ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ត្អូញត្អែរ​ពី​ផល​លំបាក ក្រោយ​អាជ្ញាធរ​ថៃ​រឹត​បន្តឹង

ដោយ សុជីវី
2021-02-22
Share
ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ត្អូញត្អែរ​ពី​ផល​លំបាក ក្រោយ​អាជ្ញាធរ​ថៃ​រឹត​បន្តឹង ពលករ​ខ្មែរ​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។
Photo: RFA

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្អូញត្អែរ​ពី​ផល​លំបាក​របស់​ខ្លួន ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ហាមប្រាម​មិន​ឱ្យ​ពលករ​របស់​ខ្លួន​ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា ស្រប​ពេល​ប្រទេស​ថៃ​ធ្វើការ​រឹត​បន្តឹង​ចំពោះ​ពលករ​បរទេស​ខុសច្បាប់​។ មន្ត្រី​ធ្វើការ​ផ្នែក​សិទ្ធិ​ពលករ យល់ថា រដ្ឋាភិបាល​កម្ពុជា​ហាក់​ខ្វះ​ចន្លោះ​ក្នុង​ការ​បំពេញ​ការងារ​តាម​តួនាទី និង​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​ទុក្ខ​លំបាក​របស់​ពលករ​ក្រៅ​ប្រទេស​នោះ​ទេ។

ពលករ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​មួយ​ចំនួន កំពុង​រស់នៅ​ក្នុង​ជីវភាព​លំបាក គ្មាន​ការងារ​ធ្វើ គ្មាន​ប្រាក់ចំណូល និង​បារម្ភ​អំពី​ការ​ចាប់ខ្លួន ក្រោយ​រដ្ឋាភិបាល​ថៃ​ចាប់ផ្ដើម​ចុះ​ឆែកឆេរ ត្រួតពិនិត្យ​ច្រើន​ជាង​មុន​លើ​ពលករ​បរទេស។ ពួកគេ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​អន្តរាគមន៍​ចំពោះ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ និង​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​តាម​ច្រក​ព្រំដែន។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​លោក នួន បុណ្យ រៀបរាប់​ថា លោក​បាន​ចុះបញ្ជី​ការងារ​នៅ​ប្រទេស​ថៃ​រួចហើយ ប៉ុន្តែ​លោក​ពុំ​ទាន់​មាន​ថៅកែ​ដែល​ធានា​ចំពោះ​ការងារ​របស់​លោក ឱ្យ​ស្របតាម​គោលការណ៍​របស់​រដ្ឋាភិបាល​ថៃ​នៅ​ឡើយ​។ លោក​បន្ត​ថា ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​ទាំង​២ ធ្វើ​ឱ្យ​លោក​ពិបាក​ក្នុង​ការ​រក​ថៅកែ ដើម្បី​ធានា​ចំពោះ​រឿង​នេះ​។ លោក​ថា អាជ្ញាធរ​ថៃ​ចាប់​ផ្ដើម​ចុះ​ត្រួតពិនិត្យ​ជាច្រើន ​កន្លែង​ធ្វើ​ឱ្យ​លោក និង​ពលករ​ផ្សេងទៀត ពុំ​ហាន​ចេញ​ដើរ​ផ្ដេសផ្ដាស​នោះ​ទេ។ លោក​ត្អូញត្អែរ​ថា លោក​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ ដោយសារ​លោក​ពុំ​មាន​ការងារ​ច្បាស់លាស់​មួយ​កន្លែង​នោះ​ទេ ពោល​គឺ​លោក​ត្រូវ​ចល័ត​គ្រប់កន្លែង និង​មិន​ទៀងទាត់​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​គិតគូរ​ដល់​ពលករ​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ ដែល​ពុំ​មាន​ឯកសារ​ការងារ​ស្របច្បាប់ និង​លាក់​បំពួន​ដោយសារ​ភ័យខ្លាច​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​ទៅវិញ៖ «សព្វថ្ងៃ​នេះ ខ្ញុំ​និយាយ​ទៅ​ចេញពី​កន្លែង​មួយ ចូល​កន្លែង​មួយ និយាយ​ពី​ការងារ​វា​មិនបាន​ថិតថេរ។ ទៅ​កន្លែង​នោះ​ក៏​គ្មាន​ការងារ​ធ្វើ ទៅ​កន្លែង​នេះ ក៏​គ្មាន​ការងារ​ទេ​អ៊ីចឹង ហី​ថវិកា​យើង​ក៏​តិចតួច​អ៊ីចឹង​។ ខ្ញុំ​សុំ​ស្នើ​ដល់​រដ្ឋាភិបាល​ខ្មែរ​ហ្នឹង ដោះស្រាយ​ពី​រឿង​ពលករ​ក្នុង​ប្រទេស​ថៃ​ហ្នឹង គ្នា​ដាច់​ការងារ​គ្រប់​តែ​គ្នា​។ និយាយ​ទៅ​មាន ដល់​គាត់​អត់​លុយ ហើយ​ចាក់​បានតែ​ហូប​មួយ​គាៗ​ហ្នឹង»

តំណាង​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​លោកស្រី ឈៀត ណៃ ថ្លែង​ថា ពលករ​ជាច្រើន​កំពុង​ធ្លាក់​ខ្លួន​លំបាក និង​រស់នៅ​លាក់​ពួន​ដោយសារ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​។ លោកស្រី​បន្ត​ថា ពលករ​មួយ​ចំនួន មិន​មាន​ឯកសារ​ការងារ ដោយសារ​រដ្ឋាភិបាល​ថៃ​បាន​បិទ​បញ្ចប់​ការចុះបញ្ជី​ធ្វើ​ប័ណ្ណ​ការងារ ខ្លះ​ទៀត​ត្រូវ​ថៅកែ​កិបកេង​មិន​បើកប្រាក់​ជូន​ពួកគេ និង​ដកហូត​ឯកសារ​របស់​ពួកគេ​ទុកជា​ដើម​។ លោកស្រី​ថា អំឡុង​ពេល​រឹត​បន្តឹង​នេះ ពលករ​ជាច្រើន ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន និង​ត្រូវ​បង់​ប្រាក់​ផាក​ពិន័យ​ជាច្រើន​សែន​បាត​ឱ្យ​ទៅ​ប៉ូលិស ដើម្បី​ដោះដូរ​នឹង​សេរីភាព ប៉ុន្តែ​ពួកគេ​ក្លាយ​ជា​កូនបំណុល​របស់​គេ​ទៅវិញ​។ លោកស្រី​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​ជំរុញ​ទៅ​រដ្ឋាភិបាល​ថៃ ដើម្បី​ពិនិត្យ និង​រៀបចំ​ឯកសារ​ឱ្យ​ពលករ​ទាំងនោះ​ឱ្យ​ស្របច្បាប់​ឡើងវិញ ក្នុងពេលដែល​មានការ​រឹត​បន្តឹង​បែបនេះ៖ «អូយ​! អ្នក​ដែល​គ្នា​អត់​ស្របច្បាប់ គឺ​ជួប​ការ​លំបាក​ច្រើន​ណាស់​សម័យ​កូវីដ​នេះ​។ គ្នា​មក​គ្នា​ដើម្បី​ថា រក​ដោះ​លុយ​រដ្ឋ ដល់ពេល​មក​ចេះ​ទៅ​ប៉ះ​ចាប់ៗ​ចេះ​ទៅ ហើយ ស៊ុង (បញ្ជូន) គ្នា​ទៅផ្ទះ​វិញ គ្នា​បាន​លុយ​អី​? ហើយ​ខ្ញុំ គេ បរិស័ទ​គេ​យក​លុយ​ពី​ខ្ញុំ ក៏​ខ្ញុំ​ក៏​បង់​ឱ្យ​គេ​ហ៊្វ្រី​ទៅ ជា​បញ្ហា អូយ​!​យ៉ាប់​ណាស់»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក កុយ គួង និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​ឆ្លើយតប​ចំពោះ​ករណី​នេះ នៅ​ថ្ងៃ​ទី២១ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នកទទួល។

ក្រសួង​ការងារ​ថៃ បាន​បើក​ឱ្យ​ពលករ​បរទេស​ចុះឈ្មោះ​ធ្វើ​ប័ណ្ណ​ស្នាក់នៅ និង​ធ្វើការ​ស្របច្បាប់​ក្នុង​ប្រទេស​ថៃ​រយៈពេល ២​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មករា ដល់​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។ ដំណើរការ​នៃ​ការ​ចុះឈ្មោះ​នេះ អាជ្ញាធរ​ថៃ តម្រូវ​ឱ្យ​ពលករ​បង់​ប្រាក់​ប្រមាណ ៩​ពាន់​បាត (.០០០) ស្មើនឹង​ប្រមាណ ៣​រយ​ដុល្លារ​អាមេរិក (៣០០)​។ កាលបរិច្ឆេទ​នេះ បាន​ផុត​កំណត់ និង​ពលករ​ជាច្រើន​ទៀត​នៅតែ​បន្ត​រស់នៅ​ខុសច្បាប់​ដដែល​។ រីឯ​រដ្ឋាភិបាល​កម្ពុជា​វិញ មិនបាន​អើពើ ឬ​ចាត់វិធានការ​ណាមួយ ដើម្បី​ជួយ​ដល់​ពលករ​ទាំង​នោះ​ទេ ថែមទាំង​ចេញ​បទបញ្ជា​ថ្មី​ឱ្យ​អាជ្ញាធរ​នៅ​តាម​ព្រំដែន រឹត​បន្តឹង និង​ហាម​មិន​ឱ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ប្រទេស​ខ្លួន​ទៅវិញ។

មន្ត្រី​អង្គការ​សង់​ត្រាល់ (Central) ទទួលបន្ទុក​សិទ្ធិ​ការងារ​លោក ឌីថេ ហូយ៉ា ឱ្យ​ដឹង​ថា អាជ្ញាធរ​គួរ​យកចិត្តទុកដាក់​ចំពោះ​ពលករ​ដែល​កំពុង​រស់​នៅ​ខុសច្បាប់​ក្នុង​ប្រទេស​ថៃ។ លោក​បន្ត​ថា ការ​ហាម​ប្រាម​មិន​ឱ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ទឹកដី​របស់​ខ្លួន​នេះ គឺជា​រឿង​មិន​សម​ហេតុផល​នោះ​ទេ ក្នុង​ពេលដែល​ពលករ​ទាំងនោះ​កំពុង​ជួប​បញ្ហា​ជាមួយ​អាជ្ញាធរ​ថៃ​។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ថៃ​គួរ​មានការ​យោគយល់​បន្ថែម​ចំពោះ​ពលករ​ទាំងនោះ ដោយ​ពន្យារ​ពេល​ក្នុង​ការ​ចុះបញ្ជី និង​ធ្វើ​ឯកសារ​ជូន​ពួកគេ ហើយ​ពលករ​គួរ​មាន​ភាព​ក្លាហាន​ក្នុង​ការ​តស៊ូ​មតិ ទាមទារ​សិទ្ធិ និង​ការ​គាំពារ​ពី​រដ្ឋាភិបាល​កម្ពុជា ហើយ​រដ្ឋាភិបាល​កម្ពុជា​គួរ​ពង្រឹង​ការងារ និង​ការ​យកចិត្តទុកដាក់​លើ​ពលករ​បន្ថែម​ទៀត ដើម្បី​កុំ​ឱ្យ​មានការ​រិះគន់​កាន់តែ​ខ្លាំង៖ «​ការ​ត្រឡប់មកវិញ​ឬ​មិន​ត្រឡប់មកវិញ​នេះ គឺជា​ជម្រើស​របស់​គាត់ ឧទាហរណ៍​ថា បើ​គាត់​អត់​មាន​ការងារ​ធ្វើ អត់​មាន​ប្រាក់ចំណូល បើ​មិន​ឱ្យ​គាត់​ត្រឡប់មកវិញ ហើយ​តើ​គោលនយោបាយ​របស់​រដ្ឋ​ហ្នឹង​ឆ្លើយតប​ការ​អត់​មានការ​ងារ​ធ្វើ​របស់​គាត់​ឬក៏​អត់​។ នៅ​ថៃ​នេះ ខ្ញុំ​យល់ថា ក្នុង​កាលៈទេសៈ​នេះ​ថៃ​នៅ​មិនទាន់​បើក​ប្រទេស​នៅឡើយ​ក៏ប៉ុន្តែ​បើសិនជា​គាត់​អត់​មានការ​ងារ​ធ្វើ ហើយ​យើង​ហាម​មិន​ឱ្យ​គាត់​មក តើ​គាត់​រស់នៅ​របៀប​ម៉េច​?»

អាជ្ញាធរ​កម្ពុជា​និង​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំងពីរ​នៅ​ខែ​មីនា ឆ្នាំ​២០២០ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ហើយ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​បើក​ដំណើរការ​ឡើងវិញ​នៅឡើយ​ទេ​។ ការ​បិទ​ច្រក​ព្រំដែន​នេះ បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដោយសារ​ពួកគាត់​អត់​ការងារ​ធ្វើ។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ រួមមាន​ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្ត​ឧត្ដរមានជ័យ ជាដើម បាន​បន្ថែម​កងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នាក់ ចុះ​ត្រួតពិនិត្យ​តឹងតែង​នៅ​តំបន់​ព្រំដែន ដើម្បី​ទប់ស្កាត់​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​កម្ពុជា ដោយ​ពុំ​បាន​ធ្វើ​ចត្តាឡីស័ក​ចំនួន ១៤​ថ្ងៃ។

ពលករ​ខ្មែរ​ឱ្យ​ដឹង​ថា ពួកគាត់​នៅ​ពេល​នេះ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​ខ្លាំង​ដោយ​រស់នៅ​និង​ធ្វើការ​ប្រទេស​ថៃ​មិនបាន ហើយ​ចង់​វិល​ទៅ​កម្ពុជា​វិញ​ក៏​មិនកើត ប្រៀប​ដូចជា​ចុះ​ទឹក​ជួប​ក្រពើ ឡើង​លើ​ជួប​ខ្លា​ដូច្នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល