លោក ហ៊ុន សែន ស្នើ​ឲ្យ​មន្ត្រីជាន់ខ្ពស់ UNDP បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​សកម្មភាព​សម្អាត​មីន

ដោយ ទីន ហ្សាការីយ៉ា
2022.09.24
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន ស្នើ​ឲ្យ​មន្ត្រីជាន់ខ្ពស់ UNDP បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​សកម្មភាព​សម្អាត​មីន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​ លោក Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ។ កាលពីថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​តំណាង​ជាន់ខ្ពស់​នៃ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) ស្នើសុំ​ជួយ​បន្ត​គាំទ្រ​សកម្មភាព​ដោះ​មីន ដើម្បី​ឲ្យ​សម្រេច​គោលដៅ​គ្មាន​គ្រាប់មីន​នៅ​កម្ពុជា​នៅ​ត្រឹម​ឆ្នាំ​២០២៥​ខាង​មុខ។

លោក ហ៊ុន សែន បាន​ជួប​អភិបាល​UNDP លោក អេជីម សៃណឺ Achim Steiner កាលពី​ថ្ងៃទី​២២​កញ្ញា ខណៈ​លោក​ទៅ​ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​បុរី​ញូវយ៉ក​លើក​ទី​៧៧។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា កម្ពុជា​កំពុង​ជំរុញ​គោលនយោបាយ​គ្មាន​មីន​នៅ​ឆ្នាំ ២០២៥ ហើយ​កម្ពុជា​ត្រូវការ UNDP ជួយ​គាំទ្រ​គម្រោង​នេះ​។ លោក អេជីម សៃណឺ បាន​ឆ្លើយ​តប​ថា «UNDP នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត ជាពិសេស​លើ​វិស័យ​ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។ UNDP នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ជាពិសេស​លើ​ផែនការ​ដោះ​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ​។ លោក​បន្ដ​ថា អង្គការ UNDP នឹង​បន្ត​ជួយ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ជាពិសេស​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន ហើយ​ធ្វើ​យ៉ាងណា​ជំរុញ​យុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ឱ្យ​បាន​ខ្ពស់​បំផុត។

រយៈពេល ៣០​ឆ្នាំ​មកនេះ CMAC បាន​បោស​សំអាត សំណល់​យុទ្ធភណ្ឌ​សេសសល់​ពី​សង្គ្រាម រួម​មាន គ្រាប់មីន ប្រមាណ​ពី ៤-៦ លាន​គ្រាប់ គ្រាប់បែក​ចង្កោម​ទម្លាក់​ពី​យន្តហោះ​ប្រមាណ ៣០ លាន​កូន​គ្រាប់ និង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ទម្ងន់​សរុប​ជិត ៣​លាន​តោន (២ លាន ៧៨ ម៉ឺន​តោន​) និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដទៃទៀត​យ៉ាងច្រើន​។ ចាប់ពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​២​ម៉ឺន​នាក់​បាន​ស្លាប់ ដោយសារ​គ្រាប់មីន និង​រង​របួស​ព្រមទាំង​ពិការ​ដៃជើង ជាង​៤​ម៉ឺន​៥​ពាន់​នាក់ (៤៥,០៤៩) ផ្សេងទៀត។

រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​បោសសម្អាត​មីន ឲ្យ​អស់ពី​កម្ពុជា ត្រឹម​ឆ្នាំ ២០២៥ ដោយ​ត្រូវការ​ថវិកា​ប្រមាណ​ជិត ៣​រយ​៨០ លាន​ដុល្លារ​អាមេរិក (៣៧៧) សម្រាប់​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម នៅ​លើ​ផ្ទៃដី​ប្រមាណ ៨០៦​គីឡូម៉ែត្រ​ការ៉េ។

ក្នុង​ឱកាសលោក ហ៊ុន ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​បុរី​ញូវយ៉ក​នេះ​ដែរ លោក​បាន​ឆ្លៀត​ជួប និង​អញ្ជើញ​អគ្គលេខាធិ​ការ​អង្គការសហប្រជាជាតិ លោក Antonio Guterre ឲ្យ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា ដែល​នឹង​ធ្វើឡើង​នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​។​

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ក្រោយពី​ជំនួប​នោះ​ថា លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នឹង​ពិចារណា​ថា តើ​នឹង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នា​អាស៊ាន​នៅពេល​ខាងមុខនេះ ឬ​យ៉ាងណា ពីព្រោះ​កន្លង​កន្លងមក លោក​ក៏​ធ្លាប់​មក​ទ​ប្រទេស​កម្ពុជា​ដែរ ក្នុងនាម​ជា​អ្នក​ទេសចរណ៍​។ ហ្វេ​ស​ប៊ុ​ក លោក ហ៊ុន សែន សរសេរ​បន្ត​ថា លោក អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការសហប្រជាជាតិ និង​អាស៊ាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។