ក្រសួង​រ៉ែ និង​ថាមពល​អះអាង​ថា តុលាការ​កំពុង​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ជាមួយ​នាវា​លួច​ដឹក​ប្រេង​ឆៅ​ចេញ​ពី​ក្រុង​ព្រះសីហនុ

ដោយ ទីន ហ្សាការីយ៉ា
2021-09-03
Share
ក្រសួង​រ៉ែ និង​ថាមពល​អះអាង​ថា តុលាការ​កំពុង​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ជាមួយ​នាវា​លួច​ដឹក​ប្រេង​ឆៅ​ចេញ​ពី​ក្រុង​ព្រះសីហនុ នាវា​ MT Strovolos លួច​ដឹក​ប្រេង​ឆៅ​ចេញ​ពី​កម្ពុជា ​ដោយ​សម្ងាត់​ៗ ហើយ​អាជ្ញាធរ​ឥណ្ឌូនេស៊ីចាប់ពេល​ចូល​ដែន​ទឹក​របស់​ប្រទេស​ខ្លួន។
រូប៖ AFP

ក្រសួង​រ៉ែ និង​ថាមពល​ឲ្យ​ដឹង​ថា តុលាការ​កំពុង​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ ដែល​ឃុបឃិត ជាមួយ​នាវា អ៊ឹមធី ស្ត្រូវ៉ូឡូស (MT Stovolos) លួច​ដឹក​ប្រេងឆៅ​ចេញ​ពី​កម្ពុជា​នោះ​ហើយ។

សេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី៣កញ្ញាឲ្យដឹងថា កម្ពុជា​បាន​ប្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​ម្ចាស់​កប៉ាល់ អ្នក​គ្រប់គ្រង និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ទៅ​តាម​ច្បាប់​កម្ពុជា។ បច្ចុប្បន្ន​តុលាការ​កំពុង​ស៊ើប​អង្កេត​លើ​បណ្ដឹង​ទាំង​នេះ​ហើយ។

សេចក្ដីថ្លែងការណ៍​ប្រាប់​ពី​មូលហេតុ ដែល​នាវា​ដឹក​ប្រេង MT Strovolos ដឹក​ប្រេង​ឆៅ​ចេញ​ពី​កម្ពុជា​នោះ មក​ពី​រឿង​ជម្លោះ​ជាមួយ​ភាគី​នាវា និង​ក្រុមហ៊ុន គ្រីសអេនើជី (Kris Energy Group) មិន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​ឡើយ។ ក្រសួង​បន្ថែម​ទៀត​ថា ប្រេង​ឆៅ​នៅ​លើ​នាវា​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​ហើយ វិវាទ​ថ្លៃ​ឈ្នួល គឺ​ជា​វិវាទ​រវាង​ម្ចាស់ ឬ​អ្នក​គ្រប់គ្រង និង​អ្នក​ជួល​នាវា ដែល​ជា​ក្រុមហ៊ុន គ្រីសអេនើជី (Kris Energy Group) មិន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក្រសួង​ថា នាវា អ៊ឹមធី ស្ត្រូវ៉ូឡូស  MT Stovolos បាន​លួច​ដឹក​ប្រេងឆៅ​ចេញ​ពី​ទឹក​ដី​កម្ពុជា​ដោយ​សម្ងាត់​នោះ គឺ​ជា​សកម្មភាព​ខុស​ច្បាប់​កម្ពុជា និង​ឥណ្ឌូនេស៊ី។

ការ​ប្រកាស​ឲ្យ​ដឹង​របស់​ក្រសួង​រ៉ែ និង​ថាមពល អំពី​ការ​បាត់​ប្រេង​ឆៅ​ដល់​ទៅ​ជិត ៣សែនធុវ​ នេះ បាន​ផ្ទុះឡើង​ក្រោយ​ពេល​អាជ្ញាធរ​ឥណ្ឌូនេស៊ី (Indonesia) បាន​ប្រកាស​ថា ចាប់​បាន​កប៉ាល់ ដែល​ដឹក​ប្រេង​ឆៅ​របស់​កម្ពុជា​នេះ​បាន​នៅ​ដែន​សមុទ្រ​របស់​ខ្លួន​កាលពី​ចុង​ខែសីហា។ ការ​ឃាត់​កប៉ាល់​ដឹក​ប្រេង​ឆៅ​ពី​កម្ពុជា​នេះ មិន​មែន​តាម​សំណើ​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​តែ​កប៉ាល់​នោះ​បាន​រំលោភ​ដែន​សមុទ្រ​ឥណ្ឌូណេស៊ី។ រឿង​ប្រគល់​ប្រេងឆៅ​ទៅ​ឲ្យ​កម្ពុជា​វិញ ក៏​អត់​នោះ ​នឹង​ត្រូវ​សម្រេច​ដោយ​ចៅក្រម​ឥណ្ឌូនេស៊ី។

សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​រឿង​បណ្ដែតបណ្ដោយ​ធ្វើ​ឱ្យ​បាត់បង់​ប្រេងឆៅ​ដែល​មាន​តម្លៃ​រហូត​ដល់​ជាង ២០លាន​ដុល្លារ​ពី​កម្ពុជា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ស៊ើបអង្កេត​ករណី​នេះ​ប្រកបដោយ​តម្លាភាព និង​គណនេយ្យ ដើម្បី​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ភោគទ្រព្យ​ជាតិ​បាន​ដឹង​ច្បាស់​ពី​រឿង​ពិត​នៅ​ពី​ក្រោយ​រឿងរ៉ាវ​អាស្រូវ​នេះ។ ការ​លើក​ឡើង​ទាំងនេះ កើតមានឡើង​ស្រប​ពេល​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជា ហាក់​កំពុង​ព្យាយាម​លាក់បាំង​ព័ត៌មាន និង​ឆ្លើយ​ដោះសា​យករួចខ្លួន​ជុំវិញ​ករណី​នេះ។

តំណក់​ប្រេង​កម្ពុជា​ដែល​ត្រូវ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​នាំ​គ្នា​អួតអាង និង​ធ្វើ​ពិធី​យ៉ាង​ហ៊ឹកហ៊ាក់​យក​ទៅ​តម្កល់​ទុក​នៅ​វិមាន​ឈ្នះៗ កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​នេះ ឥឡូវនេះ​ទំនងជា​បាន​ប្រែក្លាយ​ទៅជា​តំណក់​ប្រេង​ចុង​ក្រោយ​របស់​កម្ពុជា ហើយ​កប៉ាល់​ដឹក​ប្រេង​ឈ្មោះ អ៊ឹមធី ស្ត្រូវ៉ូឡូស (MT Strovolos) ជា​របស់​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី មាន​ឈ្មោះ​ថា (World Tankers Management Pte Ltd)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល