ទឹក​ឃ្មុំព្រៃ​នៅ​ខេត្តមណ្ឌលគិរី ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផលិតផល​ភូមិសាស្ត្រ​ទំនិញ​ (GI)

នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម គ្រោងរៀបចំ ពិធី​សម្ពោធ​ម៉ាក​សម្គាល់​ភូមិសាស្រ្ត​ទំនិញ​ (GI) “ទឹកឃ្មុំព្រៃ​មណ្ឌលគិរី” នៅ​ថ្ងៃទី​២៧ ខែមីនានេះ នៅ​សួនច្បារ​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី​។

គេហទំព័រ​របស់​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា កាលពីថ្ងៃទី២៤ ខែមីនា ឲ្យ​​ដឹងថា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​​លោក ប៉ាន សូរស័ក្តិ ​អភិបាលខេត្ត​មណ្ឌលគិរី តំណាង​អង្គទូត ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ថ្នាក់​ជាតិ និង​អន្តរជាតិ ព្រមទាំង​សមាជិក​សមាគម​អភិរក្ស​ឃ្មុំ​ ដែលមាន​ចំនួន​សរុប​ប្រមាណ​៣រយ​នាក់ (​៣០០) បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផលិតផល​ទឹក​ឃ្មុំ​នេះ។

នាយកដ្ឋាន​កម្មសិទ្ធិបញ្ញានៃ​ក្រសួង​ពាណិជ្ជកម្ម ឲ្យដឹងថា គោលបំណង​សំខាន់​នៃ​ការ​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្រ្ត​ទំនិញ “ទឹកឃ្មុំព្រៃ​មណ្ឌលគិរី” ដើម្បីផ្តល់​កិច្ចការពារ​កម្មសិទ្ធិបញ្ញាដល់​សមាគម​អភិរក្ស​ឃ្មុំព្រៃ​ខេត្តមណ្ឌលគិរីចំណេះដឹង​ និង​ទេពកោសល្យ​តាមបែបប្រពៃណី​របស់​ប្រជាកសិករនិង​សហគមន៍​ជនជាតិ​ព្នងក្នុង​ខេត្តមណ្ឌលគិរីតាមរយៈការ​រៀបចំ​ចង​ក្រង​សៀវភៅ​បន្ទុក“ទឹកឃ្មុំព្រៃ​មណ្ឌលគិរី”។បន្ថែមពី​នេះគឺជួយ​លើក​កម្ពស់​គុណភាព ការវេចខ្ចប់ ការ​ផ្សព្វផ្សាយការ​បង្កើត​ការងារការលើក​កម្ពស់​ជីវភាព​ប្រជាកសិករ​ក្នុង​តំបន់និង​ការ​ចូលរួម​ថែរក្សា​តំបន់​ព្រៃ​ការពារ​ជា​គោលដៅ​ទេសចរណ៍ផងដែរ។

ក្រសួង​ពាណិជ្ជកម្មបាន​ចុះបញ្ជីម៉ាក​សម្គាល់​ភូមិសាស្រ្ត​ទំនិញ “ទឹកឃ្មុំព្រៃ​មណ្ឌលគិរី” កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដោយ​បាន​រៀបចំ​ចងក្រង​សហគមន៍ក្រោម​មាន​ការ​គាំទ្រ​ពី​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) វិទ្យាស្ថានស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជនបទ​កម្ពុជា (CIRD) និង​សមាគម​អភិរក្ស​ឃ្មុំព្រៃ​ខេត្តមណ្ឌលគិរីក្រោមជំនួយ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ​ (USAID) សហភាពអឺរ៉ុប ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​កិច្ចសហប្រតិបត្តិការនិង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​(BMZ) ធនាគាអភិវឌ្ឍន៌​អាស៊ី (ADB) ​រួមទាំង​មាន​កិច្ចសហការ​ពី​ក្រសួង​បរិស្ថាននិង​ក្រសួង​កសិកម្មជាដើម។

នៅទន្ទឹមនឹងព្រឹត្តការណ៍​នេះ​ដែរ ក៏​នឹង​មាន​ការប្រារព្ធ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី (Earth Hour) ឆ្នាំ​២០២២ នេះ ដោយមានការ​ដាក់តាំង​បង្ហាញ និង​លក់​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញជាច្រើនទៀត រួមមាន​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​ ម្រេច​កំពត​ ស្ករត្នោត​កំពង់ស្ពឺ និង​ផលិតផល​ផ្សេងៗ​ទៀត ​ចាប់​ពីថ្ងៃ​២៦ ដល់​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០២២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។