ក្រសួងរ៉ែ និងថាមពលឲ្យដឹងថា តុលាការកំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ ដែលឃុបឃិត ជាមួយនាវា អ៊ឹមធី ស្ត្រូវ៉ូឡូស (MT Stovolos) លួចដឹកប្រេងឆៅចេញពីកម្ពុជានោះហើយ។
សេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី៣កញ្ញាឲ្យដឹងថា កម្ពុជាបានប្តឹងទៅតុលាការប្រឆាំងនឹងម្ចាស់កប៉ាល់ អ្នកគ្រប់គ្រង និងអ្នកពាក់ព័ន្ធទាំងអស់ទៅតាមច្បាប់កម្ពុជា។ បច្ចុប្បន្នតុលាការកំពុងស៊ើបអង្កេតលើបណ្ដឹងទាំងនេះហើយ។
សេចក្ដីថ្លែងការណ៍ប្រាប់ពីមូលហេតុ ដែលនាវាដឹកប្រេង MT Strovolos ដឹកប្រេងឆៅចេញពីកម្ពុជានោះ មកពីរឿងជម្លោះជាមួយភាគីនាវា និងក្រុមហ៊ុន គ្រីសអេនើជី (Kris Energy Group) មិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជាឡើយ។ ក្រសួងបន្ថែមទៀតថា ប្រេងឆៅនៅលើនាវានោះ គឺជាកម្មសិទ្ធិរបស់កម្ពុជាហើយ វិវាទថ្លៃឈ្នួល គឺជាវិវាទរវាងម្ចាស់ ឬអ្នកគ្រប់គ្រង និងអ្នកជួលនាវា ដែលជាក្រុមហ៊ុន គ្រីសអេនើជី (Kris Energy Group) មិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជាឡើយ។ ទោះជាយ៉ាងណាក្រសួងថា នាវា អ៊ឹមធី ស្ត្រូវ៉ូឡូស MT Stovolos បានលួចដឹកប្រេងឆៅចេញពីទឹកដីកម្ពុជាដោយសម្ងាត់នោះ គឺជាសកម្មភាពខុសច្បាប់កម្ពុជា និងឥណ្ឌូនេស៊ី។
ការប្រកាសឲ្យដឹងរបស់ក្រសួងរ៉ែ និងថាមពល អំពីការបាត់ប្រេងឆៅដល់ទៅជិត ៣សែនធុវ នេះ បានផ្ទុះឡើងក្រោយពេលអាជ្ញាធរឥណ្ឌូនេស៊ី (Indonesia) បានប្រកាសថា ចាប់បានកប៉ាល់ ដែលដឹកប្រេងឆៅរបស់កម្ពុជានេះបាននៅដែនសមុទ្ររបស់ខ្លួនកាលពីចុងខែសីហា។ ការឃាត់កប៉ាល់ដឹកប្រេងឆៅពីកម្ពុជានេះ មិនមែនតាមសំណើរបស់កម្ពុជានោះទេ ប៉ុន្តែគឺដោយសារតែកប៉ាល់នោះបានរំលោភដែនសមុទ្រឥណ្ឌូណេស៊ី។ រឿងប្រគល់ប្រេងឆៅទៅឲ្យកម្ពុជាវិញ ក៏អត់នោះ នឹងត្រូវសម្រេចដោយចៅក្រមឥណ្ឌូនេស៊ី។
សកម្មជនបរិស្ថាន និងសង្គមស៊ីវិល លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរឿងបណ្ដែតបណ្ដោយធ្វើឱ្យបាត់បង់ប្រេងឆៅដែលមានតម្លៃរហូតដល់ជាង ២០លានដុល្លារពីកម្ពុជា។ មន្ត្រីអង្គការសង្គមស៊ីវិល លើកទឹកចិត្តឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការចំពោះកិច្ចមួយស៊ើបអង្កេតករណីនេះប្រកបដោយតម្លាភាព និងគណនេយ្យ ដើម្បីធ្វើឱ្យពលរដ្ឋខ្មែរដែលជាម្ចាស់ភោគទ្រព្យជាតិបានដឹងច្បាស់ពីរឿងពិតនៅពីក្រោយរឿងរ៉ាវអាស្រូវនេះ។ ការលើកឡើងទាំងនេះ កើតមានឡើងស្របពេលមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា ហាក់កំពុងព្យាយាមលាក់បាំងព័ត៌មាន និងឆ្លើយដោះសាយករួចខ្លួនជុំវិញករណីនេះ។
តំណក់ប្រេងកម្ពុជាដែលត្រូវរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីនាំគ្នាអួតអាង និងធ្វើពិធីយ៉ាងហ៊ឹកហ៊ាក់យកទៅតម្កល់ទុកនៅវិមានឈ្នះៗ កាលពីដើមខែមិថុនាកន្លងទៅនេះ ឥឡូវនេះទំនងជាបានប្រែក្លាយទៅជាតំណក់ប្រេងចុងក្រោយរបស់កម្ពុជា ហើយកប៉ាល់ដឹកប្រេងឈ្មោះ អ៊ឹមធី ស្ត្រូវ៉ូឡូស (MT Strovolos) ជារបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសិង្ហបុរី មានឈ្មោះថា (World Tankers Management Pte Ltd)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។