លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបតំណាងជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ស្នើសុំជួយបន្តគាំទ្រសកម្មភាពដោះមីន ដើម្បីឲ្យសម្រេចគោលដៅគ្មានគ្រាប់មីននៅកម្ពុជានៅត្រឹមឆ្នាំ២០២៥ខាងមុខ។
លោក ហ៊ុន សែន បានជួបអភិបាលUNDP លោក អេជីម សៃណឺ Achim Steiner កាលពីថ្ងៃទី២២កញ្ញា ខណៈលោកទៅចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំនៅបុរីញូវយ៉កលើកទី៧៧។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា កម្ពុជាកំពុងជំរុញគោលនយោបាយគ្មានមីននៅឆ្នាំ ២០២៥ ហើយកម្ពុជាត្រូវការ UNDP ជួយគាំទ្រគម្រោងនេះ។ លោក អេជីម សៃណឺ បានឆ្លើយតបថា «UNDP នឹងបន្តធ្វើការងារជាមួយប្រទេសកម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ UNDP នឹងធ្វើឱ្យកម្ពុជាទទួលបានជោគជ័យជាពិសេសលើផែនការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ។ លោកបន្ដថា អង្គការ UNDP នឹងបន្តជួយប្រទេសដែលកំពុងអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញប្បទាន ហើយធ្វើយ៉ាងណាជំរុញយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគឱ្យបានខ្ពស់បំផុត។
រយៈពេល ៣០ឆ្នាំមកនេះ CMAC បានបោសសំអាត សំណល់យុទ្ធភណ្ឌសេសសល់ពីសង្គ្រាម រួមមាន គ្រាប់មីន ប្រមាណពី ៤-៦ លានគ្រាប់ គ្រាប់បែកចង្កោមទម្លាក់ពីយន្តហោះប្រមាណ ៣០ លានកូនគ្រាប់ និងគ្រាប់បែកទម្លាក់ពីយន្តហោះ ទម្ងន់សរុបជិត ៣លានតោន (២ លាន ៧៨ ម៉ឺនតោន) និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដទៃទៀតយ៉ាងច្រើន។ ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែរប្រមាណជិត២ម៉ឺននាក់បានស្លាប់ ដោយសារគ្រាប់មីន និងរងរបួសព្រមទាំងពិការដៃជើង ជាង៤ម៉ឺន៥ពាន់នាក់ (៤៥,០៤៩) ផ្សេងទៀត។
រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាបោសសម្អាតមីន ឲ្យអស់ពីកម្ពុជា ត្រឹមឆ្នាំ ២០២៥ ដោយត្រូវការថវិកាប្រមាណជិត ៣រយ៨០ លានដុល្លារអាមេរិក (៣៧៧) សម្រាប់បោសសម្អាតគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះ ពីសង្គ្រាម នៅលើផ្ទៃដីប្រមាណ ៨០៦គីឡូម៉ែត្រការ៉េ។
ក្នុងឱកាសលោក ហ៊ុន ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅបុរីញូវយ៉កនេះដែរ លោកបានឆ្លៀតជួប និងអញ្ជើញអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterre ឲ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ដែលនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក ក្រោយពីជំនួបនោះថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងពិចារណាថា តើនឹងមកចូលរួមក្នុងកិច្ចប្រជុំនាអាស៊ាននៅពេលខាងមុខនេះ ឬយ៉ាងណា ពីព្រោះកន្លងកន្លងមក លោកក៏ធ្លាប់មកទប្រទេសកម្ពុជាដែរ ក្នុងនាមជាអ្នកទេសចរណ៍។ ហ្វេសប៊ុក លោក ហ៊ុន សែន សរសេរបន្តថា លោក អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។