ពិធីបុណ្យចូលជិតចូលមកដល់ កម្មវិធីជួបជុំគ្នាតូចធំមានជាបន្តបន្ទាប់ធ្វើឱ្យតម្រូវការបន្លែ និងសាច់ក៏កើនឡើងដែរ។ ស្របពេលដែលកើនឡើងតម្រូវការនេះ ការនាំចូលក៏កើនឡើងធ្វើឱ្យកសិផលនៅក្នុងស្រុកនៅតែមិនមានទីផ្សារ។
កសិករនិងឈ្មួញកណ្តាលនៅក្នុងស្រុកមិនសប្បាយចិត្តដោយសារតែតម្រូវការបន្លែ និងត្រីសាច់កើនឡើង ពេលជិតចូលឆ្នាំខ្មែរ បែរជាការនាំចូលផលិតផលទាំងនេះ ពីប្រទេសវៀតណាមក៏កើនឡើងធ្វើឱ្យកសិផលរបស់ពលរដ្ឋខ្មែរនៅតែមិនមានទីផ្សារ។
ប្រជាសហគមន៍ដាំបន្លែសុវត្ថិភាពនៅខេត្តស្វាយរៀងលោក ស៊ិន សាម៉េត ថ្លែងថា ការនាំបន្លែ និងសាច់ចូលមិនថយចុះទេ ដឹកចូលពីវៀតណាមតាមផ្លូវជាតិលេខ១។ លោកបន្តថា ដោយសារតែមិនមានការជួយលើកស្ទួយកសិផលនៅក្នុងស្រុកហើយ បើកឱ្យមានការនាំចូលតាមចិត្តនេះធ្វើឱ្យពលរដ្ឋនៅតំបន់លោកប្រើប្រាស់បន្លែ និងសាច់ពីវៀតណាមស្ទើរ១០០ភាគរយ។
លោក ស៊ិន សាម៉េច៖ «មិនថយទេ ការនាំបន្លែចូល គឺប្រមាណ៩០ភាគរយប្រជាពលរដ្ឋដាំដំណាំភាគតិចគឺ៩០ភាគរយ ពីវៀតណាមគ្រប់ទីផ្សារទាំងអស់ក្នុងខេត្តស្វាយរៀង»។
ឈ្មួញទិញបន្លែនៅខេត្តកណ្តាលលោកស្រី សែម សុភា ឱ្យដឹងថា រថយន្តដឹកបន្លែចេញពីច្រកព្រំដែនជ្រៃធំ ចូលតាមផ្លូវជាតិលេខ២១ ទាំងថ្ងៃនិងយប់។ លោកស្រីថា រថយន្តដឹកកសិផលចូលនោះបែងចែកតាមម៉ោង ឱ្យត្រូវជាមួយទីផ្សារនៅភ្នំពេញ។
អ្នកស្រី សែម សុភា៖ «និយាយរួមឡាននៅឡុងបិន(Long Benh)ហ្នឹង ដឹករហូតដឹកមានវគ្គគឺដឹកចូលផ្សារនាគមាសប្រហែលម៉ោង ៧ ឬ ៨ ចេញទៅព្រោះវាលក់ម៉ោង ១១ ឬ១២ ហើយលក់នៅផ្សារដើមគ ដឹកទៅពេលថ្ងៃ។ ទៅផ្សារដើមគ ក៏ដឹកទៅជិតភ្លឺទៀតដែរ គឺលក់នៅក្បែរចេនឡា លក់មាន់រងាវម៉ោង ១ ឬម៉ោង២ អ៊ីចឹងវា ទៅ៣វគ្គនិយាយរួមឡានបន្លែឡើងទៅរហូត»។
បន្លែនិងសាច់នាំចូលពីក្រៅប្រទេសសំដៅផ្សារបែបប្រពៃណីធំៗចំនួន៣នៅក្នុងរាជធានីភ្នំពេញដូចជាផ្សារដើមគ ផ្សារនាគមាស និងផ្សារច្បារអំពៅ។ ផ្សារទាំងនេះ មាន ការជួបជុំគ្នាតាំងពីម៉ោង១រំលងអធ្រាត្រ រហូតដល់ម៉ោង៤ទៅ៥ព្រឹក ដើម្បីបែងចែក បន្លែនិងសាច់ទៅកាន់ផ្សារតូចៗបន្តទៀត។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ និងកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មបានទេ នៅថ្ងៃទី៨ មេសា។
ជុំវិញរឿងនេះមន្ត្រីជាន់ខ្ពស់ផ្នែកសម្របសម្រួលសហគមន៍នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញិល ភាព មានប្រសាសន៍ថា ការនាំចូលបន្លែនិងសាច់កើន ឡើង នៅរដូវប្រាំងពិសេសពេលចូលឆ្នាំជាពេលដែលពលរដ្ឋមានកម្មវិធីជួបជុំ។ លោកបន្តថា មូលហេតុនៃការនាំចូលពេលរដូវប្រាំងកើនឡើងដោយសារតែពលរដ្ឋ ខ្មែរពិបាកដាំដុះនិងនេសាទត្រីមិនបាន។
លោក ញិល ភាព៖ «ត្រូវការបន្លែត្រីសាច់ច្រើនមែនទែន ហើយការនាំចូលក៏ខុសពីខែវស្សាដែរ។ខែវស្សា គាត់អាចរកបានត្រីរកខ្យង រកក្តាម រកបន្លែបន្លុកអី គាត់អាចរកដាំខ្លួនឯងបាន អ៊ីចឹងការនាំចូលក៏អត់សូវប៉ុន្មានដែរ។ ប៉ុន្តែដោយឡែកខែប្រាំង យើងត្រូវការនាំចូលស្ទើរតែទាំងអស់»។
របាយការណ៍ក្រសួងកសិកម្មនៅចុងឆ្នាំ២០២២ បង្ហាញថា កម្ពុជាត្រូវការបន្លែនាំចូលពីក្រៅប្រទេសចំនួន ២ពាន់ ៥រយតោនក្នុង១ថ្ងៃ ស្មើនឹងជិត ១លានតោន (៩១២ ៥០០តោន) ក្នុង ១ឆ្នាំ។ ចំណែកសាច់នាំចូលប្រមាណ ៣០ម៉ឺនតោនក្នុង១ឆ្នាំ។ ទាំងបន្លែ និងសាច់នាំចូលពីប្រទេសវៀតណាមនិងចិនច្រើនជាងគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។