លោក ហ៊ុន សែន សុំ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​អនុគ្រោះ​ថែម​ទៀត​ដល់​កម្មករ​ដែល​ត្រូវ​​ព្យួរ​ពី​ការងារ

ដោយ អាស៊ីសេរី
2020.03.09
ហ៊ុន សែន 030920 លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ផ្លូវ​ជាតិ​លេខ៥៥ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ១០ នៅ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៩ មីនា​នេះ ​បញ្ជា​ឱ្យ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​បើក​កិច្ច​ប្រជុំ​បន្ទាន់ ដើម្បី​រក​មធ្យោបាយ​ជួយ​ដល់​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ពី​ការងារ។ ជាមួយ​គ្នា​នេះ លោក​ថា ប្រទេស​ចិន​បាន​ដឹក​វត្ថុធាតុ​ដើម​មក​កម្ពុជា​ហើយ ដើម្បី​បំពេញ​តម្រូវ​ការ​រោងចក្រ​មួយ​ចំនួន​​ដែល​កំពុង​ខ្វះខាត​វត្ថុធាតុ​ដើម​ផលិត។ សហជីព​ឯករាជ្យ​គាំទ្រ​វិធាន​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដោះស្រាយ​កម្មករ​ដែល​កំពុង​ជួប​បញ្ហា ប៉ុន្តែ​ថា ក្នុង​រយៈពេល​វែង រដ្ឋាភិបាល​ក៏​ត្រូវ​ប្រឹង​ប្រែង​រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប​ផង​ដែរ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ស្នើ​ដល់​​ដល់​ស្ថាប័នរដ្ឋ និង​វិស័យ​​ឯកជន​ ឱ្យ​ផ្ដល់​ការ​អនុគ្រោះ​បន្ថែម​ទៀត​ដល់​កម្មករ​កាត់​ដេរ ដែល​ត្រូវ​បាន​​​ព្យួរ​ពី​ការងារ ដែល​លោក​អះអាង​ថា មាន​ចំនួន​តិច​ជាង ២ម៉ឺន​នាក់។

លោក​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ​ កុំ​ឱ្យ​ឆ្លៀត​ឱកាស​នៃ​ការ​ព្យួរ​ការងារ​នេះ​ ទៅ​ជា​លុប​ចោល​កិច្ចសន្យា​ការងារ​របស់​កម្មករ។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ពន្យារ​ពេល​សម្រាប់​ការ​សង​បំណុល ឬ​មិន​យក​ការប្រាក់​ពី​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ពី​ការងារ​រហូត​ដល់​ពួកគាត់​មាន​ការងារ​ធ្វើ​វិញ។ ម្យ៉ាង​វិញ​ទៀត លោក​សំណូម​ពរ​ដល់​ម្ចាស់​បុរី ឬ​ម្ចាស់​ផ្ទះ ដែល​លក់​ផ្ទះ​បង់​រំលស់​ឱ្យ​កម្មករ និង​បុគ្គលិក​សណ្ឋាគារ មិន​ត្រូវ​ផ្ដាច់​កុង​ត្រា​ក្នុង​ពេល​ពួក​គេ​ត្រូវ​ព្យួរ​ពី​ការងារ​នោះ​ឡើយ ប៉ុន្តែ​ត្រូវ​ពន្យារពេល​បង់​ប្រាក់​វិញ។ លើស​ពី​នេះ​ទៅទៀត លោក​ប្រាប់​ឱ្យ​អគ្គិសនី​កម្ពុជា និង​រដ្ឋាករ​ទឹក​ អនុញ្ញាត​ឱ្យ​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ពី​ការងារ អាច​ជំពាក់​ថ្លៃ​ទឹក​ភ្លើង​សិន ដោយសារ​ពួក​គេ​កំពុង​ខ្វះខាត​ជីវភាព៖ «ឧទាហរណ៍​ថា គ្នា​ដល់​ពេល​សង អ៊ីចឹង​ពន្យារពេល​សង​បន្តិច ហើយ​បើ​ត្រូវ​បង់​ការ​ប្រាក់​ប្រចាំខែ លើក​លែង​ឱ្យ​ទៅ​ក្នុង​រយៈពេល​ដែល​គ្នា​ត្រូវ​ព្យួរ​ការងារ​នេះ។ សូម​ឱ្យ​យោគ​យល់ ហើយ​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ គឺ​មាន​មិន​ដល់​២ ម៉ឺន​នាក់​ទេ»

ទាក់​ទង​នឹង​ដំណោះស្រាយ​រឿង​កង្វះ​ខាត​វត្ថុធាតុ​ដើម​វិញ លោក ហ៊ុន សែន អះអាង​ថា ភាគី​ចិន​បាន​ប្រើ​នាវា​ចំនួន ៧គ្រឿង ដើម្បី​ដឹកទំនិញ​មក​ផ្គត់ផ្គង់​ដល់​រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា​ដែល​កំពុង​ជួប​បញ្ហា​​ខ្វះខាត​វត្ថុធាតុដើម។ លោក​បញ្ជាក់​ថា នាវា​ចំនួន៥ គ្រឿង ត្រូវ​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ ហើយ​​២ គ្រឿង​ទៀត​ត្រូវ​​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ហូជីមិញ ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម។ លោក​ថា មូលហេតុ​ដែល​នាវា ២គ្រឿង​នោះ ត្រូវ​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ហូជីមិញ ដោយសារ​វត្ថុ​ធាតុ​ដើម​ទាំងនោះ ត្រូវ​ផ្គត់ផ្គង់​ឱ្យ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វាយ​រៀង៖ «ថ្ងៃនេះ ចាប់​ផ្ដើម​ចូល​ជើង​ទី​មួយ ស្អែក​ចូល​ជើង​ទីពីរ ហើយ​បើ​តាម​ព័ត៌មាន​មិត្ត​ចិន​ឱ្យ​ដឹង នាវា ៧គ្រឿង​នេះ មិន​មែន​ដឹក​ត្រឹម​ខែ៣ នេះ​ទេ ដឹក​រហូត​ដល់​ខែ៥ រហូត​ដល់​សភាពការណ៍​ធូរ​ស្រាល»

អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន អ្នក​នាំ​ពាក្យ​សាលាខេត្ត​ លោក ឃាង ភារម្យ និង​អគ្គនាយក​គយ លោក គុណ ញឹម ជាច្រើន​ដង​តាម​ទូរស័ព្ទ ដើម្បី​សាកសួរ​ថា តើ​នាវា​ទាំងនោះ​បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ហើយ​ ឬនៅ ក៏​ប៉ុន្តែ​ពួក​លោក​មិន​លើក​ទូរស័ព្ទ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ប្រសិន​បើ​វត្ថុធាតុ​ដើម​ទាំងនេះ អាច​មក​ដល់​កម្ពុជា​ដូច​ការ​ប្រកាស​របស់​លោក ហ៊ុន សែន មែន នោះ​បញ្ហា​រោងចក្រ​ខ្វះខាត​វត្ថុធាតុ​ដើម​ នឹង​ដោះស្រាយ​បាន​មួយ​កម្រិត។ ទោះ​ជា​យ៉ាង​ណា លោក​យល់ថា វត្ថុ​ធាតុ​ដើម​​ទាំង​នោះ​ប្រហែល​ជា​មិន​គ្រប់​គ្រាន់​ទេ ហេតុ​នេះ​ទើប​លោក ហ៊ុន សែន អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ មិន​ឱ្យ​លុប​ចោល​កិច្ច​សន្យា​ការងារ​របស់​កម្មករ ដែល​ត្រូវ​បាន​ព្យួរ​ពី​ការងារ។ លោក​យល់​ស្រប​នឹង​​តួលេខ​ដែល​លោក ហ៊ុន សែន លើក​ឡើង​ថា មាន​កម្មករ​តិច​ជាង ២ម៉ឺន​នាក់ ដែល​ប៉ះពាល់​ពី​ការ​ព្យួរ​ការងារ ដោយសារ​ខណៈ​នេះ​ទើប​តែ​ជាដើម​​ខែ​នៅ​ឡើយ ក៏​ប៉ុន្តែ​ប្រសិន​បើ​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ នោះ​ផល​ប៉ះពាល់​នឹង​មាន​ច្រើន​​ជាង​នេះ៖ «តាម​ការ​វាយ​តម្លៃ​របស់​ក្រសួង​ថា នៅ​ក្នុង​ខែ​មីនា នេះ ត្រូវ​មាន​រោងចក្រ​ប្រមាណ ២រយ (២០០) រោងចក្រ ហើយ​និង​កម្មករ​ប្រមាណ​ជា ១៦ម៉ឺន ប៉ុន្តែ​ឥលូវ​នេះ យើង​ទើប​តែ​ចូល​សប្ដាហ៍​ទី​មួយ​នៃ​ខែ​មីនា​ទេ។ ដូច្នេះ ការ​វាយ​តម្លៃ​របស់​លោកនាយក​រដ្ឋ​មន្ត្រី​មក​ដល់​ថ្ងៃនេះ ប្រហែល​ជា ២ម៉ឺន​នាក់​ហ្នឹង មិន​ខុស​ទេ ប៉ុន្តែ​នៅ​រយៈ​ពេល​ជាង​កន្លះ​ខែ​ទៀត យើង​មិន​ដឹង​ថា តើ​មាន​រោង​ចក្រ​ណា​ដាក់​ពាក្យត្រូវ​​ព្យួរ​ប៉ុន្មាន​ទៀត​ទេ»

អាស៊ី​សេរី​បាន​ព្យាយាម​​ទាក់ទង​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ពី​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ ជា​ច្រើន​ដង​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី៩ មីនា ប៉ុន្តែ​​ទូរស័ព្ទ​ចូល​ ពុំ​មាន​អ្នក​ទទួល ចំណែក​អគ្គលេខាធិការ​រង​សមាគម​ស្បែក​ជើង​ លោក ងួន ចាន់ណារ៉ា វិញ ក៏​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា។

ពាក់ព័ន្ធ​នឹង​វិធានការ​ជួយ​សម្រាល​បន្ទុក​របស់​កម្មករ​វិញ លោក រ៉ុង ឈុន យល់​ថា នេះ​​ជា​រឿង​ល្អ​ប្រសើរ ប្រសិន​បើ​រដ្ឋាភិបាល​អាច​ធ្វើ​បាន​ដោយ​មាន​​ប្រសិទ្ធភាព​មែន​នោះ ជាពិសេស​ជុំ​វិញ​​ការ​ស្នើ​ឱ្យ​​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ពន្យារ​ពេល​សម្រាប់​ការ​សងបំណុល ឬ​មិន​គិត​ការប្រាក់​អំឡុង​ពេល​កម្មករ​ត្រូវ​ព្យួរ​ពី​ការងារ។ លោក​ស្នើ​បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​អនុគ្រោះ​ កុំ​យក​ថ្លៃ​ទឹក​ភ្លើង​ពី​កម្មករ​តែ​ម្ដង​​ អំឡុង​ពេល​ពួក​គាត់​ត្រូវ​ព្យួរ​ពី​ការងារ៖ «យើង​មើល​ទៅ​​ចំណុច​ដែល​ចាំបាច់​ទាក់ទង​ទៅ​នឹង​បញ្ហា​លុយ​កាក់​ជាប់​នៅ​ធនាគារ​ហ្នឹង ហើយ​បើ​រដ្ឋាភិបាល​មាន​ផែន​ការ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ហើយ គ្រាន់​តែ​យើង​ចង់​ធ្វើ​ម៉េច​ឱ្យ​ចំណាត់​ការ​ហ្នឹង​មាន​ប្រសិទ្ធភាព​សម្រាប់​បង​ប្អូន​កម្មករ-កម្មការិនី​ទៅ»

នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) លោក ផល វ៉ាន់ឌី ឱ្យ​អាស៊ី​សេរី​ដឹង​ថា សមាគម​មីក្រូហិរញ្ញវត្ថុ និង​សមាគម​ធនាគារ គាំទ្រ​សេចក្ដី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​វិធានការ​ទប់​ទល់​នឹង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ និង​សង្គម ដែល​កើត​ចេញ​មក​ពី​វិបត្តិជំងឺកូវីដ១៩ (COVID-19) ។ លោក​បញ្ជាក់​ថា ខាង​សមាគម​​បាន​ស្នើ​ឱ្យ​​​សមាជិក​របស់​ខ្លួន គប្បី​រក្សា​ភាព​ទន់ភ្លន់ និង​ពិនិត្យ​តាម​លទ្ធភាព​ជាក់​ស្ដែង​ក្នុង​ការ​ដោះស្រាយ​បំណុល​យឺតយ៉ាវ​ ដែល​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​នៃ​ជំងឺកូវីដ១៩។ លោក​អះអាង​ថា សមាគម​​នឹង​ជួប​ជាមួយ​សមាជិក​របស់​ខ្លួន​បន្ថែម​ទៀត​ ដើម្បី​ជជែក​ពី​​លទ្ធភាព​ជាក់​ស្ដែង​ក្នុង​ការ​អនុវត្ត​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា៖ «សេចក្ដី​ថ្លែងការណ៍​របស់​សម្ដេច​នាយក លោក​បាន​ប្រកាស​ព្រឹក​មិញ​នេះ គឺ​​ជា​ព័ត៌មាន​បន្ថែម​ទៀត ដែល​សមាគម​នឹង​មាន​កិច្ច​ប្រជុំ​ជាមួយ​សមាជិក​យើង​បន្ថែម​ទៀត​អំពី​លទ្ធភាព​ចាំបាច់ ប្រឹង​ឱ្យ​អស់​លទ្ធភាព​ក្នុង​ការ​អនុវត្ត​កិច្ច​ការ​នេះ​ដោយ​ស្មារតី​យោគ​យល់​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់»

កាល​ពី​ពេល​ថ្មីៗ នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សម្រេច​លើក​លែង​ពន្ធ​​ចំនួន ៦ខែ​ដល់ ១ឆ្នាំ ពី​រោងចក្រ​កាត់​ដេរ​ណា ដែល​ជួប​បញ្ហា​ខ្វះ​ខាត​វត្ថុធាតុ​ដើម​ និង​រង​ផល​ប៉ះពាល់​ពី​ការ​ដក EBA។ តាម​រយៈ​សេចក្ដី​សម្រេច​នេះ ម្ចាស់​​រោងចក្រ​ទាំង​នោះ ក៏​ត្រូវ​​រួច​កាតព្វកិច្ច​បង់​វិភាគទាន​ចូល​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (បសស) ក្នុង​អំឡុង​ពេល​ព្យួរ​អាជីវកម្ម​របស់​ខ្លួន​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី រោងចក្រ​ដែល​ផ្អាក​​​ផលិតកម្ម​រយៈ​ពេល​ខ្លី ​ដោយ​​ខ្វះ​វត្ថុធាតុ​ដើម​នោះ ត្រូវ​បង់​ថវិកា ៤០% ហើយ​រដ្ឋាភិបាល​នឹង​ជួយ​ចេញ ២០% បន្ថែម​ទៀត នៃ​ប្រាក់​ខែ​គោល​ចំនួន ១៩០ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​កម្មករ​ដែល​រង​ការ​ព្យួរ​ការងារ។ វិធានការ​នេះ នឹង​ជួយ​ដល់​កម្មករ​ដែល​រង​ការ​ព្យួរ​ការងារ​​ ឱ្យ​​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រហែល ១២០ដុល្លារ​អាមេរិក សម្រាប់​រយៈ​ពេល ៦ខែ ដើម្បី​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បន្ថែម និង​អំឡុង​ពេល​រក​ការងារ​ថ្មី។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន យល់​ថា រាល់​វិធានការ​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​នេះ សុទ្ធ​សឹង​តែ​ជា​​ដំណោះស្រាយ​ក្នុង​រយៈពេល​ខ្លី និង​សម្រាប់​កម្មករ​ដែល​កំពុង​ប៉ះពាល់​ពី​រឿង​ព្យួរ​ការងារ ក៏​ប៉ុន្តែ​លោក​ថា រឿង​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​ប្រឹង​ប្រែង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឱ្យ​បាន ដើម្បី​ធានា​និរន្តរភាព​ការងារ​សម្រាប់​កម្មករ​រោងចក្រ និង​អ្នក​ទទួល​ផល​ពី​វិស័យ​កាត់ដេរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។