លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននេះរដ្ឋាភិបាលរបស់លោកលែងត្រូវការប្រព័ន្ធអនុគ្រោះពន្ធ(EBA) ពីសហភាពអឺរ៉ុបតទៀតហើយ។ អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិលយល់ថា លក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យឡើងវិញដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប គឺជាដើមចមដែលនាំឱ្យលោក ហ៊ុន សែន លើកឡើងបែបនេះ។ ពួកគេអំពាវនាវដល់រដ្ឋាភិបាលពិចារណាឡើងវិញដើម្បីប្រយោជន៍សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។
លោក ហ៊ុន សែន ប្រកាសជាថ្មីទៀតថា លោកមិនខ្វល់ពីសហភាពអឺរ៉ុបដកអ៊ីប៊ីអេ (EBA) ពីកម្ពុជាឡើយ ដោយលោកសំអាងថា ប្រព័ន្ធអនុគ្រោះនេះ គង់តែសហភាពអឺរ៉ុបដកហូតនៅពេលដែលស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ ខាងមុខនេះ។ ម្យ៉ាងទៀតលោកថា ការសម្រេចចិត្តបែបនេះក៏ជួយឱ្យកម្ពុជាពង្រឹងសមត្ថភាពដោយឈប់ពឹងផ្អែកលើដង្ហើមគេដក តទៅទៀតដែរ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែមិថុនា លោក ហ៊ុន សែន អះអាងថា ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ រដ្ឋាភិបាលរបស់លោកមិនយកអធិបតេយ្យរបស់ជាតិទៅប្ដូរជាមួយ EBA របស់សហភាពអឺរ៉ុប និងជំនួយរបស់ប្រទេសណាមួយឡើយ។ លោកថា អឺរ៉ុបដក២០ភាគរយកន្លងមកពុំបានប៉ះពាល់ដល់ការនាំចេញទំនិញ និងសេដ្ឋកិច្ចកម្ពុជាទេ ហើយកម្ពុជាអាចរស់បានដោយមិនត្រូវការប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញពីអឺរ៉ុបបានដែរ។
លោក ហ៊ុន សែន៖ «ខ្ញុំចង់ដឹងពីភាពធន់របស់កម្ពុជាដល់ណាដែរ ដើម្បីយើងពង្រឹងសមត្ថភាពខ្លួនឯងដោយកុំរង់ចាំគេបន្តក់ខ្យល់ឱ្យយើង ខ្ញុំបានប្រកាសពីពេលមុនថា ខ្ញុំមិនយកអធិបតេយ្យរបស់ខ្ញុំទៅដោះដូរជាមួយជំនួយអនុគ្រោះណាទាំងអស់។ ឥឡូវលើការជាក់ស្តែងតើកម្ពុជាងាប់ហើយឬនៅ អាក្មេងពាលនៅក្រៅស្រុក តើកម្ពុជាងាប់ហើយឬនៅ វាអត់ទាន់ងាប់ទេអាពៅ បើងាប់មានតែពួកឯងទេដែលងាប់»។
ទោះយ៉ាងណា អ្នកវិភាគនយោបាយ និងមន្ត្រីសង្គមស៊ីវិលថា ការធ្វើតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដែលទាមទារឱ្យស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញមិនធ្វើឱ្យកម្ពុជាបាត់បង់ឯករាជ្យ ឬអធិបតេយ្យជាតិ ដូចការលើកឡើងរបស់លោក ហ៊ុន សែន នោះទេ។ ផ្ទុយទៅវិញពួកគេថាការធ្វើតាមអនុសាសន៍របស់សហភាពអឺរ៉ុបនឹងជួយពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងពង្រឹងអធិបតេយ្យកម្ពុជា ព្រមទាំងជួយដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិទាំងមូលទៀតផង។
អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា លោក ហ៊ុន សែន ដឹងច្បាស់ថាប្រព័ន្ធអនុគ្រោះរបស់ប្រទេសលោកសេរីនៅតែសំខាន់ក្នុងការជួយជ្រោងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងកសិករ និងកម្មករខ្មែរដែលរស់នៅក្នុងជីវភាពក្រីក្រ។ លោកយល់ថា លក្ខខណ្ឌនៃគោរពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យ គឺជាឧបសគ្គធ្វើឱ្យលោក ហ៊ុន សែន ត្រូវប្រកាសជា ចំហនៅចំពោះមុខកម្មករថាលោកមិនត្រូវការប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ របស់អឺរ៉ុប និងជីអេសភី (GSP) របស់អាមេរិក ដើម្បីបកស្រាយបន្លំភ្នែកប្រជាពលរដ្ឋ។ លោកមើលឃើញថា ប្រជាពលរដ្ឋខ្មែរនៅតែត្រូវការកម្មវិធីអនុគ្រោះលើមុខទំនិញនាំចេញជាចាំបាច់ ដើម្បីបង្កើតការងារធ្វើនៅក្នុងប្រទេស និងជួយដល់ជីវភាពពួកគេឱ្យរស់នៅសមរម្យជាងសព្វថ្ងៃ។
លោក គឹម សុខ៖ «បើបើកសិទ្ធិសេរីភាពវិញ(កម្មករ)ទូទាំងប្រទេសនឹងមានកម្មកររោងចក្រតវ៉ាគ្រប់កន្លែង នេះហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបន្លំសាច់រឿងលួងលោមកម្មករកម្មការិនីថា អ៊ីប៊ីអេ គង់តែបាត់ទេ ជីអេសភីគង់តែបាត់ទេ ចុះនៅយូរឆ្នាំទៀតហេតុអ្វីមិនរក្សាទុកដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការងាររបស់កម្មករកម្មការិនីដែលធ្វើឱ្យពួកគេបាត់បង់ការងារធ្វើអ្វី មែនទែនទៅ វាជាអំពើដឹកនាំប្រទេសជាតិដែលផ្ទុយការគិតគូរពីផលប្រយោជន៍ជាតិ»។
កាលពីថ្ងៃទី១៦ ខែមីនា សភាអឺរ៉ុបបានអនុម័តជាផ្លូវការនូវសេចក្តីសម្រេចថ្មីមួយដោយព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ពីកម្ពុជាបន្ថែមទៀត ប្រសិនបើការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រខែកក្កដាខាងមុខនេះ ធ្វើឡើងមិនស្របតាមស្តង់ដារអន្តរជាតិ ឬប្រសិនបើនៅតែកើតមានការរំលោភសិទ្ធិមនុស្សបន្តទៀត។
សេចក្តីសម្រេចនេះបានក្លាយជាការព្រមានរបស់សភាអឺរ៉ុបជាលើកទីពីរក្រោយអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%ពីកម្ពុជា ដោយសារមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធយ៉ាងជាក់លាក់នៅកម្ពុជា។ ទោះជាយ៉ាងណា សហភាពអឺរ៉ុបគូសបញ្ជាក់ថា បើស្ថានការណ៍ដុនដាបផ្នែកសិទ្ធិមនុស្សនេះ មានការជឿនលឿនទៅរកភាពប្រសើរឡើង នោះសហភាពអឺរ៉ុប នឹងពិចារណាផ្តល់ឋានៈអនុគ្រោះពន្ធទាំងស្រុងដល់កម្ពុជាវិញ។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់អង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា សហភាពអឺរ៉ុប និងអាមេរិកនៅតែជាទីផ្សារនាំចេញអាទិភាពរបស់កម្ពុជា ដោយមិនអាចបដិសេធបានទេ។ លោកយល់ថា បើរដ្ឋាភិបាលប្រកាន់ជំហរមិនធ្វើតាមសំណើរបស់អឺរ៉ុបទាក់ទងនឹងការលើកកម្ពស់លក្ខខណ្ឌសិទ្ធិមនុស្ស សិទ្ធិការងារ និងបរិយាកាសប្រជាធិបតេយ្យទេ នោះកម្ពុជានឹងខាតបង់អត្ថប្រយោជន៍ជាច្រើនដែលប៉ះពាល់ដល់ក្រុមអ្នកវិនិយោគ ចង្វាក់ផលិតកម្មនាំចេញ និងការបញ្ជាទិញធ្វើឱ្យកម្មកររោងចក្រជាច្រើនត្រូវប្រឈមនឹងអត់ការងារដោយសាររោងចក្រកាត់បន្ថយកម្មករ និងបិទរោងចក្រមិនដំណើរការជាដើម។
លោក ឃុន ថារ៉ូ៖ «ការទទួលបានប្រពន្ធអនុគ្រោះពន្ធនេះ វាគឺជាកត្តាកិត្តិយសកេរ្តិ៍ឈ្មោះសម្រាប់ប្រទេសកម្ពុជា ក្នុងការនាំចេញទៅទីផ្សារដែលមានលក្ខណៈធ្វើឱ្យប្រសើរនូវសិទ្ធិមនុស្ស សិទ្ធិការងារ ហើយស្ថានភាពទាំងអស់នេះមិនមែនចំណេញរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកទេ វាធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច ការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា ពីព្រោះលក្ខណៈវិនិច្ឆយទាំងអស់នោះមិនមែនជាការដោះដូរទទួលបានលក្ខខណ្ឌណាមួយដើម្បីជាសម្ពាធទេ វាជាកាតព្វកិច្ចដែលមានកំណត់ក្នុងគោលការណ៍អន្តរជាតិ និងគោលការណ៍ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខណៈវិនិច្ឆយសម្រាប់ប្រទេសកម្ពុជា»។
នៅដើមឆ្នាំ២០២៣នេះ មានរោងចក្រចំនួន១០ បានបិទទ្វារ ខណៈរោងចក្រចំនួន៧១ ព្យួរកិច្ចសន្យាការងារ និងរោងចក្រ ៦០ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក ដែលនាំឱ្យប៉ះពាល់ដល់កម្មករជាង៣ម៉ឺន ២ពាន់នាក់ (៣២.០០០) និងច្រើននាក់ទៀតបានបាត់បង់ការងារធ្វើទាំងស្រុងតែម្ដង។
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ឱ្យដឹងថា ពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ កន្លងទៅ មានទំហំជាទឹកប្រាក់ជាង ៤ពាន់ ៨រយលានដុល្លារ (៤.៨៥៧ លានដុល្លារ) គឺកើនឡើងជិត១៦% បើធៀបនឹងឆ្នាំ២០២១។ ក្នុងឆ្នាំ២០២២ដដែល កម្ពុជាបាននាំចេញទំនិញទៅដាក់លក់នៅទីផ្សារសហភាពអឺរ៉ុបក្នុងតម្លៃសរុបរហូតដល់ជាង ៤ពាន់លានដុល្លារ ខណៈកម្ពុជាទិញពីអឺរ៉ុបវិញ បានត្រឹមតែជាង ៨០០ លានដុល្លារ (៨១២ លានដុល្លារ) ប៉ុណ្ណោះ។
ខុសពីមិត្តដែកថែបចិន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នៅតែជាទីផ្សារទិញទំនិញដ៏ធំបំផុតចំនួនពីររបស់កម្ពុជា ដែលកម្ពុជារកស៊ីចំណេញខ្លាំង។ ផ្ទុយទៅវិញ មិត្តដែកថែបចិនមិនបានផ្តល់ផលចំណេញច្រើនដល់កម្ពុជាឡើយ ដោយចិនពូកែតែខាងយកទំនិញរបស់ខ្លួនមកលក់ឱ្យខ្មែរ គឺរហូតដល់ទៅជិត ១ម៉ឺនលានដុល្លារ ខណៈប្រទេសនេះទិញទំនិញពីកម្ពុជាវិញបានត្រឹមតែជាង ១ពាន់ ២រយលានដុល្លារប៉ុណ្ណោះ។
បើទោះបីលោក ហ៊ុន សែន អះអាងថា សេដ្ឋកិច្ចកម្ពុជាមានកំណើន និងមិនត្រូវការប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបយ៉ាងណាក្តី តែបច្ចុប្បន្នរដ្ឋាភិបាលរបស់លោកនៅតែមិនអាចរស់ដោយខ្លួនឯងបាន ក្រៅតែពីការរំពឹងលើការខ្ចីបុល និងត្រូវការជំនួយពីបរទេសជាង ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីរស់។ ចំណែកកម្មករនៅតាមរោងចក្រសហគ្រាសវិញនៅតែរងផលប៉ះពាល់ពីការបាត់បង់ការងារ និងការកាត់បន្ថយម៉ោងធ្វើការ រីឯផលិតផលកសិកម្មរបស់កសិករគ្មានទីផ្សារ ដែលធ្វើឱ្យពួកគេបង្ខំចិត្តរស់នៅក្នុងជីវភាពលំបាកលំបិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។