ជប៉ុន​និង​កម្ពុជា​ជំរុញ​បង្កើន​ជើង​ហោះហើរ​ដើម្បី​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរណ៍

ដោយ ខែ សុណង
2019.12.12
ថោង ខុន យ៉ែម បុញ្ញឫទ្ធិ ៦២២ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន (ឆ្វេង) និង​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ (ស្តាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA

ជប៉ុន​និង​កម្ពុជា​មាន​គម្រោង​បង្កើន​ចំនួន​ជើង​ហោះហើរ​ត្រង់​បន្ថែម​ពី​ខេត្ត និង​ទីក្រុង​នានា​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរណ៍​ទៅវិញ​ទៅមក។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​ជំរុញ​ឱ្យ​ជប៉ុន​បង្កើន​ជើង​ហោះហើរ​ពី​ទីក្រុង​នានា និង​ខេត្ត​ដើម្បី​ហោះ​ត្រង់​មក​ភ្នំពេញ​និង​ខេត្ត​សៀមរាប​។ លោក​ថា ទេសចរ​ជប៉ុន​នៅតែ​ជា​ប្រភព​ទីផ្សារ​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍​សម្រាប់​កម្ពុជា តួយ៉ាង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន​បាន​ឈរ​នៅ​លំដាប់​លេខ​៧ ក្នុងចំណោម​ទីផ្សារ​សំខាន់ៗ ទាំង​១០​របស់​កម្ពុជា។

ការ​លើកឡើង​នេះ​នៅ​ក្នុង​ពិព័រណ៍​ទេសចរណ៍​ជប៉ុន (Japan Travel Fair) លើក​ទី​៣ ជាមួយ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក ម៉ាកាមិ ម៉ាស្សាហីរ៉ូ (Mikami Masahiro) កាលពី​ថ្ងៃ​ទី​០៧ ធ្នូ ដែល​ចុះផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួងទេសចរណ៍​។​

នៅ​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០១៩​នេះ ទេសចរ​បរទេស​មក​ទស្សនា​កម្ពុ​ជាជាង ៤.៨​លាន​នាក់ កើន​ឡើង ១០% ក្នុង​នោះ​ទេសចរ​ជប៉ុន​មាន​ជិត ១៥​ម៉ឺន​នាក់ កើន​២.% ធៀប​នឹង​ឆ្នាំ​២០១៨​។ ឆ្នាំ​២០១៨ កម្ពុជា​ទេសចរ​ជប៉ុន​ចូល​មក​កម្ពុជា​មាន​ជាង ២១​ម៉ឺន​នាក់ គឺ​កើន​ឡើង ៣.% ក្នុងចំណោម​ទេសចរ​បរទេស​សរុប​ជាង ៦​លាន​នាក់​។ ដោយឡែក នៅ​ឆ្នាំ​២០១៨​នោះ ក៏​មាន​ទេសចរ​កម្ពុជា​ប្រមាណ ២​ម៉ឺន​នាក់ បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ផង​ដែរ។

បច្ចុប្បន្ន​ជើង​ហោះហើរ​ត្រង់​របស់​ជប៉ុន​ហោះ​ពី​ទីក្រុង​តូក្យូ ទៅ​ភ្នំពេញ ពី​ភ្នំពេញ​ទៅ​តូត្យូ របស់​ក្រុមហ៊ុន អល នីបប៉ុន អ៊ែរវ៉េ (All Nippon Airways ) កំពុង​ដំណើរការ​យ៉ាង​ជោគជ័យ​។​

ថ្វីបើ​ប្រទេស​ទាំងពីរ​មាន​ចេតនា​បង្កើន​ចំនួន​ជើង​ហោះហើរ​ដើម្បី​ជំរុញ​ឱ្យ​កំណើន​ទេសចរណ៍​ទៅវិញទៅមក​ក្ដី ប៉ុន្តែ​នៅ​ពុំ​ទាន់​ឃើញ​មានការ​បញ្ជាក់​ឬ​បង្ហាញ​ពី​គម្រោង​ជាក់លាក់​យ៉ាងណា​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។