សង្គម​​ស៊ីវិល​​ទទូច​​ដល់​​រដ្ឋាភិបាល​គិតគូរ​បន្ថែម​ដល់​ពលរដ្ឋ​ក្រីក្រ​ ផ្នែក​ស្បៀង​អាហារ​ និង​ការ​​អប់រំ​​ដល់​​ក្មេងៗ

ដោយ ម៉ៅ សុធានី
2022.03.30
Share on WhatsApp
Share on WhatsApp
សង្គម​​ស៊ីវិល​​ទទូច​​ដល់​​រដ្ឋាភិបាល​គិតគូរ​បន្ថែម​ដល់​ពលរដ្ឋ​ក្រីក្រ​ ផ្នែក​ស្បៀង​អាហារ​ និង​ការ​​អប់រំ​​ដល់​​ក្មេងៗ (រូបឯកសារ) ប្រជាពលរដ្ឋនៅ​ក្នុង​រាជធានី​ភ្នំពេញ​ផ្ទុះការ​តវ៉ា​រក​ជំនួយ​ស្បៀងអាហារ ក្រោ​យ​ពី​រដ្ឋាភិបាល​បិទ​ខ្ទប់ (Lockdown) នៅក្នុង​អំឡុងពេល​ឆ្លងរាលដាល​នៃជំងឺកូវីដ១៩ខ្លាំង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

មន្ត្រីសង្គម​ស៊ីវិល​ធ្វើការងារ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​វិស័យ​អប់រំ​ ទទូច​ឲ្យ​រដ្ឋាភិបាលជាពិសេស​ក្រសួង​ពាក់ព័ន្ធ គិតគូរ​បន្ថែម​ទៀត​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះខាត​របស់​ពលរដ្ឋ ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ផ្តល់​អាទិភាព​ដល់​កុមារ​ក្រីក្រ​ ដើម្បី​ទទួល​បាន​ការ​រៀន​សូត្រ។

សំណូមពរ​របស់​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​ក្រោយ​ដែល​របាយការណ៍​របស់​អង្គការ​យូនីសេហ្វ​ (UNICEF) ថ្មីៗ​នេះ បានរក​ឃើញថា ២ភាគ៣​នៃ​គ្រួសារ​ដែល​មាន​កូន​ នៅ​ជុំវិញ​ពិភពលោក ក្នុងនោះ​រួមទាំង​កម្ពុជា​ផង បាន​បាត់បង់​ប្រាក់​ចំណូល​ ក្នុង​អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ។ ចំណែក​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ​វិញ ក៏មិន​បាន​រៀន​សូត្រ​ត្រឹមត្រូវ​នោះ​ឡើយ។ ​របាយការណ៍​នេះ មិន​បាន​បញ្ជាក់​ប្រាប់​ពី​ចំនួន​ក្រុម​គ្រួសារ​សរុប ដែល​បាន​ស្រាវជ្រាវ​នោះ​ទេ។

អង្គការ យូនីសេហ្វ (UNICEF) និង​ធនាគារ​ពិភពលោកអះអាងថា ការ​បាត់បង់​ប្រាក់​ចំណូល​នេះ បាន​ធ្វើឲ្យ​មនុស្ស​ពេញ​វ័យនៅក្នុង​គ្រួសារ​មួយ​ ​​ក្នុង​ចំណោម​៤​គ្រួសារ ដែល​មាន​កូន​ក្នុង​បន្ទុកត្រូវ​អត់​អាហារ​មួយ​ថ្ងៃ ឬ​ច្រើន​ថ្ងៃ ដោយ​សារ​ខ្វះខាត​ប្រាក់​ទិញ​ម្ហូប​អាហារ។

ក្នុងរបាយការណ៍​ថ្មី​មួយ​ស្ដីពី «ផល​ប៉ះពាល់​នៃជំងឺកូវីដ ១៩​ ទៅលើ​សុខុមាលភាពរបស់​គ្រួសារ​មាន​កូន» ចេញ​ផ្សាយ​កាលពីថ្ងៃទី១១ ខែមីនា កន្លង​ទៅ​នេះ អង្គការ​យូនីសេហ្វ (UNICEF)​និង​ធនាគារ​ពិភពលោក បាន​ប្រមូល​ទិន្នន័យ នៅក្នុង​ប្រទេស​ចំនួន ៣៥ ក្នុងនោះ​រួម​ទាំង​កម្ពុជា​ផង ដោយ​បង្ហាញ​ថា ក្រុម​គ្រួសារ​ដែល​មាន​កូន​ចាប់​ពី​៣​នាក់​ឡើង​ទៅ បាត់បង់​ប្រាក់​ចំណូល​ច្រើនជាង​គេ​បំផុត ហើយ​ជាង​បី​ភាគ​បួន​នៃ​ក្រុម​នេះ​​ កំពុង​ជួបប្រទះការធ្លាក់​ចុះប្រាក់​ចំណូល​ស្ទើរ​តែ​ទាំង​ស្រុង​ បើ​ប្រៀប​ធៀប​នឹង​ក្រុម​គ្រួសារ ដែល​មាន​កូន​ម្នាក់​ឬ​២នាក់

ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ របាយការណ៍​បង្ហាញ​ដែរ​ថា ក្រុម​គ្រួសារដែលមាន​កូន​ក្នុង​បន្ទុក ចំនួន ៧៧%​ បាន​បាត់បង់​ប្រាក់​ចំណូលនិង​ប្រមាណ ៦៩% បាន​កាត់​បន្ថយរបប​អាហារ​ប្រចាំថ្ងៃ ​និង​ជ្រើស​រើស​ការ​ទទួល​ទាន​អាហារ​មិន​សូវ​មាន​ជីវជាតិ តែមិន​បាន​បង្ហាញ​ពី​តួលេខ​សរុប​នោះ​ឡើយ។ ចំណែក​ចំនួន​ប្រាក់​ចំណូល​ដែល​បាត់បង់​នោះ ក៏មិន​បាន​បញ្ជាក់​ពី​ចំនួន​ប៉ុន្មាន​នោះ​ដែរ។ ក៏​ប៉ុន្តែ​ការ​កំណត់​ខ្សែបន្ទាត់​ភាព​ក្រីក្រ​របស់​ក្រសួង​ផែនការ គឺ​រក​បាន​ប្រាក់​ចំណូល ក្រោម​២​ដុល្លារ (១.៩០) ​ក្នុង​មួយ​ថ្ងៃ

ទាក់ទង​នឹង​ការ​លើកឡើង​នេះ ប្រធាន​សមាគម​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ជាង ២ឆ្នាំមក​នេះ អ្នក​ប្រកប​មុខ​របរ​ក្រៅ​ប្រព័ន្ធ​ ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ ដោយ​គ្រួសារ​ខ្លះ​ត្រូវ​បាត់បង់​ប្រាក់​ចំណូល​ទាំង​ស្រុង​ ដែល​គ្មាន​លទ្ធភាព​ទិញ​ម្ហូប​អាហារ​មាន​ជីវជាតិ​ទ្រទ្រង់​សុខភាព សំរាប់​ការ​ទទួល​ទាន ប្រចាំថ្ងៃបាន​ឡើយ៖ «ប្រទេស​កម្ពុជា អ្នក​មួយ​ចំនួន​កាត់​បន្ថយ​ការ​ហូប​អាហារ​អ៊ីចឹង​​មែន ខ្លះ​ធ្លាប់​ហូប​អាហារ​ឆ្ងាញ់ៗ​ នាំគ្នា​ហូបពងទា​មួយ​គ្រាប់​ ២​គ្រាប់ ក្នុង​គ្រួសារ​៥​នាក់រហូត​ដល់​អ្ន​ក​ខ្លះ នៅ​តាម​ព្រំដែន​ទៅ​ជីករក​យក​ខ្យង​ក្តាម​ និង​បន្លែ​ក្នុង​ព្រៃ ដើម្បី​ហូប​ចុក។ ប៉ុន្តែ​គ្មាន​ការ​ស្រាវជ្រាវ​ណា​មួយ​ទាក់ទង​ចំនួន​ពលរដ្ឋ​អត់​អាហារ ឬ​ខ្វះខាត​នោះ​ឡើយយើង​ឃើញ​ជាក់ស្តែង​បែបនេះ​មែន ហើយមួយ​ទៀត យើង​ឃើញ​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា កើន​ឡើង​ផង​ដែរ»

ក្រសួង​សង្គមកិច្ច កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ បានផ្សព្វផ្សាយ​ថា ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​អំឡុងពេល​រាតត្បាតនៃជំងឺ​កូវីដ​ ១៩ ចាប់ពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ២៤ ខែកញ្ញា ឆ្នាំ​ ២០២១ បាន​ចំណាយ​ថវិការដ្ឋប្រមាណ ៤៧០ លាន​ដុល្លារ​អាមេរិក (៤៧០,៩៤)​ ជូន​ដល់​ក្រុម​គ្រួសារ​ក្រីក្រ ជិត​៣​លាន​នាក់ (២.៧)

លោក វន់ ពៅ បន្តថា ទោះបី​រដ្ឋាភិបាល​កម្ពុជាមាន​គោលការណ៍​ជួយ​ឧបត្ថម្ភ​ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​ក៏​ដោយ ក៏គ្រួសារ​ក្រីក្រ​ជា​ច្រើន មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដើម្បី​ជួយ​សម្រាល​ជីវភាព​រស់​នៅ​ ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​នោះ​ឡើយ។ ជាក់​ស្តែង សមាជិក​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រមាណ​ជា​១០% នៃ​ចំនួន​សរុប​ជាង​១​ម៉ឺន​៥​ពាន់​នាក់ បាន​ទទួល​ប្រាក់​១០​ម៉ឺនរៀលក្នុង​មួយ​ខែ​ចំពោះ​ស​មា​ជិក​គ្រួសារ​ម្នាក់ៗ។

លោក​សំណូមពរ​សុំ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​ពាក់ព័ន្ធ ខិតខំ​ដោះស្រាយ​បន្ថែម​ទៀត ជួយ​ស្តារ​ស្ថានភាព​រស់​នៅ​របស់​ពួកគាត់ ឲ្យបាន​ប្រសើរ​ជាង​មុន«រដ្ឋាភិបាល​ត្រូវ​គិត​គូរ​ឡើង​វិញ អំពី​ការ​អន្តរាគមន៍​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឲ្យផ្អាក​អ្នក​ជំពាក់​លុយ​មួយ​រយៈពេល​សិន ទី២ រដ្ឋ​ត្រូវ​រៀបចំ​ពិនិត្យ​មើល​អ្នក​លក់​ដូរ​តូចតាច គឺមិន​យកពន្ធ​និងបញ្ចុះ​ភាស៊ី ឬ​ផ្អាក​យក​ពន្ធ។ ទី៣ រៀបចំ​ឥណទាន​មិន​យក​ការ​ប្រាក់ ទី៤ រដ្ឋមាន​មូល​និធិ​គ្រប់គ្រាន់​ផ្តល់​ពលរដ្ឋ​ដោយ​មិន​រើសអើង ​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ»។

ដោយឡែក​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​វិញ របាយការណ៍​អង្គការ​យូនីសេហ្វ​ដដែល ​ក៏បាន​រកឃើញថា នៅ​កម្ពុជា កុមារ​ចំនួន​៥០% គ្មាន​លទ្ធភាព​ទទួល​បាន​ការរៀនសូត្រ​តាមប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​អំឡុង​ការបិទ​សាលារៀនបន្ថែម​ពី​នេះ គ្រួសារ​ក្រីក្រ​ខ្លះ គ្មាន​លទ្ធភាព​ទិញ​សម្ភារៈ​ឧបករណ៍ ដូចជា​កុំព្យូទ័រ (Computer) ឬ ឡាបថប់ (Laptop) ជាដើម ដើម្បីការ​សិក្សា​របស់​កូនៗ​នោះ​ឡើយ

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA)  អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ្រួសារ​ក្រីក្រ​ជា​ច្រើន ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​កូន​ឈប់​រៀន​ ដោយ​សារ​ឳពុកម្តាយ​ត្រូវ​យក​កូនៗ​ទៅ​ជា​មួយ ដើម្បី​ធ្វើ​ចំណាក​ស្រុក ទៅស៊ីឈ្នួល​គេរក​ប្រាក់​ចំណូល​សំរាប់​ចិញ្ចឹម​ក្នុង​គ្រួសារ​ ដែល​បញ្ហា​នេះ​ហើយ ដែល​ជា​ហេតុនាំឲ្យ​ក្មេងៗ មិនបាន​ទៅ​សាលារៀន«ខ្ញុំ​មើល​ឃើញ​ថា ការអប់រំ​នៅ​ប្រទស​កម្ពុជា​សព្វថ្ងៃ​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយ​សារ ទី១ បញ្ហា​កូវីដ១៩ ទី២ បញ្ហា​ប្រជាពលរដ្ឋ​ក្រីក្រ​ចំណាក​ស្រុក អញ្ចឹង​កូន​គាត់​ត្រូវ​ទៅតាម​គាត់​តត្រុក​នៅកន្លែង​ណា​ដែល​គាត់​រក​ការងារ​ធ្វើ។ បើ​វិធានការ​របស់​ក្រសួង​ល្អ​ឥតខ្ចោះ ប៉ុន្តែ​ទង្វើ​និង​ការ​ធ្វើ ឬ​ការ​សរសេរ ក្នុង​សារាចរណ៍ គឺ​ផ្ទុយ​ដាច់​ស្រឡះ​ពី​គ្នា ធ្វើអត់បានទេ»

ការកំណត់​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ថ្មី​ ​និង​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ​ឆ្នាំ​ ​២០១៩​-​២០២០ របស់​ក្រសួង​ផែន​ការ​បង្ហាញថា ប្រជាពលរដ្ឋខ្មែរ​ជិត​ ​១៨​% ឬ​ជិត​ ​៣​ ​លាន​នាក់ នៃ​ប្រជាជន​សរុប​ប្រមាណ​១៧​លាន​នាក់នៅ​ទូទាំង​ប្រទេស កំពុង​រស់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ដែលរកបាន​ប្រាក់​ចំណូល ក្រោម​២​ដុល្លារ (១.៩០) ​ក្នុងមួយថ្ងៃ។

អង្គការ​យូនីសេហ្វប្រចាំ​កម្ពុជា សង្កត់​ធ្ងន់​ថា ទោះបី​ជា​រដ្ឋាភិបាលក​ម្ពុជា ខិតខំ​ប្រឹងប្រែង​កាត់​​ប​ន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នេះ​ក៏​ដោយ ក៏ប៉ុន្តែ​ផលប៉ះពាល់​ដល់​កុមារ មិនបាន​លុបបំបាត់​ទាំងស្រុង​នោះ​ឡើយ។ រដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹង​ពង្រីក​សេវា​កិច្ចគាំពារ​សង្គម ដើម្បី​ផ្ដល់ឱកាស​ដល់​កុមារ​ អាច​ទទួល​បាន​ការអប់រំ​ ការថែទាំ​សុខភាព អាហារូបត្ថម្ភ និង​សេវាសង្គម​ដទៃ​ទៀត ដែល​ត្រូវការ​ចាំបាច់ សម្រាប់​ការ​ធំលូតលាស់​របស់​កុមារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។