ពលរដ្ឋរស់នៅក្រុងសៀមរាប និងក្រុមមគ្គទេសក៍ទេសចរបង្ហាញក្ដីកង្វល់យ៉ាងខ្លាំង ពីការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុកពុំធ្លាប់មាន បណ្ដាលឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងផ្ដល់សេវាកម្មទេសចរមួយចំនួនបង្ខំចិត្តបិទទ្វារ។ បញ្ហានេះពួកគេបានទម្លាក់កំហុស ទៅលើរបបក្រុងភ្នំពេញថា មិនមានយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរបទេសរវល់តែទាស់ទែងគ្នាក្នុងវិបត្តិនយោបាយ។
ក្រុមពលរដ្ឋរស់នៅក្រុងសៀមរាប និងមន្ត្រីអង្គការសង្គមស៊ីវិលត្អូញត្អែរថា បើទោះបីភ្ញៀវទេសចរធ្លាក់ចុះយ៉ាងខ្លាំងក្ដី ពុំឃើញអាជ្ញាធរក្រុងភ្នំពេញ បង្ហាញយុទ្ធសាស្ត្រ និងគោលនយោបាយជាក់លាក់មួយ ដើម្បីដោះស្រាយវិបត្តិនេះនៅឡើយទេ។
ក្រុមពលរដ្ឋរស់នៅក្រុងសៀមរាបត្អូញថា ប្រភពការងារ និងប្រាក់ចំណូលចម្បងរបស់ប្រជាជនខេត្តនេះភាគច្រើន ពឹងផ្អែកទាំងស្រុង លើវិស័យទេសចរ ក៏ប៉ុន្តែប្រសិនបើភ្ញៀវទេសចរធ្លាក់ចុះហើយនោះ ក្រុមហ៊ុនប្រតិបត្តិករទេសចរ សណ្ឋាគារ កន្លែងលក់វត្ថុអនុស្សាវរីយ និងភោជនីយដ្ឋាន រួមទាំងកន្លែងផ្ដល់សេវាកម្មទេសចរជាច្រើនទៀតនឹងក្ស័យធន ធ្វើឱ្យពលរដ្ឋបាត់បង់ការងារ និងប្រាក់ចំណូល។
បុគ្គលិករដ្ឋបាលនៃសណ្ឋាគារមួយ ក្នុងក្រុងសៀមរាប លោក អាង ឆាល ថ្លែងថា សណ្ឋាគារ និងផ្ទះសំណាក់ចំនួនក្នុងក្រុងសៀមរាប កំពុងជួបវិបត្តិសេដ្ឋកិច្ច រហូតបង្ខំចិត្តបិទទ្វារ។ លោកថា នៅគ្រាភ្ញៀវទេសចរធ្លាក់ចុះ សណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥ បានបញ្ចុះតម្លៃទាប ប៉ះពាល់ដល់ប្រាក់ខែបុគ្គល និងកាត់បន្ថយចំណាយប្រចាំថ្ងៃជាដើម។ រីឯសណ្ឋាគារ និងផ្ទះសំណាក់តូចៗ ជាច្រើនទៀត ស្ទើរតែគ្មានភ្ញៀវទាល់តែសោះនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ៖ «មួយរយៈនេះអត់ភ្ញៀវដល់អូតែល (Hotel) ផ្កាយ ៥ ធ្លាប់លក់ថ្លៃ ក៏គាត់បញ្ចុះតម្លៃទាបមែនទែន ដល់ពេលទាប វាប៉ះពាល់ដល់ប្រាក់ខែបុគ្គលិក និងកាត់បន្ថយចំណាយប្រចាំថ្ងៃ ម៉ាស៊ីនភ្លើងច្រើនណាស់។ ដល់ពេលបញ្ចុះខ្លាំង មួយរយៈនេះធ្លាក់ភ្ញៀវខ្លាំង ទោះបីជាចុះប៉ុណ្ណាក៏នៅតែអត់ភ្ញៀវដដែល » ។
នៅខេត្តសៀមរាប មានសណ្ឋាគារ ឬកន្លែងផ្ដល់សេវាកម្មស្នាក់នៅជាង ៥០០កន្លែង និងមានបន្ទប់គេងចំនួន ២ម៉ឺនបន្ទប់។ ក្រុមមគ្គទេសក៍បង្ហើបថា បច្ចុប្បន្នភ្ញៀវទេសចរអឺរ៉ុប កូរ៉េ និងជប៉ុន ធ្លាក់ចុះច្រើន ជំនួសដោយភ្ញៀវទេសចរជនជាតិចិន និងមានភ្ញៀវទេសចរខ្លះ បានបង្វែរទិសដៅទៅថៃ និងវៀតណាមវិញ។
លោក អាង ឆាល បន្ថែមទៀតថា ពលរដ្ឋរាប់ពាន់នាក់ដែលកំពុងបម្រើការងារវិស័យទេសចរ មានប្រាក់ខែតិចតូចប៉ុណ្ណោះពោល គឺចាប់ពីជាង ១០០ដុល្លារ ដល់ ៨00ដុល្លារ ក្នុងនោះមានពលរដ្ឋមួយចំនួន ជំពាក់បំណុលធនាគារផងដែរ។ លោកថា ភ្ញៀវទេសចរធ្លាក់ចុះខ្លាំង នឹងធ្វើឱ្យពួកគេប្រឈម បាត់បង់ការងារ បង្ខំចិត្តចំណាកស្រុកទៅក្រៅប្រទេស៖ «បុគ្គលិកភាគច្រើននៅសៀមរាប ប្រាក់ខែស៊ីមផល ស្ដារ(Simple Stare) អត់ប្រាក់ខែច្រើនទេ។ អ៊ីចឹងទៅដល់សណ្ឋាគារបិទមួយចំនួនហ្នឹង ប៉ះពាល់ជីវភាព មែនទែន។ អ៊ីចឹងទៅគាត់ធ្វើការនៅប្រទេសថៃ ច្រើនទៅកូរ៉េ និងទៅជប៉ុន » ។
របាយការណ៍គ្រឹះស្ថានអង្គរបង្ហាញថា រយៈពេល ៧ខែ ក្នុងឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរជិត ១លាន ៤សែននាក់ ធ្លាក់ចុះជាង ១០ភាគរយ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៨។
អ្នករត់ម៉ូតូកង់បី ក្នុងក្រុងសៀមរាប លោក គឹម ណៃ ចាត់ទុកឆ្នាំ២០១៩ នេះ ជាឆ្នាំអាក្រក់បំផុតមិនធ្លាប់មាន ទាក់ទិនការធ្លាក់ចុះភ្ញៀវទេសចរបរទេស។ លោកថា ក្រុមអ្នករត់ម៉ូតូកង់បី កំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារខ្សត់ភ្ញៀវ និងមានអ្នកខ្លះ បង្ខំចិត្តបោះបង់មុខរបបនេះ ធ្វើចំណាកស្រុកទៅក្រៅប្រទេស ដើម្បីដោះបំណុល៖ «អត់ភ្ញៀវក្នុងមួយខែ ហើម ១៥ថ្ងៃ អត់មានភ្ញៀវដឹក។ ខាងអូតែល HOTEL ខាងអី គេជម្រុះបុគ្គលិកខ្លះៗ ហើយ គេជម្រុះពាក់កណ្ដាលសិនអ៊ីចឹង។ អត់ភ្ញៀវ » ។
អ្នកនាំពាក្យក្រសួងទេសចរ លោក តុប សុភ័ក បដិសេធធ្វើអធិប្បាយរឿងនេះទេ ហើយលោកបានបង្វែរឱ្យអាស៊ីសេរី សួរអ្នកនាំពាក្យក្រសួងទេសចរ លោក ជុក ជំនោរវិញ៖ «លោក ជុក ជំនោរ គាត់អ្នកនាំពាក្យដែរដោយសារខ្ញុំសុំច្បាប់បេសកកម្ម។ បេសកកម្មនៅក្រៅប្រទេស » ។
អាស៊ីសេរីបានព្យាយាមទាក់ទង លោក ជុក ជំនោរ តែលោកមិនលើកទូរស័ព្ទនៅថ្ងៃទី២ កញ្ញា។
តែយ៉ាងណា លោក លោក ជុក ជំនោរ ប្រាប់វិទ្យុបារាំងអន្តរជាតិថា រដ្ឋាភិបាលកម្ពុជាកំពុងពិចារណា លើកលែងទិដ្ឋាការដល់ទេសចរបរទេស បន្ទាប់ពីវិស័យឯកជនបង្ហាញពីកង្វល់ នៃការធ្លាក់ចុះភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាប ក្នុងឆមាសទី១ ឆ្នាំ២០១៩ នេះ។ លោកបញ្ជាក់ថា មូលហេតុនៃការធ្លាក់ចុះភ្ញៀវទេសចរ មានកត្តាជាច្រើន រួមមាន បញ្ហាទិដ្ឋាការឥទ្ធិពលពីខាងក្រៅ និងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មើលឃើញថា ជម្លោះនយោបាយ និងការធ្លាក់ចុះប្រជាធិបតេយ្យ គឺជាមូលហេតុសំខាន់ ធ្វើឱ្យបាត់បង់ភ្ញៀវទេសចរ ប្រទេសលោកខាងលិច ជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់ និងកន្លែងផ្ដល់សេវាកម្មទេសចរជាដើម។ លោកបារម្ភថា ប្រាក់ចំណូលពលរដ្ឋក្រីក្រ ដែលប្រកបមុខរបរតូចតាច និងមធ្យមនឹងជួបវិបត្តិធ្ងន់ធ្ងរ ប្រសិនបើបញ្ហាទាំងអស់នេះនៅតែអូសបន្លាយពេល៖ «ការព្រួយបារម្ភរបស់ខ្ញុំគឺ ប្រាក់ចំណូលរបស់ពលរដ្ឋប្រកបមុខរបបតូចតាច ខ្នាតតូច និងខ្នាតមធ្យម អ្នកដឹកជញ្ជូនភ្ញៀវទេសចរ អ្នកលក់ដូរវត្ថុអនុស្សាវរីយ អ្នកប្រកបមុខរបបផ្សេងៗ ទៀត។ ជាពិសេសម្ចាស់សណ្ឋាគារមួយចំនួនធំ បានបង្ខំចិត្តជួលសណ្ឋាគារឲ្យទៅជនជាតិចិន។ សណ្ឋាគារគាត់ខ្លះអត់មានភ្ញៀវ។ នេះជាការព្រួយបារម្ភ អ្វីៗ ការទទួលទាន វិស័យទេសចរ ត្រូវបានបាត់បង់ទាំងស្រុង » ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ផ្ដល់មតិថា ការរៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចល្អ គឺជាកត្តាសំខាន់ ទាក់ទាញភ្ញៀវទេសចរមិនចេះរីងស្ងួត។ លោកចង់ឃើញ រដ្ឋបាលខេត្ត ក្រសួងសាធារណៈការណ៍ ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន សហការគ្នាល្អ រកមធ្យោបាយស្ដារមុខមាត់ខេត្តនេះឱ្យល្បីល្បាញផ្នែកទេសចរ និងជាខេត្តគំរូ៖ «បរិយាកាសនៃការរស់នៅទំនាក់ទំនង ការរស់នៅក្នុងភាពជាគំរូមួយជាងគេ នៃអ្នកស្រុកសៀមរាបនេះ និងរបៀបដែលពួកគេមានទំនាក់ទំនងជាមួយភ្ញៀវទេសចរ រួមផ្សំជាមួយ និងរូបភាពទាក់ទាញផ្សេងៗ ទៀត ដូចអភិវឌ្ឍន៍ខេត្តនេះឲ្យក្លាយជាគំរូមួយ រួមទាំងជាខេត្តទទួលបានការអនុវត្តល្អផ្នែកអភិបាលកិច្ច » ។
មន្ត្រីសង្គមស៊ីវិល ពលរដ្ឋ និងក្រុមមគ្គុទ្ទេសក៍បារម្ភថា ប្រសិនបើជម្លោះនយោបាយនៅតែអូសបន្លាយពេលរហូតផ្ដាច់អនុគ្រោះពន្ធ EBA នឹងបង្កផលប៉ះពាល់ធំធេងដល់ប្រព័ន្ធសេដ្ឋកិច្ចប្រជាជនទាំងមូល ជាពិសេស នឹងផ្ទុះឡើង នូវវិបត្តិសង្គមនានា រួមមាន រឹបអូសដីធ្លី ផ្ទះសម្បែងពីសំណាក់ ធនាគារ និងមីក្រូហិរញ្ញវត្ថុជាដើម៕
ទិដ្ឋភាពភ្ញៀវទេសចរនៅខ្លោងទ្វារចូលប្រាសាទបាយ័ន កាលពីចុងខែសីហា ឆ្នាំ២០១៩។ រូប៖ RFA
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។