ពលករ​ខ្មែរ​​​មួយ​ចំនួន​ជួប​ការ​លំបាក​​ បន្ទាប់​​ពី​ថៅកែ​មិន​បន្ត​ទិដ្ឋាការ​​ដល់​​ពួកគាត់

ដោយ ឡេង ម៉ាលី
2021-03-10
Share
ពលករ​ខ្មែរ​​​មួយ​ចំនួន​ជួប​ការ​លំបាក​​ បន្ទាប់​​ពី​ថៅកែ​មិន​បន្ត​ទិដ្ឋាការ​​ដល់​​ពួកគាត់ (រូបឯកសារ) ពលករ​ខ្មែរ​ប្រមាណ ៥០០នាក់ ក្នុង​ចំណោម ៣.០០០នាក់ ដែល​ធ្វើការ​នៅ​រោងចក្រ​សាច់​មាន់ ឈ្មោះ ជី.អេហ្វ.អិន (GFN) ក្នុង​ខេត្ត​ឈុន​បូរី (Chonburi) ប្រទេស​ថៃ នាំ​គ្នា​តវ៉ា​បញ្ហា​កាត់​ប្រាក់ឈ្នួល នៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក

ពលករ​ខ្មែរ​ធ្វើ​ការ​ក្នុង​រោងចក្រ​សាច់​មាន់​នៅ​ខេត្ត​ឈុនបូរី (Chonburi) ប្រទេស​ថៃ ព្រួយបារម្ភ​អំពី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ដោយសារ​ថៅកែ​ជនជាតិ​ថៃ​មិន​ធ្វើ​ឯកសារ​បន្ត​សុពលភាព​ទិដ្ឋាការ​ឱ្យ​​ពួកគេ​ ក្រោយ​ពី​ពួកគេ​តវ៉ា​​ទាមទារ​លក្ខខណ្ឌ​ការងារ​សមរម្យ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ចាត់​ទុក​រឿង​នេះ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​ពលករ។

ពលករ​ខ្មែរ​ចំនួន ៣២នាក់​ឱ្យ​ដឹង​ថា ថៅកែ​ថៃ​មិន​ចេញ​ឯកសារ​ដើម្បី​បន្ត​ទិដ្ឋាការ​ឱ្យ​ពួក​គាត់​បាន​ធ្វើ​ការងារ​ស្រប​ច្បាប់​នោះ​ទេ ក្រោម​ហេតុផល​ថា ពួក​គេ​បាន​នាំ​គ្នា​តវ៉ា​ឱ្យ​ខូច​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន។ ពលករ​មួយ​ចំនួន​បាន​ចាកចេញ​ពី​រោងចក្រ ដោយ​ពុំ​ទាន់​រក​ការងារ​​ធ្វើ​​បាន​នៅ​ឡើយ​ទេ។ ក្រុម​ពលករ​ខ្មែរ​ធ្វើ​ការ​រោងចក្រ​សាច់​មាន់​នៅ​ខេត្ត​ឈុនបូរី (Chonburi) ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា​ថា ពួក​លោក​បាន​តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​ថៃ​ជួយ​ត​សុពល​ភាព​ទិដ្ឋាការ ដើម្បី​​បាន​ធ្វើ​ការងារ​ឡើង​វិញ ប៉ុន្តែ​ត្រូវ​បាន​ថៅកែ​បដិសេធ។ ក្រុម​ពលករ​ទាំង​នេះ បញ្ជាក់​ថា ពួក​លោក​ពិបាក​រក​ការងារ​ធ្វើ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ធ្វើ​ទិដ្ឋាការ​ជា​មួយ​ថៅកែ​ថ្មី៖ «គឺ​យើង​ចង់​ឱ្យ​ខាង​ក្រុម​ហ៊ុន​ត​វីសា​ឱ្យ​អ្នក​ទាំង ៣២នាក់​វិញ ព្រោះ​អី​តាម​ការ​យល់​ឃើញ​របស់​ពលករ​​ទាំង​​អស់​គ្នា​ គាត់​មិន​ខុស​អ្វី​ទេ គឺ​គាត់​គ្រាន់​តែ​និយាយ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ពលករ​ទាំង​អស់​គ្នា​។ បច្ចុប្បន្ន បើ​សិន​ជា​ពួក​ខ្ញុំ​ទៅ​កម្ពុជា​ក៏​មិន​បាន​ ព្រោះ​មាន​ការ​ធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ ហើយ​មិន​សិន​ជា​មិន​ត្រឡប់​ទៅ​កម្ពុជា ទោ​រក​ការងារ​ផ្សេង​ក៏​វា ខាត​ពេល​វេលា និង​ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន​ទៀត ដើម្បី​រក​ចាំ​ការងារ​ថ្មី»

កាល​ពី​ថ្ងៃ​ទី៧ មីនា ពលករ​ខ្មែរ​ប្រមាណ ១.០០០នាក់ ធ្វើ​ការ​នៅ​រោង​ចក្រ​សាច់​មាន់ ក្នុង​ខេត្ត​ឈុនបុរី បាន​នាំ​គ្នា​តវ៉ា ដោយសារ​តែ​ថៅកែ​កាត់​ប្រាក់​ខែ​ពួក​គាត់ និង​មិន​ផ្ដល់​ទិដ្ឋាការ​ជូន​ពលករ​ចំនួន ៣២នាក់។ រឿង​នេះ​ដោយសារ​ថៅកែ​មិន​ពេញ​ចិត្ត​តំណាង​ពលករ​ទាំង​នោះ ដែល​ដឹក​នាំ​ពលករ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​សមរម្យ​កាល​ពី​ខែ​តុលា​ឆ្នាំ២០២០ កន្លង​ទៅ។

ក្រុម​ពលករ​បន្ត​ថា កន្លង​មក​ពួក​លោក​បាន​ទាក់​ទង​ទៅ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទី​ក្រុង​បាងកក​ ដើម្បី​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ជា​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​រហូត​មក​ទល់​នេះ ពុំ​មាន​មន្ត្រី​ណា​ចុះ​​ទៅ​ដោះ​ស្រាយ​ជូន​​ពួក​លោក​ឡើយ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក ដើម្បី​សុំ​អត្ថាធិប្បាយ​ពី​ក្ដី​កង្វល់​របស់​ពលករ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១០ មីនា។

អាស៊ី​សេរី​ក៏​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សុំ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​បាន​ដែរ​ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​អង្គការ​សង់ត្រាល់ (Central) ទទួល​បន្ទុក​ផ្នែក​ពលករ លោក ឌី ថេហូយ៉ា ថ្លែង​ថា នេះ​ជា​ទង្វើ​អមនុស្សធម៌​ ពីព្រោះ​អំឡុង​ពេល​នេះ​ពលករ​ពិបាក​រក​ការងារ​ធ្វើ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​គួរតែ​អន្តរាគមន៍​ដល់​ពលករ​ជា​បន្ទាន់ ដើម្បី​ឱ្យ​ពួកគាត់​បាន​ចូល​ធ្វើ​ការ​ឡើង​វិញ​។​លោក ឌី ថេហូយ៉ា ជឿ​ថា ​រឿង​នេះ​ប្រសិន​បើ​អាជ្ញាធរ​ខ្មែរ​មិន​ជួយ​អន្តរាគមន៍​ដល់​ពលករ​ទេ​នោះ ​នឹង​ធ្វើ​ឱ្យ​ថៅកែ​ថៃ​បាន​ចិត្ត​ ហើយ​​ចេះ​តែ​ធ្វើ​បាប​ពលករ​ខ្មែរ​​​​ជា​បន្ត​បន្ទាប់​ទៀត៖ «បើ​យើង​និយាយ​ពី​តួនាទី​របស់​រដ្ឋ​យើង​គឺ​អត់​ឆ្លើយ​តាម​កាតព្វកិច្ច ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ពលរដ្ឋ​ខ្លួន​ឯង។ ទី២ ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ដែល​បញ្ជូន​ពលករ​ទៅ​ហ្នឹង​ក៏​មិន​ឃើញ​ចេញ​មុខ​ដោះស្រាយ​ ហើយ​បើ​តាម​ដែល​ខ្ញុំ​ដឹង​ពួក​ហ្នឹង​ដូច​ជា​មាន​ការ​ឃុបឃិត​គ្នា យក​អង្គហេតុ​ផ្សេងៗ ហ្នឹង​ស្ដាប់​តែ​ពី​ខាង​និយោជក​ទេ។ នៅ​ពេល​និយោជក​ធ្វើ​របាយការណ៍​មក​ថា មាន​កំហុស​ឆ្គង​អី វា​មាន​ការ​សម្រេច​ទៅ​តាម​របាយការណ៍​នោះ អា​ហ្នឹង​គឺ​ថា វា​អត់​ត្រឹមត្រូវ​ទេ និង​វា​អសីលធម៌»

Dy_Thehoya_2.jpg
លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL)។ រូប៖ RFA

រោងចក្រ​សាច់​មាន់​នៅ​ខេត្ត​ឈុនបូរី មាន​ពលករ​ខ្មែរ​ប្រមាណ ៣.០០០​នាក់​ធ្វើ​ការ។ ពលករ​ភាគ​ច្រើន​​ចូល​ធ្វើ​ការងារ​នៅ​ទី​នោះ​ប្រមាណ​ពី ៣ ទៅ ៦ឆ្នាំ​ហើយ ដោយ​បាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី ១.២០០ ​ទៅ ១៥.០០០បាត ឬ​ស្មើ​នឹង​ពី ៤០០ ទៅ ៥០០ដុល្លារ​ក្នុង​មួយ​ខែ។

របាយការណ៍​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ធ្វើ​ការ​ស្របច្បាប់ និង​មិន​ស្រប​ច្បាប់​ប្រមាណ ១លាន ៨សែន​នាក់​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល