ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានចុះហត្ថលេខាផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ៧២លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងចំនួន៦ លើការអភិវឌ្ឍន៍ទឹកស្អាត និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនឲ្យដឹងថា ឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) និងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចុះហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី១១ ខែតុលា នៅទីស្ដីការក្រសួងការបរទេសកម្ពុជា សម្រាប់ឥណទានសម្បទាន ១គ្រោង និងហិរញ្ញប្បទានឥតសំណង ៥គម្រោង។
ការអភិវឌ្ឍន៍គម្រោងទាំង៦ នោះ រួមមាន ការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅខែត្រសៀមរាប គម្រោងបោសសម្អាតមីន គម្រោងបំពាក់សម្ភារបច្ចេកទេសសម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ គម្រោងស្ថានីយវាស់វែងអចិន្ត្រៃយ៍ មជ្ឈមណ្ឌលទិន្នន័យ គម្រោងសម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងគម្រោងឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិក និងមេកានិក។
ស្ថានទូតជប៉ុនបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានសម្រេចពង្រីកជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងពង្រឹងទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
កាលពីចុងខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយប្រមាណជាង ៣លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់គម្រោងអាហារូបករណ៍ ដើម្បីលើកកម្ពស់ធនធានមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២១។ តាមរយៈគម្រោងនេះ មន្ត្រីរដ្ឋាភិបាលចំនួន ២៦រូប ក្នុងនោះ ២៤រូបសម្រាប់រៀនថ្នាក់អនុបណ្ឌិត និង ២រូបទៀត រៀនថ្នាក់បណ្ឌិត ដែលនឹងទៅបន្តការសិក្សានៅក្នុងប្រទេសជប៉ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។