អ្នកជំនាញជំរុញឲ្យអាជីវករនៅព្រំដែនប្រកាន់ក្រមសីលធម៌ដើម្បីកុំឲ្យបរទេសដណ្ដើមទីផ្សារ

អ្នកជំនាញ លើកទឹកចិត្តឲ្យក្រុមអាជីវករលក់ដូរ ជាពិសេសអាជីវករលក់ដូរនៅតាមព្រំដែន គួរប្រកបដោយក្រមសីលធម៌ និងមិនត្រូវលក់ដូរដោយកេងប្រវ័ញ្ចអតិថិជនឡើយ ប្រសិនបើមិនចង់ឲ្យជនបរទេសមកដណ្ដើមទីផ្សារតទៅទៀត។
ការលើកឡើងពីអ្នកជំនាញនេះ បន្ទាប់ពីអាជីវករលក់ដូរតាមផ្សារខ្លះនៅព្រំដែនបាវិត លើកឡើងថា ការលក់ដូររបស់ពួកគាត់មិនអាចទទួលបានប្រាក់ចំណេញគ្រប់គ្រាន់ដូចមុន ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឡើយ ស្របពេលអាជីវករជនជាតិវៀតណាម បានចូលមកដណ្ដើមទីផ្សារពួកគាត់កាន់តែច្រើនឡើងៗ។
ក្រុមអាជីវករលក់ដូរតាមផ្សារមួយចំនួននៅតំបន់ព្រំដែន ព្រួយបារម្ភថា ពួកគាត់នឹងអាចលែងប្រកបមុខរបរលក់ដូរនាពេលខាងមុខ ប្រសិនបើជនជាតិវៀតណាម នៅតែអាចចូលមកលក់ទំនិញដោយសេរី និងគ្មានការទប់ស្កាត់ពីអាជ្ញាធរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ អះអាងថា លោកចង់ឲ្យអាជ្ញាធរជួយសម្រួលដល់ការលក់ដូររបស់អាជីវករខ្មែរឲ្យបានកាន់តែប្រសើរជាងមុន ហើយអាជីវករវិញក៏ត្រូវតែប្រកាន់ភ្ជាប់នូវក្រមសីលធម៌ នៃអ្នកលក់ដូរមិនកេងប្រវ័ញ្ច។ លោកបន្តថា ការធ្វើបែបនេះអាចប្រកួតប្រជែងដណ្ដើមទីផ្សារពីជនបរទេសមកវិញ ស្របពេលជនបរទេសទាំងនោះមិនត្រឹមដណ្ដើមទីផ្សារខ្មែរនៅព្រំដែនបាវិត ទេ សូម្បីនៅទូទាំងប្រទេសក៏មានច្រើនដែរ៖ «វាជារបៀបនៃការទាក់ទាញអតិថិជនដែរ ព្រោះកន្លងមកធ្លាប់មានការរិះគន់ថាលក់ដូរកោរ និងគ្មានសីលធម៌»។
លោក សន ជ័យ អះអាងថា ការប្រកាន់យកក្រមសីលធម៌ក្នុងការលក់ដូរមិនទាន់គ្រប់គ្រាន់ឡើយ លោកចង់ឃើញអាជីវករខ្មែរចាប់ផ្ដើមរៀនសូត្របន្ថែមអំពីជំនាញនៃការធ្វើជំនួញ និងចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម និងលក់ដូរទំនិញតាមផ្សារនានា។ លើសពីនេះ រដ្ឋាភិបាលក៏គួរតែផ្ដល់ជាដើមទុនសម្រាប់អាជីវករខ្លួន ដើម្បីពង្រីកមុខរបរបន្ថែមទៀត ហើយអាជ្ញាធរវិញក៏ត្រូវធានាឲ្យមានភាពសុខស្រួលដល់អាជីវករដែរ។
ការលើកឡើងពីអ្នកជំនាញនេះ បន្ទាប់ពីក្រុមអាជីវករខ្មែរលក់ដូរតាមផ្សារនៅក្នុងទីក្រុងបាវិត មួយចំនួនលើកឡើងថា ការលក់ដូរមានដូចជាការលក់ត្រីសាច់ បន្លែផ្លែឈើ និងទំនិញផ្សេងៗរបស់ពួកគាត់ លែងសូវលក់ដាច់ដូចមុន ដោយសារអាជីវករវៀតណាម បានចូលមកដណ្ដើមយកទីផ្សាររបស់ពួកគាត់ ហើយមានអាជីវករខ្មែរខ្លះត្រូវបង្ខំទៅរកការងារផ្សេង។
អាជីវករម្នាក់កំពុងអង្គុយលក់ត្រីក្នុងផ្សារតាពៅ នៅទីក្រុងបាវិត សុំមិនបញ្ចេញឈ្មោះ លើកឡើងថា បច្ចុប្បន្ន អាជីវករវៀតណាម ហូរចូលមកលក់ក្នុងផ្សារនេះកាន់តែច្រើនឡើងៗ ស្របពេលអាជីវករខ្មែរពុំសូវមានលក់ដូរក្នុងផ្សារនេះច្រើនដូចមុននោះទេ។ អាជីវករខ្មែររូបនេះបន្តថា មូលហេតុបណ្ដាលឲ្យអាជីវករវៀតណាម ហូរចូលមកលក់ច្រើន ដោយសារអាជ្ញាធរខ្មែរបើកដៃឲ្យពួកគេដឹកទំនិញឆ្លងកាត់តាមច្រកព្រំដែននានា ដោយគ្មានការហាមឃាត់៖ «លក់នៅហ្នឹងវាសម្បូរវៀតណាម យើងលក់អត់សូវបាន ហើយផ្សារហ្នឹងមានវៀតណាម មកលក់យូរណាស់មកហើយ គ្រាន់តែថាឥឡូវមានវៀតណាម កាន់តែច្រើន»។
អាជីវករខ្មែរបញ្ជាក់ទៀតថា ទំនិញរបស់អាជីវករខ្មែរដែលលក់មិនសូវដាច់នៅក្នុងផ្សារតាពៅ ដោយសារអាជីវករវៀតណាម បញ្ចុះតម្លៃលក់ថោកជាងទំនិញខ្មែរ ដើម្បីទាក់ទាញឲ្យអ្នកទិញភាគច្រើនជាអ្នករកស៊ីជនជាតិចិន និងពលរដ្ឋខ្មែរខ្លះ ជ្រើសរើសទំនិញមកពីប្រទេសវៀតណាម។ ដំបូងឡើយ កាលពីពុំទាន់សម្បូរជនជាតិវៀតណាម លក់ដូរច្រើន អាជីវករខ្មែរអាចលក់ដាច់សមរម្យ និងអាចចំណេញលុយកាក់មធ្យម ដើម្បីទ្រទ្រង់គ្រួសារ។
ក្រុមអាជីវករលក់ដូរក្នុងផ្សារនៅព្រំដែនខ្មែរ-វៀតណាម អះអាងថា រយៈពេលកន្លងមកធ្លាប់មានអាជីវករខ្មែរជាបន្តបន្ទាប់បង្ខំបោះបង់ការលក់ដូរក្នុងផ្សារ រួចហើយនាំគ្នាទៅធ្វើការងាររោងចក្រ និងចំណាកស្រុក ជាដើម៖ «រាល់តែថ្ងៃរកចេះតែរកទៅ ហើយថ្ងៃណារកមិនបាន មិនដឹងគិតម៉េចទៀតទេ ទៅតាមដំណើរហ្នឹងទៅ ព្រោះរកមិនសូវបាន វៀតណាម មកដឹកមកលក់តាមផ្សារ ហើយវាលក់តាមផ្ទះទៀត»។
អាជីវករលក់ដូរក្នុងផ្សារតាពៅ ម្នាក់ទៀតឈ្មោះ បូ ចង់ឲ្យអាជ្ញាធរខ្មែរយាមនៅតាមប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ បង្កើនការយកចិត្តទុកដាក់ចំពោះជនជាតិវៀតណាម ដែលដឹកទំនិញមកលក់ស្រុកខ្មែរមិនស្របច្បាប់ ហើយបើអាជ្ញាធរអាចធ្វើបាន នោះការលក់ដូររបស់អាជីវករខ្មែរនឹងអាចលក់ដូរដាច់ឡើងវិញ ហើយមិនសូវលំបាកដូចពេលបច្ចុប្បន្ននេះទេ៖ «មិនដូចវៀតណាម ទេ! វៀតណាម មកច្រើនណាស់ ហើយដណ្ដើមយកម៉ូយចិន អស់»។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីគយខ្មែរម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា រាល់ទំនិញឆ្លងកាត់តាមព្រំដែនទាំងអស់ គឺមានការត្រួតពិនិត្យត្រឹមត្រូវតាមផ្លូវច្បាប់ ប៉ុន្តែមន្ត្រីរូបនេះទទួលស្គាល់ថា នៅមានតាមច្រករបៀងខ្លះ ជនជាតិវៀតណាម នៅតែអាចលួចដឹកទំនិញមកលក់នៅទឹកដីកម្ពុជា ដដែល ព្រោះពួកគេធ្វើសកម្មភាពដឹកទំនិញនៅពេលយប់ស្ងាត់ ដែលអាជ្ញាធរពិបាកក្នុងការរង់ចាំទប់ស្កាត់។ ម្យ៉ាងវិញទៀត ការលក់ដូរនៅព្រំដែន វាគឺជាទីផ្សារសេរីសម្រាប់អាជីវករគ្រប់រូប។
ទោះជាបែបណាក៏ដោយ គេសង្កេតឃើញថា មិនត្រឹមតែនៅតាមផ្សារតូចៗដែលសម្បូរជនជាតិវៀតណាម លក់ដូរច្រើនកុះករទេ សូម្បីផ្សារធំៗខ្លះដូចជាកន្លែងលក់សម្លៀកបំពាក់វិញ ក៏សម្បូរជនជាតិបរទេសនេះលក់ដូរស្ទើរតែទាំងអស់ដែរ ហើយពុំសូវឃើញមានជនជាតិខ្មែរលក់ដូរច្រើននោះទេ។
សំឡេងអាជីវករ៖ «បើតាមកាំកុងត្រូលរបស់យើងធូរពេក គេឃើញគេដឹកបន្លែចូលមក បង់លុយមួយម៉ឺនពីរម៉ឺនដុង។ យើងចង់មិនឲ្យមានវៀតណាម ទេ ព្រោះដើម្បីយើងលក់ដូរដេញវិញ»។
ក្រុមអាជីវករទាំងនេះបញ្ជាក់ថា សព្វថ្ងៃការទំនុកបម្រុងក្នុងគ្រួសារ ដូចជាការផ្គត់ផ្គង់ការសិក្សារបស់កូនចៅ គឺពឹងអាស្រ័យលើមុខរបរលក់ដូររបស់ពួកគាត់ហើយ ប៉ុន្តែបើការលក់ដូរមិនដាច់ដូចសព្វថ្ងៃនេះ ពួកគាត់ព្រួយបារម្ភថា ខ្លាចគ្មានលទ្ធភាពបន្តដើម្បីឲ្យកូនចៅរៀនសូត្របានខ្ពង់ខ្ពស់តទៅមុខទៀត។
ប្រធានអង្គការគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ទទួលស្គាល់ការលើកឡើងរបស់ក្រុមអាជីវករថា បើសិនជាពុំមានការគាំទ្រទៅដល់អាជីវករពាក់ព័ន្ធជំនាញធ្វើអាជីវកម្ម និងមិនទប់ស្កាត់ការប្រកបមុខរបរខុសច្បាប់របស់ជនបរទេស គឺពួកគាត់ដែលនឹងរកស៊ីខាត នឹងត្រូវបោះបង់ការងារលក់ដូរចោល រួចហើយចេញទៅធ្វើការងារនៅក្រៅប្រទេសបន្ថែមទៀត៕