ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួននិយាយថា ពួកគេពិតជាបានដាក់បញ្ចាំប្លង់ដី និង ប្លង់ផ្ទះដើម្បីជាថ្នូរបានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលកំពុងប្រតិបត្តិការត្រូវបានអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួនពីររកឃើញថា មានពលរដ្ឋខ្មែរជិត២លាន ៤សែនគ្រួសារ កំពុងជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះដែលមានទឹកប្រាក់សរុបរហូតដល់ទៅ ៨ពាន់លានដុល្លារអាមេរិក ឬ៨ប៊ីលានដុល្លារអាមេរិក ត្រឹមឆ្នាំ២០១៨។ បញ្ហានេះបណ្ដាលឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងច្រើន រហូតដល់មានពលរដ្ឋខ្លះ បានបញ្ចាំខ្លួនដើម្បីដោះបំណុល និងការធ្វើចំណាកស្រុកដោយសារបំណុល។
ប្រជាកសិករខ្មែរនៅក្នុងខេត្តរតនគីរី បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានអះអាងដូចៗគ្នាថា ពួកគេបានដាក់ប្លង់ដី ប្លង់ផ្ទះ និងដីចម្ការទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការក្នុងប្រទេសជាថ្នូរ និងការបានប្រាក់កម្ចី ដើម្បីយកមកកសាងជីវភាពឱ្យល្អប្រសើរ ប៉ុន្តែប្រាក់កម្ចីនេះបានធ្វើឱ្យពួកគេកាន់តែក្រីក្រធ្ងន់ធ្ងរទៅៗជាងមុនទៅទៀត។
លោក សៀន វី ប្រជាកសិកររស់នៅភូមិសីលាខ្មែរ ឃុំអូរបីជាន់ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៨ ខែសីហា ថា មានប្រជាកសិករប្រមាណ ៩០ភាគរយនៅក្នុងភូមិសីលាខ្មែរ សុទ្ធតែខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយដាក់ប្លង់បញ្ចាំ។ លោកនិយាយថា សម្រាប់គ្រួសាររបស់លោកផ្ទាល់បានខ្ចីប្រាក់ចំនួន ២ពាន់ដុល្លារពីធនាគារភូមិ។ ខាងធនាគារតម្រូវឱ្យយកប្លង់ដីយកទៅបញ្ចាំបើមិនមានរបស់ទ្រព្យបញ្ចាំទេ ខាងធនាគារមិនឱ្យខ្ចីប្រាក់ទេ៖ «បើយើងយកច្រើនដាក់ប្លង់ដី។ បងប្អូនកូនក្មួយ ពូជពង្សខ្ញុំទាំងអស់ដាក់ប្លង់ដី។ ក្រពេកក៏គេអត់ឱ្យដែរគេមិនមកជួយអ្នកក្រទេ របស់ហ្នឹងនោះ។ ខ្ញុំមើលហើយ គេបង្កើតក្រុម បើថាយើងក្រពេកក៏គេមិនឱ្យដែរ។ នេះគេឱ្យទាល់តែយើងមានទ្រព្យដែរ ទោះបីជាយើងដាក់ជាក្រុមតម្លៃ១ម៉ឺនបាត ទាល់តែយើងមានដីដែរ។ គេមិនយកប្លង់ទេ តែគេកត់យើងមានប្លង់ដីក្បាលប៉ុន្មាន មានស្រែប៉ុន្មាន បានគេឱ្យ មានផ្ទះនៅ ឬអត់»។
អង្គការលីកាដូ (Licadho) និងសមាគមធាងត្នោតបានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី០៧ សីហាថា ប្រជាពលរដ្ឋកម្ពុជាជាង ២លាននាក់ បានខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យកម្រិតបំណុលកើនឡើងកាន់តែខ្លាំងឡើងៗ បណ្ដាលឱ្យមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឱ្យលក់ដី ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយបំណុល និងការបញ្ចាំខ្លួនដើម្បីដោះបំណុលជាដើម។
លោក ប៉ោ យឿត កសិករនៅស្រុកបវេលខេត្តបាត់ដំបង បានឱ្យអាស៊ីសេរីដឹងថា លោកបានខ្ចីប្រាក់ពីធនាគារប្រាសាក់ចំនួន ១ម៉ឺនដុល្លារ យកមកធ្វើចម្ការ ហើយខាងអនាគារតម្រូវឱ្យសងវិញក្នុងរយៈពេល៥ឆ្នាំក្រោយមក។ លោកនិយាយថា លោកបានលក់ដីនៅក្នុងភូមិដោយយកប្រាក់ទៅដោះបំណុលដែលជំពាក់ពីធនាគារ។ លោកបញ្ជាក់ថា ក្រោយមកក្រុមគ្រួសាររបស់លោកបានសម្រេចផ្លាស់ប្ដូរលំនៅឋានចេញពីភូមិមកតាំងទីលំនៅថ្មី ដោយសារជំពាក់បំណុលពីធនាគារមិនមានលទ្ធភាពសងទាន់ពេលវេលា៖ «យើងចេញពីលំនៅឋានចាស់ហ្នឹង យើងលក់ដី លក់ធ្លីយកមកសងធនាគារខ្លះ សល់លុយខ្លះយកមកទិញនៅស្រុកលើខ្លះ បានដើមរកស៊ីខ្លះ និយាយអ៊ីចឹងយើងមានលុយឯណាទៅសងខាងធនាគារ ណាមួយការប្រាក់ស្អីក៏ថ្លៃ»។
ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅខេត្តបន្ទាយមានជ័យ ដែលស្នើលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ថា ខាងធនាគារបានរឹតបន្តឹងយ៉ាងខ្លាំងដល់ពលរដ្ឋណា ដែលបានបង់ប្រាក់យឺត គេតែងតែគំរាមរឹបអូសយកដីធ្លី និងផ្ទះសម្បែង។ អ្នកស្រីបញ្ជាក់ថា ស្វាមីរបស់អ្នកស្រីពេលខ្លះអង្គុយសំពះអង្វរខាងមន្ត្រីធនាគារនៅពេលបង់ប្រាក់សងធនាគារយឺតម្ដងៗ។ អ្នកស្រីបានខ្ចីប្រាក់ចំនួន២ម៉ឺនដុល្លារពីធនាគារហត្ថាកសិករ ដើម្បីយកមកធ្វើចម្ការតែមិនបានផលដូចការរំពឹងទុកទេ៖ «សំពះអង្វរគេ ហើយគេនៅតែមិនព្រម ដូចគួរឱ្យ។ មិនចេះតែថាទេ ធនាគារកសិករហ្នឹងចាំទុកមួយជីវិត។គេធ្វើមកលើខ្ញុំ។ ដូចថា បង់មិនដែលខូចដូចថា ខ្ញុំមានបញ្ហាកកស្ទះ ត្រូវបង់គេ៥ពាន់ គេសម្លុត គេរករឿង គេមកស្អីថា បន្ទោសខ្លាំងៗតែម្ដង។ ប្ដីខ្ញុំឡើងយំសំពះគេ តែគេមិនព្រម ដឹងតែរកឱ្យបាន»។
ចំណែកជនជាតិដើមភាគតិចទំពួន លោក វើយ កើយ មានប្រសាសន៍ថា បើរដ្ឋាភិបាលមិនជួយដោះស្រាយបំណុលប្រជាពលរដ្ឋទេ នោះប្រជាពលរដ្ឋខ្មែរទាំងមូលនឹងជួបវិបត្តិដោយសារជំពាក់បំណុលពីខាងធនាគារជាក់ជាមិនខាន៖ «ចង់សំណូមពរចេះទេ បើរដ្ឋាភិបាលជួយដូចថា កាត់បន្ថយ ឬក៏បង់ខាងប្រាក់ថ្លៃការគេហ្នឹង បើថាចុះបន្តិចបន្តួច ធូរថ្លៃមានអី។ បើខាងរដ្ឋាភិបាលគេជួយសងចេញទាំងអស់ក៏រឹតតែអរទៀត»។
អង្គការលីកាដូ និងសមាគមធាងត្នោតបានរកឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ធ្វើប្រតិបត្តិការកម្ចីដោយអត្រាការប្រាក់ខ្ពស់ ដែលតម្រូវឱ្យដាក់បញ្ចាំប្លង់ដី ជាទ្រព្យបញ្ចាំហើយស្ថាប័ននេះដាក់គោលដៅលើអតិថិជនក្រីក្រ ដែលងាយរងគ្រោះក្នុងការបាត់បង់ដីធ្លី។
នៅក្នុងឆ្នាំ២០១៨ មានប្រជាពលរដ្ឋប្រមាណ ២,៣៨លាននាក់ បានខ្ចីប្រាក់ឥណទាន ខ្នាតតូចដែលមានសរុបទឹកប្រាក់ប្រមាណជាង ៨.០០០លានដុល្លារ( ប្រាំបីរយលានដុល្លារ) ហើយជាប្រទេសមួយដែលមានមធ្យមភាគឥណទានខ្ពស់ជាងគេ ដែលមានចំនួនប្រមាណជាង៣ពាន់ដុល្លារ (៣.៣៧០ ដុល្លារ) ក្នុងមួយកម្ចី។ មធ្យមភាគនេះគឺលើសពីចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗក្នុងប្រទេស ដែលមានចំនួនត្រឹមតែជាង ១ពាន់ដុល្លារ (១.៣៨៤ ដុល្លារ) ក្នុងឆ្នាំ២០១៨។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី៧ ខែសីហា បានច្រានចោលការរកឃើញរបស់អង្គការលីកាដូ និងសមាគមធាងត្នោតដោយបានអះអាងថា ការរកឃើញនេះ មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាឡើយ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់ថា ខ្លួនជាតំណាងឱ្យក្រុមអ្នកផ្តល់កម្ចី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចុះបញ្ជីនៅកម្ពុជានោះ ចាត់ទុករបាយការណ៍នេះ ធ្វើឡើងផ្អែកលើវិធីសាស្ត្រស្រាវជ្រាវមិនត្រឹមត្រូវ ក្នុងគោលដៅដើម្បីលាបពណ៌នូវរូបភាពអវិជ្ជមានដល់ការខ្ចីបុលមីក្រូហិរញ្ញវត្ថុ ព្រោះថា របាយការណ៍នេះ ផ្អែកតែទៅសំណាកករណីសិក្សាតែ២៨ ករណីប៉ុណ្ណោះ ក្នុងចំណោមអ្នកខ្ចីបុលសរុបជាង ២លាននាក់ ឬក្រុមគ្រួសារ ដែលជាសំណាកតូចមួយប៉ុណ្ណោះ ដើម្បីយកមកធ្វើការស្រាវជ្រាវ។
តែទោះជាយ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋអ្នកជាប់បំណុល ដោយមានអចលនទ្រព្យ បញ្ចាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានជំរុញឱ្យរដ្ឋាភិបាល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជួយដោះស្រាយបញ្ហាបំណុលរបស់ពួកគេប្រកបដោយយុត្តិធម៌ និងមនុស្សធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។