ចិន​ខកខាន​ផ្តល់​ប្រាក់​កម្ចី​ដល់​គម្រោង BRI នៅ​អាស៊ីអាគ្នេយ៍​ជាង ៥០​ពាន់​លាន​ដុល្លារ

0:00 / 0:00

ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​រកឃើញ​ថា ប្រទេស​ចិន​កុម្មុយនិស្ត ខកខាន​មិនបាន​ផ្តល់​ប្រាក់កម្ចី​ដូច​តាម​ការសន្យា​ដល់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​យក្ស​ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ (BRI) នៅ​តំបន់​អាស៊ីអាគ្នេយ៍ រហូតដល់​ទៅ ៥០​ពាន់​លាន​ដុល្លារ​។ ការ​ខកខាន​នេះ កំពុង​ធ្វើ​ឱ្យ​អនាគត​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា។

លទ្ធផល​នៃ​ការ​ សិក្សា​ស្រាវជ្រាវ ទើប​នឹង​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន Lowy Instituteដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី (Australia) កាលពី​ថ្ងៃទី​២៧ ខែមីនា រក​ឃើញ​ថា ក្នុង​ចំណោម​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​យក្ស​ចំនួន ៣៤​គម្រោង នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​គម្រោង​នីមួយៗ​មានតម្លៃ​ចាប់ពី ១​ពាន់​លាន​ដុល្លារ​ឡើង​ទៅ ចិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​កម្ចី​ដល់​គម្រោង​ខ្នាត​យក្ស​ចំនួន ២៤ គម្រោង ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ៧៧​ពាន់​លាន​ដុល្លារ​។ គម្រោង​ខ្នាត​យក្ស​របស់​ចិន​ទាំងនេះ មាន​ដូចជា ផ្លូវ​រថភ្លើង​ល្បឿន​លឿន ព្រលាន​យន្តហោះ ស្ពាន និង​កំពង់ផែ ជាដើម​។ ក៏ប៉ុន្តែ ការស្រាវជ្រាវ​រក​ឃើញ​ថា ចិន​ខកខាន​មិន​បាន​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​អនុវត្ត​គម្រោង​ទាំងនេះ ក្នុង​ចំនួន​ទឹកប្រាក់​រហូត​ដល់​ទៅ ៥២​ពាន់​លាន​ដុល្លារ ជាពិសេស​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​សាកល​កូវីដ​១៩​។ ផ្ទុយទៅវិញ ស្ទើរតែ​ជាង​ពាក់​កណ្តាល​នៃ​គម្រោង​ទាំង​នេះ ត្រូវ​ចិន​លុប​ចោល កាត់​បន្ថយ​ទំហំ ឬ​មិន​អនុវត្ត​តែម្តង។

ការសិក្សា​ស្រាវជ្រាវ​នេះ ពន្យល់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ចិន​ខកខាន​មិន​អាច​សម្រេច​មហិច្ឆតា​របស់​ខ្លួន​យ៉ាង​ដូច្នេះ គឺ​ដោយសារតែ​កត្តា​មួយចំនួន ក្នុង​នោះ​មាន​ដូចជា ចិន​ផ្ដោត​ខ្លាំងពេក​ទៅលើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​យក្ស ដែល​ងាយ​បង្ក​ឱ្យ​មាន​ហានិភ័យ ការ​ពន្យា​ពេល កត្តា​អស្ថិរភាព​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​ដៃគូ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ការ​ពិគ្រោះ​យោបល់​ទន់ខ្សោយ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​បម្រែបម្រួល​ជា​សាកល​នៃ​ការ​ងាក​ទៅ​ប្រើ​ប្រាស់​ថាមពល​ស្អាត។

ការ​សិក្សា​ស្រាវជ្រាវ​ដដែល សន្និដ្ឋាន​ថា មាន​ភាព​មិន​ប្រាកដ​ប្រជា​ជាច្រើន​ពាក់ព័ន្ធ​នឹង​អនាគត​នៃ​គំនិត​ផ្តួច​ផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ (BRI) របស់​ចិន​។ វិបត្តិ​បំណុល​ក្នុង​ប្រទេស​ខ្ចីបុល​ជាច្រើន និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​កាន់តែ​ធ្លាក់ចុះ​ដុនដាប​ក្នុង​ប្រទេស​ចិន​ខ្លួនឯង បាន​នាំ​ឱ្យ​មាន​ការព្យាករណ៍​ថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ (BRI) របស់​ចិន នឹង​រង​នូវ​ភាព​ទន់ខ្សោយ​កាន់តែ​ខ្លាំង​។ មូលហេតុ​នេះ នឹង​ញាំ​ង​ឱ្យ​ចិន​ងាក​មក​ផ្តោត​លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​តូច និង​មធ្យម​នៅ​ក្រៅ​ប្រទេស​វិញ។

កាល​ពី​ឆ្នាំ​២០២៣​កន្លងទៅ កម្ពុជា​បាន​បើក​ដំណើរការ​ព្រលាន​យន្តហោះ​សៀមរាប​អង្គរ​អន្តរជាតិ ដែល​មាន​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ សាងសង់​ក្រោម​កម្ចី​នៃ​គម្រោង BRI របស់​ចិន​។ ក្រៅ​ពី​នេះ កាលពី​ឆ្នាំ​២០២២ កម្ពុជា​ក៏​បាន​សម្រេច​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ក្រុងព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​។ បច្ចុប្បន្ន ចិន​កំពុង​ផ្តល់​កម្ចី​ដល់​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ខេត្ត​កណ្តាល ក្នុង​តម្លៃ​ជាង ១​ពាន់​១​រយ​លាន​ដុល្លារ​។ គម្រោង​ខ្នាត​យក្ស​ដែល​គ្រោង​នឹង​បិទ​បញ្ចប់​ក្នុង​ឆ្នាំ​២០២៥​ខាងមុខនេះ ដិតដាម​ទៅ​ដោយ​រឿងរ៉ាវ​អាស្រូវ​នៃ​ការ​តវ៉ា អំពើ​ហិង្សា និង​ការ​ចាប់ខ្លួន​ពលរដ្ឋ​ជាច្រើន​នាក់​ដោយសារតែ​ជម្លោះដីធ្លី​រ៉ាំរ៉ៃ។

គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) របស់​ចិន រង​ការ​រិះគន់​ថា ជា​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​ប្រចាំ​សតវត្ស​របស់​ចិន​ក្នុង​គោលបំណង​ក្លាយជា​មហាអំណាច​ពិភពលោក និង​គាបសង្កត់​ប្រទេស​កំពុង​អភិវឌ្ឍ​ឱ្យ​ជាប់អន្ទាក់​បំណុល​ចិន​វ័ណ្ឌក​។ តាមរយៈ​គម្រោង​នេះ ប្រទេស​ចិន​បាន​ដល់​ភាព​ងាយស្រួល​ដល់​ប្រទេស​កម្ពុជា រួម​ទាំង​ប្រទេស​ក្រីក្រ​មួយចំនួន​តាមរយៈ​ការ​ស្នើសុំ​កម្ចី​ពី​ចិន​យក​អភិវឌ្ឍ ខណៈ​ក្រុម​អ្នកឃ្លាំមើល​ជាតិ និង​អន្តរជាតិ រិះគន់​ថា ក្រុមហ៊ុន​ចិន​ដែល​ចូល​មក​អភិវឌ្ឍ​ពុំបាន​ខ្វាយខ្វល់​ពី​ការគោរព​សិទ្ធិមនុស្ស និង​គិតគូរ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ឡើយ​។ កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៀត ប្រទេស​ក្រីក្រ​មួយ​ចំនួន ដូចជា ឡាវ (Laos) ស្រីលង្កា (Sri Lanka) និង​ប្រទេស​មួយចំនួន​ទៀត​នៅ​តំបន់​ទ្វីប​អាហ្វ្រិក បាន​បាត់បង់​អធិបតេយ្យ​ជាតិ​របស់​ខ្លួន ដោយសារ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​កេងប្រវ័ញ្ច​ធនធាន​ធម្មជាតិ គ្រប់គ្រង​កំពង់ផែ ឬ​តំបន់​សំខាន់ៗ​ក្នុង​ប្រទេស​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ការ​ដោះ​បំណុល​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។