មេដឹក​នាំ​របប​​ក្រុង​​ភ្នំពេញ ​ស្នើ​សុំ​​រដ្ឋាភិបាល​ឆែ​ក ​ជួយ​​ពង្រឹង​​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​​ប្រទេស​​ទាំង​ពីរ​​

ដោយ ទីន ហ្សាការីយ៉ា
2021-06-14
Share
មេដឹក​នាំ​របប​​ក្រុង​​ភ្នំពេញ ​ស្នើ​សុំ​​រដ្ឋាភិបាល​ឆែ​ក ​ជួយ​​ពង្រឹង​​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​​ប្រទេស​​ទាំង​ពីរ​​ (ឆ្វេង) ឯកអគ្គរដ្ឋទូតថ្មី​នៃសាធារណរដ្ឋ​ឆែក​ប្រចាំកម្ពុជាលោក ម៉ាទីន វ៉ាវរ៉ា (Martin Vavra) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក SPM

មេដឹកនាំ​របបក្រុង​ភ្នំពេញលោក ហ៊ុន សែន ​ស្នើសុំឲ្យ​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ ​ឆែក​(Czech) ​ជួយ​ពង្រឹងសេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា។ ​

ការស្នើសុំ​បែប​នេះ ​ធ្វើឡើង​ក្នុងពេល​លោក ហ៊ុន សែន ​ទទួល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូតថ្មី​នៃសាធារណរដ្ឋ​ឆែក​ប្រចាំកម្ពុជា​លោក ម៉ាទីន វ៉ាវរ៉ា (Martin Vavra) ​នៅវិមាន​សន្តិភាព​ នៅព្រឹកថ្ងៃ​ទី​១៤ ខែមិថុនា។ ​លោក ហ៊ុន សែន ​​បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ (Facebook) ​របស់​លោកថា​ ​នៅក្នុង​ជំនួប​នោះ លោក​បាន​​ស្នើឲ្យ​ឯកអគ្គរដ្ឋទូតថ្មីរូបនេះ យកចិត្ត​ទុក​ដាក់​ទៅលើការ​ជំរុញ​សហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ វិនិយោគ ​និង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស។

ឯកអគ្គរដ្ឋទូតថ្មី​នៃសាធារណរដ្ឋ​ឆែក​ប្រចាំកម្ពុជា​លោក ម៉ាទីន វ៉ាវរ៉ា​ ប្តេជ្ញាថា ​លោកនឹងធ្វើ​យ៉ាងណា​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឲ្យ​កា​ន់តែ​ធំធាត់ឡើង​បន្ថែម​​ទៀត។ ជាមួយគ្នានេះ ​លោកសន្យាថា ​នឹងប្រឹងប្រែង​ដើម្បី​ជំរុញ​កិច្ចស​ហ​ប្រតិបត្តិការ​លើ​វិស័យ​នយោ​បាយ​ សេដ្ឋកិច្ច​ វិស័យ​ពាណិជ្ជកម្ម ​និង​វិស័យ​វិនិ​យោគ​ ក៏ដូចជា​​ជួយ​កម្ពុជា​លើការ​អភិវឌ្ឍ​ធនធានមនុស្ស​ផងដែរ​។ ប្រទេសទាំងពីរ​ក៏បាន​​ប្តេជ្ញាបង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពិគ្រោះយោបល់​គ្នា​យ៉ា​​​​​​​​​​​​​​​​​​​​​​​​​ងជិតស្និទ្ធក្នុង​ក្របខណ្ឌ​អាស៊ាន ស្របពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធានប្តូរវេន​របស់​អាស៊ាន ហើយ​ប្រទេសឆែក​ធ្វើ​ជា​ប្រធាន​សហភាពអឺរ៉ុប នៅ​ឆ្នាំក្រោយដូចគ្នា។

ការ​ស្វះស្វែង​ពង្រីក​​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ជាមួយ​​ប្រទេស​ឆែក​នៅពេលនេះ​ គឺស្រប​ពេល​របប​លោក​ ហ៊ុន ​សែន​សព្វថ្ងៃ​នេះ ​កំពុង​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​នៅ​លើ​ពិភព​​លោក​ និង​កំពុង​​បាត់បង់​ប្រពន្ធអនុគ្រោះ​ព័ន្ធ​ EBA ​ចំនួន ២០ ភាគរយ ​ពី​សហ​ភាព​អឺរ៉ុប ​ដោយ​សារ​តែ​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍសង្គម​ និង​អ្នកវិភាគ​នយោបាយ​ធ្លាប់លើកឡើងថា លោក ហ៊ុន សែន​ គួរតែ​ស្តារលទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញតាម​អនុ​សា​សន៍​របស់​សហគមន៍​អន្តរជាតិ ​និង​ប្រទេស​មានសក្ដានុពល​ធំៗ​ បើពុំនោះទេ ​ស្ថាន​ភាព​សេដ្ឋកិច្ច​របស់កម្ពុជា​ នឹង​មិនមាន​ស្ថានភាព​ល្អប្រសើ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល