​បុគ្គលិក​​ណាហ្គា​​ដែល​​​​ត្រូវ​​បញ្ឈប់​​ពី​​ការងារ​​​​​គ្មាន​​លុយ​​បង់​​ថ្លៃ​បន្ទប់​

0:00 / 0:00

បុគ្គលិក​ណាហ្គា​ (Naga World) ដែល​​​ត្រូវ​ថៅកែ​​បញ្ឈប់​ពីការងារកំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាពធ្ងន់ធ្ងរ ដោយអ្នក​ខ្លះ​​​​​គ្មាន​លុយ​បង់​ថ្លៃ​បន្ទប់ស្នាក់​នៅ​​​​ និង​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​លក់​ម៉ូតូ​​​ចាយ​សិន​ក្នុងគ្រា​​ដែល​គ្មាន​ការងារ​​បែប​នេះ​។​ មន្ត្រី​សហជីព​ប្រចាំ​ក្រុមហ៊ុន​ស្នើ​ទៅ​​ភាគី​​ពាក់ព័ន្ធ​ផ្តល់​យុត្តិធម៌​ដល់​បុគ្គលិក​ដែល​​ត្រូវ​បាន​​បញ្ឈប់​និង​ត្រូវ​​​ទទួល​​យក​​បុគ្គលិក​ទាំង​នោះ​វិញ។

លក់ម៉ូតូ​ចាយ​សិន គឺ​ជា​ស្ថានភាព​ពិត​កើត​ក្នុង​​គ្រួសារ​របស់​លោកស្រី​សូលីដា​ដែល​ត្រូវ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​(Naga World)​បញ្ឈប់​ពី​ការ​ងារ។​ លោក​ស្រីសូលីដា​ ដែល​​បាត់បង់​​ការងារ​​ទាំង​​ប្ដី​​និង​​ប្រពន្ធ​អស់​​រយៈ​ពេល​ជាង ​៥ ខែ​មក​នេះ​ ​ត្រូវ​បង្ខំ​ចិត្ត​លក់​ម៉ូតូ​ដោះស្រាយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​និង​ត្រៀម​​លុយ​សម្រាល​កូន​៖ «ញ៉ាំបាយ​អី​ជាមួយ​ម៉ាក់​អី​ចឹង​ ​​ទិញ​អី​តិចតួច​ ​​គឺ​ខ្ចី​គេ​ខ្ចី​​ឯង​តិច​តួច ​ហើយ​ក៏​លក់​ម៉ូតូ​ដែរ។ និយាយ​ឲ្យ​អស់​ទៅ​ លក់​ម៉ូតូ​មួយ​ដែរ​សម្រាប់​រយៈ​ពេល​៥​ខែ​ហ្នឹង​បាត់បង់​ច្រើន​ណាស់​​បាត់បង់​ទាំង​ពីរ​នាក់​តែម្ដង ​​​ហើយ​ត្រូវ​​ការ​លុយ​​កើត​កូន​ទៀត​​ហើយ​មិន​ដឹង​ថា​ ​ពេល​កើតកូន​ហើយ​យ៉ាង​ម៉េចយ៉ាងម៉ាទេ?»។

ស្ត្រីរូបនេះរម្លឹកថា​ លោកស្រីនិងប្ដីប្រឹងប្រែង​ធ្វើការងារ​និង​គោរព​ពេល​វេលា ប៉ុន្តែ​បែរ​ជា​ត្រូវ​ក្រុមហ៊ុនបញ្ឈប់​ពី​ការងារ​ទៅ​វិញ។ លោក​ស្រី​​សង្ស័យ​​ថា​ ការ​បញ្ឈប់លោក​​ស្រី​​និង​ប្ដី រួមទាំង​បុគ្គលិ​ក​ផ្សេង​ទៀត​អាច​​​មក​​ពី​​ថៅកែ​​​កាស៊ីណូ​ណាហ្គាចង់​​​​កាត់​​ផ្ដាច់​​មិន​​ឲ្យ​មាន​​សហជីព​​​នៅ​ក្នុង​​ក្រុមហ៊ុន​​នេះ​​។​ លោកស្រី​សង្កេត​​ឃើញ​​ថា​ បុគ្គលិក​​ដែល​​​ត្រូវ​​បញ្ឈប់​​ពី​​ការងារ​​នេះ​​ភាគ​​ច្រើន​ជា​​មេដឹកនាំ​​សមាជិក​សហជីពនិងអ្នកទំនាក់ទំនងជាមួយសហជីពការពារសិទ្ធិកម្មករ​៖ «ចារ​កាត់​បុគ្គលិក​បុគ្គលិក​​​ហ្នឹង​គឺ​ជា​ការ​រើសអើង​សហជីព​ហ្នឹង​ហើយ ​​ព្រោះ​សុទ្ធតែ​ចំ​សមាជិក​សហជីព​ទាំង​អស់​ ៩០​ភាគរយ ​​​​​​អ្នក​ដឹកនាំ​មតិ​គ្នា​តវ៉ា​​សួរ​អី​តិច​តូច​​ ហើយ​អ្នក​ទាំង​អស់​ធ្វើ​ការ​ល្អ​​​បំផុត»។

​បុគ្គលិក​ណាហ្គាវើលដ៍ (Naga World) ​ដែល​​​ត្រូវ​ថៅកែ​​បញ្ឈប់​ពី​ការងារ​​ម្នាក់ទៀតកញ្ញា​ ស្រី​ នី​ ត្អូញត្អែរ​ថា កញ្ញា​ជំពាក់​​ថ្លៃ​ផ្ទះ​ជួល​​ពីរ​ខែ​​មក​​ហើយ​​​​ព្រោះ​គ្មាន​លទ្ធភាព​រក​ប្រាក់​នៅពេល​ដែល​បាត់បង់​ការងារ​ដូច​នេះ​។​ កញ្ញា​បន្ត​​ថា​ ​​ថៅកែ​​​ណាហ្គា​បញ្ឈប់​បុគ្គលិក​​​​ក្នុ​ង​​ពេល​​វិបត្តិ​ជំងឺ​កូវីដ-១៩ ​​​​បែប​នេះ ធ្វើឲ្យ​កញ្ញាមិន​​អាច​​​ស្វែង​​ការងារ​ថ្មី​ធ្វើ​បាន​នោះ​ទេ​។ កញ្ញា ស្រី​ នី​ នៅតែ​អះអាង​​ថា​ កញ្ញា​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​ថៅកែ​យល់​ព្រម​​ទទួល​យក​កញ្ញានិងបុគ្គលិកផ្សងទៀត​ចូល​ធ្វើ​​ការ​វិញ​៖ «យើង​រក​​អី​បាន​​ហើយ​ចំ​ពេល​កាត់​បុគ្គលិក​ទៀត​ចឹង​គឺ​ដាច់​តែ​ម្ដង​ ​ឪពុក​ខ្ញុំ​គាត់​ចាស់​ហើយ​ និយាយ​ទៅ​ខ្ញុំ​ជា​ជំហរ​​ចិញ្ចឹម​គ្រួសារ​ ចិញ្ចឹម​ឪពុក​ចិញ្ចឹម​ប្អូនៗ​ចឹង​ទៅ»។

​ស្រដៀង​គ្នា​នេះ​ដែរ​លោក​ស្រី​ ស្រី​ តី​ ប្រាប់​វិទ្យុ​អាស៊ីសេរី​​ថា​ ក្រោយ​បាត់បង់​ការងារ​លោក​ស្រី​ស្ទើរ​គ្មាន​ប្រាក់​​ទិញ​ទឹកដោះគោ​ឲ្យ​កូន​។​ លោក​ស្រី​បន្ត​ថា​ ពេល​នេះ​​ការ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ គឺ​ត្រូវ​ពឹង​លើ​ប្ដី​ ប៉ុន្តែពេល​នេះ​ប្ដី​លោក​ស្រី​​​ធ្វើ​ការ​បាន​ត្រឹម​កន្លះ​ថ្លៃ​ប៉ុណ្ណោះ​។​ ស្ត្រី​មាន​កូន​ខ្ចី​រូប​នេះ​ប្រាប់​ថា​ ចាប់​តាំង​ពី​ថៅកែ​​ផ្ដាច់​កុងត្រា​ការ​ងារ​​​ លោក​ស្រី​គ្មាន​លុយ​បង់​​រំលោះ​​​ថ្លៃ​ផ្ទះនោះទេ​​​។​ លោក​ស្រី​ស្នើ​ទៅ​ក្រុម​ហ៊ុន​ណាហ្គាវើល​គួរ​សម្របសម្រួល​​អនុញ្ញាត​ឲ្យ​បុគ្គលិក​ទាំង​អស់​អាច​ចូល​ធ្វើ​ការ​វិញ​ ព្រោះ​លោក​ស្រី​​សង្កេត​ឃើញ​ក្រុមហ៊ុន​​​ពង្រីក​សាខា​ថ្មី​ទៀត៖ «ត្រង់​ថា​ ដោះស្រាយ​ចេះ​តែ​បាន​ហើយ​បង​ ​​តែ​គ្រាន់​​ថា​ យើង​រាង​ខ្វះខាត​មិន​សូវ​​ដូច​កាល់​ពី​​នៅ​បាន​ការងារ​បាន​ប្រាក់​ខែ​អី​ចឹង​បង​​ កូន​ខ្ញុំ​បៅ​ម្សៅ​ទឹកដោះគោ​​​​អត់​បៅដោះ​​ឲ្យ​បៅ​ដែរ​តែ​អត់​បៅ​»។

កាល​ពី​ខែ​មេសា​​ ឆ្នាំ២០២១​​ ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩​ ​​ក្រុមហ៊ុន​​​ណា​ហ្គាវើលដ៍​ (Naga World) ​​បាន​បញ្ឈប់​បុគ្គលិក​​ជាង​​១​​ពាន់​​នាក់​ដែល​អ្នក​ទាំង​នោះ​រួម​មាន៖ ​​ស្ត្រី​មាន​​ផ្ទៃ​ពោះ ​ស្ត្រី​ទើប​សម្រាល​កូន ​អ្នក​ខ្លះ​ទៀត​ក៏ត្រូវ​​​ក្រុមហ៊ុន​បញ្ឈប់​ទាំង​ប្តី​-​ប្រពន្ធ​រួម​​ទាំង​ថ្នាក់​ដឹកនាំ​សហជីព​​ផង​ដែរ​។​ ក្រុម​ហ៊ុន​​​ណា​ហ្គាវើលដ៍​លើក​ហេតុ​ផល​ថា​វិបត្តិ​ជំងឺ​កូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ក្រុមហ៊ុន​។​

ទោះយ៉ាងណា​ ក្រុម​មន្ត្រី​សហជីព​និង​បុគ្គលិក​ណាហ្គាវើលដ៍​លើក​ឡើង​ថា​​ នេះ​ជា​​ចេតនា​រើស​អើង​បុគ្គលិកដែលមានទំនាក់ទំនងជាមួយនិងក្រុមសហជីព​ និងជាផែនការលុបបំបាត់​​សហជីព​នៅ​កន្លែង​ការងារ​មួយ​នេះ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ​ប្រាប់ថា​ ​​ក្នុង​ចំណោម​បុគ្គលិក​ចំនួន​១.៣២៩ (មួយ​ពាន់​បីរយ​​ម្ភៃ​ប្រាំបួន​) ​​នាក់ដែល​ត្រូវ​បញ្ឈប់​ ក្នុង​នោះ​ជាង​១.១៦០នាក់(មួយ​ពាន់​មួយរយ​ហុកសិប​)​​ជា​ថ្នាក់​ដឹក​នាំនិង​សមាជិក​សហជីព​ដែល​ក្នុង​នោះ​ក៏​មាន​កញ្ញា​ផង​ដែរ​។​​ កញ្ញា​ឲ្យ​ដឹង​ទៀត​ថា​ ពេល​នេះ​នៅ​សល់​បុគ្គលិកជាង៣០០នាក់(៣៧៦)​ ប៉ុណ្ណោះ​ដែល​បន្ត​ទាមទារ​ស្នើ​ចូលធ្វើ​ការងារវិញ​ ក្រៅ​ពី​នេះ​​​​បាន​យល់ព្រម​ទទួល​ប្រាក់​​សំណង​។​ ប្រធាន​សហជីព​រូប​នេះ​ប្រាប់​ទៀតថា​​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​កន្លង​ទៅ​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​សម្រេច​បដិសេធ​មិន​ពិចារណា​ការ​ទាមទារ​របស់​បុគ្គលិក​ណាហ្គា​ពីរ​ចំណុច​​​ក្នុង​ចំណោម​បួន​ចំណុច​​នៃ​ការ​ទាមទារកម្មករនិយោជិត​៖ «ពីរ​ចំណុច​ដែល​ក្រុម​ប្រឹក្សា​អាជ្ញារកណ្ដាល​​បដិសេធ​​​មិន​ពិចារណា​ការ​ទាមទារ​របស់​កម្មករ​និយោជិត​​​​ គឺ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​​ ៣៧៦​ នាក់​​ដែល​មិន​ទទួល​យក​សំណង​ដែល​ក្រុម​ហ៊ុន​ទូទាត់​ក្នុង​គម្រោង​កាត់​បុគ្គលិក​​ ហើយ​​ដោយ​ឡែក​អ្នក​ដែល​ព្រម​ទទួល​សំណង​កន្លង​មក​យើង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​សំណង​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់​ដោយ​សារ​យើង​រកឃើញ​ថា​ ក្រុមហ៊ុន​មិនបាន​ទូទាត់​តាម​ផ្លូវ​ច្បាប់​ទេ»។

សេចក្ដី​សម្រេច​និង​បង្គាប់​​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​​ចំណុច​វិវាទ​ទី១​ និង​ទី២​ ដែល​សម្រេច​បដិសេធ​ គឺបដិសេធ​ពិចារណា​ការ​ទាម​ទារ​​​របស់​ភាគី​​កម្មករនិយោជិត​ឲ្យ​និយោជក​បញ្ឈប់​គម្រោង​កាត់បន្ថយ​កម្មករនិយោជិត​​ដែល​កំពុង​អនុវត្ត​នីតិវិធី​បញ្ឈប់​ពី​ការងារ​។

ដោយ​ចំណុច​ទី៣​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​​​បង្គាប់​ឲ្យ​និយោជក ​ឬ​​ថៅកែ​​អនុវត្ត​របៀប​គណនា​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ សោហ៊ុយ​ជំងឺ​ចិត្ត​ ប្រាក់​រម្លឹក​អតីត​ភាព​ការងារ​មុន​ឆ្នាំ​២០១៩​ ប្រាក់​បំណាច់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ និង​ប្រាក់​បំណាច់​​ទូទាត់​ជួស​ការ​​​​ជួន​ដំណឹង​​មុន​ ជូន​កម្មករ​និយោជិត ​ឬ​បុគ្គលិក​​ឲ្យ​បាន​ត្រឹមត្រូវ​​តាម​ច្បាប់ ​​និង​ពេល​បញ្ចប់​​កិច្ច​សន្យា​ការងារ​នៅ​ចុង​ឆ្នាំ​២០២០​ និង​ឆ្នាំ​២០២១​។​

ចំណុច​ទី​៤​ ​ក្រុមប្រឹក្សា​អាជ្ញារកណ្ដាលបង្គាប់​ឲ្យ​និយោជក​បន្ត​បើក​ប្រាក់​បំណាច់​អតីត​​ភាព​ការងារ​​​ឆ្នាំ​២០២០ ​និង​​ឆ្នាំ​២០២១ ​​​ជូន​កម្មករ​​នៅ​​ក្នុង​ឆ្នាំ​២០២១​នេះ​បន្ត​ទៀត​។​ បដិសេធ​​ការ​ទាមទារ​​របស់​ភាគី​​កម្មករ​និយោជិត​ឲ្យ​និយោជក​បន្ត​ផ្ដល់​​ប្រាក់​រំលឹក​អតីត​ភាព​​ការងារ​​មុន​ឆ្នាំ​​២០១៩ ​​​ជូន​កម្មករ​និយោជិត​​ បង្គាប់​ឲ្យ​និយោជក​​​គណនា​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ឆ្នាំ​​២០២០ ​និង​២០២១​ ​ឲ្យ​បាន​​ត្រឹមត្រូវ​​​​តាម​ច្បាប់​ជូន​កម្មករ​និយោជិត​។​

បដិសេធ​ការ​ទាមទារ​​របស់​ភាគី​​កម្មករ​​និយោជិត​ឲ្យ​និយោជក​​គណនា​ប្រាក់​រម្លឹក​អតីត​ភាព​ការងារ​​មុន​ឆ្នាំ​២០១៩​ឲ្យ​បាន​​ត្រឹមត្រូវ​​តាម​ច្បាប់​​​​ជូន​កម្មករ​និយោជិត​។​

ទោះយ៉ាងណា​​ កញ្ញា​ ​ឈឹម​ ស៊ីថរ ​​ប្រាប់​ថា​ ​​ចំណុច​​វិវាទ​ទី១​​ និង​​ទី២​​ដែល​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​​សម្រេច​​បដិសេធ​​​​​ក្រុម​​កម្មករ​​បាន​​ប្ដឹង​​ទាស់​​ទៅ​​​​ស្ថាប័ន​​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ ព្រោះ​ការ​បដិសេធ​មិន​ផ្ដល់​​យុត្តិធម៌ដល់​​ភាគី​​បុគ្គលិកនិយោជិត​។​ ក្រៅ​ពី​នេះ​ ក្រុម​សហជីព​និង​បុគ្គលិក​ណាហ្គាវើលដ៍​ក៏​បាន​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក​ អ៊ិត​​ សំហេង​ ដែរ​​ដើម្បី​ពិនិត្យ​និង​​ចាត់ការ​​​​បណ្ដឹង​​​របស់​​បុគ្គលិក​​​តាម​​ច្បាប់​។​

ទាក់ទង​​បញ្ហា​នេះ​ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​បំភ្លឺ​ពី​អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក​​ ហេង​ សួរ​ បាន​ទេ​នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​។​

​​​កញ្ញា ​ស៊ីថរ​ ប្រាប់​ថា​ ប្រសិន​បើ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​និង​ស្ថាប័ន​​ពាក់ព័ន្ធ​មិន​ផ្ដល់​យុត្តិធម៌​ដល់កម្មករ​និយោជិត ​​ក្រុម​​​​​បុគ្គលិក​ដែល​ក្រុមហ៊ុន​បញ្ឈប់​និង​តំណាង​សហជីព​​គ្រោង​ប្រជុំ​គ្នា​ដើម្បី​សម្រេច​នឹង​ធ្វើ​កូដកម្ម​ ​ឬ​ត្រូវ​ប្ដឹង​ករណី​នេះ​ទៅ​តុលាការ​​ដើម្បី​រក​យុត្តិធម៌​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។