អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា(EC) ចេញផ្សាយរបាយការណ៍សង្ខេបមួយជាសាធារណៈនៅថ្ងៃទី២៨ ខែមិថុនា ស្តីពី សិទ្ធិទទួលបានការអនុគ្រោះជាសំឡេងសហគមន៍ដែលជាប់ជំពាក់បំណុល។
របាយការណ៍កម្រាស់ ៤១ ទំព័រនេះ បង្ហាញពីរឿងរ៉ាវនិងសំឡេងរបស់សហគមន៍ដែលមានទំនាស់ដីធ្លីចំនួន ១៤ នៅក្នុងខេត្តចំនួន ៨ អំពីការរំលោភបំពានសិទ្ធិរបស់ពួកគេ ពាក់ព័ន្ធនឹងបំណុលឥណទានខ្នាតតូចដ៏ច្រើនលើសលុប។
អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា លើកឡើងនៅក្នុងរបាយការណ៍ថា សហគមន៍ទាំង ១៤ ដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះ ជួបបញ្ហាលំបាកនៃការរំលោភបំពានជាច្រើនដោយសារតែបំណុលមីក្រូហិរញ្ញវត្ថុពួកគេ។ អង្គការទាំងពីររកឃើញថា មូលហេតុទូទៅដែលពួកគាត់ខ្ចីប្រាក់ មានដូចជា ការបង់សងបំណុលផ្សេងទៀត ការព្យាបាលជំងឺ ការសាងសង់ផ្ទះ ធ្វើកសិកម្ម និងការចំណាយលើការសិក្សារបស់កូនជាដើម ។ ផលវិបាកនៃកម្ចីឥណទានខ្នាតតូចនេះ ធ្វើឲ្យពួកគាត់បង្ខំចិត្តខ្ចីប្រាក់ពីអ្នកចងការឯកជន កាត់បន្ថយអាហារបរិភោគ លក់ទ្រព្យសម្បត្តិ លក់ដី ពលកម្មកុមារ កុមារបោះបង់ការសិក្សា ភាពតានតឹងនៅក្នុងគ្រួសារ បញ្ហាដំណេកនិងការធ្វើចំណាកស្រុកដោយសារបញ្ហាបំណុល។ អង្គការទាំងពីរបន្តថា មន្ត្រីឥណទានដែលប្រតិបត្តិការនៅក្នុងសហគមន៍ទាំងនេះ បានពាក់ព័ន្ធនឹងការប្រមូលឥណទាននិងការផ្តល់ឥណទានបែបកេងចំណេញ ការដាក់សម្ពាធឲ្យលក់ដី ការគំរាមកំហែងឲ្យអ្នកខ្ចីដែលយឺតយ៉ាវក្នុងការបង់សង ក៏ដូចជាការជំរុញឲ្យខ្ចីប្រាក់ពីអ្នកចងការឯកជន។ លើសពីនេះ អាជ្ញាធរមូលដ្ឋានមួយចំនួនមានមេភូមិ-មេឃុំ តែងទទួលយកប្រាក់ពីមន្ត្រីឥណទាន ជាថ្នូរនឹងការទៅបង្ខិតបង្ខំឲ្យកូនបំណុល ត្រូវសងប្រាក់កម្ចីឲ្យបានទាន់ពេលវេលាកំណត់។
អង្គការទាំងពីរ អះអាងថា ក្នុងចំណោមសហគមន៍ទាំង ១៤ នេះ មានសហគមន៍ខ្លះ គឺប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះតែម្តងដែលជាប់ជំពាក់បំណុល ហើយសហគមន៍ខ្លះមានចំនួនគ្រួសារដែលជំពាក់បំណុលប្រមាណ៨០ទៅ៩០ភាគរយ ហើយមានទំហំកម្ចីជាមធ្យមចាប់ពី១ពាន់ (១,០០០) ដុល្លារទៅ ១ ម៉ឺន (១០,០០០) ដុល្លារ។គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគា ដែលផ្តល់ប្រាក់កម្ចីនៅក្នុងសហគមន៍ទាំងនោះរួមមាន អេស៊ីលីដា អេអ៊ឹមខេ អម្រឹត ហត្ថា ប្រាសាក់ និរន្តន៍ ស្ថាបនា ដាប់បែលយូប៊ីហ្វាយនែន អិលអូ អិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀត។ ការសិក្សាស្រាវជ្រាវនេះ ក៏បង្ហាញថា ជម្រើសដែលផ្ដល់ដោយធនាគារ និងគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ការរៀបចំឥណទានឡើងវិញ ឬការពន្យារពេលបង់សងកម្ចីឥណទានខ្នាតតូចក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ គឺនៅមិនទាន់គ្រប់គ្រាន់ និងមិនទាន់អាចបញ្ឈប់ការលក់ដីដោយបង្ខំ ឬការរំលោភបំពានផ្សេងៗ អំឡុងពេលមានការរីករាលដាលជាសកលនៃជំងឺនេះនៅឡើយទេ ខណៈដែលប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានធ្លាក់ចុះ និងប៉ះពាល់លទ្ធភាពរបស់ពួកគាត់ក្នុងការបង់សងកម្ចី។
តំណាងសហគមន៍ជោគជ័យ សិ្ថតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ លោក ជុំ សុភឿត ថ្លែងថា សហគមន៍របស់លោក មានប្រជាពលរដ្ឋជាងមួយរយហាសិប (១៥៦)គ្រួសារ ហើយចំនួនគ្រួសារដែលជំពាក់បំណុល ស្ទើតែ១០០ភាគរយ និងមានទំហំខ្ចីជាមធ្យម ប្រមាណ៥ពាន់ (៥,000)ដុល្លារ។ លោក និងអ្នកភូមិ កំពុងបារម្ភដូចៗគ្នាអំពីរឿងកង្វះការហូបចុក គ្មានប្រាក់ឲ្យកូនរៀន គ្មានលទ្ធភាពបង់សងបំណុល ខណៈប្រាក់ចំណូលរបស់អ្នកភូមិដែលពឹងផ្អែកលើការធ្វើស្រែចំការ ការធ្វើកម្មករស៊ីឈ្នួល រកអនុផលព្រៃឈើ និងចំណាកស្រុក បានធ្លាក់ចុះទាំងស្រុង ដោយសារគ្រោះធម្មជាតិ និងវិបត្តិជំងឺកូវីដ-១៩។តំណាងសហគមន៍ជោគជ័យរូបនេះ អំពាវនាវឲ្យរដ្ឋាភិបាល រួមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ផ្តល់ការអនុគ្រោះដល់ពួកគាត់ក្នុងការផ្អាកបង់ប្រាក់សងរយៈពេលសមរម្យណាមួយ៖ «បាទ! ភ័យព្រួយណាស់ ពេលខ្លះដេកមិនលក់ផងព្រោះអីប្លង់ដីនៅជាប់នឹងធនាគារអស់ហើយ។នៅពេលរកលុយមិនបានសង បងប្អូនប្រជាពលរដ្ឋខ្វះខាត បានត្រឹមតែដោះស្រាយជីវភាពហូបខ្វះព្រឹកខ្វះល្ងាចចឹងទៅនាំឲ្យព្រួយបារម្ភ»។
អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា ពិនិត្យឃើញថា ប្រជាពលរដ្ឋកម្ពុជា ជាប់ជំពាក់បំណុលខ្នាតតូចជាង ១១,៨ ពាន់លានដុល្លារ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។ គិតជាមធ្យម កម្ចីខ្នាតតូចនៅកម្ពុជា គឺមានប្រមាណជាង៤ពាន់ដុល្លារ (៤.២៨០) ដែលជាចំនួនខ្ពស់ជាងគេនៅលើពិភពលោក ខណៈប្រជាពលរដ្ឋកម្ពុជាចំនួន ៩៥ ភាគរយ មានប្រាក់ចំណូលតិចជាងកម្ចីគិតជាមធ្យមនេះទៅទៀតក្នុងឆ្នាំ២០២០។ អង្គការសិទ្ធិមនុស្សបារម្ភថា ការកើនឡើងដ៏គ្រោះថ្នាក់នេះ បាននាំឱ្យកើតមានការរីកសាយនៃវិបត្តិជំពាក់បំណុលច្រើនលើសលុប ហើយភាគច្រើននៃកម្ចីខ្នាតតូចទាំងនេះ មានអត្រាការប្រាក់ខ្ពស់ តម្រូវឲ្យដាក់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់អ្នកខ្ចីធ្វើជាទ្រព្យធានា និងដាក់សម្ពាធលើអតិថិជនក្រីក្រដែលងាយរងគ្រោះឱ្យបាត់បង់ដីធ្លី។ អង្គការទាំងពីរ គូសបញ្ជាក់ថា ការអនុវត្តបែបកេងចំណេញទាំងនេះ បាននាំឱ្យមានផលចំណេញច្រើនលើសលុបសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងដៃគូផ្ដល់កម្ចីបរទេសរបស់ពួកគេ និងបានធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានចំពោះសុវត្ថិភាពកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសហគមន៍ដែលងាយរងគ្រោះ។
អង្គការសិទ្ធិមនុសុ្សទាំងពីរ រួមទាំងសហគមន៍ដែលជាប់បំណុលទាំង ១៤ ស្នើសុំដល់រដ្ឋាភិបាល អ្នកផ្តល់កម្ចីខ្នាតតូចទាំងគ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ និងធនាគារ និងអ្នកវិនិយោគទុនអន្តរជាតិ ដែលរួមមានធនាគារអភិវឌ្ឍន៍របស់ពលរដ្ឋនៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ធ្វើការស៊ើបអង្កេតដោយឯករាជ្យទៅលើទំហំនៃការរំលោភសិទ្ធិមនុស្ស និងផ្តល់ការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលបានរងគ្រោះដោយការផ្តល់កម្ចី និងប្រមូលឥណទានបែបកេងចំណេញ។ ពួកគាត់ ក៏ទាមទារឲ្យប្រគល់ជូនម្ចាស់ទ្រព្យវិញនូវប័ណ្ណកម្មសិទ្ធិដីធ្លីពាក់ព័ន្ធនឹងកម្ចីខ្នាតតូច ដែលបច្ចុប្បន្នត្រូវបានដាក់ជាទ្រព្យធានា និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពដើម្បីបញ្ឈប់ការលក់ដីឬផ្ទះដោយបង្ខំ ទប់ស្កាត់ការដាក់សម្ពាធខុសច្បាប់ពីមន្ត្រីឥណទាន និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបញ្ចុះអត្រាការប្រាក់លើកម្ចីខ្នាតតូច ក៏ដូចជា ចាត់វិធនាការផ្អាកការបង់សងប្រាក់ដើម និងការប្រាក់បង្គរជាបណ្តោះអាសន្ន។
ជុំវិញករណីនេះ ប្រធានសមាគមធនាគារនៅកម្ពុជា និងប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាលោក អ៊ិន ចាន់នី ថ្លែងថា លោកមិនទាន់មើលរបាយការណ៍ស្រាវជ្រាវរបស់អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជានៅឡើយ ហើយលោក ក៏គ្មានកាតព្វកិច្ចអ្វីត្រូវឆ្លើយតបចំពោះអង្គការទាំងពីរនេះដែរ ព្រោះមិនមែនភាគទុនិក ឬអ្នកចូលហ៊ុន និងមិនមែនជាកូនបំណុលនោះទេ។ ទោះជាយ៉ាងណា លោក លើកឡើងថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានគោលការណ៍របស់ខ្លួនរួចជាស្រេច ក្នុងការជួយគាំទ្រអតិថិជនរបស់ខ្លួន ក៏ដូចបានអនុវត្តតាមច្បាប់និងបទដ្ឋានរួមរបស់ធនាគារផងដែរ។ ទន្ទឹមគ្នានេះ លោក អ៊ិន ចាន់នី មិនបកស្រាយជុំវិញការរកឃើញនូវរំលោភសិទ្ធិមនុស្សដែលកើតឡើងពីកម្ចីខ្នាតតូចបែបកេងប្រវ័ញ្ចនោះទេ ប៉ុន្តែលោក ចាត់ទុកថា ការផ្តល់ឲ្យប្រជាពលរដ្ឋ ឬអតិថិជន បានប្រើប្រាស់ហិរញ្ញវត្ថុកន្លងមក គឺជាផ្នែកមួយនៃការគោរពសិទ្ធិមនុស្ស៖ «អ្វីដែលសមាគមធ្វើ គឺអនុវត្តតាមគោលនយោបាយ ហើយនឹងច្បាប់របស់ជាតិ ហើយនឹងសេចក្តីណែនាំ ក៏ដូចជាប្រកាស ក៏ដូចជាសារាចររបស់ធនាគារជាតិនៃកម្ពុជាដែលជាស្ថាប័នអាណាព្យាបាល ហើយយើងកំពុងតែអនុវត្តយ៉ាងសកម្មក្នុងជួយនិងគាំទ្រដល់អតិថិជនរបស់យើង ព្រោះរីកចំរើនស្ថាប័នរបស់យើងនៅក្នុងកម្ពុជានេះ គឺយើងរីកចំរើនជាមួយអតិថិជនរបស់យើងតាំងពីដើមមក។ ធនាគារមិនមែនមានតែឥណទានតែមួយមុខទេ មានសេវាច្រើនបែបយ៉ាងណាស់រួម ទាំងប្រាក់បញ្ញើសន្សំ ពីប្រជាជនផង ដូច្នេះនៅពេលធនាគារទទួលប្រាក់បញ្ញើសន្សំនេះ ធនាគារក៏ជាកូនបំណុលរបស់អ្នកផ្ញើប្រាក់ដែរ»។
អាស៊ីសេរី មិនអាចទាក់ទងសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ចំណែកអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បដិសេធផ្តល់បទសម្ភាសន៍ ដោយប្រាប់ថា ជាប់រវល់ប្រជុំ។
ក្រុមអង្គការសិទ្ធិមនុស្ស មើលឃើញថាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើននៅកម្ពុជា នៅតែបន្តទទួលបានប្រាក់ចំណេញ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ខណៈដែលអ្នកខ្ចីប្រាក់រាប់សែននាក់ បានបាត់បង់ប្រាក់ចំណូល ហើយប្រជាពលរដ្ឋនៅក្នុងសហគមន៍ កំពុងជួបការលំបាកក្នុងការបន្តជីវិតរស់នៅ។
នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាលោក អៀង វុទ្ធី មានប្រសាសន៍ថា ការធ្វើរបាយការណ៍នេះ ក្នុងគោលបំណងជួយបន្លឺសំឡេងរបស់សហគមន៍ដែលជាប់ជំពាក់បំណុលទាំងនេះ ឲ្យបានឮទៅដល់អ្នកវិនិយោគទុន អ្នកធ្វើគោលនយោបាយ និងភាគីពាក់ព័ន្ធក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ ដែលជាអ្នកទទួលខុសត្រូវ ដើម្បីធានាឲ្យមានការបញ្ឈប់នូវរាល់ការរំលោភបំពានសិទ្ធិមនុស្សទាំងនេះ និងធានាថា ប្រាក់សំណងនិងការអនុគ្រោះ ត្រូវបានផ្តល់ឲ្យអ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ជាពិសេសក្នុងពេលវិបត្តិកូវីដនេះ។ លោក បន្តថា ការផ្តល់ឥណទានឬកម្ចីខ្នាតតូច នៅមិនទាន់អនុវត្តស្របតាមគោលការណ៍ច្បាប់ជាធរមានឡើយទេ ដែលធ្វើឲ្យប្រជាពលរដ្ឋទទួលរងសម្ពាធជាច្រើន និងមានហានិភ័យចំពោះសុវត្ថិភាពកម្មសិទ្ធិដីធ្លីរបស់ពួកគាត់ នៅពេលពួកគាត់ គ្មានលទ្ធភាពបង់សងបំណុល៖៊ «ប្រជាពលរដ្ឋកំពុងប្រឈមនេះ គឺគាត់អត់មានប្រាក់ចំណូលទាល់តែសោះ ហើយការរៀបចំឥណទានឡើងវិញនេះ គឺផ្តល់ឱកាសឲ្យពួកគាត់សងជាការប្រាក់មិនសងនូវប្រាក់ដើមទេ ដូច្នេះពលរដ្ឋ លើកឡើងថា ការធ្វើបែប នេះ អត់ចំណេញដល់ពួកគាត់ទេ ខាងមីក្រូហិរញ្ញវត្ថុទេដែលចំណេញ ដោយសារការ ជំពាក់របស់គាត់អត់មានថយចុះទេ មានតែកើនឡើងដោយសារប្រាក់ដើមនៅតែដដែល ហើយការប្រាក់នៅបង់។អ៊ីចឹង ការចំណាយកាន់តែច្រើនជាងមុន បានន័យថា រយៈពេលកាន់តែយូរជាងមុន។ដោយសារកត្តានេះប្រជាពលរដ្ឋ កាត់សុំឲ្យមានការផ្អាកក្នុងរយៈពេលណាមួយ ជួយសម្រួលដល់ពួកគាត់។ ខ្ញុំសង្ឃឹមថា មីក្រូហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល នឹងពិនិត្យមើលថា តើមានលទ្ធភាពបែបណាដើម្បីជួយសម្រួលដល់ពួកគាត់»។
ចាប់តាំងពីឆ្នាំ២០១៩មក អង្គការលីកាដូ និងអង្គការសិទ្ធិមនុស្សដៃគូមួយចំនួន បានចេញផ្សាយជាសាធារណៈនូវរបាយការណ៍ចំនួនបីមកហើយ ដើម្បីបង្ហាញពីការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងអំពាវនាវឲ្យរដ្ឋាភិបាល ចាត់វិធានការដំណោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា រដ្ឋាភិបាល លោក ហ៊ុន សែន និងស្ថាប័នផ្តល់ប្រាក់កម្ចី មិនទាន់មានដំណោះស្រាយដុំកំភួនណាមួយដើម្បីជួយពលរដ្ឋដល់អ្នកជំពាក់បំណុលដែលកំពុងស្រែកដង្ហោយសុំការជួយសង្រ្គោះទាំងនោះនៅឡើយទេ។ អង្គការលីកាដូ និងអង្គការសមធម៌ សង្កត់ធ្ងន់ធ្ងរថា ប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកខ្ចីប្រាក់ គួរមានសិទ្ធិទទួលបានការអនុគ្រោះ បើពុំនោះទេ បញ្ហាបំណុលនេះ នឹងនាំឲ្យប្រជាពលរដ្ឋជាច្រើន បន្តប្រឈមនឹងភាពអត់ឃ្លាន ពលកម្មកុមារ ចំណាកស្រុក ការលក់ដីដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។