ធនាគារជាតិនៃកម្ពុជា បានលុបឈ្មោះគ្រឹះស្ថានឥណទានជនបទ ប្រមាណជាង១០០ ស្ថាប័នចេញពីបញ្ជីកាលពីថ្ងៃទី១២ ខែមេសា ដោយមិនបញ្ជាក់មូលហេតុច្បាស់លាស់។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទទាំងនោះ គឺជារឿងល្អប្រសើរ និងក៏អំពាវនាវដល់ធនាគារជាតិ ឲ្យបន្តពិនិត្យទៅលើឥណទានជនបទបន្ថែមទៀត ដើម្បីផ្ដល់ទំនុកចិត្តដល់ពលរដ្ឋដែលទទួលសេវាកម្ម។
ធនាគារជាតិនៃកម្ពុជា លុបឈ្មោះគ្រឹះស្ថានឥណទានជនបទទូទាំងប្រទេស ចំនួន១០៤ ចេញពីបញ្ជី ដែលក្នុងនោះមាននៅរាជធានីភ្នំពេញចំនួន៤៣ គ្រឹះស្ថាន ខេត្តកណ្ដាលចំនួន ៨គ្រឹះស្ថាន ខេត្តស្វាយរៀងចំនួន៧គ្រឹះស្ថាន និងនៅតាមបណ្ដាលខេត្តមួយចំនួនផ្សេងទៀត។ ទោះជាយ៉ាងណា ធនាគារជាតិ មិនបានបញ្ជាក់អំពីការលុបឈ្មោះគ្រឹះស្ថានទាំងនេះឡើយ ដែលនាំឲ្យសាធារណជនសង្ស័យថា ការលុបគ្រឹះស្ថានទាំងនេះ ដោយសារមានវិបត្តិក្ស័យធន ឬដោយសារស្ថាប័នតូចៗទាំងនោះរំលោភច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ប៉ះពាល់ដល់ពលរដ្ឋ ឬអាចជាចេតនាលុបចោលស្ថាប័នតូចៗ ដើម្បីកុំឲ្យប៉ះពាល់ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារធំៗ។
ពាក់ព័ន្ធនឹងករណីនេះ ប្រធានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី មានប្រសាសន៍ថា ការលុបឈ្មោះស្ថាប័នឥណទានជនបទមួយចំនួន ពីបញ្ជីនេះ អាចបណ្ដាលមកពីកត្តាធំៗចំនួន២គឺ ឥណទានជនបទនោះផ្អាកដំណើរការនៅក្នុងរយៈពេលយូរ និងមិនបានគោរពតាមប្រព័ន្ធអនុលោមភាព។ លោកបន្ត ការលុបឥណទានជនបទមួយចំនួនចេញពីបញ្ជីនេះ គឺជាការល្អប្រសើរនៅក្នុងការរឹតបន្តឹងទៅលើគុណភាពសេវា ដើម្បីធានាឲ្យពលរដ្ឋ ដែលទទួលសេវាកម្ម ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ មានអាជ្ញាប័ណ្ណ និងមានគុណភាពល្អ។
លោក កាំង តុងងី៖ «នៅក្នុងទីផ្សារសេរី គឺយើងលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងដើម្បីឲ្យ កាលណាមានការប្រកួតប្រជែងច្រើន គឺផ្ដល់ផលប្រយោជន៍ឲ្យអតិថិជន នៅពេលដែលទីផ្សារហ្នឹងវាពេញហើយ អ៊ីចឹងអាជ្ញាធរគាត់ត្រូវធ្វើការរឹតបន្តឹងនូវការប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានទាំងអស់ហ្នឹង អ៊ីចឹងគ្រឹះស្ថានណា ដែលគាត់អាចកែប្រែខ្លួនគាត់ គាត់អាចអភិវឌ្ឍខ្លួនគាត់ គាត់នៅតែអាចបន្តអាជីវកម្មគាត់បាន ដោយឡែកគ្រឹះស្ថានណាដែលគាត់មិនមានប្រតិបត្តិការច្បាស់លាស់ មិនមានការប្ដេជ្ញាចិត្តក្នុងការពង្រឹងនូវសកម្មភាព ជាធម្មតាគាត់នឹងលែងរកស៊ីចំណេញហើយ អ៊ីចឹងគាត់នឹងត្រូវតែផ្អាកប្រតិបត្តិការ ហើយអាជ្ញាធរ គឺនឹងត្រូវដកអាជ្ញាប័ណ្ណគាត់ហើយ អ៊ីចឹងវាមិនមែនជារឿងអ្វីដែលគួរឲ្យបារម្ភ ភ័យព្រួយទេ»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១៤ មេសា។
ទោះបីជាយ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោកតែងតែសង្កេតឃើញថា គ្រឹះស្ថានឥណទានមួយចំនួនគឺផ្អាកដំណើរការទៅហើយ និងមួយចំនួនក៏មិនបានបំពេញតាមលក្ខខណ្ឌរបស់ធនាគារជាតិផងដែរ។ ដូច្នេះ ការលុបឈ្មោះឥណទានជនបទទាំងនោះ ចេញពីបញ្ជីគឺជារឿងល្អ ។ លោក អំ សំអាត ទទូចដល់ធនាគារជាតិឲ្យពិនិត្យ និងចាត់វិធានការច្បាប់ទៅលើគ្រឹះស្ថានឥណទានបន្តទៅទៀត ប្រសិនបើពួកគេមិនគោរពទៅលើគោលការណ៍ច្បាប់ស្ដីពីធនាគារ ឬរំលោភដល់សិទ្ធិអតិថិជន។
លោក អំ សំអាត៖ «គ្រឹះស្ថានហិរញ្ញវត្ថុខ្លះគាត់យកតែអាជ្ញាប័ណ្ណ ប៉ុន្តែគាត់មិនដំណើរការ ហើយមួយទៀតដំណើរការហ្នឹងគឺធ្វើឲ្យប៉ះពាល់ទៅដល់អ្នកខ្ចី បាទ ដែលមានការរំលោភទៅលើសិទ្ធិអ្នកខ្ចីជាដើមហ្នឹង អាហ្នឹងគឺជាគុណសម្បត្តិ អ៊ីចឹងការលុបអាជ្ញាប័ណ្ណនេះគឺជារឿងមួយល្អ ប៉ុន្តែគុណវិបត្តិប្រសិនជាស្ថាប័នទាំងអស់ហ្នឹង គាត់ដំណើរការតាមផ្លូវច្បាប់ ហើយមានការសម្រួលដល់ប្រជាពលរដ្ឋ ហើយកាលណាដកឥណទានទៅ ក៏វាដកច្រើនក៏វាធ្វើឲ្យមីក្រូហិរញ្ញវត្ថុធំៗ ហ្នឹងគាត់នឹងជ្រៀតចូលកាន់តែច្រើនសម្រាប់អាជីវកម្មរបស់គាត់ហា៎បាទ អ៊ីចឹងក៏វាមានការប៉ះពាល់ផងដែរទៅលើការប្រកួតប្រជែង»។
កន្លងទៅ អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា រួមជាមួយអង្គការ ហ្វីអាន (FIAN) នៃប្រទេសអាល្លឺម៉ង់ (Germany) បានធ្វើរបាយការណ៍ និងរកឃើញអំពីបញ្ហាធ្ងន់ធ្ងរ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលចុះផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។ របាយការណ៍នេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរជាង ១៦ម៉ឺននាក់ (១៦៧,០០០នាក់) កំពុងលក់ដី ដើម្បីបង់សងកម្ចីឥណទាន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ របាយការណ៍នេះ ក៏បានបង្ហាញដែរថា អ្នកខ្ចីប្រាក់ជាច្រើនបានរងគ្រោះពីការរំលោភលើសិទ្ធិមនុស្ស ហើយពួកគេទាំងនោះ ជាញឹកញាប់ត្រូវកាត់បន្ថយបរិភោគ និងបញ្ឈប់ការសិក្សារបស់កូនៗ បង្ខំឱ្យទៅធ្វើការដើម្បីរកប្រាក់មកសងបំណុលធនាគារ។
មួយវិញទៀត តាមការសិក្សា ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថាន សម្រាប់ការអភិវឌ្ឍ និងសន្តិភាព ហៅកាត់ថា អាយ.អិន.អ៊ី.អេហ្វ (INEF) បង្ហាញថា ពលរដ្ឋជិត ៣លានគ្រួសារ (២.៨លានគ្រួសារ) កំពុងជាប់បំណុលវ័ណ្ឌក ខណៈស្ថាប័នផ្ដល់ប្រាក់កម្ចីទទួលបានប្រាក់ចំណេញ រាប់រយលានដុល្លារជារៀងរាល់ឆ្នាំ។
សង្គមស៊ីវិល នៅតែស្នើដល់ធនាគារជាតិនៃកម្ពុជា ត្រួតពិនិត្យទៅលើគ្រឹះស្ថានឥណទានទាំងអស់បន្តទៀត ដើម្បីធានាដល់ពលរដ្ឋ នៅក្នុងការទទួលសេវាកម្មឥណទានប្រកបដោយទំនុកចិត្ត គុណភាព និងសេវាកម្មល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។