លោក ហ៊ុន ម៉ាណែត ថា នឹង​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្តសៀមរាប​កាន់​តែ​ច្រើន

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​កាន់​តែ​ច្រើន​មក​កម្សាន្ត​នៅ​កម្ពុជា ជា​ពិសេស នៅ​ខេត្តសៀមរាប។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ប្រកប​របរ​វិស័យ​ទេសចរណ៍​ហាក់​មិន​រំពឹង​ទៅ​លើ​វិធានការ​របស់​រដ្ឋាភិបាល​នេះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា រដ្ឋាភិបាល​និង​ផ្នែក​ឯកជន លើក​ទី១៩​ នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ដោយ​បញ្ជា​ឱ្យ​ក្រសួង​ទេសចរណ៍​រៀបចំ​ឡើង​វិញ ដោយ​​ដាក់​ឱ្យ​ដំណើរ​ការ​ក្រុម​ប្រឹក្សា​ទេសចរណ៍ ដែល​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​រដ្ឋ និង​ឯកជន​ពាក់​ព័ន្ធ​ឱ្យ​​បាន​ឆាប់​បំផុត។ ការ​ដាក់​ចេញ​ផែនការ និង​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរ និង​ចូល​រួម​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​មួយ​នេះ។ លោក​បន្ត​ថា វិធានការ​នេះ​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប មាន​ជាអាទិ៍ ការ​ផ្សព្វផ្សាយ ការ​តភ្ជាប់​ជើង​ហោះហើរ​រវាង​តំបន់​ទេសចរណ៍​សំខាន់ៗ នៅ​លើ​ពិភពលោក។ ការ​កែលំអ​ហេដ្ឋារចនាសម្ពន្ធ និង​សោភ័ណភាព​តាម​ដង​ផ្លូវ​នៅ​តំបន់​ទេសចរណ៍ សម្រួល​តម្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​ទេសចរណ៍ និង​តម្លៃ​ប្រតិបត្តិការ​នៅ​តំបន់​អាកាសចរណ៍​ជា​ដើម។ បន្ថែម​ពី​នេះ​លោក ហ៊ុន ម៉ាណែត ក៏​ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ថា ត្រូវ​យក​ចិត្ត​ទុកដាក់​បញ្ហា​អនាម័យ និង​ការពារ​អសន្តិសុខ​ជូន​ដល់​ភ្ញៀវ​ទេសចរ​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា បន្ថែម​ដោយ​វិធានការ ដែល​នឹង​ត្រូវ​រៀបចំ​ដោយ​ទីប្រឹក្សា​ទេសចរណ៍ ពិសេស ទស្សនា​សៀមរាប​ឆ្នាំ២០២៤ នឹង​ទទួល​បាន​ជោគជ័យ តាម​ការ​រំពឹង​ចង់​បាន ហើយ​ខេត្ត​សៀមរាប​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​ភាព​រស់រវើក និង​អាច​ចូល​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និចលភាព»។

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី យល់​ឃើញ​ថា វិធានការ​របស់​លោក ហ៊ុន ម៉ាណែត នេះ នឹង​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​មិន​ដោះស្រាយ​បញ្ហា​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ប្រព្រឹត្ត​អំពើ​ពុករលួយ​​​លើ​អ្នក​ទេសចរ និង​ប្ដូរ​មន្ត្រី​មួយ​ចំនួន ដែល​អសកម្ម​ក្នុង​ការ​បំពេញ​តួនាទី​នោះ។

លោក ម៉ម រិទ្ធី៖ «មិន​បាច់​តែ​ភ្ញៀវ​ទេសចរ​ទេ ខ្ញុំ​ខ្មែរ​គ្នា​ឯង​មិន​ដឹង​ថា ទាក់ទាញ​ខ្ញុំ​ទៅ​យ៉ាង​ម៉េច​ផង។ អ៊ីចឹង យើង​មើល​រឿង​ទាំង​អស់​ហ្នឹង​វា​នៅ​តែ​ដដែលៗ ប៉ុន្តែ ការ​លើក​របស់​រដ្ឋាភិបាល លើក​មក​មាន​យុទ្ធសាស្ត្រ​ចេះ​យុទ្ធសាស្ត្រ​ចុះ​លើក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ រដ្ឋមន្ត្រី ក៏​លើក ខាង​ក្រសួង​ពាក់ព័ន្ធ​ក៏​លើក ក៏​ប៉ុន្តែ​យើង​អត់​ឃើញ​មាន​កំណែទម្រង់​ឱ្យ​វា​ស៊ីជម្រៅ​អាច​ទទួល​យក​បាន ហើយ​លើក​ហើយ​ធ្វើ​អត់​បាន​ជោគជ័យ​នឹង​ហើយ ដែល​ឱ្យ​មាន​ការ​រិះគន់ ដែល​ធ្វើ​ឱ្យ​ប្រជាជន​មើល​ទៅ​ថា គ្រាន់​តែ​​មាន​ការ​លើក ប៉ុន្តែ​ផលិតផល​នឹង​វា​អត់​ឃើញ អ្វី​ដែល​ជា​ភ្ញៀវ​ទេសចរ​វា​អត់​មាន ហើយ​អ្វី​ដែល​កំណែទម្រង់​នឹង​យើង​មើល​ទៅ​វា​អត់​ឃើញ​មាន។ អ៊ីចឹង ហើយ​បាន​ធ្វើ​ឱ្យ​មាន​ការ​ធ្លាក់​ចុះ»។

ដោយ​ឡែក​ម្ចាស់​សណ្ឋាគារ​នៅ​​ខេត្ត​សៀមរាប លោក អាង ឆាល ថ្លែង​ថា បើ​ទោះ​បី​ជា​អំឡុង​ពេល​នេះ​ជា​រដូវ​សំបូរ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ក៏​ដោយ ក៏ប៉ុន្តែ​នៅ​ខេត្ត​សៀមរាប​ហាក់​មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នោះ​ទេ។ លោក​បញ្ជាក់​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារ​កម្ពុជា​ខ្វះ​ការ​ផ្សព្វផ្សាយ បញ្ហា​អំពើ​ពុករលួយ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​លើ​ភ្ញៀវ​ទេសចរ និង​ខ្វះ​ការ​រៀបចំ​កែលំអ​នៅ​តំបន់​ទេសចរ​ឱ្យ​បាន​ត្រឹមត្រូវ​ជា​ដើម។

លោក អាង ឆាល៖ «មួយ​ទៀត​យើង​មើល​វិស័យ​កម្ម​របស់​យើង​អត់​មាន​សោះ បើ​ប្រទេស​ជិត​ខាង​គេ​គ្រាន់​តែ​វិស័យកម្ម​គេ​អាច​ស្រូប​ទាញ​ទេសចរ​របស់​គេ តែ​យើង​អត់​មាន​ទេ មាន​តែ​ប្រាសាទ​មួយ​នឹង ហើយ​យើង​ទៅ​មើល​តាម​បឹង​ទន្លេសាប​មើល​សុទ្ធតែ​ទឹក​ឡើង​ស បើ​ខែ​ប្រាំង​មិន​បាច់​មើល​ហ្មង​ ហើយ​ភ្ញៀវ​មក​គាត់​រិះគន់ ហើយ​យើង​មើល​តាម​រមណីយដ្ឋាន​កម្សាន្ត​ដូច​ភ្នំ​គូលែន​អី​យើង​ទៅ​មើល​ បើ​ខែ​វស្សា​សុទ្ធតែ​សំរាម​ ហើយ​ទឹក​វា​អត់​ស្អាត​ទេ ហើយ​ភ្ញៀវ​គាត់​មក​គាត់​រិះគន់​ហើយ​ផ្លូវ​លំបាក​ ហើយ​សំបុត្រ​ថ្លៃ»។

របាយការណ៍​ក្រសួង​ទេសចរណ៍ ​ឱ្យ​ដឹង​ថា រយៈ​ពេល ៨ខែ ក្នុង​ឆ្នាំ២០២៣ មាន​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​កម្ពុជា​ជាង ៣លាន ៥សែន​នាក់ (៣.៥០១.៩៨១) ពោល​គឺ កើន​ឡើង​ជាង ២រយ ៥០ភាគ​រយ (២៥០.៨) បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ២០២២។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​សង្គម​ស៊ីវិល​ថា តួលេខ​កំណើន​អ្នក​ទេសចរ​នេះ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង ដូច​ជា ប្រទេស​ថៃ​ជា​ដើម ដែល​មាន​ភ្ញៀវ​ទេសចរ​ជាង ១៥លាន​នាក់ (១៥.០០០.០០០) ឯ​ណោះ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ប្រកប​របរ​លើ​វិស័យ​ទេសចរណ៍ លើក​ឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ រដ្ឋាភិបាល​គួរតែ លុប​បំបាត់​អំពើ​ពុករលួយ​នៅ​តាម​វាល​យន្ត​ហោះ និង​ច្រក​ទ្វារ​ព្រំដែន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ដល់​ភ្ញៀវ​ទេសចរ។ បន្ថែម​ពី​នេះ​រដ្ឋាភិបាល ក៏​គួរ​កែ​លំអ​បរិស្ថាន​នៅ​តំបន់​ទេសចរ​ឱ្យ​មាន​ភាព​ស្រស់បំព្រង ហើយ​បង្កើត​កម្មវិធី​កម្សាន្ត​សម័យ​ថ្មី​ឱ្យ​បាន​ច្រើន នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ដែល​មាន​សក្ដានុពល​វិស័យ​ទេសចរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ស្នាក់​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​ថ្ងៃ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។