រដ្ឋសភា​ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​សមាជិក​សភា​អាមេរិក ជុំវិញ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​

ដោយ ម៉ៅ សុធានី
2020.11.19
រដ្ឋសភា ១១២៦១៩ រដ្ឋសភា​ឯក​បក្ស ប្រជុំ​អនុម័ត​លើ​សេចក្ដី​ព្រាង​​ច្បាប់​ថវិកា​ជាតិ ឆ្នាំ២០២០ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ២១០៩។
រូប៖ ហ្វេសប៊ុក​រដ្ឋសភា

រដ្ឋសភា​កម្ពុជា សំដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង និង​ចាត់​ទុក​ការ​ទាមទារ​របស់​សមាជិក​សភា​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ថា ជា​ទង្វើ​ខុស​ឆ្គង។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​តំណាង​រាស្ត្រ​អាមេរិក ៨រូប ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​លោក ហ៊ុន សែន និង​ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ ​លើ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

ក៏​ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ទទួល​ស្គាល់​ថា អាជ្ញាធរ​កម្ពុជា​នៅ​តែ​បន្ត​គំរាម​កំហែង បំបិទ​សិទ្ធិ​សេរីភាព និង​បង្ក្រាប​សំឡេង​ប្រឆាំង​ និង​សកម្មជន​ឥត​ឈប់ឈរ។

រដ្ឋសភា​កម្ពុជា កាល​ពី​យប់​ថ្ងៃ​ទី១៩ ខែវិច្ឆិកា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍៧ចំណុច ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​សមាជិក​សភា​អាមេរិក​ថា រដ្ឋាភិបាល​កម្ពុជា នៅ​បន្ត​ការ​គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង ប្ដេជ្ញា​ការពារ​ប្រឆាំង​រាល់​សកម្មភាព​ណា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម សន្តិភាព ស្ថិរភាព និង​សន្តិសុខ។ រដ្ឋសភា​បញ្ជាក់​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង និង​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​មេ​ដឹក​នាំ​គណបក្ស​នេះ​រួម​មាន សម រង្ស៊ី និង កឹម សុខា នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់ ដើម្បី​ប្រឆាំង​រាល់​សកម្មភាព​ឃុបឃិត​គ្នា ក្នុង​គោលដៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ បន្ថែម​ពី​នេះ សមត្ថកិច្ច នឹង​ចាត់​វិធានការ​ម៉ឺងម៉ាត់ ចំពោះ ការ​ញុះញង់​ឱ្យ​មាន​កុប្បកម្ម ការ​រើសអើង​ជាតិ​សាសន៍ តាម​រយៈ​ការ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជា​ដើម។

ប្រតិកម្ម​របស់​រដ្ឋសភា​កម្ពុជា​នេះ ធ្វើ​ឡើង​ក្រោយ​ដែល តំណាងរាស្រ្តសហរដ្ឋអាមេរិក៨រូប បួន​រូប​ជា​សមាជិក​សភា និង​បួនរូប​ទៀត ជា​សមាជិក​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា បាន​សរសេរ​លិខិត​រួម​គ្នា​មួយ​ច្បាប់ ជូន​ទៅ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ដោយ​ទទូច​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​កាន់​តែ​អាក្រក់​ជាលំដាប់​នៅ​កម្ពុជា។ សមាជិក​សភា​អាមេរិក​ទាំង​នោះ ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន ប្រើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ជា​​សាកល ឬ the Global Magnitsky Act លើ​បុគ្គល​ក្នុង​ជួរ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​សព្វ​ថ្ងៃ និង​ពិនិត្យ​ឡើង​វិញ លើ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP

ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង​ក៏​បាន​ថ្កោល​ទោស ចំពោះ​ទង្វើ​របស់​សមត្ថកិច្ច និង​តុលាការ​កម្ពុជា ដែល​បន្ត​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​រហូត​មក​ដល់​ពេល​នេះ មាន​មនុស្ស​ប្រហែល ៦០នាក់ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ដោយសារ​តែ​ពួក​គាត់​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

នាយក​រង​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី កាល​ពី​យប់​មិញ​ថា តាម​ការ​សង្កេត​របស់​លោក មិន​ថា​តែ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ទេ ដែល​មើល​ឃើញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក នៃ​ស្ថានភាព​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ សូម្បី​តែ​សហគមន៍​អឺរ៉ុប ក៏​មើល​ឃើញ​ដូច្នេះ​ដែរ ដែល​ជា​មូលហេតុ​បង្ខំ​ឱ្យ​សហគមន៍​តំណាង​ប្រទេស​ប្រជាធិបតេយ្យ​ជា​ច្រើន​មួយ​នេះ សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) ២០% ពី​កម្ពុជា និង​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់​អំពី​បញ្ហា​នេះ៖ «សហគមន៍​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) ២០% គឺ​លក្ខខណ្ឌ​របស់​គេ គឺ​នៅ​មិន​ទាន់​កែប្រែ ស្តារ​ឡើង​វិញ នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។ ហើយ​ចុង​ក្រោយ​នេះ យើង​ឃើញ​មាន​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស និង​អង្គការ​សហ​ប្រជាជាតិ ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន ការ​សំដែង​មតិ​ដោយ​សន្តិវិធី ដែល​ការ​បិទ​សេរីភាព​របស់​ប្រជាពលរដ្ឋ»

ដោយ​ឡែក​ទាក់ទង​នឹង​សេរីភាព​សារ​ព័ត៌មាន​វិញ រដ្ឋសភា​កម្ពុជា ក៏​បាន​លើក​ឡើង​ថា ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន អាច​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បណ្ដាញ​សង្គម​បាន​យ៉ាង​ទូលំទូលាយ ដោយសារ​កម្ពុជា​មាន​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​រាប់​រយ ដូច​ជា បណ្ដាញ​ទូរទស្សន៍ និង​វិទ្យុ​បរទេស រួម​មាន វិទ្យុ​អាស៊ី​សេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ជា​ដើម។

ក៏​ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (ខេមបូចា) លោក​ ណុប វី មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ​នេះ ក្រុម​អ្នក​សារ​ព័ត៌មាន​ដែល​មាន​និន្នាការ និង​យល់​ឃើញ​ខុស​ពី​រដ្ឋាភិបាល គឺ​បណ្តាញ​សារព័ត៌មាន​មិន​ទទួល​បាន​ភាព​ស្មើ​គ្នា ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ​ទេ។ បន្ថែម​ពី​នេះ លោក​ថា ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ មិន​ទទួល​បាន​ព័ត៌មាន​ទាន់​ហេតុការណ៍ ដូច​ជា ករណី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ជា​ដើម៖ «យើង​ចង់​ឃើញ​ស្ថាប័ន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កិច្ចការ​របស់​អ្នក​សារ​ព័ត៌មាន​ទាំង​អស់ ទោះបីជា​គាត់​ក្នុង​ស្ថានភាព ឬ​រូបភាព​ដែល​មាន​និន្នាការ​បក្ស​ណា ឬ​ក្រុម​ណា​ក៏​ដោយ គឺ​គាត់​ទទួល​បាន​ការ​ជ្រោមជ្រែង និង​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ដូចៗ គ្នា ហើយ​ចំណុច​សំខាន់ ស្ថាប័ន​មួយ​ចំនួន គឺ​ផ្សាយ​តាម​ប្រព័ន្ធ​អនឡាញ​ទេ ដូចនេះ ពលរដ្ឋ​នៅ​ជន​បទ​ដាច់​ស្រយាល មិន​អាច​ស្តាប់​បាន​ទេ គាត់​មាន​ការ​ពិបាក​ខ្លាំង​មែនទែន ដូចជាពត៌មានទាក់ទងនឹងកូវិត១៩ គឺ​មិន​ទទួល​បាន​ទាន់​ពេល​វេលា»

ក្នុង​រយៈ​ពេល ៣ខែ​មក​នេះ មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​២១ នាក់ បាន​ទទួល​រង​ការ​គំរាម​កំហែង ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន។ បន្ថែម​ពី​នេះ សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ ៦០នាក់ ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ដោយសារ​តែ​ពួក​គាត់​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ២០១៩។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាពិសេស ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បាន​ទាម​ទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​អ្នក​ទាំង​នោះ​វិញ ដោយ​យល់​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។ ក្រៅ​ពី​នេះ សហគមន៍​ជាតិ និង​អន្តរជាតិ​ក៏​ទទូច​ឱ្យ​របប​ក្រុង​ភ្នំពេញ បើក​លំហ​សេរីភាព និង​គោរព​សិទ្ធិពលរដ្ឋ ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។