របប​ភ្នំពេញ​ប្ដេជ្ញា​ពង្រឹង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​នេប៉ាល់​ខណៈ​ប្រឈម​បាត់បង់​EBA

ដោយ ហេង​ រស្មី
2019.05.15
ហ៊ុន សែន នេប៉ាល់ ៦២២ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន (ស្ដាំ) និង​មេដឹកនាំ​ប្រទេស​នេប៉ាល់ លោក សាម៉ា អូលី (K. P. Sharma Oli) ក្នុង​ជំនួប​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

មេដឹកនាំ​របប​ក្រុងភ្នំពេញ បាន​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេប៉ាល់ ក្នុង​បំណង​ជំរុញ​ឱ្យ​មាន កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ធុរកិច្ច​រវាង​កម្ពុជា​-​នេប៉ាល់ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ខណៈ បច្ចុប្បន្ន​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នៅ​មាន​កម្រិត​។ អ្នកវិភាគ​យល់​ថា ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​នេះ មិនសូវ​បាន​ផល​ច្រើន​នោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន គ្រាន់តែ​ចង់​បន្លំ​មហាជន​ថា របប​លោក​កំពុង​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ដទៃ​ទៀត ក្នុង​តំបន់ ខណៈ​របប​សព្វថ្ងៃ​នេះ កំពុង​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​នៅ​លើ​ពិភពលោក ហើយ​ប្រឈម​បាត់បង់​EBA

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន និង​មេដឹកនាំ​ប្រទេស​នេប៉ាល់ លោក សាម៉ា អូលី (K. P. Sharma Oli) បាន​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ធុរកិច្ច រវាង​កម្ពុជា​-​នេប៉ាល់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា មាន​សក្ដានុពល​៤​ចំណុច​សំខាន់ៗ សម្រាប់​ការ​ធ្វើ​វិនិយោគ មាន ដូចជា​ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូ​សេដ្ឋកិច្ច ការ​បើកចំហ​សេដ្ឋកិច្ច​សម្រាប់ វិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរ​បែប និង​វ័យក្មេង ហើយ​កម្ពុជា​ស្ថិត​នៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ បាន​និង​កំពុង​ក្លាយ ជា​«​រោងចក្រ​នៃ​អាស៊ី»។ លោក​បញ្ជាក់​ថា ទំនិញ​ផលិត​នៅ​កម្ពុជា អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ស្រុក ទីផ្សារ​អនុ​តំបន់​មេគង្គ ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សំខាន់ៗ​ដទៃ​ទៀត​ក្នុង​ពិភពលោក៖ «ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​នេប៉ាល់​ដែល​មិនទាន់​មក​កម្ពុជា។ អញ្ជើញ​មក​សិក្សា​ស្វែង​យល់​ពី​សក្ដានុពល​និង​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ក្នុងនាម​រដ្ឋាភិបាល​ខ្ញុំ​សូម​ធានា​ជូន​នូវ​អ្នក​វិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​គ្រប់បែប​យ៉ាង​ដើម្បី​ជួយ​ជំរុញ​ដល់​កា​រវិនិយោគ​ជាពិសេស​សន្តិសុខ​នឹង​ស្ថិរភាព​នយោបាយ»

នាយករដ្ឋមន្ត្រី​ប្រទេស​នេប៉ាល់ សាម៉ា អូលី បាន​ឆ្លើយតប​ថា លោក​នឹង​ប្ដេជ្ញា​ចិត្ត​បង្កើត​ភាពជា ដៃគូ​រឹងមាំ​ជាមួយ​លោក ហ៊ុន សែន ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងសងខាង ហើយ​លោក​សង្ឃឹមថា ប្រទេស​នេប៉ាល់​នឹង​រៀន សូត្រ​បាន​ច្រើន​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

នាយករដ្ឋមន្ត្រី​ប្រទេស​នេប៉ាល់ កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នូវ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា តប​តាម​ការ​អញ្ជើញ​របស់​លោក ហ៊ុន សែន។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ លើកឡើង​ថា ស្ថានភាព​សេដ្ឋកិច្ច​និង​សង្គម​របស់ ប្រទេស​នេប៉ាល់ គឺ​មិន​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​កម្ពុជា​ប៉ុន្មាន​នោះ​ទេ ដូច្នេះ​ការ​ពង្រឹង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ គឺ​មិន​ចំណេញ​ធំដុំ​ដល់​កម្ពុជា​ឡើយ​។ លោក គឹម សុខ បន្ត​ថា មូលហេតុ​ដែល លោក ហ៊ុន សែន ខិតខំ​អញ្ជើញ​មេដឹកនាំ​ប្រទេស​តូច​ៗ​ក្នុង​តំបន់​មក​ទស្សនកិច្ច​កម្ពុជា គឺ​ដើម្បី​យក ទៅ​ឃោសនា​បន្លំ​ប្រជាពលរដ្ឋ​ថា របប​របស់​លោក កំពុង​តែ​មាន​ទំនាក់ទំនង​ល្អ និង​មាន​សេដ្ឋកិច្ច​ល្អ ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត ខណៈ​កម្ពុជា​កំពុង​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ និង​មាន​សេដ្ឋកិច្ច​ធំៗ​ក្នុង​ពិភពលោក ដោយសារតែ​លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស៖ «របៀប​ដែល​លោក ហ៊ុន សែន​ធ្វើ​បច្ចុប្បន្ន​គឺ​ដើម្បី​ពង្រីក​មុខមាត់​របស់​ខ្លួន​នៅ​ពេល​ដែល​មាន​សម្ពាធ​ពី​អន្តរជាតិ​មិន​ទទួលយក​គាត់​ជា​មេដឹកនាំ​ស្របច្បាប់​របស់​ប្រទេស​កម្ពុជា​ទាំង​ក៏បាន​សម្ពាធ​ពី​ប្រជាពលរដ្ឋ​ខ្មែរ»

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរស័ក្តិ ទទួលស្គាល់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​នេប៉ាល់ មាន​តិចតួច​នៅឡើយ​។ លោក​បញ្ជាក់​ថា តាម​របាយការណ៍​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​២០១៧ បើ​គិត​ជា​ទឹកប្រាក់​សម្រេចបាន​ប្រមាណ ២​រយ ១០​ពាន់​ដុល្លារ​អាមេរិក​(២១០.០០០) ពោល​គឺ​ធ្លាក់​ចុះ ១៧.៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ លោក​បញ្ជាក់​ថា ទំនិញ​ដែល​កម្ពុជា​នាំទៅ​នេប៉ាល់​មាន​ដូច បន្ទះ​ក្តារ​ស្តើងៗ​សម្រាប់ធ្វើ​កុង​ផ្លាកេ សំលៀក​បំពាក់​ស្ត្រី​ផលិត​ពី​កប្បាស ស្បែកជើង និង​ម៉ាស៊ីនភ្លើង ជាដើម។ ចំណែក​ទំនិញ​នាំចូល​ពី​នេប៉ាល់​វិញ មាន​ដូចជា​ម៉ាស៊ីន និង​ក្រណាត់​ជជុះ។ លោក​បន្ត​ថា ប្រសិនបើ​ពិនិត្យ​ទៅលើ​លទ្ធភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​នេប៉ាល់ គឺ​នៅ​មាន​សក្ដានុពល​ជាច្រើន​ទៀត ខណៈ​ដែល​កម្ពុជា កំពុង​ពង្រីក​ទីផ្សារ​នាំចេញ​ក្នុង​តំបន់ និង​ទីផ្សារ​ថ្មីៗ​ផ្សេង​ទៀត ដោយសារតែ​កម្ពុជា អាច​នឹង​កាត់បន្ថយ និង​បាត់បង់​ទាំងស្រុង​នូវ​ការ​ពឹង​ផ្អែកលើ​ការ​អនុគ្រោះ ពាណិជ្ជ​ពី​ដៃ​គូ​អភិវឌ្ឍន៍​សំខាន់ៗ៖ «កម្ពុជា​បាន​នឹង​កំពុង​ជ្រើសរើស​ផ្លូវ​ផ្សេងៗ​ទៀត​នឹង​ខិតខំ​អនុវត្តន៍​ឱ្យ​បាន​សកម្ម​នៅ​នយោបាយ​កែទម្រង់​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ការ​នាំ​ចេញទៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ក្នុង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី»

លោក គឹម សុខ លើកឡើង​ថា ប្រសិនបើ​លោក ហ៊ុន សែន ជា​មេដឹកនាំ​វៃ​ឆ្លាត​និង​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ជាធំ​នោះ គឺ​ក្រៅពី​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ទូទៅ​ក្នុង​តំបន់​ហើយ គួរតែ​ខិតខំ​រក្សា​ទំនាក់ទំនង​ល្អ​និង​អនុវត្ត​តាម​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ និង​ប្រទេស​មាន សក្ដានុពល​ធំៗ​ដែល​ស្នើសុំ​ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ដើម្បី​រក្សា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​ប្រព័ន្ធ​GSP​របស់​សហរដ្ឋអាមេរិក។

លោក​មើល​ឃើញ​ថា ប្រសិនបើ​កម្ពុជា​បាត់បង់​EBA និង​GSP គឺ​កម្ពុជា​នឹង​មាន​ផល​ប៉ះពាល់​ធំធេង ដល់​សេដ្ឋកិច្ច ហើយ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​តូចៗ​ក្នុង​តំបន់​ដូចជា​នេប៉ាល់​ជាដើម មិន​អាច​ទប់ទល់​បាន​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។