មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជារំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ហៅកាត់ថា FTA នឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះ ស្របពេលដែលប្រទេសចិនស្នើសុំភ្ជាប់ចំណងមេត្រីភាពជាមួយខេត្តខ្មែរចំនួន៣ ដែលមានសក្ដានុពលទេសចរណ៍ និងពាណិជ្ជកម្ម។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រសួងពាណិជ្ជកម្មបានរៀបចំឯកសារតាមនីតិវិធីទាំងឡាយទាក់ទងនឹងកិច្ចព្រមព្រៀង FTA ដោយបានឆ្លងគណ:រដ្ឋមន្ត្រី និងផ្ញើទៅរដ្ឋសភា។ លោកថា ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធត្រៀមខ្លួននឹងចូលបំភ្លឺនៅគណៈកម្មការជំនាញរបស់រដ្ឋសភា ប្រសិនបើមានការកោះហៅ។
ស្របពេលដែលកម្ពុជា និងចិនកំពុងរង់ចាំឱ្យកិច្ចព្រមព្រៀង FTA ចូលជាធរមាននេះ ប្រទេសចិនកាលពីខែមិថុនាបានស្នើចងមេត្រីភាពរវាងខេត្ត ហ៊ូប៉េ (Hubei) ជាមួយខេត្តបីរបស់កម្ពុជា គឺខេត្ត សៀមរាប កំពត និងខេត្តព្រះសីហនុ។
រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន បានស្នើបន្តទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២ ខែកក្កដាថា សំណើសុំបង្កើតចំណងមេត្រីភាពនេះ ដើម្បីបង្កើតភាពស្និទ្ធស្នាល និងបង្កើនកិច្ចប្រតិបត្តិការគ្រប់វិស័យ សម្រាប់ប្រយោជន៍ពលរដ្ឋនៅតាមខេត្តទាំងនោះ។ លើសពីនេះចំណងមេត្រីភាពបែបនេះក៏ត្រូវចាត់ទុកជាផ្នែកមួយជំរុញដល់ឱ្យការធ្វើពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា និងចិនកាន់តែមានប្រសិទ្ធភាព។ តែទោះជាយ៉ាងណារហូតមកដល់ពេលនេះនៅមិនទាន់មានព័ត៌មានពីការឆ្លើយតបនឹងសំណើនេះពីក្រសួងមហាផ្ទៃនៅឡើយ។
កម្ពុជាចិនបានចុះកិច្ចព្រមព្រៀង FTA កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមានកម្ពុជារំពឹងនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា ការទទួលបានទីផ្សារកាន់តែធំដោយទទួលបានភាពអនុគ្រោះច្រើនពីភាគីចិន ឱកាសទាក់ទាញវិនិយោគពីក្រៅប្រទេស និងជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាកាន់តែច្រើនទៅទីផ្សារប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។