អត្ថបទស្រាវជ្រាវដោយអ្នកជំនាញរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រកឃើញថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ដាក់ចេញដោយរដ្ឋាភិបាលកម្ពុជាកាលពីពេលកន្លងមក មិនបានទៅដល់ដៃគ្រប់គ្រួសារក្រីក្រទាំងអស់ដែលរងគ្រោះដោយសារវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩ នេះឡើយ។
អត្ថបទស្រាវជ្រាវដែលមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMFក៏ប៉ុន្តែជាទស្សនៈអ្នកជំនាញរបស់អង្គការនេះវាយតម្លៃថា ផ្អែកតាមការវិភាគរបស់ខ្លួន គ្រួសារក្រីក្រនៅកម្ពុជាប្រមាណ ២សែន ៦ម៉ឺនគ្រួសារ (២៦០.០០០ គ្រួសារ) អាចធ្លាក់ខ្លួនរស់នៅក្រោមបន្ទាត់ភាពក្រីក្រដោយត្រូវចំណាយតិចជាង ៧ពាន់ ៥រយរៀល (ឬ ១,៩០) ដុល្លារក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២០ ខណៈពួកគេមិនស្ថិតក្នុងចំណោមក្រុមពលរដ្ឋដែលត្រូវទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីសំណាក់រដ្ឋាភិបាល។ ចំនួនគ្រួសារក្រីក្រថ្មីទាំងនេះ ស្មើនឹងជាងពាក់កណ្តាលនៃចំនួនប៉ាន់ស្មានអំពីគ្រួសាររស់នៅក្រោមបន្ទាត់ក្រីក្រ ក្រោយវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជា ដែលមានប្រមាណជិត ៤សែន ៦ម៉ឺន គ្រួសារ (៤៥៩.០០០ គ្រួសារ)។ អ្នកជំនាញរបស់ IMF បញ្ជាក់ថា ចំនួនគ្រួសារក្រីក្រថ្មីនេះ ភាគច្រើនជាអ្នករស់នៅតាមតំបន់ប្រជុំជន ឬជាយក្រុង និងជាអ្នកធ្វើការក្នុងវិស័យសេវាកម្ម។
ការស្រាវជ្រាវដដែលរកឃើញថា បើទោះជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាលកម្ពុជា ចូលរួមជួយកាត់បន្ថយអត្រាភាពក្រីក្រធ្ងន់ធ្ងរនៅកម្ពុជាបានទាន់ពេលក៏ដោយ ក៏ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ផ្តោតគោលដៅតែលើក្រុមគ្រួសារដែលមានចំណូលទាបជាងគេបំផុតប៉ុណ្ណោះនៅកម្ពុជា ដែលក្រុមគ្រួសារទាំងនោះភាគច្រើនជាអ្នករស់នៅតាមទីជនបទដាច់ស្រយ៉ាល និងជាអ្នកប្រកបរបរកសិកម្ម ខណៈក្រុមគ្រួសារពលរដ្ឋដែលរងនូវការបាត់បង់ប្រាក់ចំណូលពិតប្រាកដប្រមូលផ្តុំនៅទីប្រជុំជនជាយៗក្រុង ហើយជាអ្នកធ្វើការក្នុងវិស័យសេវាកម្ម។ យ៉ាងណាក៏ដោយ អ្នកជំនាញរបស់ IMF ទទួលស្គាល់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាល អាចជួយស្រោចស្រង់ឱ្យពលរដ្ឋកម្ពុជាប្រមាណ ៥ភាគរយ ក្នុងចំណោមប្រជាជនសរុប ចេញពីបន្ទាត់ភាពក្រីក្រ។
រដ្ឋាភិបាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្ន ហើយគ្រោងនឹងបន្តរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលមានចំនួន ៨ជុំ និងជាង ២០លើករួចមកហើយ។ ក្រសួងសង្គមកិច្ច ឱ្យដឹងកាលពីចុងខែកុម្ភៈថា រដ្ឋបានចំណាយទឹកប្រាក់សរុបចំនួនជិត ៦០០លានដុល្លារ (៥៩២,៥៨ លានដុល្លារ) សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ក្នុងនោះគ្រួសារក្រីក្រសរុបជាង ៦សែន ៨ម៉ឺន គ្រួសារ (៦៨៧.៣៥៤ គ្រួសារ) ស្មើនឹងពលរដ្ឋជាង ២លាន៧សែននាក់ ទទួលបានប្រាក់ឧបត្ថម្ភនេះ។ កាលពីចុងឆ្នាំ២០២១ ក្រសួងផែនការវាយតម្លៃថា ប្រជាជនកម្ពុជាសរុបជិត ១៨% ឬស្មើនឹងជិត ៣លាននាក់ ក្នុងចំណោមប្រជាជនសរុប កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
ទោះជាយ៉ាងណា វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងការរកឃើញរបស់អ្នកជំនាញអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនេះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។