រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាងច្បាប់​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​២០២១

ដោយ ហេង រស្មី
2020.11.26
រដ្ឋសភា អាណត្តិទី៦ ៦២២ រដ្ឋសភា​ឯកបក្ស បើក​សម័យ​ប្រជុំ​លើក​ទី១ នីតិកាលទី៦ កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុក រដ្ឋសភា

រដ្ឋសភា​ឯក​បក្ស បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ២០២១ នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា​នេះ ដោយ​យក​តួលេខ​ពី​គណៈរដ្ឋមន្ត្រី​ទាំងស្រុង។ សមាជិក​រដ្ឋសភា​គណ​បក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​ព្រួយបារម្ភ​ពី​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋសភា​ឯក​បក្ស​ថា ពុំបាន​សួរ​ដេញ​រដ្ឋាភិបាល ដើម្បី​រុញ​ឱ្យ​ការប្រើប្រាស់​កញ្ចប់​ថវិកា​ជាតិ​មាន​តម្លាភាព និង​ចំ​ទិសដៅ​នោះ​ទេ។

រដ្ឋសភា​ឯក​បក្ស​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២១​យ៉ាង​ប្រញាប់ ដោយ​ប្រើ​ពេល​ត្រឹម​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ​។ ការ​អនុម័ត​សេចក្ដី​ព្រាងច្បាប់​នេះ រដ្ឋសភា​បាន​យក​តួលេខ​ទាំងស្រុង ពី​គណៈរដ្ឋមន្ត្រី ដោយ​រដ្ឋ​គ្រោង​ចំណាយ​ថវិកា​ថ្នាក់​ជាតិ​ប្រមាណ ៧,៥​ពាន់​លាន​ដុល្លារ ពោល​គឺ​ថយ​ចុះ​តែ ១,% បើ​ធៀប​នឹង​ឆ្នាំ​២០២០​។ រីឯ​នៅ​ថ្នាក់ក្រោម​ជាតិ​វិញ រដ្ឋ​គ្រោង​ចំណាយ​ប្រមាណ​ជិត ៦៥០​លាន​ដុល្លារ។

ថ្លែង​ការពារ​ច្បាប់​នេះ សមាជិក​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន លោក ហ៊ុន ម៉ានី បាន​សរសេរ​នៅ​ក្នុង​គណនេយ្យ​ហ្វេសប៊ុក របស់​លោក​ថា រាជរដ្ឋាភិបាល​បាន​បង្ហាញ​ស្មារតី​នៃ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង ដោយ​ផ្ដោត​ចម្បង​លើ​ការ​ប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន ការ​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន ព្រមទាំង​ការ​តម្រង់​ធនធាន​ឆ្ពោះ​ទៅ​ការ​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​កូវីដ​១៩។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បី​សុំ​ការ​អធិប្បាយ​លម្អិត​ជុំវិញ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល កាល​ថ្ងៃ​ទី២៥ វិច្ឆិកា​។ ចំណែក​អ្នកនាំពាក្យ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ​រដ្ឋសភា លោក ជាម យៀប ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទោះយ៉ាង​ណា លោក ជាម យៀប បាន​ថ្លែង​នៅ​ក្នុង​គេហទំព័រ​រដ្ឋសភា​មាន​ខ្លឹមសារ​ស្រដៀង​គ្នា​នឹង​លោក ហ៊ុន ម៉ានី ដែរ​ថា ថវិកាជាតិ​ឆ្នាំ​២០២១ គឺជា​ថវិកា​ប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង សង្គម សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ នៅ​ក្រោយ​ពេល​ស្រាកស្រាន្ត​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩។

ឆ្លើយតប​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ថា សេចក្ដី​ព្រាងច្បាប់​នេះ រដ្ឋសភា​គួរតែ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ឱ្យ​ពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ ចូលរួម​សម្ដែង​មតិ ធ្វើ​យ៉ាងណា​ឆ្លើយតប​នឹង​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​មូលដ្ឋាន។ លោក​បញ្ជាក់​ថា ដើម្បី​ឱ្យ​ថវិកាជាតិ​ប្រើប្រាស់​ចំ​ទិសដៅ និង​តម្លាភាព រដ្ឋសភា គួរតែ​ពិភាក្សា​ឱ្យ​បាន​ទូលំទូលាយ និង​ទទួលយក​ក្តី​កង្វល់​របស់​មន្ត្រី​សង្គម​វិល​មក​ដោះស្រាយ​៖ «ការ​ជជែក​ហ្នឹង​យើង​មិន​សង្ឃឹមថា មានអី​ប្រែប្រួល​ខុស​ពី​អ្វី ការ​ដាក់ ស្នើ​ពី រដ្ឋាភិបាល​ទេ​បាទ​។ នេះ​ជា​ការ​ដែល​ខ្ញុំ​សង្កេតមើល​ជាច្រើនលើក»

តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែល​កំពុង​រស់នៅ​សហរដ្ឋ អាមេរិក ថ្លែង​ថា ពលរដ្ឋ​ពិបាក​ជឿ​របប​ក្រុងភ្នំពេញ​ថា នឹង​ប្រើប្រាស់​ថវិកាជាតិ​ត្រឹមត្រូវ និង​តម្លាភាព ព្រោះ​រដ្ឋាភិបាល ឯក​បក្ស​ហ៊ុមព័ទ្ធ​ដោយ​អំពើពុករលួយ និង​បក្ខពួក​និយម​។ លោក​ថា ទោះបី​រដ្ឋសភា​អនុម័ត​ថវិកាជាតិ​ដូច្នេះ​ក្តី តែ​ការ​ចំណាយ​ជាក់ស្ដែង​វិញ មិន​ចំ​គោលដៅ​ស្នូល ជួយ​អភិវឌ្ឍន៍​មូលដ្ឋាន​ពិតប្រាកដ​នោះ​ឡើយ​៖ «នៅ​ពេល​ការអនុវត្ត​ជាក់ស្ដែង រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រព្រឹត្ត​អំពើពុករលួយ​ដែល​បាន​ទៅ​ដល់ដៃ​ពលរដ្ឋ​ពិតប្រាកដ ការ​អភិវឌ្ឍ​ពិតប្រាកដ​។ បាន​ត្រឹម ៣០ ទៅ ៤០​ភាគរយ​នឹង​ឯង ហើយ​ក្រៅពី​ហ្នឹង​វា​ចូល​ហោប៉ៅ​បុគ្គល អាហ្នឹង​វា​ឃើញ​ជាក់ស្ដែង​អ៊ីចឹង»

ចំណូល​ថវិកាជាតិ​គ្រោង​ឆ្នាំ ២០២១ មាន ៤ ៩០២លាន​ដុល្លារ​អាមេរិក ដែល​ស្មើ​ជិត ១៧ (១៦,៩៦%)​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (ផ​.​ស​.​ស ឬ GDP)​។ នៅ​ឆ្នាំ​២០២១ រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ប្រមាណ ៧ ៥០០​លាន​ដុល្លារ (ឬ​ស្មើ ៣០ ៤៩១ ៣៣៦​លាន​រៀល) ។ ថវិកា​ដែល​ត្រូវ​ចាយ​លើ​ចំណូល ២ ៥៩៨​លាន​ដុល្លារ​នេះ នឹង​ត្រូវ​ខ្ចី​ពី​បរទេស។ សរុប​ទាំង​ថវិកា​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ការ​ចំណាយ​សម្រាប់​ឆ្នាំ​២០២១ គឺ​ជាង ៨​ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ពិបាក​នឹង​ជឿ​ទុក​ចិត្ត ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​ចំណាយ​ថវិកា​ឱ្យ​ចំ​ទិសដៅ និង​មាន​តម្លាភាព ព្រោះ​រដ្ឋសភា​ឯក​បក្ស ហាក់​ធ្វើតាម​បញ្ជា​ពី​រដ្ឋាភិបាល ដោយ​គ្មាន​ការ​ជជែក​វែងឆ្ងាយ​នោះ​ទេ​៖ «សង្គម​ប្រជាធិបតេយ្យ តាមរយៈ តំណាង របស់​ខ្លួន​ហ្នឹង​ហើយ​សព្វថ្ងៃ​ហ្នឹង​យើង​សួរ​ថា តើ​មាន​អ្នកតំណាងរាស្ត្រ​ក្នុង​សភា​ណា​? ដែល​អាច តំណាង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​។ អ៊ីចឹង​ខ្ញុំ​មិន​គាំទ្រ​ឱ្យ​មាន​ការ​អនុម័ត​ច្បាប់ ស្ដីពី​ថវិកា ឬ​ការ​ធ្វើ​កម្ចី​ពី​បរទេស»

ចំណែក ក្រុម​សង្គម​ស៊ីវិល​ចំនួន​១១​ស្ថាប័ន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា កាត់បន្ថយ​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ តែ​ត្រូវ​យកចិត្តទុកដាក់ ចំពោះ​វិស័យ​សេដ្ឋកិច្ច និង​សង្គម ឲ្យ​បាន​ច្រើន​វិញ​។ ពួកគេ​បារម្ភ​ថា រដ្ឋាភិបាល អាច​នឹង​ចាយវាយ​មិន​ចំ​គោលដៅ​ដែល​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ខ្ចី​លុយ​បរទេស​បន្ថែម​ទៀត សម្រាប់​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២១​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។