អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​បន្តត្អូញត្អែរ​ពី​ទុក្ខ​លំបាក​ក្នុងការ​រក​ចំណូល​ដោយ​សារវិបត្តិ​ជំងឺ​កូវីដ-១៩

ដោយ សុជីវី
2021.09.20
អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​បន្តត្អូញត្អែរ​ពី​ទុក្ខ​លំបាក​ក្នុងការ​រក​ចំណូល​ដោយ​សារវិបត្តិ​ជំងឺ​កូវីដ-១៩ អាជីវករ​​​លក់​បន្លែ​ផ្លែឈើ និង​​អ្នក​​រត់​ម៉ូតូ​រម៉ក​កង់បី​​នៅ​​រាជធានី​ភ្នំពេញ​​បន្ត​ត្អូញត្អែរ​​ក្នុងការ​រកចំណូល​ បើ​ទោះបី​ជា​​វិបត្តិជំងឺកូវីដ-១៩​បាន​ធូស្រាល​បន្តិច​ក្តី។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

អ្នក​ប្រកប​​មុខ​​របរ​សេដ្ឋ​កិច្ច​ក្រៅ​​ប្រព័ន្ធ​បន្ត​ត្អូញ​ត្អែរ​ពី​ទុក្ខ​លំបាក​ក្នុង​ការ​រកចំណូល​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ-១៩ អូស​បន្លាយ​​ដែល​បណ្តាល​ឱ្យ​ជីវ​ភាពកាន់​តែ​លំបាក​​​ពី​មួយ​​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ ខណៈ​ពួក​គេ​អះអាង​ថា ​​មិន​ទាន់​ទទួលបាន​ជំនួយ ​ឬ​សាច់​ប្រាក់​ឧបត្ថម្ភ និង​ផែន​ការ​ជួយ​ស្តារ​ឡើង​វិញ​នូវ​មុខ​របរ ឬអាជី​វកម្ម​ពី​សំណាក់​​រដ្ឋា​ភិបាល​​នៅ​ឡើយ​។ មន្រ្តី​​សង្គម​​ស៊ី​វិល​​ជំរុញ​​ឱ្យ​​រដ្ឋា​​ភិបាល​ត្រូវ​​រក​យន្ត​​ការ​​ដោះ​​ស្រាយ​​បញ្ហា​ទុក្ខ​លំបាក​របស់​ពល​រដ្ឋ​ឱ្យ​បាន​ឆាប់ ដើម្បី​ជួយ​​ស្តារ​​ជីវ​​ភាព​​​ពលរដ្ឋ​ក្នុង​​ស្ថាន​​ភាព​​ដ៏​​លំបាក​​នេះ។

អ្នក​​ប្រកប​មុខ​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ថា ​ថ្វីត្បិត​ស្ថាន​ភាព​ជំងឺ​កូវីដ-១៩ ថម​ថយបន្តិច​ក្តី ប៉ុន្តែ​ដំណើរ​ការ​មុខរបរ ឬ​អាជីវ​កម្ម​របស់​ពួក​គេ​បន្ត​រង​ផល​ប៉ះពាល់​ដដែល។ ពួក​​គាត់​​ស្នើ​​ឱ្យ​​រដ្ឋា​​ភិបាល​​រក​មធ្យោ​​បាយ​​ជួយ​ដោះ​ស្រាយ​បញ្ហាជីវ​ភាព​និង​ជួយ​ស្រោច​ស្រង់​មុខ​របរ​ ឬ​អាជីវ​កម្ម​ឡើង​វិញ។

អាជីវ​ករ​​លក់​​ប្រហិត​នៅ​ខណ្ឌមាន​ជ័យ ​រាជ​ធានី​​ភ្នំពេញលោកស្រី ស៊ិន ចាន់ធី លើក​ឡើង​ថា​ ​វិបត្តិ​ជំងឺ​កូវី​ដ-១៩ បាន​ធ្វើ​ឱ្យ​លោក​ស្រី​សម្រេច​ផ្អាក​មុខ​របប​នេះមួយ​រយៈ​ដោយ​សារ​ពុំ​មាន​ដើម​ទុន​និង​បង់​កន្លែង​លក់​ដូរ​បន្ត​ទៀត។ ស្រ្តីមេ​ម៉ាយ​រូប​នេះ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​មូល​ដ្ឋាន ដែល​បដិសេធ​ផ្តល់​ប័ណ្ណ​ក្រីក្រ ឬប័ណ្ណ​សម​ធម៌​ដល់​គ្រួសារ​លោកស្រី​ដែល​កំពុង​លំបាក​វេទនា ហើយ​បច្ចុប្បន្នលោក​ស្រី​កំពុង​ដើរ​ស៊ី​ឈ្នួល​គេ​តាម​ផ្ទះ​គ្រាន់​បាន​ប្រាក់​បន្តិច​បន្ទួច​ចិញ្ចឹម​កូន៣នាក់​នៅ​ក្នុង​បន្ទុក បង់​ថ្លៃ​ទឹក​ភ្លើង និង​បន្ទប់​ជួល​ ៥០ ​ដុល្លារ​ក្នុង​មួយ​ខែ៖ «ខ្ញុំ​លំបាក​គ្មាន​អ្នក​ណា​ជួយ​ឧបត្ថម្ភ​ខ្ញុំ​ទេមាន​តែ​ខ្ញុំ​ប្រើ​កម្លាំងនិង​ខ្ចី​លុយ​គេ​មាន ខ្ចី​ពីរ​បី​ពាន់​ដុល្លារ ខ្ញុំ​អត់​មាន​លុយ​សម្រាល​កូន​ពេល​ខ្ញុំ​បែកពី​ប្តី ខ្ញុំ​អត់​មាន​ផ្ទះ​នៅ​ទេ ​ប៉ុន្តែ​ឃុំ​សង្កាត់​គឺ​គេ​អត់​ដឹង​អត់​ឮ​អី​ទាំង​អស់​ចឹង​គឺ​ពិបាក តែ​បើ​អ្នក​គិត​ខ្លី​ពិបាក​រស់​នៅ​ តែ​​ធ្វើ​មិច​ខ្ញុំ​តស៊ូ​ទៅ»

ជា​មួយ​គ្នា​នេះ ​អ្នក​​រត់​រម៉ក​ម៉ូតូ​កង់​បី​នៅ​​រាជ​​ធានី​​ភ្នំពេញលោក ឈាង ស៊ីណាត ​ប្រាប់​ថា​ លោក​ធ្លាប់​រក​ប្រាក់​ចំណូល​ជួយ​ផ្គត់​ផ្គង់​គ្រួសារ​រស់​នៅ​សមរម្យ ប៉ុន្តែ​ស្ថាន​ភាព​មិន​ច្បាស់​លាស់​នៃ​ជំងឺ​កូវីដ-១៩​ បណ្តាល​ឱ្យ​លោក​រក​ចំណូលសឹង​មិន​បាន​ ២ម៉ឺនរៀល(២០.០០០ក្នុង​មួយ​ថ្ងៃ ខណៈ​តម្លៃ​​សាំង​និង​ហ្គាស​នៅ​លើ​​ទី​​ផ្សារ​​​ឡើង​​ថ្លៃ​ផង​​ហើយ​ម្អូប​អាហារ​វិញ​ក៏​ឡើង​ថ្លៃ​ផង​ដែរ។ បុរស​វ័យ ៣៤ ​ឆ្នាំ​រូប​នេះ​​​អះ​អាង​ថា​ លោក​​មិន​ដែល​ទទួល​ជំនួយ​សង្គម​ឬ​សាច់​ប្រាក់ឧបត្ថម្ភ​ពី​ផែន​ការ​របស់​រដ្ឋា​ភិបាល​កន្លង​មក​ទេ។ លោក​ស្នើ​ដល់​រដ្ឋា​ភិបាលជួយ​ស្តារ​ស្ថាន​ភាព អ្នក​ប្រកប​មុខ​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​កំពុងរ​ងផល​ប៉ះ​ពាល់​ឱ្យ​បាន​ឆាប់៖ «សេវា​ដឹក​ជញ្ជូន​របស់​យើង​គឺ​ថយ​ខ្លាំង ចឹង​ប៉ះ​ពាល់​ខ្លាំងណាស់​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ យើង​ត្រូវ​ពិចារ​ណា​ក្នុង​ការ​ហូប​ចុក ធ្លាប់ចំណាយ​មួយ​ម៉ឺន (១០ ០០០៛)​ឥឡូវ​នៅ​សល់​ប្រាំ​ពាន់​រៀល (៥ ០០០៛) ​ក្នុង​មួយ​ថ្ងៃ ជួនកាល​ពង​ទាចៀន​ស្ងោរ​ក៏​មាន​ អ្វី​ក៏​ដោយ​ឱ្យ​តែ​បាន​ អ៊ី​ចឹង​ខាង​ខ្ញុំ​សេដ្ឋ​កិច្ច​ក្រៅប្រព័ន្ធ​អត់ទាន់​ទទួល​អី​បាន​ដំណោះ​ស្រាយ​ល្អ​ពី​ខាង​រដ្ឋា​ភិបាល​ទេ ពន្លឺ​ណា​មួយ​ឡើយ»

វិទ្យុ​​​​​អាស៊ី​​​​​សេរី​​​​​​មិន​​​​​​អាច​​​​​​ទាក់​​​​​​ទង​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​សង្គម​​​កិច្ច អតីត​​​យុទ្ធ​​ជន និង​​​យុវ​នីតិ​​​សម្បទាលោក តូច ចាន់នី និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ​លោក ហេង សួរ ដើម្បី​​​​​​សុំ​​​​​ការ​​​​​​បក​​​​​ស្រាយ​​​​​​ជុំ​វិញ​​​​​​រឿង​​​​​​នេះ​បា​ន​​​​​ទេ នៅ​​​​ថ្ងៃ​​​​ទី​​​១៩ ខែកញ្ញា។

ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១៧ ខែកញ្ញា បាន​បញ្ជា​ឱ្យអភិបាល​រាជ​ធានី​ភ្នំពេញ​យក​ចិត្ត​ទុក​ដាក់​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ លើក​ទី៣​ឬ​​ដូស​ជំរុញ​ដល់​អ្នក​ប្រកប​មុខ​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ បំប្លែង​ថ្មី​ឌែលតា(Delta) និង​ឈាន​ទៅ​រក​ការ​បើក​ដំណើរអាជីវកម្ម​ឡើង​វិញ។

ជុំវិញរឿងនេះ ប្រធាន​​​សមា​គម​​​ឯករាជ្យ​​នៃ​​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ (IDEA) លោក វន់ ពៅ មាន​ប្រសាសន៍​​ថា ​​ស្ថាន​​ភាព​​លំបាក​នេះ សង្កម​​ស៊ី​វិល​នៅ​តែ​ព្រួយ​​បារម្ភ​បញ្ហា​​ប្រាក់​​ចំណូល ​​និង​​​ជីវ​ភាព​​អ្នក​ប្រកប​មុខ​របរ​ក្រៅ​ប្រព័ន្ធ ដោយ​សារ​តំបន់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ផ្សេង​ទៀត​បន្ត​បិទ​សកម្ម​ភាពការងារ​និង​ដំណើរ​មុខ​របរ​ឬ​អាជីវ​កម្ម​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​-១៩។ លោក​សង្កេត​​ឃើញ​​ថា​ កន្លង​មក​គោល​នយោ​បាយ​​របស់​រដ្ឋា​​ភិបាល​ដែល​ផ្តល់​ជំនួយសង្គម​និង​បើក​សាច់​ប្រាក់​​ដល់​អ្នក​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ-១៩ ​មិន​​ទាន់​​ឆ្លើយ​​តប​ពេញ​លេញ​​នោះ​ទេ។ លោក​បញ្ជាក់​ថា ​ស្ថាន​ភាព​នេះ​ពួក​គាត់​ត្រូវ​ការជំនួយ​ពី​​រដ្ឋ​ដូច​ជា​ស្បៀង​អាហារ ថវិកា និង​ប័ណ្ណ​សមធម៌ ឬ​ប័ណ្ណ​បេឡា​របបសន្តិ​សុខ​សង្គម​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ៖ «យើង​មិន​ទាន់​ឃើញ​គោល​នយោ​បាយ​នេះ​គ្រប​ដណ្តប់​ទៅ​លើ​​ប្រជា​ពលរដ្ឋ​ប៉ុន្មាន​ឱ្យ​ពិត​ប្រាកដ​ទេ រដ្ឋ​ក៏​ត្រូវ​គិត​ពី​គោល​នយោ​បាយ​នេះចែង​ឱ្យ​ជាក់​លាក់ ប្រជា​ពលរដ្ឋ​ក្រៅ​ប្រព័ន្ធ​ហ្នឹង​ត្រូវ​ផ្តល់​កម្រិត​ណា រដ្ឋ​លើកឡើង​ហើយ​ថា​ ពលរដ្ឋ​ក្រៅ​ប្រព័ន្ធ​អាច​ប្រឈម​មុខ​ជាង​៦លាន​នាក់​បាត់​បង់ការ​ងារ ចឹង​រដ្ឋ​ត្រូវ​ជួយ​សង្គ្រោះ និង​រៀប​ចំមូល​និធិ​ជួយ​អ្នក​ដែល​បាត់​ការ​ងារ​ទាំងនោះ​ឱ្យ​ច្បាស់​លាស់​ដោយ​មិន​រើស​មុខ​ថែម​ទៀត»។

មន្រ្តី​​​សង្គម​​​ស៊ីវិល​​​ទទូច​​​ឱ្យ​​​រដ្ឋា​​​ភិបាល​​​បង្កើន​កញ្ចប់​​​ថវិកា​និង​រៀប​ចំ​គោលនយោ​បាយ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ច្បាស់​លាស់​​ដើម្បី​ធានា​​ដំណើរ​ការ​​មុខ​របរ ឬ​អាជីវ​កម្មពលរដ្ឋ​ដំណើរ​ការ​​ឡើង​វិញ ខណៈ​​​ពួក​គេ​​​កំពុង​​​​រង​​គ្រោះ​​​​​ដោយ​​​សារ​​​វិបត្តិ​​​ជំងឺ​​​កូវីដ-​​១៩​​​ បន្ត​អូស​បន្លាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។