ក្រសួងការងារប្រកាសថា កម្មកររោងចក្រជិត ១៦ម៉ឺននាក់ អាចរងផលប៉ះពាល់បាត់បង់ការងារធ្វើ ហើយរោងចក្រប្រមាណ២០០ អាចនឹងត្រូវម្ចាស់បិទទ្វារ នៅខែក្រោយនេះ ដោយសារខ្វះវត្ថុធាតុដើមដែលនាំចូលពីចិន។ ជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩ (Covid-19) បានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៩ នៅប្រទេសចិន បណ្ដាលឲ្យមនុស្សជាង ២ពាន់នាក់ស្លាប់ ហើយបង្កផលលំបាកក្នុង ការដឹកវត្ថុធាតុដើមទៅរោងចក្រនៅកម្ពុជា។ ទោះបីយ៉ាងនេះក្ដី ក្រុមសហជីព ស្នើទៅរដ្ឋាភិបាលដោះស្រាយបញ្ហានេះឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព ហើយថា មូលហេតុនៃបាត់បង់ការងារ និងការបិទរោងចក្រនេះ អាចបណ្ដាលមកពីការបាត់បង់ EBA ដែរ។
ប្រធានសហជីពកម្មករឯករាជ្យចំនួនពីរធំៗ យល់ឃើញស្រដៀងគ្នាថា ការបាត់បង់ប្រព័ន្ធអនុគ្រោះ ពន្ធ ២០% ក៏អាចជាមូលហេតុសំខាន់មួយ ដែលជំរុញឲ្យមានវិបត្តិក្នុងវិស័យកាត់ដេរនៅកម្ពុជា។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ សង្កេតឃើញថា ករណីកម្ពុជាជួបបញ្ហាខ្វះវត្ថុធាតុដើមច្រើនបែបនេះ ដោយសារតែថៅកែរោងចក្រមួយចំនួនមិនបានបញ្ជាទិញវត្ថុធាតុដើមស្តុកទុកច្រើន ក្រោយកម្ពុជារងទណ្ឌកម្ម បាត់បង់ EBA 20 ភាគរយ និង គួបផ្សំពេលនេះប្រទេសចិនកំពុង ផ្ទុះការរីករាលដាលនៃវីរុស កូវីដ-១៩ (Covid-19) ។ លោកបារម្ភថា បញ្ហានេះនឹងមិនងាយដោះស្រាយនោះទេ ដូច្នេះលោកស្នើទៅរដ្ឋាភិបាលឲ្យចាត់វិធានការដោយយកចិត្តទុកដាក់ខ្ពស់៖ «រឿងនេះមិនតូចប៉ុន្មានទេ ជាបញ្ហាមួយធំ ហើយដែលក្រសួងបានបញ្ចេញព័ត៌មានបែបនេះ ព្រោះជាទូទៅក្រសួងអីមិនសូវជាបញ្ចេញព័ត៌មានអី ដែលធ្វើឱ្យកម្មករបារម្ភទេ ហើយបញ្ហានេះជាបញ្ហាមួយ ដែលមិនស្រួលក្នុងការដោះស្រាយនោះទេ»។
ចំណែក ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន យល់ថា បញ្ហាបិទរោងចក្រ និងបាត់បង់ ការងារកម្មករ អាចជាប់ពាក់ព័ន្ធនឹងការដកប្រព័ន្ធអនុគ្រោះ ២០ភាគរយ ពីសហភាពអឺរ៉ុប ដែលមិនមែនមកពីវីរុស កូវីដ-១៩ (Covid-19) តែមួយមុខនោះទេ។ លោកថា មានកម្មករជាច្រើនអាចប្រឈមនឹងការបាត់បង់ការងារធ្វើ៖ «ប៉ុន្តែនៅកម្ពុជាយើងប្រឈមពីរប្រឈមនឹងជំងឺផង និងការប្រព័ន្ធអនុគ្រោះ EBA នេះផង។ អ៊ីចឹងមានប៉ះពាល់ខ្លាំងជុំវិញការបាត់បង់ការងាររបស់ប្អូនកម្មករកម្មការិនី ហើយនៅពេលបាត់បង់ការងារកម្មករធ្វើឱ្យពលរដ្ឋមួយចំនួន ដែលទទួលបានផលប្រយោជន៍ពីកម្មករនឹងប៉ះពាល់តាមរយៈហ្នឹងផងដែរ»។
ប្រតិកម្មរបស់សហជីពនេះ កើតឡើបន្ទាប់ពី អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ លើកឡើង ថា ពេលនេះមានរោងចក្រ ១០ ហើយ ដែលបានដាក់សំណើសុំព្យួរការងារផ្នែកខ្លះ។ លោកថា បញ្ហានេះធ្វើឲ្យប៉ះពាល់ដល់ការងាររបស់កម្មករប្រមាណ ៣ពាន់នាក់។ អ្នកនាំពាក្យដដែលបញ្ជាក់ថា នៅខែមីនាខាងមុខករណីកង្វះវត្ថុធាតុដើមនៅប្រទេសចិន អាចធ្វើឲ្យប៉ះពាល់ដល់ការងារកម្មកររោងចក្រជិត ១៦ម៉ឺននាក់៖ «នៅកម្ពុជាយើងក៏ដូចជាបណ្ដាប្រទេស ដែលផលិតសំលៀកបំពាក់នេះ ក៏ប្រឈមនឹងកង្វះវត្ថុធាតុដើមដូចគ្នា ប៉ុន្តែដូចខ្ញុំបញ្ជាក់ថា តាមរយៈការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាអាចនឹងមានអាទិភាពទទួលបានវត្ថុធាតុដើមនេះមុនគេ»។
ទោះយ៉ាងនេះក្តីអ្នកនាំពាក្យរូបនេះឲ្យដឹងថា ពេលនេះក្រសួងការងារកំពុងសម្របសម្រួលជាមួយ ថៅកែរោងចក្រ ដើម្បីរកដំណោះស្រាយឲ្យកម្មករកម្មការិនីប្រមាណ ៣ពាន់ ដែលត្រូវព្យួរការងារនោះអាចទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធានាអះអាងថា នឹងផ្ដល់ជូនប្រាក់ឧបត្ថម្ភ ឲ្យកម្មកររយៈពេលខ្លី សរុបចំនួន៦០ភាគរយនៃប្រាក់ឈ្នួល តែត្រូវបំពេញកាតព្វកិច្ចចូលរួមវគ្គបណ្ដុះបណ្ដាលបន្ថែមរយៈពេល ៤ខែ។
នៅក្នុងសប្ដាហ៍នេះ លោក ហ៊ុន សែន ក៏បានស្នើសុំរដ្ឋាភិបាលប្រទេសចិនឲ្យដឹកសាច់ក្រណាត់តាមយន្តហោះ និងកប៉ាល់ទឹកមកកម្ពុជាឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីជួយទប់ស្កាត់ស្ថានភាពការបិទរោងចក្រ និងកម្មករគ្មានការងារធ្វើ។ លោកបន្តថា ភាគីកម្ពុជាអាចនឹងជួលយន្តហោះពីកម្ពុជាទៅដឹកវត្ថុធាតុដើមពីចិនតែម្ដង។
ទោះបីជាយ៉ាងណា លោក អាត់ ធន់ យល់ថា ការដឹកវត្ថុធាតុដើមតាមយន្តហោះអាចអន្តរាគមន៍ បានទាន់ពេលវេលា ប៉ុន្តែលោកគិតថា មធ្យោបាយនេះអាចចំណាយ ទ្វេដង ដែលអាចធ្វើឲ្យផលិតផលកម្ពុជាលក់ថ្លៃខ្ពស់ក្នុងការនាំចេញ ដែលធ្វើឲ្យពិបាករកទីផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។