ពលរដ្ឋខេត្តព្រះវិហារជំរុញឱ្យអភិបាលខេត្តគិតគូរពីជីវភាពកសិករពិតប្រាកដ កុំគ្រាន់តែសម្ដែង
2023.03.25
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តព្រះវិហារជំរុញឱ្យអភិបាលខេត្តយកចិត្តទុកដាក់ដោះស្រាយបញ្ចប់ជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនដើម្បីឱ្យប្រជាកសិករមានដីដាំដំណាំកសិកម្ម និងជួយរកទីផ្សារឱ្យពលរដ្ឋ ជាជាងលើកឡើងតែមាត់ប៉ុន្តែមិនអនុវត្ត។ ការលើកឡើងនេះគឺបន្ទាប់ពីអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ថ្លែងកាលពីថ្ងៃទី២៣ ខែមីនា ថា លោក នឹងបន្តពង្រឹងការអនុវត្តកសិកម្ម តាមកិច្ចសន្យា ការផលិតស្រូវសរីរាង្គ និងជំរុញកសិករឱ្យបង្កបង្កើនផល និងរក្សាគុណភាព ដើម្បីប្រែក្លាយខេត្តព្រះវិហារទៅជាខេត្តកសិកម្ម។
ប្រជាពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារត្អូញត្អែរថា ពួកគាត់ប្រឈមបញ្ហាជីវភាពខ្វះខាត ខ្វះដីបង្កបង្កើនផល និងចំណាកស្រុកដើម្បីរកការងារ បើទោះជាអភិបាលខេត្តព្រះវិហារប្រកាសពីការប្ដេជ្ញាចិត្តជំរុញដំណាំកសិកម្មនៅក្នុងខេត្តរបស់ខ្លួនក៏ដោយ។
ពលរដ្ឋជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ លោក ថោង ស៊ុត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ មីនា លោកមិនដែលឃើញអាជ្ញាធរណាចុះមកបង្រៀនកសិករពីរៀបដាំដុះដាំនោះទេ ហើយម្យ៉ាងទៀត អាជ្ញាធរ ក៏មិនជួយដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ដែរ។ លោកស្នើសុំឲ្យអភិបាលខេត្តព្រះវិហារ ជួយដោះស្រាយដីធ្លី ដើម្បីឲ្យពលរដ្ឋមានដីបង្កបង្កើនផល និងជួយរកទីផ្សារឲ្យពួកគាត់លក់កសិផលបានតម្លៃខ្ពស់ ព្រោះកន្លងមក ដល់រដូវប្រមូលផលស្រូវមានឈ្មួញចុះមកទិញ ប៉ុន្តែលក់បានតម្លៃថោកអាស្រ័យលើមាត់ឈ្មួយជាអ្នកកំណត់។
លោក ថោង ស៊ុត៖ «ទីផ្សារកសិករយើងអាស្រ័យលើមាត់ឈ្មួញអ្នកកំណត់អាធ្វើអត់កំណត់ឱ្យទេ ៥រយ (៥០០) រៀលស្រេចតែគេ ៦រយ (៦០០) ស្រេចតែគេតាម ឯកឧត្ដមលើកមកថាយ៉ាងណាទេខ្ញុំបើមិនដែរជួបប្រទះ ក៏មិនដែលឃើញមុខមាត់គាត់ចុះមកផ្សព្វផ្សាយពីរឿងស្រុកខ្ញុំមិនដែរឃើញទេមិនដែលឃើញមុខគាត់ផងមិនដឹងយ៉ាងណាផង»។
កន្លងមករដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនហេងហ្វូ (Hengfu Group Sugar Industry) លើផ្ទៃដីទំហំជាង ៤ម៉ឺនហិកតារ ( ៤២.០០០) តាំងពីឆ្នាំ២០១១ ដើម្បីដាំអំពៅ និងដំណាំកសិឧស្សាហកម្មផ្សេងទៀត។ ការវិនិយោគរបស់ក្រុមហ៊ុននេះ ធ្វើឱ្យប៉ះពាល់ដល់ជនជាតិដើមភាគតិចប្រមាណ ២ពាន់គ្រួសារ ដែលមានប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់ ស្ថិតនៅក្នុងស្រុកចំនួន៣ គឺស្រុកជ័យសែន ស្រុកឆែប និងស្រុកត្បែងមានជ័យ។ ផលប៉ះពាល់ទាំងនេះដែលធ្វើឱ្យប្រជាពលរដ្ឋនៅខេត្តព្រះវិហារមួយចំនួនគ្មានដីធ្វើស្រែចម្ការ និងជួបជីវភាពក្រីក្រ បង្ខំចិត្តឱ្យកូនៗឈប់រៀនដើរស៊ីឈ្នួលដកដំឡូង និងកាច់ពោតឱ្យគេដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងខ្លះទៀតចំណាកស្រុកទៅក្រៅប្រទេសជាដើម។ មកទល់ពេលនេះ ជម្លោះដីធ្លីនេះ មិនទាន់ដោះស្រាយចប់នៅឡើយ ហើយពលរដ្ឋ តែងទាមទារដីទាំងនោះ មកកាន់កាប់អាស្រ័យផលឡើងវិញ។
ពលរដ្ឋជនជាតិដើមភាគតិចកួយម្នាក់ទៀតគឺ លោក សុត សាវន ថ្លែងថា បច្ចុប្បន្នពលរដ្ឋគ្មានដី និងទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល ហើយពលរដ្ឋភាគច្រើនធ្វើស្រែចម្ការបន្តិចបន្តួចដោយរំពឹងទឹកភ្លៀង ហើយក្នុងមួយឆ្នាំធ្វើបានតែម្ដងនោះទេ។ លោកបញ្ជាក់ថា ការលើកឡើងរបស់អភិបាលខេត្តហាក់ខុសពីការពិត ពីព្រោះបើចង់ពង្រឹងការដាំដុះរបស់កសិករគួរតែដោះស្រាយជម្លោះដីធ្លី និងរៀបចំប្រព័ន្ធធារាសាស្ត្រឱ្យពលរដ្ឋដើម្បីងាយស្រួលក្នុងការដាំដុះ។
លោក សុត សាវន៖ «ដីដែលបងប្អូនប្រើប្រាស់ហ្នឹងមានបញ្ហាប្រឈមជាមួយនឹងអ្នកខាងក្រោយផ្សេងៗ អ្នកខាងក្រៅចូលធ្វើប្លង់យកប៉ះពាល់ដីបងប្អូនដល់ពេលយើងធ្វើស្រែរបស់យើងអ៊ីចឹងប៉ះពាល់ជាមួយអាជ្ញាធរ ឬក៏ក្រុមហ៊ុនអីផ្សេងៗដែលថា ដីហ្នឹងយើងមិនទាន់ប្លង់តាមការពិតប្លង់របស់យើងក៏មានដែរ ប៉ុន្តែនៅចន្លោះឆ្នាំ២០១២ហ្នឹង ក៏អាជ្ញាធរឃុំគាត់បានលុបចោល»។
ប្រតិកម្មរបស់ប្រជាពលរដ្ឋនេះធ្វើឡើងគឺបន្ទាប់ពីអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែមីនា ថា លោកនឹងបន្តពង្រឹងការអនុវត្តកសិកម្ម តាមកិច្ចសន្យា ការផលិតស្រូវសរីរាង្គ និងជំរុញកសិករឱ្យបង្កបង្កើនផល និងរក្សាគុណភាព ដើម្បីប្រែក្លាយខេត្តព្រះវិហារទៅជាខេត្តកសិកម្ម។
លោក គីម រិទ្ធី៖ «ខេត្តព្រះវិហារមានវិសាលភាពផ្ទៃដីធំទូលាយប្រកបដោយជីវជាតិដ៏ប្រសើរសម្រាប់វិស័យកសិកម្មដើរជាឆ្អឹងខ្នងសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋប្រមាណ៨០%នៅទូទាំងខេត្តជាពិសេសជាសក្ដានុពលធ្វើកសិកម្មសរីរាង្គដែលជាប្រភព សរីរាង្គច្រើនជាងគេ និងបាននាំចេញទៅទីផ្សារអន្តរជាតិឈានមុខគេក្នុងឆ្នាំ២០២២ការដាំដុះរដូវវស្សាបានចំនួន១០ ម៉ឺនហិកតារ»។
ទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិលយល់ឃើញ អភិបាលខេត្ត លោក គីម រិទ្ធី គួរតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាតម្លៃស្រូវចុះថោក និងរកទីផ្សារ លក់កសិផលឱ្យពលរដ្ឋដើម្បីឱ្យពួកគាត់អាចរកប្រាក់កម្រៃចិញ្ចឹមជីវិត និងមានលទ្ធភាពបញ្ជូនកូនៗទៅសាលារៀន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរតែចុះត្រួតពិនិត្យដោះស្រាយបញ្ហាដីធ្លី និងប្រព័ន្ធធារាសាស្ត្រឱ្យបានម៉ត់ចត់ បើចង់ឱ្យខេត្តព្រះវិហារក្លាយទៅខេត្តនាំចេញស្រូវទៅក្រៅប្រទេស។ ប៉ុន្តែលោកថា ប្រសិនបើកសិករខ្វះដីបង្កើនផល ហើយកសិផលគ្មានទីផ្សារ និងប្រភពទឹកមិនមានគ្រប់គ្រាន់ ពលរដ្ឋនឹងប្រឈមជីវភាពខ្វះខាត។
លោក ឡោ ចាន់៖ «ខាងអាជ្ញាធរខេត្តយើងបន្ថែមក្នុងការយកចិត្តទុកដាក់ធ្វើប្រព័ន្ធធារាសាស្ត្រជូនពួកគាត់ព្រោះប្រជាពលរដ្ឋគាត់ធ្វើស្រែចម្ការពេលបច្ចុប្បន្នធ្វើស្រែអាស្រ័យលើភ្លៀងដូច្នេះអត់មានប្រព័ន្ធធារាសាស្ត្រណាដែលអាចជួយពួកគាត់ឱ្យបានច្រើននោះទេ គឺមានដែរ គឺតិចតួចបំផុតដូច្នេះថ្នាក់ខេត្តហ្នឹងបន្ថែមក្នុងការយកចិត្តទុកដាក់បង្កើតប្រព័ន្ធធារាសាស្ត្រឱ្យបានគ្រប់គ្រាន់»។
របាយការណ៍ខេត្តព្រះវិហារឆ្នាំ២០២២ បង្ហាញថា ការដាំដុះផ្ទៃដីដុះសរុបប្រមាណ១០ម៉ឺន ហិកតារ ដីប្រមូលផលចំនួនជិត១ម៉ឺន ហិកតារ (៩.៦០៦៣) ស្មើនឹង ១រយភាគរយ (១០០%) ទទួលបានផលចំនួនជិត ៣សែនតោន (២.៨៣៧.៤៣) សម្រាប់ស្រូវវស្សា និងទិន្នផលជាមធ្យម ជាង៣តោន (៣.០១៧) ក្នុងមួយហិកតារ ។ ក្រៅពីនេះនៅមានដំណាំរួមផ្សំ ដូចជាឈើហូបផ្លែ ដំឡូងមី ស្វាយចន្ទី បានចំនួនជិត ៣ម៉ឺនហិកតារ (២.៥១១.៦)។
ទោះជាយ៉ាងណ ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរពីជីវភាពខ្វះខាត និងជំពាក់បំណុលធនាគារដោយសារខ្វះដីបង្កបង្កើនផលកសិផលគ្មានទីផ្សារ និងលក់បានតម្លៃថោក។ ប្រជាពលរដ្ឋក៏កំពុងត្រូវបានរងការគំរាមកំហែងមិនឱ្យចូលបង្កបង្កើនផល និងទាញប្រយោជន៍ពីដីដោយសារតែអាជ្ញាធរយកដីសមភាពពួកគេជួលឱ្យក្រុមហ៊ុនឯកជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។