អគារ​ខ្មោច​រាប់​រយ​អគារ​ក្នុង​ក្រុងព្រះសីហនុ​បង្ក​ផល​ប៉ះពាល់​ដល់​អាជីវករ​លក់ដូរ និង​បំផ្លាញ​សោភណភាព​ទីក្រុង

0:00 / 0:00

វត្តមាន​នៃ​សំណង់​អគារ​ខ្មោច ឬ​អគារ​ដែល​អ្នក​ជំនួញ​ចិន​បោះបង់​ចោល​បន្សល់​ទុក​ក្នុង​ក្រុងព្រះសីហនុ​រាប់​រយ​អគារ​មិន​ត្រឹមតែ​បំផ្លាញ​ដល់​សោភណភាព​ទីក្រុង​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ក្រុម​អាជីវករ​លក់ដូរ និង​បង្ក​ឱ្យ​មាន​វិបត្តិសេដ្ឋកិច្ច​ជាតិ។ ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រឹង​ប្រកាស​រក​អ្នក​ជំនួញ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ឱ្យ​មក​ដាក់​ទុន​បន្ត​វិនិយោគ​លើ​ការ​សាងសង់​អគារ​ខ្មោច​ទាំង​នោះ​ក្ដី ក៏​មិន​ទាន់​អាច​ដោះស្រាយ​​អគារ​ខ្មោច​មាន​នៅ​ពាសពេញ​ទីក្រុង​ព្រះសីហនុ​នេះ​បាន​នៅ​ឡើយ។

ក្រោយ​ពេល​អ្នក​ជំនួញ​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ​កាល​ពី​អំឡុង​ឆ្នាំ២០១៩ មាន​សំណង់​អគារ​មិន​ទាន់​សាងសង់​រួចរាល់​រាប់​រយ​អគារ​ស្ថិត​នៅ​ពាសពេញ​ទី​ក្រុង​ព្រះសីហនុ។ ថ្វីបើ​បែប​នេះ​ក្ដី ពលរដ្ឋ​ដែល​ជា​ម្ចាស់​ទឹកដី​ហាក់​បាន​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ចំណាក​ស្រុក​ទៅ​វិញ ដោយ​ត្រូវ​មក​ជួល​ដី​នៅ​ក្បែរ​តំបន់​អគារ​ខ្មោច ដើម្បី​ប្រកប​របរ​អាជីវកម្ម​ដោះស្រាយ​បញ្ហា​បំណុល​ធនាគារ។

ប្រសិន​បើ​ពួកគាត់​មិន​ព្រម​ជួល​ដី ហើយ​ពួកគាត់​ទៅ​លក់ដូរ​នៅ​ទីតាំង​ក្បែរ​តំបន់​អគារ​ដែល​គេ​ទុកចោល​នោះ ពួកគាត់​នឹង​ត្រូវ​ប្រឈម​ការ​គំរាមកំហែង​ពី​សំណាក់​ម្ចាស់​អគារ​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន និង​អាជ្ញាធរ​សណ្ដាប់ធ្នាប់​ក្នុង​ខេត្ត​ព្រះសីហនុ។ ការ​ជួល​ដី ដើម្បី​លក់ដូរ​នៅ​ក្បែរ​តំបន់​អគារ​ខ្មោច​អាច​មាន​តម្លៃ​ចន្លោះ​ពី​ជាង ១រយ​ដុល្លារ (១៥០) ទៅ ៣រយ​ដុល្លារ (៣០០) ក្នុង​មួយ​ខែ។

អ្នក​លក់ដូរ​តាម​រទេះ​នៅ​តំបន់​ឆៃណាថោន (China Town) លោក ធឿន ចំរើន រៀបរាប់​ប្រាប់​វិទ្យុអាស៊ីសេរី​ថា ពី​មួយ​ថ្ងៃ ទៅ​មួយថ្ងៃ​ចំណូល​របស់​លោក​កាន់​តែ​ធ្លាក់​ចុះ ដោយសារ​តែ​ក្រុម​សន្តិសុខ និង​អ្នក​បកប្រែ​ឱ្យ​ជនជាតិ​ចិន​ដេញ​លោក។ លោក​និយាយ​ថា លោក និង​ក្រុម​អាជីវករ​ផ្សេង​ទៀត​ព្យាយាម​រៀប​ចំ​រទេះ​លក់ដូរ​ក្បែរ​តំបន់​អគារ​ខ្មោច ដោយសារ​តែ​ជា​ទី​ប្រជុំ​ជន ហើយ​ក្រុម​បុគ្គលិក និង​កម្មករ​ខ្មែរ​ភាគច្រើន​ធ្វើ​ការ​នៅ​ជិត​ទីតាំង​អគារ​ដែល​គេ​ទុកចោល​នោះ។ ម្យ៉ាង​ទៀត លោក​គិត​ថា ងាយស្រួល​លក់​ទឹក និង​នំ​ចំណី​ដល់​ក្រុម​កម្មករ​ខ្មែរ។

លោក ធឿន ចំរើន៖«គេ​ដេញ​ហ្មង​មិន​ចង់​ឱ្យ​យើង​លក់​ទេ មួយ​ថ្ងៃ​ដេញ ៤ ទៅ ៥ដង ដេញ​យើង​ដូច​គោ ដូច​ក្របី អ៊ីចឹង មក​នៅ​ខាង​នេះ​គេ​អត់​សូវ​ដេញ​ទេ បើ​នៅ​ខាង[ក្បែរ​អគារ​ឆៃណាថោន]នោះ ៥នាទី​មក​ដល់​ឥឡូវ ពួក​បកប្រែ​ចិន គេ​ប្រើ​មើល​ការ​ខុសត្រូវ ដេញ​យើង ពួក​អស់​នេះ​លែង​និយាយ​ហើយ។ ចង់​ស្នើ​ឱ្យ​គ្នា​លក់ដូរ​ផង​ទៅ កុំ​របៀប​ធ្វើ​ការ​ឱ្យ​ចិន រួច​ទៅ​ដេញ​តែ​ខ្មែរ​គ្នា​ឯង។ អត់​មាន​យល់​ខ្មែរ​ផង​ហ្នឹង ពួក​នេះ​បាន​ស៊ី​ប្រាក់​ខែ​ចិន​លែង​ស្គាល់​ខ្មែរ​ហ្មង ស្រួល​ជាន់​ក្បាល​យើង​ទៀត ស្អប់​ត្រង់​ហ្នឹង​ណាស់»។

សម្រាប់​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​ជួល​ដី​ពួកគាត់​ត្រូវ​រៀបចំ​រទេះ ឬ​តូប​តូចៗ ដើម្បី​លក់ដូរ​នៅ​តំបន់​ឆ្ងាយៗ ឬ​តំបន់​ដែល​ពុំ​សូវ​មាន​ពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត​ច្រើន ដែល​ធ្វើ​ឱ្យ​ក្រុម​អាជីវករ​ពុំ​សូវ​រក​ចំណូល​បាន​ច្រើន​ទេ។

ជាក់ស្ដែង ស្ត្រី​កំពុង​អង្គុយ​កោស​សាច់​ដូង​ឱ្យ​កូន​របស់​គាត់​គឺ​លោកស្រី ឆាយ គឹមថន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោកស្រី​មិន​ហ៊ាន​ទៅ​លក់ដូរ​ក្នុង​តំបន់​ឆៃណាថោន និង​តំបន់​អគារ​ដែល​គេ​ទុកចោល​ផ្សេង​ទៀត​ទេ ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ និង​ក្រុម​សន្តិសុខ​ថៅកែ​ចិន​បណ្ដេញ​លោកស្រី ដែល​ធ្វើ​ឱ្យ​ខាត​ទាំង​ចំណូល និង​ពេល​វេលា​រក​ស៊ី។ លោកស្រី​បាន​រៀប​ចំ​រទេះ​លក់​ទឹក និង​ភេសជ្ជៈ​បន្តិចបន្តួច​នៅ​ជាយ​ក្រុងព្រះសីហនុ ប៉ុន្តែ​ពុំ​សូវ​មាន​អ្នក​ចូល​ទិញ​ច្រើន​ទេ។ លោកស្រី​បញ្ជាក់​ថា មួយថ្ងៃ​អាច​រក​ចំណូល​បាន​ប្រហែល ៥ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ។ ចំណូល​តិច​បែប​នេះ លោកស្រី​មិន​អាច​មាន​លទ្ធភាព​ជួល​ផ្ទះ​រស់នៅ​បាន​សមរម្យ​ទេ ដែល​ធ្វើ​ឱ្យ​លោកស្រី និង​ប្ដី​ដែល​ជា​កម្មករ​សំណង់ បង្ខំ​ចិត្ត​សុំ​កន្លែង​ក្នុង​ដីឡូតិ៍​គេ ដើម្បី​សង់​រូង​ប្រក់​កៅស៊ូ​តង់​បាំង​បិទ​ស្ទើរ​តែ​មិន​ជុំ ដើម្បី​ស្នាក់​នៅ​ជុំ​កូន និង​ប្ដី​លោកស្រី។

លោកស្រី ឆាយ គឹមថន៖«ប្រជាពលរដ្ឋ​លក់​តាម​ចិញ្ចឹម​ថ្នល់ ផុត​ពី​ថ្នល់​អ៊ីចឹង​សុំ​កុំ​ឱ្យ​គេ​ដេញ ព្រោះ​ប្រជាពលរដ្ឋ មក​សុទ្ធតែ​អត់​ហើយ ទើប​មក​ស្នាក់​អាស្រ័យ​លក់​តិចតួច​អ៊ីចឹង»។

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ការណ៍​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​តែងតែ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អាជីវករ​បែប​នេះ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន ពុំ​បាន​ផ្ដល់​កិច្ច​គាំពារ​ដល់​ពលរដ្ឋ​ស្រប​ច្បាប់ ខណៈ​អាជ្ញាធរ​បាន​សម្រួល​ឱ្យ​ជនបរទេស​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន​អាច​បើក​ហាង​អាជីវកម្ម​តូច​ធំ​ដោយ​សេរី​ក្នុង​ខេត្ត​នេះ។

អាជីវករ​លក់​តាម​រទេះ​ម្នាក់​ទៀត​គឺ​លោក ម៊ុន ចាន់ឌី ត្អូញត្អែរ​ថា ភ្ញៀវ​ទេសចរ​ក្នុង​ក្រុងព្រះសីហនុ​បច្ចុប្បន្ន​ហាក់​ថមថយ ដែល​ធ្វើ​ឱ្យ​ការ​រក​ស៊ី​របស់​លោក​ពុំ​សូវ​ទទួល​បាន​ចំណូល​ច្រើន​នោះ​ទេ។ លោក​ក៏​មិន​ហ៊ាន​ចត​រម៉ក​លក់ដូរ​ក្បែរ​អគារ​ខ្មោច​នៅ​ម្ដុំ​ទី​ប្រជុំ​ជន​ដែរ ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ​ចាប់​ផាក​ពិនិត្យ​ដោយ​ចោទ​ថា លោក​លក់ដូរ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម។ អាជីវករ​រូប​នេះ បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ក្នុង​ខេត្តកំពង់ស្ពឺ​មក​រកស៊ី​ក្នុង​ក្រុងព្រះសីហនុ​ជិត​កន្លះ​ឆ្នាំ​មក​ហើយ ប៉ុន្តែ លោក​គ្មាន​លទ្ធភាព​ជួល​ផ្ទះ​ស្នាក់​នៅ​ទេ ហើយ​នៅ​ពេល​យប់​លោក​សម្រាក​លើ​រទេះ​លក់​អីវ៉ាន់។

លោក ម៊ុន ចាន់ឌី៖«គេ​បិទ ដូច​ថា គេ​លក់​តែ​កន្លែង​គេ អ៊ីចឹង​អ្នក​ដែល​សុំ​លក់​គឺ​អត់​បាន​ទេ ហើយ​សូម្បី​តែ​យើង​លក់​កៀន​ខាង​ក៏​ដេញ​អត់​ឱ្យ​លក់​កៀន​ខាង​ដែរ ចិន​ដេញ​ហ្មង​ហើយ​ឱ្យ​លក់​តាម​ផ្លូវ កាល​មុន​ខ្ញុំ​លក់​កៀន​ខាង​ចិញ្ចឹម​ផ្លូវ តែ​គេ​ឱ្យ​ខាង​អាជ្ញាធរ​មក​ដេញ​យើង»។

ទាក់ទង​នឹង​រឿង​នេះ វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ និង​លោក ឡុង ឌីម៉ង ដើម្បី​បកស្រាយ​បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែ​ឧសភា។

ចំណែក ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់​គាំង​ក្នុង​ខេត្ត​ព្រះសីហនុ លោក ហ៊ាន សាហ៊ីប ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី៦ ខែ​ឧសភា ថា យន្តការ​ដោះស្រាយ​អគារ​ជាប់​គាំង បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​ប្រឈម​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​ការ​ពេល​វេលា និង​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ជជែក​ដោយ​សន្តិវិធី។

លោក ហ៊ាន សាហ៊ីប៖«យើង​នឹង​ប្រឹង​គ្រប់​រឿង​ទាំងអស់​ដែល​ពាក់ព័ន្ធ​ការ​វិនិយោគ ការ​ធ្វើ​ធុរកិច្ច នៅ​ខេត្ត​ព្រះសីហនុ​យើង​នឹង​ព្យាយាម​ដោះស្រាយ ហើយ​បើ​យើង​ដោះស្រាយ​មិន​បាន​ទេ បញ្ហា​នឹង​ឮ​ដល់​រាជរដ្ឋាភិបាល​ដែល​ជា​អ្នក​ពិនិត្យ​សម្រេច​ចុងក្រោយ។ អត់​កប់​ត្រឹម​ហ្នឹង​ទេ សំខាន់​សុំ​ឱ្យ​ជជែក ពិគ្រោះ​គ្នា អ្នក​ដែល​មាន​បញ្ហា យើង​កុំ​អស់​សង្ឃឹម ឬ​ទុក​បញ្ហា​ហ្នឹង​មិន​ដោះស្រាយ»។

សំណង់​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​សរុប​ជាង ១ពាន់ (១.០០៦) អគារ ក្នុង​នោះ ៣៦២អគារ បាន​ផ្អាក​ការ​សាងសង់ ដោយ​ឡែក​អគារ ១៧៦ ផ្សេងទៀត បើ​ទោះ​បី​ជា​បាន​បញ្ចប់​ការ​សាងសង់​រួចរាល់​ក្ដី ក៏​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ដំណើរការ ឬ​មាន​វិនិយោគិន​ណា​មក​បោះ​ទុន​នៅ​ឡើយ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ខែ​មករា ឆ្នាំ២០២៤ បាន​ប្រកាស​ស្វែងរក​អ្នក​ជំនួញ​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​ឱ្យ​ដាក់​ទុក​វិនិយោគ​លើ​សំណង់​អគារ​ខ្មោច​ទាំង​នោះ​ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត ១ពាន់ ២រយ​លាន​ដុល្លារ។ ទោះ​ជា​បែប​នេះ​ក្ដី អ្នកវិភាគ​មើល​ឃើញ​ថា បញ្ហា​អគារ​ជាប់​គាំង​នេះ ឬ​អគារ​ខ្មោច​នេះ រដ្ឋាភិបាល​អាច​នឹង​មិន​ងាយ​ដោះស្រាយ​បាន​ទេ ដោយសារ​តែ​ពួកគេ​មើល​ឃើញ​ថា កម្ពុជា​ពុំ​ទាន់​មាន​ស្ថិរភាព​នយោបាយ​រឹងមាំ ដើម្បី​ទាក់ទាញ​អ្នក​ជំនួញ​ល្អៗ​មក​វិនិយោគ​នៅ​កម្ពុជា។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា សំណង់​អគារ​ខ្មោច​ជា​ច្រើន​ក្រៅ​ពី​បង្ក​ផល​ប៉ះពាល់​សោភណភាព​ទីក្រុង ម្ចាស់​ដី ឬ​ម្ចាស់​អគារ​ទាំង​នេះ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​រ៉ាប់រង​បង់ពន្ធ​ដល់​រដ្ឋាភិបាល។ អ្នកស្រី​យល់ឃើញ​ថា អាជ្ញាធរ​គួរ​យោគយល់ និង​រិះរក​មធ្យោបាយ​បន្ថែម​ទៀត ដើម្បី​សម្រួល​ឱ្យ​អាជីវករ​លក់ដូរ​តាម​រទេះ​អាច​រកស៊ី​បាន​នៅ​តំបន់​អគារ​ទុក​ចោល​ក្នុង​ទី​ប្រជុំ​ជន។

អ្នកស្រី ជៀប សុធារី៖«អ្នក​ធ្វើ​ការ​តាម​កាស៊ីណូ តាម​កន្លែង​កម្សាន្ត​ផ្សេងៗ ក៏​គាត់​ត្រូវ​ការ​ហូបចុក​ដែរ អ៊ីចឹង​ប្រាក់ខែ​គាត់​តិចតួច​ហ្នឹង​ត្រូវ​ការ​ទិញ​របស់​ឆ្អិន​ស្រាប់​ហ្នឹង ដើម្បី​ញ៉ាំ។ ប្រសិន​ជា​យើង​មិន​មាន​កន្លែង​ណា​អនុញ្ញាត​ឱ្យ​គាត់​លក់​ចាប់​ពី​ម៉ោង​ប៉ុន្មាន ដល់​ម៉ោង​ប៉ុន្មាន ហើយ​ចប់​ម៉ោង​ប៉ុណ្ណឹង​កុំ​ឱ្យ​គាត់​លក់ ហើយ​ប្រសិន​ជា​យើង​ដេញ​ពួកគាត់​មិន​ឱ្យ​លក់​អ្នក​ធ្វើ​ការ​នៅ​កន្លែង​ក៏​គាត់​អត់​មាន​អី​ញ៉ាំ​ដែរ។ ម្ហូប​ដែល​ពួក​គាត់​មាន​លទ្ធភាព​ទិញ​ហូប​បាន​មាន​តម្លៃ​ថោក​គួរសម​គឺ​លក់​តាម​រទេះ​ហ្នឹង ហើយ​បើ​កុម្ម៉ង់​តាម​ហាង​អី​បាច់​និយាយ​ទេ គាត់​មាន​លទ្ធភាព​ណា​ទិញ​ញ៉ាំ បើ​ប្រាក់​ខែ​គាត់​បាន​តិចតួច​មក​ត្រូវ​បែងចែក​ថ្លៃ​ផ្ទះ ទឹក​ភ្លើង និង​ផ្ញើ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ទៀត»។

រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត តែង​អះអាង​ពី​ការ​បើក​ចំហ​ជើង​មេឃ​ឱ្យ​អ្នក​ជំនួញ​ចិន​ចូល​មក​កម្ពុជា ជាពិសេស​មក​ទីក្រុង​ព្រះសីហនុ​នេះ ដើម្បី​បង្កើត​ជា​ទីក្រុង​រណប​ថ្មី ក្នុង​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ ទោះ​យ៉ាង​ណា អ្នក​ជំនួញ​ខ្លះ​បាន​ចាត់​ទីក្រុង​ជាប់​មាត់​សមុទ្រ​មួយ​នេះ ជា​កន្លែង​លាង​លុយ​កខ្វក់ រក​ស៊ី​បែប​ឧក្រិដ្ឋ ហើយ​បច្ចុប្បន្ន​ទីក្រុង​ព្រះសីហនុ​ក៏​កំពុង​ញាំញី​ដោយ​ការ​ចរាចរ​គ្រឿងញៀន និង​ការ​ជួញដូរ​មនុស្ស​បង្ខំ​ឱ្យ​ធ្វើ​ការ​ខុសច្បាប់​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។