ការបូមប្រេង​​នៅ​​អណ្ដូង​អប្សរា ឬប្លុក A បរាជ័យ

0:00 / 0:00

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសទទួលស្គាល់ថា ការបូមប្រេងនៅប្លុក A បរាជ័យ ក្រោយក្រុមហ៊ុន​ប្រេង គ្រីសអិនណឺជី (KrisEnergy) ប្រកាស​​ក្ស័យ​ធន។ អ្នក​ឃ្លាំមើល​បរិស្ថាន​ថា បទពិសោធន៍​​របស់​​ក្រុមហ៊ុន​​នេះ​​អាច​​ជា​គំរូមិន​ល្អធ្វើ​ឱ្យក្រុមហ៊ុន​​ផ្សេង​ទៀត​​ពិបាក​ នឹង​​ចូល​មក​​វិនិយោគ​​វិស័យ​​ប្រេ​ង​​នៅ​​កម្ពុជា​​នៅ​ថ្ងៃមុខ​ និង​​ថែម​ទាំង​​អាច​ប៉ះពាល់​ដល់​វិស័យ​បូមប្រេង​នៅ​កម្ពុជា ក្នុងពេលអនាគត។

នៅពេល​ដែល​ក្រុមហ៊ុន​ប្រេង​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហបូរី (Singspore) គ្រីសអិនណឺជី (KrisEnergy) កំពុង​ដំណើរការ​រឿងក្ដី​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​ក្ស័យធន លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី១ ខែសីហា បានប្រកាស​ទទួល​ស្គាល់​ថា ដំណើរ​ការបូបប្រេង​នៅ​ពេលនេះ ​គឺ​ត្រូវ​បរាជ័យ៖ «ឥឡូវ​សូមនិយាយ​តិចអារឿង​ហ្នឹង​ទៅចុះ ២៩​ធ្នូ ដែលយើង​សង្ឃឹមថាបាន៥៧០០ បារ៉ែល ទីចុង​បំផុត​១ថ្ងៃ​បាន​តែ​១០០០ បារ៉ែល។ ឥឡូវ​ក្រុមហ៊ុន​ហ្នឹង​ក្ស័យធន វាបូក​ថែមទាំង​អាកប៉ាល់​ដែល​យើង​បូម​ដាក់​វារត់ចេញ​ទៅ​បាត់ទៅ យើង​ទប់​វា​មិនទាន់​ចូល​ដល់​ដី​ថៃ​រួចហើយ​គេមាន​មេធាវី​របស់​គេ អានោះ​វា​ជួល​កប៉ាល់​ម៉ោទុក។ ឥឡូវ​វា​យក​ទាំង​​ប្រេង​ទៅ​បាត់​អស់​រលីង បាត់អស់​អាប្រេង​ហ្នឹង។ ប៉ុន្តែ​ដោយ​ប្លុកប្រេង​វា​នៅ​ច្រើន យើង​នៅ​បន្ត​ការខិតខំ ដើម្បី​បន្តការរុករក​នឹង​ធ្វើ​អាជីវកម្ម»។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំការឆ្លើយតប​ពីក្រុមហ៊ុនគ្រីសអិនណឺជី ( KrisEnergy) ចំពោះ​ការចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន នេះ​បាន​នៅ​ឡើយ​ទេ​គិត​មក​ដល់​ថ្ងៃទី២ ខែ​សីហា​នេះ។

ក្រុមហ៊ុន Kris​Energy នៅពេល​នេះ​កំពុង​ដំណើរ​ការរឿង​ក្ដី​នៅ​តុលាការ​ក្រោយ​ប្រកាស​ក្ស័យធន​ដោយសារ​បំណុល។ ក្រុមហ៊ុន​នេះ​ប្រកាស​កាល​ពី​ថ្ងៃ​ទី៤ ខែមិថុនា ថា​ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​សង​បំណុល ទាំង​បំណុល​ដែល​អាច​កើន​ឡើង និង​កំពុង​ជំពាក់​ជាក់ស្តែង។ ក្រុមហ៊ុន​ថា មូលហេតុចម្បង​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ទៀត ដែលធ្វើឱ្យក្រុមហ៊ុន​ប្រកាសក្ស័យធន​នោះ​ គឺ​ការធ្លាក់ចុះ​កម្រិតប្រេង ដែល​រក​ឃើញ​នៅ​អណ្ដូង​អប្សរា ឬ​ប្លុកA នៅ​កម្ពុជា។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោកអាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ថ្លែង​ថា​ បទពិសោធន៍ដែល​ក្រុមហ៊ុន Kris​Energy ជួប​ប្រទះ​នៅ​កម្ពុជា​អាច​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​ត្រឹមត្រូវ​មិនហ៊ាន​មក​វិនិយោគ​លើ​វិស័យ​ប្រេង​នៅ​កម្ពុជា៖ «ក្នុង​វិស័យ​ប្រេងកាត​មួយនេះ ​គឺ​មិនងាយ​ក្រុមហ៊ុន​ណាមួយ​មក​ជំនួស​ក្រុមហ៊ុន Kris​Energy ​នៅពេល​អនាគតទេ។ មូលហេតុ ដែល​មិនងាយ​មាន​ហ្នឹង​ គឺ​ទី១ ហាក់ដូចជា​ចំនួន​ប្រេង​នៅ​កម្ពុជា​ គឺ​មាន​ប្រេង​កាត់តិចពេក។ ទី២ តម្លៃ​នៅ​ទីផ្សារ​ទាប​នៅឡើយ អត់ទាន់​ឡើង​នៅឡើយទេ អាចនិយាយ​ថា ថោក​ពេក​សម្រាប់​ចំណេញ។ កត្តាទី៣​ គឺ​ពុករលួយ។ នៅប្រទេស​កម្ពុជា​ឱ្យ​តែ​ក្រុមហ៊ុនណា​ចង់​ពាក់ព័ន្ធ​ជាមួយ​ក្រសួងរ៉ែ និង​ថាមពល ​គឺ​ត្រូវតែមាន​ការសូកប៉ាន់។ ឧបសគ្គ​ទី៤​សម្រាប់​ក្រុមហ៊ុន គឺ​អ្វី​ដែល ​Kris​Energy បាន​ឆ្លង​កាត់ ក្រោយ​ពី​ក្ស័យធន ក្រោយ​ពី​បូម​ប្រេង​មិន​បាន​គ្រប់គ្រាន់​ហ្នឹង​ គឺ​ប្រមុខ​រដ្ឋាភិបាល​ប្រកាស និង​គំរាម​ជាសាធារណៈ។ នេះ​ជា​ឧបសគ្គ​ធំ​ណាស់​សម្រាប់​ក្រុមហ៊ុន»។

ក្រុមហ៊ុន KrisEnergy បាន​រកឃើញតំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នៅ​ចុង​ឆ្នាំ ២០២០ ប៉ុន្តែ​លទ្ធផល​នៃ​កម្រិត​បរិមាណ​ប្រេងដែលបូម​​ពី​​អណ្តូង​​សាកល្បង​​ចំនួន ៥​នៅប្លុកA មិន​ដូច​អ្វី​ដែល​បាន​រំពឹង​ទុក។ ដំបូង​ក្រុមហ៊ុន​នេះ​ថា អាច​បូម​ប្រេងបាន​ជាង៧ពាន់ធុង (៧.៥០០) ក្នុង​មួយ​ថ្ងៃ តែ​ជាក់ស្ដែង​បូម​បាន​មិន​ដល់​៣ពាន់​ធុង (២.៨៨៣ធុង) ផង ហើយនៅថ្ងៃទី១ សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ក្រុមហ៊ុន KrisEnergy នេះ បូម​១ថ្ងៃ​បាន​តែ​១០០០ បារ៉ែល ឬធុង ប៉ុណ្ណោះ។

តែទោះជាយ៉ាង​​ណា​​ អាជ្ញាធរ​​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ពិធី​តម្កល់​ដំណក់ប្រេង​លើកដំបូង​​កាល​ពីថ្ងៃទី​ ៩ ខែមិថុនា គឺ​នៅស្រប​ពេល​គ្នា ដែល​ក្រុមហ៊ុន​ KrisEnergy ​ប្រកាស​ក្ស័យ​ធន​តែម្ដង។ តំណក់​ប្រេង​ដំបូង​នោះ​ ត្រូវ​​នាំ​ទៅ​រក្សា​ទុក​នៅ​វិមាន​ឈ្នះឈ្នះ។ លើសពីនេះ​កម្ពុជា​ធ្លាប់​គ្រោង​ទុក​ថា នឹង​ប្រឹងប្រែង​​ឱ្យ​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ​ទៅ​ទីផ្សារ​អន្តរជាតិ​ថែមទៀតផង។ យ៉ាងនេះក្ដី ​អ្នកបរិស្ថាន និងអង្គការសង្គម​ស៊ីវិល​ពាក់ព័ន្ធ​​ តែង​តែ​បារម្ភ​ពី​ការហិនហោច​សម្បត្តិ​ធម្មជាតិ ធនធាន​កម្រ​របស់​ជាតិ ​នៅ​ពេល​ដែល​អាជីវកម្ម​ប្រេង​ត្រូវ​មើលឃើញ​ថា ធ្វើ​ឡើង​ដោយ​​គ្មាន​តម្លាភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។