ្ជាក់ពីការរៀបចំខ្លួនរបស់រដ្ឋាភិបាលក្នុងការជំរុញវិស័យនេះ និងបង្ហាញពីតម្រូវការចាំបាច់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការរៀបចំធនធានមនុស្សក្នុងវ័យធ្វើការជាង ១០លាននាក់របស់កម្ពុជា។ ការជំរុញនេះ ក៏ស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រាទី៦១ ដែលកំណត់ឲ្យរដ្ឋាភិបាលអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម និងឧស្សាហកម្ម។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ហេង សុខគង់ អោយដឹងថា ផែនការរបស់ក្រសួងក្នុងការអភិវឌ្ឍន៍ធនធានមនុស្សទាំងនេះ ផ្អែកសំខាន់ទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរក្រសួង ការជួយជ្រោមជ្រែងពីដៃគូអភិវឌ្ឍន៍អន្តរជាតិ និងការចូលរួមពីស្ថាប័នអប់រំក្នុងស្រុក៖ «ក្រសួងយើងអនុវត្តតាមគោលការណ៍អភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥។ យើងមានការពង្រឹងសហគ្រិនភាព ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានបច្ចេកទេសវិទ្យាសាស្ត្រមួយចំនួនទៀតដែលយើងនឹងជំរុញក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យឯកជន និងសាកលវិទ្យាល័យរដ្ឋ ដោយការជួយពីដៃគូដូចជា ជប៉ុន ចិន និងប្រទេសមួយចំនួនទៀត»។
សាកលវិទ្យាល័យជាតិសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ បានចេញអត្ថបទស្រាវជ្រាវមួយនៅឆ្នាំ២០១៤ ឈ្មោះថា មរតករបស់របបខ្មែរក្រហមទៅលើការកកើតជំនាញនៅកម្ពុជា ដែលសិក្សាពីស្ថានភាពជំនាញរបស់ប្រជាជនខ្មែរក្រោយរបបកម្ពុជាប្រជាធិបតេយ្យ។
ការសិក្សានេះរកឃើញថា កម្ពុជាបានរៀបចំធនធានមនុស្សខុសនឹងតម្រូវការទីផ្សាររបស់ខ្លួន។ ការសិក្សាបានព្យាករណ៍នូវការបន្តធ្លាក់ចុះរបស់វិស័យកសិកម្ម និងការកើនឡើងនៃវិស័យឧស្សាហកម្ម ប៉ុន្តែទិន្នន័យស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅកាត់ថា ធីវេត (TVET) នៅឆ្នាំ២០០៨ រកឃើញថា រដ្ឋាភិបាលកម្ពុជា មានសិស្សបញ្ចប់វគ្គសិក្សាវគ្គខ្លីលើជំនាញទាក់ទងនឹងឧស្សាហកម្មប្រហែល ៧ភាគរយប៉ុណ្ណោះ ស្របពេលដែលកសិកម្មមានទៅដល់ ៧៥ភាគរយ។ បន្ថែមពីលើនេះទៀត កម្មវិធីសិក្សាទាំងនោះមានរយៈពេលខ្លី សុទ្ធតែតិចជាងកន្លះឆ្នាំ ដែលជាមូលហេតុអាចធ្វើឲ្យអ្នកសិក្សាទាំងនោះមិនបានទទួលជំនាញច្បាស់លាស់។
ចំណែកឯចំណេះដឹងទូទៅវិញ បើតាមរបាយការណ៍អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ របស់ក្រសួងផែនការរកឃើញថា ប្រជាជនខ្មែរលើអាយុ ១៥ឆ្នាំ ស្ទើរតែពាក់កណ្ដាល ឬ ៤៧ភាគរយ មិនបានរៀនចប់បឋមសិក្សាទេ។
ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ចាន់ សុផល សង្កត់ធ្ងន់ទៅលើសារសំខាន់នៃធនធានមនុស្សដែលជាភាពទាក់ទាញមួយដល់ម្ចាស់សហគ្រាសក្នុង និងក្រៅស្រុកឲ្យមកវិនិយោគនៅកម្ពុជា។ ការចេះអក្សរ និងលេខច្បាស់ជាទុនដ៏ចាំបាច់សម្រាប់ឲ្យប្រជាពលរដ្ឋទៅចាប់យកជំនាញផ្សេងៗ។
លោកបន្តថា ក្រៅពីមានចំនួនអ្នកចេះច្រើន គុណភាពរបស់អ្នកចេះទាំងនោះក៏ត្រូវយកមកពិចារណាដែរ៖ «ក្រោយការបោះឆ្នោតនៅឆ្នាំ២០១៣ កំណែទម្រង់នៅក្រសួងអប់រំ បានកើតឡើងច្រើន ប៉ុន្តែគួរឲ្យសោកស្ដាយដែរ ដែលពីមុនមានការកែទម្រង់តិចតួច ដូចជាការប្រឡងបាក់ឌុប ជាដើម។ ពីមុនអ្នកណាអត់ចេះក៏ជាប់ដែរ។ អ៊ីចឹងយើងស្ដាយពេលអស់ច្រើនឆ្នាំមែនទែន។ ការកែទម្រង់អប់រំ ត្រូវការពេលយូរ ពីព្រោះសិស្សម្នាក់ដែលអត់ចេះ ដប់ឆ្នាំមកហើយ គេពិបាកខំរៀនមួយឆ្នាំ ពីរឆ្នាំឲ្យចេះទាំងអស់ណាស់។ វាជាការខាតបង់មួយរួចទៅហើយ»។
ចំពោះមនុស្សមួយចំនួនតូចដែលបានរៀនដល់សាកលវិទ្យាល័យវិញ បើតាមទិន្នន័យពីក្រសួងអប់រំ នៅឆ្នាំ២០១១ មានពាក់កណ្ដាល បានចាប់យកជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងជំនួញ។ ចំណែកឯមុខវិជ្ជាពាក់ព័ន្ធនឹងឧស្សាហកម្ម ដូចជាវិទ្យាសាស្ត្រ វិស្វកម្ម និងសេវាកម្មជាដើម គឺមាន ៨ភាគរយ។
ទោះជាយ៉ាងនេះក្តី កន្លងមករដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមស្ទុះស្ទាក្នុងការផ្សព្វផ្សាយពីសារសំខាន់នៃការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលមានសារសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ឧស្សាហកម្ម។ ការផ្សព្វផ្សាយនេះ ធ្វើឡើងតាមរយៈពិធីពិព័រណ៍ផ្សេងៗដើម្បីទាក់ទាញចំណាប់អារម្មណ៍យុវជន។
គោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ គ្រោងនឹងបង្កើនចំណែកនៃវិស័យឧស្សាហកម្មក្នុងផលិតផលក្នុងស្រុកសរុបរហូតទៅដល់ ៣០ភាគរយ ត្រឹមឆ្នាំ២០២៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។